ភ្នំពេញៈ អ្នកន​យោបាយ​ចាស់​វស្សា ​លោក​ គង់ គាំ ​ដែល​ជាអតីត​ប្រធាន​គណបក្ស​ សម រង្ស៊ី ​និងជា​ទីប្រឹក្សា​ជាន់ខ្ពស់ ​នៃ​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ ត្រូវបាន​គណបក្ស​ឆន្ទៈ​ខ្មែរ​ ផ្តល់​តួនាទី​ជូន​លោក​ជាប្រធាន​កិត្តិយស​នៃ​បក្ស​ថ្មីនេះ ​ក្រោយ​ពី​ លោក​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ ដែល​គណបក្ស​រំពឹងថា ​លោក​អាចជួយ​ស្រូប​បាន​នូវ​សំឡេង​គាំទ្រ​បន្ថែមពី​ អតីត​សមាជិក​មូល​ដ្ឋាន​នៃ​អតីត​បក្ស​ប្រឆាំង។

សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី ២៧​ មករា​ របស់​គណបក្ស​ឆន្ទៈខ្មែរ​ ដឹកនាំ​ដោយ​លោក​គង់ មុនីកា កូនប្រុស​របស់​លោក​ គង់ គាំ ដែលគ​ណបក្សនេះ​​បាន​បង្កើត​ឡើង​មុន​ការបោះឆ្នោត​ កាលពី​ថ្ងៃទី ២៩ ​កក្កដា ​២០១៨ ​ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ដែរនោះ ​គណៈកម្មា​ធិ​ការ​នៃ​គណបក្ស​នេះ ​បាន​ជួប​ប្រជុំ​ពិភាក្សា​លើ​បញ្ហា​មួយ​ចំនួន​ រួមមាន​ ទី១ ធ្វើ​បច្ចុប្បន្នភាព​និង​កែសម្រួល​ក្បាល​ម៉ាស៊ីន​ថ្នាក់​ដឹកនាំ​ថ្នាក់​ជាតិ​របស់​គណបក្ស ទី២​ ត្រួត​ពិនិត្យ​និង​កែសម្រួល​រចនាសម្ព័ន្ធ​ក្រុម​ប្រឹក្សា​រាជ​ធានី​ ខេត្ត ​ក្រុង ​ស្រុក ​ខណ្ឌ ​របស់​គណបក្ស ​និង​ជាពិសេស​មួយ​ទៀត អង្គ​ប្រជុំ​គណៈកម្មធិការ​នាយក​ នៃ​គណបក្ស​ឆន្ទៈ​ខ្មែរ​ បានសម្រេច​ផ្តល់​តួនាទី​ផ្លូវការ​ជាប្រធាន​កិត្តិយស​គណបក្ស​ឆន្ទៈ​ខ្មែរ​ ជូន​លោក ​គង់ គាំ ​ដោយ​មតិ​ជាឯកច្ឆន្ទ។

លោក​ គង់ មុនីកា ​ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ ​ប្រាប់​ភ្នំពេញប៉ុស្តិ៍ ពីម្សិលមិញថា ​លោក​ គង់ គាំ ​ដែលជា​អតីត​​ប្រធាន​គណ​បក្ស​ សម រង្ស៊ី​ ត្រូវបាន​ គណៈកម្មាធិការ​នាយក​គណបក្ស​ឆន្ទៈ​ខ្មែរ ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​ ឱ្យធ្វើ​ជា​ប្រធាន​កិត្តិ​យស​គណបក្ស​ឆន្ទៈ​ខ្មែរ ​ហើយរំពឹង​ថា​ វត្តមាន​របស់​លោក​គង់ គាំ ​អាចនឹង​ជួយឲ្យ​គណបក្ស​របស់​លោក​ទទួលបាន​ការគាំទ្រ​ពី​អតីត​សមាជិក​ក្រុម​ប្រឹក្សា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​បាន​ចូលទៅ​បម្រើជាមួយ​គណបក្ស​​ប្រជាជន​កម្ពុជា ​និង​ក៏មាន​ការគាំទ្រ​ពី​សមាជិក​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ផង​ដែរ។

លោក​ គង់ មុនីកា ​ថ្លែងថា​៖ ​«យើង​យល់ថា​ គាត់​ជាអ្នក​នយោ​បាយ​​ជើង​ចាស់ ​ដែល​បាន​ឆ្លងកាត់​នយោបាយ​ច្រើន ​និង​កន្លងមក​គាត់​ធ្លាប់​ជាឧត្តម​ទីប្រឹក្សា ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ​ដែលជា​គណបក្ស​ប្រឆាំង​មួយ​ដ៏​ធំ។ នេះ​គ្រាន់តែ​ជាការជូន​នូវ​ មុខងារ​ខ្ពង់ខ្ពស់​មួយ ​ក្នុង​គណបក្ស​របស់​យើង​គឺ​ដើម្បី​ជូនទៅ​គាត់​ជាប្រធាន​កិត្តិយស​របស់​គណបក្ស​ឆន្ទៈ​ខ្មែរ»។

