ភ្នំពេញៈ ប្រធាន​កិត្តិយស​គណបក្ស​ឆន្ទៈ​ខ្មែរ​ លោក ​គង់ គាំ ​ដែលជា​អតីត​ប្រធាន​គណបក្ស ​សម រង្ស៊ី ​ថ្មីៗនេះ ​បានហៅ​លោក​​ សម រង្ស៊ី​ ប្រធាន​ស្តីទី​ នៃ​អតីត​គណ​បក្ស​សង្គ្រោះជាតិ ​ថា​ជាមេដឹកនាំ​ជ្រុលនិយម​ ហួស​ហេតុ​​និយម​ ដោយលោក​ថា ​បើជឿ​មេដឹក​នាំ​រូបនេះ ​អំពី​អ្វី​ ដែល​មិនអាច​កើតឡើងបាន​ គឺជា​ភាពលេលា​បំផុត។ នេះបើ​តាមការ​លើកឡើង​របស់​លោក​ តាមរយៈ​ហ្វេស​ប៊ុក​ផ្ទាល់​ខ្លួន ​ដែលបាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី ៦​ កុម្ភៈ។

​ការលើកឡើង​របស់​លោក​ គង់ គាំ ​បែបនេះហាក់ដូចជា​ការឆ្លើយ​​តប​ទៅ​លោក ​សម រង្ស៊ី ​ដែលប៉ុន្មាន​​ថ្ងៃនេះបានប្រកាស​វិល​ចូល​កម្ពុជា​វិញ​ក្នុង​ឆ្នាំ ២០១៩ ​ជាមួយ​នឹង​ការប្រកាសថា​ លោក​វិល​ចូល​មក​ប្រទេស​វិញ ​គឺមិន​មែន​ចូលមក​ឲ្យលោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ដែល​ជា​​គូប្រជែង​នយោបាយ​ចាប់ខ្លួន​លោក​នោះ​ទេ ​ប៉ុន្តែ​ការវិលត្រឡប់​ចូល​ស្រុក​របស់​លោក​ ដែល​លោក​អះ​អាង​ថា ​មានការ​អមដំណើរ​ដោយ​​កម្មករ​ និង​ប្រជាពលរដ្ឋ​រាប់ម៉ឺន​នាក់នោះ ​គឺ​ដើម្បី​ងើបឡើង​ចាប់​លោក​ ហ៊ុន សែន ​ទៅ​វិញ​ទេ។

លោក​ គង់ គាំ ​បានសរសេរ​តាម​បែប​ឌឺដង​ទៅ​លោក​ សម រង្ស៊ី ថា​៖ «មិនឲ្យ​ ហ៊ុន សែន​ ចាប់​ សម រង្ស៊ី ​ទេ​ គឺ​ងើបឡើង​ជាមួយ​ សម រង្ស៊ី ​ទៅចាប់​ ហ៊ុន សែន ​វិញ​ទាំង​អស់​គ្នា។ ឆា​ចោល​អំណាច​ ហ៊ុន សែន​ ខ្មែរ​បាត់បង់​ដីធ្លី​ បាន​ដីធ្លី​មក​វិញ​ ខ្មែរ​ជំពាក់​គេ​ លែង​ជំពាក់​គេ។ កសិផល​បានថ្លៃ​ខ្ពស់ ​ប្រាក់ខែ​មន្ត្រី​រាជការ​ ប្រាក់​ឈ្នួល​កម្មករ​ខ្ពស់»។

ជាមួយ​នឹងការ​ឌឺដង​ស៊ក​សៀត​​នេះ ​លោក​ គង់ គាំ ​ចាត់​ទុក​​សកម្មភាព​ ឬ​ការលើកឡើង​របស់​លោក​ សម រង្ស៊ី ​នាពេល​កន្លង​មក​ថា ​ជានយោបាយ​ឆុងៗ​​របស់​លោក​ សម រង្ស៊ី ​ដែលលទ្ធ​ផល ​គឺ​កំពប់​អស់​ ច្របូក​ច្របល់​អស់ ​រលំរលាយ​អស់ ​ទើប​វា​ពិត​ប្រាកដ។​

លោក​បញ្ជាក់ថា​៖ «ភាសា ​និង​អំពើ​ត្រៀម​ធ្វើ​របស់​ សម រង្ស៊ី​ អំពី​ការងើបឡើង​ផ្តួល​រំលំ​អំណាច​ ដែលកំពុង​គ្រប់គ្រង​ប្រទេស​ ដើម្បី​ភាពស្រមើ​ស្រមៃ​ទាំង​ឡាយ ​គឺ​អំពើ​ប្រទូស្តរាយ ​ភាពអន្តរាយ​តាំងពី​ដើម​ទី​រហូត​ទី​បញ្ចប់»។

