ភ្នំពេញៈ អតីតទីប្រឹក្សាជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិលោក គង់ គាំ សរសេរលិខិតចំហមួយជូនលោក អ៊ូ ច័ន្ទរ័ត្ន និងលោក សុន ឆ័យ អតីតតំណាងរាស្ត្រគណបក្សប្រឆាំងស្នើសុំជួបពិភាក្សារករូបមន្តសម្រាប់ការប្រកួតប្រជែងការបោះឆ្នោតឃុំសង្កាត់ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខាងមុខ។
លិខិតរបស់លោកធ្វើឡើងបន្ទាប់ពីលោកបានឮការចុះផ្សាយថា លោក អ៊ូ ច័ន្ទរ័ត្ន ដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញកំពុងពិចារណាបង្កើតគណបក្សនយោបាយថ្មីមួយ ហើយលោក សុន ឆ័យ ក៏ទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញកាលពីសប្ដាហ៍មុន។
លោក គង់ គាំ ដែលបច្ចុប្បន្ននេះជាប្រធានកិត្តិយសនៃគណបក្សឆន្ទៈខ្មែរដែលមានកូនរបស់លោកជាប្រធានបក្សនោះបានអបអរ និងគាំទ្រលោក អ៊ូ ច័ន្ទរ័ត្ន និងលោក សុន ឆ័យ ដែលទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញ។ លោកកោតសរសើរដល់គម្រោងបង្កើតគណបក្សនយោបាយថ្មីមួយរបស់អ្នកនយោបាយទាំង ២។
នៅក្នុងលិខិតចំហនោះលោក គង់ គាំ ថ្លែងថា អំពើទាមទារក្រៅសំឡេងឆ្នោតឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះពីអំណាច ផែនការមាតុភូមិនិវត្តន៍ផ្តួលរំលំ និងចាប់ ហ៊ុន សែន និងការថ្លែងអំពីផែនការដក ហ៊ុន សែន ចេញ ប្តូរថ្មីទាំងអស់គឺជាផែនការបដិវត្តន៍។ ផែនការនេះមានភាពពិសពុល និងគ្រោះថ្នាក់ដល់អតីតគណបក្សសង្គ្រោះជាតិ ប្រជាពលរដ្ឋ និងប្រទេសជាតិ។ លោកថា អ្នកដែលសុំសិទ្ធិធ្វើនយោបាយប្រហែលជាយល់ឃើញដូចលោកដែរ។
លោកថ្លែងដូច្នេះថា៖ «ដោយការគោរព និងផ្តល់តម្លៃខ្ពស់ចំពោះសមត្ថភាព និងលទ្ធភាពទំនាក់ទំនងដ៏ទូលំទូលាយរបស់លោកទាំង ២ ខ្ញុំសូមសម្តែងនូវបំណងរួមគ្នាផ្តួចផ្តើមឲ្យមានការជួបពិភាក្សាជាទ្វេភាគី ពហុភាគីរវាងថ្នាក់ដឹកនាំគណបក្សនយោបាយប្រជែងនានាដើម្បីរករូបមន្តណាមួយដែលអាចទទួលបានលទ្ធផលពហុបក្សនៅក្រុមប្រឹក្សាឃុំ-សង្កាត់ឲ្យបានទូទាំងប្រទេសក្នុងឆ្នាំ ២០២២ និងនៅរដ្ឋសភាក្នុងឆ្នាំ ២០២៣ ខាងមុខប្រកបដោយប្រសិទ្ធភាពខ្ពស់»។
លោកបន្តថា៖ «ខ្ញុំសង្ឃឹម និងមានជំនឿយ៉ាងមុតមាំថា លោកទាំង ២ ទទួល និងពិចារណាចំពោះបំណងដ៏ស្មោះត្រង់ សុចរិតបំផុត ដើម្បីរបបប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍដែលមជ្ឈដ្ឋានជាតិ និងអន្តរជាតិទទូចចង់បាន»។
លោក គង់ គាំ ប្រាប់ភ្នំពេញប៉ុស្តិ៍តាមទូរស័ព្ទពីម្សិលមិញថា លោកស្នើឲ្យមានជំនួបជាមួយអ្នកនយោបាយដែលបានសុំសិទ្ធិ ក៏ដូចជាគណបក្សនយោបាយផ្សេងៗទៀត ដើម្បីរករូបមន្តប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចគឺគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យកម្ពុជាក្លាយជាប្រទេសប្រជាធិបតេយ្យ សេរីពហុបក្ស។ ប៉ុន្តែថា តើមានរូបមន្តយ៉ាងណានោះ វាអាស្រ័យលើការពិភាក្សាគ្នា។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងពីម្សិលមិញថា ការអំពាវនាវឲ្យមានជំនួបពិភាក្សារបស់លោក គង់ គាំ ជាមួយអតីតតំណាងរាស្ត្របក្សប្រឆាំង មិនអាក្រក់ទេ ប៉ុន្តែវាអាចជាការពិបាកពីព្រោះការបែកបាក់ក្នុងចំណោមអតីតមន្ត្រីបក្សប្រឆាំងមានភាពធ្ងន់ធ្ងរ ទាំងអ្នកដែលមានសិទ្ធិធ្វើនយោបាយ ហើយនិងអ្នកដែលមិនទាន់បានសុំសិទ្ធិធ្វើនយោបាយ។
លោកថ្លែងថា៖ «ការអំពាវនាវរបស់គាត់មិនប្រាកដថាអាចទទួលបានការគាំទ្រទេ ពីព្រោះយើងមើលឆន្ទៈដើម គំនិតដើមរបស់អ្នកទាំងអស់ហ្នឹងបែកខ្ញែកគ្នារួចស្រេចទៅហើយ ទាំងអ្នកបានសុំសិទ្ធិធ្វើនយោបាយមានទស្សនៈមិនសូវ ត្រូវគ្នា ហើយមួយអន្លើទៀត អ្នកដែលមិនទាន់សុំសិទ្ធិក៏នៅបែកខ្ញែកពីគ្នាដែរ។ ដូច្នេះវាពិបាកប៉ាន់ប្រមាណថា គាត់អាចប្រមូលកម្លាំងគ្នាក្លាយជាដៃគូពិតប្រាកដសម្រាប់ប្រកួតប្រជែងជាមួយគណបក្សប្រជាជន»។
លោក អ៊ូ ច័ន្ទរ័ត្ន មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេពីម្សិលមិញ ខណៈដែលលោក សុន ឆ័យ ត្រូវបានប្រភពពីក្នុងចំណោមមន្ត្រីអតីតបក្សសង្គ្រោះជាតិអះអាងថាកំពុងស្ថិតនៅប្រទេសអូស្ត្រាលី ដើម្បីប្រមូលការគាំទ្រសម្រាប់សេណារីយោ នយោបាយថ្មីមួយ៕