លោក​បានបន្ថែមថា​ លោក​ គង់ គាំ ​ក្នុងនាមជាប្រធាន​កិត្តិយស​របស់​គណបក្ស​ឆន្ទៈ​ខ្មែរ​ គឺ​គ្រាន់តែ​មានតួនាទី​ផ្តល់​ជាអនុសាសន៍​ មតិ​យោបល់ ​ប្រឹក្សា ​ឬ​ក៏ចុះ​ទៅជួប​ជាមួយ​សកម្មជន​ និង​អ្នក​គាំទ្រ។ លោក​មិនមាន​តួនាទី​ចាត់ចែង​ គណបក្ស​នោះទេ ​ហើយ​លោក​ គង់ មុនីកា ​មាន​សុទិដិ្ឋនិយម​ថា​វត្តមាន​របស់​ឪពុក​លោក ​នឹងជួយ​ជំរុញ​ សកម្មជន​ឆន្ទៈ​ខ្មែរ​កាន់តែ​មានជំនឿ​ចិត្ត​ក្នុង​ការបំពេញ​ការងារ​របស់​ខ្លួន ​ឲ្យមាន​ប្រសិទ្ធភាព​ថែម​ទៀត។

ដោយ​បង្ហាញ​នូវ​ក្តី​សង្ឃឹម​ទៅលើ​ការគាំទ្រ​ច្រើន​ថែម​ទៀត​ តាមរយៈ​លោក​ គង់ គាំ​ គឺ​លោក​ គង់ មុនីកា ​មានជំនឿថា ​ អតីត​សកម្ម​ជន​សង្គ្រោះជាតិ​ ដែល​កំពុង​រស់នៅ​ក្នុង​ការគាបសង្កត់​ពី​អាជ្ញាធរ​ ដោយ​សារ​ពួកគេ​ប្រឈម​នឹង​ការចោទ​ប្រកាន់​ពី​អាជ្ញា​ធរ​ថា​ជាផ្នែក​មួយ​នៃ​បដិ​វត្តន៍​ពណ៌ ​និង​ចលនា​សង្គ្រោះ​ជាតិ​នោះ ​គឺ​ពួកគេ ​អាច​នឹងងាក​មក​គាំទ្រ​គណបក្ស​ឆន្ទៈ​ខ្មែរ។

លោក​បញ្ជាក់ថា​៖ «ពួកគាត់​អាច​សម្លឹង​មក​គណបក្ស​ឆន្ទៈ​ខ្មែរ ​ដើម្បី​ជាជម្រក​ថ្មី ​និងជា​ឱកាស​ថ្មី​ដើម្បី​ឈាន​ទៅ​រកការ​ផ្លាស់​ប្តូរ​ថ្មី​ជាវិជ្ជ​មាន»។

បើទោះ​បីជា​គណបក្ស​របស់​លោក​មិនមាន​អង្គ​បោះឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជ​ធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ ​ដែលនឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃទី ២៦ ​ខែ​ឧសភា ​ឆ្នាំ ២០១៩ ​ក៏​ពិតមែន ​ប៉ុន្តែ​លោក​ គង់ មុនីកា​ បញ្ជាក់ថា ​គណបក្ស​លោក​បាននិង​កំពុង​រៀបចំ​យុទ្ធ​សាស្រ្ត ​និង​ត្រៀម​ចូលរួម​ការបោះ​ឆ្នោតនេះ​ផង​ដែរ ​ដោយ​លោក​រំពឹង​ថា ​គណបក្ស​ឆន្ទៈ​ខ្មែរ​ នឹង​ទទួល​បាន​ការគាំទ្រ​ច្រើន ​ជាពិសេស​អតីត​សមាជិក​ក្រុមប្រឹក្សា​នៃអតីត​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​ គិន ភា ​ប្រធាន​វិទ្យាស្ថាន​​ទំនាក់​ទំនង​អន្តរជាតិ​កម្ពុជា នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ លើកឡើងថា ​គណបក្ស​ឆន្ទៈ​ខ្មែរ​របស់​លោក​ គង់ មុនីកា ​នឹងមិន​អាច​ទទួល​បាន​សំឡេង​គំាទ្រ​ពី​អតីត​​សមាជិក​ក្រុមប្រឹក្សារបស់​បក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​ចូល​ទៅ​បម្រើ​ជាមួយ​គណបក្ស​ប្រ​ជា​ជន​ ពីការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក ​ខណ្ឌ​​ ខាង​មុខនោះទេ ​ដោយសារតែអង្គ​បោះឆ្នោត​ទាំងអស់​សុទ្ធតែ​ជាមន្ត្រី​របស់​គណបក្ស​ប្រជា​ជន​។ ចំណែក​អ្នក​ដែលបាន​ចូលរួម​ជីវិត​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​ទាំងនោះ​បានទទួល​នូវ​អនាគត​ដ៏ល្អ​រួច​ទៅ​ហើយ។