ជាងនេះទៀត​ លោក​បានលើក​អំពី​គណបក្ស​ឆន្ទៈ​ខ្មែរ​ ដឹកនាំ​ដោយកូនប្រុស​របស់​លោក​ គឺ​លោក​ គង់ មុនី​កា ដែល​លោកថា​ ជា​គណបក្ស​ស្រប​ច្បាប់ ​ស្ថិត​ក្នុងបញ្ជី​ស្រាប់​ ជាគណ​បក្ស​ប្រឆាំង​ថ្មី​ មានរូប​សញ្ញា​ព្រះអាទិត្យ​ ជា​ជម្រើស​ថ្មី ​ដើម្បី​ការផ្លាស់ប្តូរ​ថ្មី ​ដែល​ចូលរួម​ទាំង​ការការពារ​ ការកសាង ​ទាំង​ការប្រកួតប្រជែង​ឲ្យមាន​ការផ្លាស់ប្តូរ​តាម​ក្រឹត្យ​ក្រម​គតិ​ច្បាប់​ដោយ​សន្តិវិធី។

ជុំវិញ​ការប្រកាស​វិល​ចូលស្រុក​របស់​លោក ​សម រង្ស៊ី ​នោះ ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ បានបញ្ជា​ឲ្យ​គោលដៅ​ច្រកទ្វារ​អា​កាស​យានដ្ឋាន​អន្តរជាតិ ​និង​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ ត្រូវចាត់​វិធានការ​អនុវត្ត​ និង​សហការ​អនុវត្ត​ ជាមួយ​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ក្នុងការអនុវត្ត​ដីកា​បង្គាប់​ឲ្យចាប់ខ្លួន​លោក ​សម រង្ស៊ី ​ បន្ទាប់ពី​លោក​បានប្រកាស​ជា​ញឹកញាប់​ថា​នឹង​ត្រឡប់​ចូល​ស្រុក​ខ្មែរ​វិញ​នៅ​ឆ្នាំ​ ២០១៩​ នេះ។

យោង​តាម​សេចក្តី​ណែនាំ ​ដែលចុះ​ហត្ថលេខា​ដោយ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ​លោក ​គៀត ច័ន្ទ​ថារិទ្ធ​ កាល​ពី​ថ្ងៃ​ទី ១​ កុម្ភៈ ​បាន​ណែ​នាំ​ដល់​អគ្គនាយករង​នៃ​អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍​និង​ប្រធាន​នាយកដ្ឋាន​ក្រោមឱវាទ​ទាំង​អស់​ត្រូវ​ចាត់​វិធាន​ការ​អនុវត្ត ​និង​សហការ​អនុវត្ត ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ ​ក្នុង​ការអនុវត្ត​ដីកា​ចាប់​ខ្លួន​លោក​ សម រង្ស៊ី។

សេចក្តី​ណែនាំ​នោះ​បញ្ជាក់ថា​៖ «មាន​ព័ត៌មាន​ថា​ទណ្ឌិត​ឈ្មោះ ​សម រង្ស៊ី​ នឹង​ធ្វើដំណើរ​ចូលមក​ព្រះរាជា​ណាចក្រ​កម្ពុជា ​នា​ពេល​ខាង​មុខ។ ក្នុង​ន័យនេះ​អគ្គនាយក ​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ​សូម​ក្រើន​រំឭក​ជាថ្មី​ដល់ ​ឯកឧត្តម​ លោក​ជំទាវ​ អគ្គនាយករង​ និង​លោក​ប្រធាន​នាយកដ្ឋាន​ពាក់ព័ន្ធ ​ពិសេស ​នៅតាម​គោលដៅ​ច្រកទ្វារ​អាកាស​យានដ្ឋាន​អន្តរជាតិ ​និង​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ត្រូវ​ចាត់​វិធានការ​អនុវត្ត ​និង​សហការ​អនុវត្ត​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់»។

យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​អតីត​គណបក្ស​សង្គ្រោះជាតិ​ចុះ​ថ្ងៃទី ៦ ​កុម្ភៈ ​ឆ្នាំ ២០១៩​ ដែលបានបង្ហោះ​នៅ​លើ​ហ្វេស​ប៊ុកផេក ​ឈ្មោះ​ កឹម ម​នោវិទ្យា ​កូនស្រី​របស់​លោក ​កឹម សុខា ​ប្រធាន​អតីត​គណបក្ស​សង្គ្រោះជាតិ ​ដែល​កំពុង​​ដាក់ឲ្យ​នៅ​ក្នុង​ផ្ទះ​ស្ថិត​ក្រោម​​ការត្រួតពិនិត្យ​របស់​តុលាការ ​ហើយដែល​ត្រូវ​បាន​កញ្ញា​ កឹម មនោវិទ្យា ​បដិសេធ​ថា​​មិនមែន​ជាហ្វេសប៊ុក​ផេក​របស់​កញ្ញា​នោះ ​បាន​បញ្ជាក់ថា ​គណបក្ស ​ពិតជា​មានការ​សោកស្តាយ​ជាទីបំផុត ​ដែល​ក្រុម​​ជន​ធ្វើ​បក្ស​ប្រហារ​ដឹកនាំ​ ដោយ​បុគ្គល​ សម រង្ស៊ី ​ព្យាយាម​បំផ្លាញ​នូវ​ក្តីសង្ឃឹម​ របស់​គណបក្ស ​តាមរយៈ​ការបន្ត​ភូតកុហក​ម្តងហើយ​ម្តងទៀត​ ចំពោះ​អ្នកគាំទ្រ ​ដែលថា ​នឹង​វិលត្រឡប់មកកាន់​ប្រទេស ​កម្ពុជា ​វិញ​នៅ​ឆ្នាំ ២០១៩។

សេចក្តី​ថ្លែងការណ៍​បញ្ជាក់​ថា​៖ «នេះ​គឺជា​ការបោកប្រាស់​ ខាង​ផ្នែក​ស្មារតី​ សតិ​អារម្មណ៍​និងជា​ការផ្តល់​ក្តីសង្ឃឹម​ក្លែងក្លាយ​ ដែលមិនមែន​ជាការពិត។ នេះ​គ្រាន់តែ​ជាយុទ្ធសាស្ត្រ​របស់​ក្រុម​បក្ស​ប្រហារ​ ដែលធ្វើ​ឡើង​ដើម្បី​បំពង​សំឡេង​គ្រប់​កាលៈ​ទេសៈ​ក្នុង​គោល​បំណង​កុំឲ្យ​មនុស្ស​ម្នា​ភ្លេច​ឈ្មោះ​ និង​មុខ​ខ្លួន​តែ​ប៉ុណ្ណោះ»។

សេចក្តី​ថ្លែងការណ៍​បន្ថែមថា​៖ «សូម​អំពាវនាវ​ដល់​បងប្អូន ​សកម្មជន ​និង​ប្រជា​ពលរដ្ឋ​ឈប់​ចំណាយ​ពេល​ឥត​ប្រយោជន៍​ ជា​មួយ​ការសន្យា​ដែល​គ្មាន​ការពិតដែលធ្វើឲ្យ​បងប្អូន​កាន់តែ​ប្រឈមមុខ​កាន់តែ​ខ្លាំង ​និង​ខាតបង់​ពេលវេលា ​និង​ថវិកា​ឥត​ប្រយោជន៍»។

ទោះជា​យ៉ាងណា ​កញ្ញា ​កឹម មនោវិទ្យា ​បានបដិសេធថា​ គណនី​ហ្វេសប៊ុក​ ដែលបាន​បង្ហោះ​សេចក្តីថ្លែង​ការណ៍​របស់​គណ​បក្ស​សង្គ្រោះជាតិ ​ដែលបាន​សម្តែង​ការសោកស្តាយ ​និង​រិះគន់​ចំពោះ​លោក​ សម រង្ស៊ី ​ប្រធាន​ស្ដី​ទី​គណ​បក្ស​សង្គ្រោះ​ជាតិ​នោះ​មិនមែន​ជា​របស់​កញ្ញា​នោះ​ទេ។ កញ្ញា​បញ្ជាក់ថា​៖ «វា​ក្លែង​ក្លាយ​ទេ។ មិនមែន​ជា​គណនី​របស់​ខ្ញុំ​ទេ»។