លោក​បញ្ជាក់ថា​៖ «សម្រាប់​ខ្ញុំ​គាត់​នឹង​មិនទទួល​បាន​អាសនៈ​ណាមួយ​ និង​មិន​ទទួល​បាន​សន្លឹក​ឆ្នោត​ផងដែរ​ ដោយ​សារតែ​ យើង​ត្រូវ​ដឹងថា ​សមា​ជិក​​​​ក្រុម​ប្រឹក្សា​ទំាងអស់​សុទ្ធតែ​ជា​របស់​គណបក្ស​ប្រជាជនកម្ពុជា ​ថ្វីបើ​មួយ​ចំនួន​មក​ពី​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ ​ក៏មិន​ប្រាកដថា ​ពួកគេ​ទៅ​បោះឲ្យ​គណបក្ស​ឆន្ទៈ​ខ្មែរ​ដែរ​ តែការចូលរួម​របស់​គាត់​ឲ្យ​ប្រជាពលរដ្ឋ​ស្គាល់​បណ្តើរៗ​។ ចំពោះ​លទ្ធផល​ស្ទើរតែ​មិនបាន​មួយ​សន្លឹក​ឆ្នោត​ណាមួយ​ផង​ដោយសារ​ការបោះឆ្នោតនេះ​ អសកល»។

លោក​ថា​ វត្តមាន​របស់​លោក​ គង់ គាំ មិនមាន​សក្តានុពល​ទាក់ទាញ​​អតីត​សមាជិក​ក្រុមប្រឹក្សា​របស់​បក្ស​ប្រឆាំងបាន​​ទេ​ ហើយ​មិនមាន​ប្រជាប្រិយភាព​ ដូច​​ថ្នាក់​ដឹកនាំ​បក្ស​ប្រជាជន​នោះដែរ។

លោក​ ឯម សុវណ្ណារ៉ា​ ​អ្នក​វិភាគ​នយោបាយ​ និងជា​សាស្ត្​រា​​ចារ្យ​វិទ្យាសាស្ត្រ​នយោ​បាយ​បាន​ថ្លែងថា​ ការ​រំពឹងទុក​របស់​មេ​ដឹកនាំ​គណបក្ស​ឆន្ទៈខ្មែរ​ នឹងមិន​សុក្រឹត​ទេ ​ដោយ​សារ​លោក​ គង់ គាំ ​ចូលមក​បម្រើ​គណបក្ស​កូន​របស់​គាត់​លោក ​គង់ មុនីកា ​នោះ ​​មិនបាន​ទទួលការ​គាំទ្រ​ពី​សកម្មជន​ នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​នោះទេ​ដោយសារតែ​ពលរដ្ឋ​ខ្មែរ​មិន​ទាន់​ឲ្យតម្លៃ​អ្នកដែល​ចុះចូល​នោះ​ទេ។

លោក​បញ្ជាក់ថា​៖ «បើ​យើង​មើល​លទ្ធផល​បោះឆ្នោត​ជាក់​ស្តែង​ កាលពី​កន្លងទៅ​ គណបក្ស​ឆន្ទៈខ្មែរ​មិនបាន​ទទួល​មួយ​សំឡេ​ង​នៅក្នុង​សភាទេ​។ អាសនៈ​ (ក្រុមប្រឹក្សាឃុំ)​ ទាំងអស់​នោះ​ជារបស់​គណបក្ស​ប្រជាជន​ និង​ពួកគេ​លែង​នៅ​ជាមួយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ទៀត​ហើយ ​និង ​[អាសនៈ]​ មួយ​ផ្នែក​ទៀត​ត្រូវបាន​យក​ដោយ​គណបក្ស​ហ៊្វុន​ស៊ិនប៉ិច​ ដូច្នេះ​គណបក្ស​ឆន្ទៈ​ខ្មែរ​ពុំ​អាច​ទទួលបាន​ការគាំទ្រ​ទេ»៕