លោក ​អ៊ូ ច័ន្ទរ័ត្ន ​អតីត​តំណាង​រាស្ត្រ​ នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​ ហាក់​មិនមាន​ជំនឿ​ទៅលើ​ការប្រកាស​វិល​ចូល​ស្រុក​របស់​លោក ​សម រង្ស៊ី​ ទាំងស្រុង​នោះទេ ​ដោយសារលោក​រង្ស៊ី​ បាន​ប្រកាស​វិល​ត្រឡប់​មក​ប្រទេស​ កម្ពុជា ​វិញ​ជាច្រើន​លើក​មក​ហើយ ​តែ​លោក​មិនត្រឡប់​ចូល​ប្រទេស​តាមការ​សន្យា​នោះទេ ​បើ​គ្មាន​ដំណោះស្រាយ ​ហើយ​លោក​តែងតែ​លើក​យក​ហេតុផល​ផ្សេងៗ។

លោក​បញ្ជាក់ថា​៖ «យើង​ធ្លាប់​ឃើញ​គាត់​ធ្លាប់​មានប្រសាសន៍​ជ្រុល​មួយ​ចំនួន​ ដូចជា​ថ្មីៗនេះ​លោក​ប្រកាសថា​លោក​នឹងចូល​ទៅ​ចាប់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​ក្តី។ នេះ​គឺជា​ពាក្យពេចន៍​មួយ ​ដែលជាការបំផ្លើស​ហួស​ហេតុ​ពេក»។

ចំណែក​លោក​ សុខ ឥសាន ​អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បានថ្លែង​តាម​សារ​តេឡេ​ក្រាម​ថា៖ «​លទ្ធភាព​ដែល​ទណ្ឌិត​ថា​មក​ចាប់​សម្តេច​តេជោ​ ហ៊ុន​ សែន ​នោះ​គឺ​អត់​មាន​ទេ​។ ពីព្រោះ ​គ្រាន់តែ​មកដល់​ព្រលាន​យន្តហោះ​ភ្លាម​ ទណ្ឌិត​រូបនេះ​ ត្រូវ​ចាប់​ខ្លួន​ភ្លែត​ ដោយ​អ្នក​មក​គាំទ្រ​មួយចំនួន​តូចនោះ​មិនទំាង​បាន​ឃើញ​បាន​ដឹង​ផង​ទេ»។

លោក​ គិន ភា ​ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ គាំទ្រ​ការរិះគន់​របស់​លោក ​គង់ គាំ ​ដោយសារ​តែ​លោក រង្ស៊ី ​តែងតែ​ប្រើ​យុទ្ធសាស្ត្រ​​នយោបាយ​​ញុះញង់​ឲ្យមាន​ការរើស​អើង​ជាតិ​សាសន៍​បង្កចលាចល​ក្នុង​សង្គម។

លោក​ថា​៖ «នេះ​គឺជា​ការត្រឹមត្រូវ​ ដែល​លោក ​គង់ គាំ​ ហៅ​លោក​ សម រង្ស៊ី ​ថា ​ជាមេដឹកនាំ​ជ្រុលនិយម​ ហួសហេតុ​និយម​ ដោយសារ​តែ​របៀប​ដែល​គាត់​ធ្វើ​នយោបាយ ​ជាពិសេស​វោហារស័ព្ទ​ របស់​លោក​ សម រង្ស៊ី​ ហួសហេតុ​ពី​ស្តង់ដា​នយោ​បាយ​ធម្មតា ​និង​ជ្រុល​និយម ​មានទាំង​ការរើសអើង​ជាតិសាសន៍​ ភាសា​ទម្លាក់​ឬដាក់​កំហុស​ឬក៏​ការ​រុញ​ច្រាន​ឲ្យមាន​ចលនា​បដិវត្តន៍»។

លោក​បន្ថែ​មថា​៖ «នេះ​ជា​វោហា​រស័ព្ទ​នយោ​បាយ​ដែលលោក​ សម រង្ស៊ី ​ធ្វើឡើង​ដើម្បី​លើកទឹកចិត្ត​ខ្លួនឯង​និង​អ្នកគាំទ្រ​ផង​ ក៏ប៉ុន្តែការពិត​នៅពេល​គាត់​ចូល​ទឹកដី​​កម្ពុជា​ម៉ោង​ណា ​គាត់​នឹងត្រូវ​បាន​ចាប់​ពេល​នោះ»។

អ្នកវិភាគ​នយោបាយ​ លោក ​មាស នី ​មិនអាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បានទេម្សិលមិញ ​ឯអ្នកវិភាគ​លោក​​​ អ៊ូ វីរៈ ​បដិសេធ​ធ្វើ​អត្ថា​ធិប្បាយ៕