កែបៈ លោក គង់ យ័ន្ត សមាជិក​ក្រុមប្រឹក្សាឃុំ​អង្កោល ស្រុក​សំណាក់ចង្អើរ ព្រម​ទទួល​កំហុស និង​បាន​កាយ​ដី​ដែល​ចាក់​ចូលក្នុង​សមុទ្រ​ចម្ងាយ​ប្រមាណ​ជាង​ ១០ ​ម៉ែត្រ​វិញ​អស់ហើយ​នៅ​ចំណុច​ផែ​ចំណតទូក​នេសាទ​ ១ ​កន្លែង ស្ថិត​នៅ​តាម​ឆ្នេរ ក្នុង​ខេត្ត​កែប ដោយ​លោក​អះអាង​ថា ជា​កំហុស​អចេតនា​កើត​ពី​ការយល់ច្រឡំ​។

ការសម្រេច​កាយ​ដី​ចេញ​វិញ​នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​លោក សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប​កាលពី​ថ្ងៃទី​ ១៦ ខែតុលា បាន​ចុះ​​ទៅ​ពិនិត្យ​មើល និង​បាន​បញ្ជា​ភ្លាមៗ​ឲ្យ​កាយ​ដី​ដែល​បាន​ចាក់​ចូល​សមុទ្រ​នៅ​ចំណុច​ផែ​ចំណតទូក​នេសាទ​ស្ថិត​នៅ​ភូមិ​អំពេង ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ​ខេត្ត​កែប និង​ឱ្យ​រក្សា​សភាព​​ដើម​វិញ​។

លោក សោម ពិសិដ្ឋ បាន​ថ្លែង​ក្នុងពេល​ចុះ​ពិនិត្យ​នោះ​ថា លោក គង់ យ័ន្ត ជា​សមាជិក​ក្រុមប្រឹក្សា​​ឃុំ​អង្កោល​គឺ​បាន​ប្រព្រឹត្ត​កំហុស​អចេតនា​តែប៉ុណ្ណោះ​។ ដូច្នេះ​រដ្ឋបាលខេត្ត​ក៏​បាន​ធ្វើ​កិច្ចសន្យា​ស្តីបន្ទោស និង​តម្រូវ​ឲ្យ​លោក គង់ យ័ន្ត កាយ​ដី​ទាំងអស់​ដែល​បាន​ចាក់​ចូល​សមុទ្រ​នោះ​ចេញ​វិញ​ហើយ ដោយ​ថ្លៃ​ចំណាយ​ទាំងឡាយ​គឺជា​បន្ទុក​របស់គាត់​។

លោក​បញ្ជាក់ថា​៖ «​យើង​មាន​ការណែនាំ​គាត់​កុំ​ឲ្យ​មាន​កំហុស​បែបនេះ​កើតឡើង​ទៀត​»​។

លោកស្រី គឹម ចាន់នី អភិបាល​ស្រុក​សំណាក់​ចង្អើរ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ១៨ តុលា​ ថា បន្ទាប់ពី​មាន​បញ្ជា​​ពី​អភិបាលខេត្ត​ឃើញ​ថា​លោក គង់ យ័ន្ត បាន​កាយ​ដី​ចេញ​វិញ​អស់ហើយ​។ លោកស្រី​បន្តថា ទំហំ​ដែល​បាន​ចាក់ដី​ចូល​សមុទ្រ ​គឺ​មាន​ប្រវែង​ ១៦ ​ម៉ែត្រ​។

លោកស្រី​បាន​រៀបរាប់​ថា​៖ «​ដំបូង​ឡើយ គាត់​បាន​សុំ​សម្អាត​សំរាម​ចេញពី​មាត់ទឹក ហើយ​យើង​ក៏បាន​អនុញ្ញាត​ឲ្យ​គាត់​សម្អាត ឬ​ចាក់​ខ្សាច់​លុប​សំរាម​ដែល​អណ្តែត​ចូលមក​តាម​ឆ្នេរ​នេះ​។ តែ​បែរជា​បាន​ព័ត៌មាន​ថា គាត់​បាន​យក​ដី​ចាក់ ហើយ​យើង​ក៏បាន​ចុះទៅ​ភ្លាមៗ​»​។

បើ​តាម​លោកស្រី ចាន់នី ការចាក់ដី​ចូល​សមុទ្រ​នេះ​គឺ​បាន​ធ្វើឡើង អំឡុង​ថ្ងៃទី​ ១៥ តុលា ខណៈ​ដែល​លោក គង់ យ័ន្ត បាន​ទទួល​សិទ្ធិ​គ្រប់គ្រង​ផែ​នោះ​ពី​រដ្ឋាភិបាល ដើម្បី​មើល​ការខុសត្រូវ និង​ប្រមូល​កម្រៃ​នៃ​ការចតទូក​របស់​អ្នកនេសាទ​ក្នុង​សហគមន៍​។

លោក គង់ យ័ន្ត សមាជិក​​ក្រុមប្រឹក្សាឃុំ​អង្កោល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ១៨ តុលា ​ថា កំហុស​នេះ គឺ​មកពី​ការភាន់ច្រឡំ​របស់លោក​តែ​ប៉ុណ្ណោះ​។ លោក​បន្ត​ថា ដំបូងឡើយ​លោក​បាន​ស្នើសុំ​ទៅ​​អាជ្ញាធរខេត្ត ដើម្បី​សុំ​សម្អាត​សំរាម​ចេញពី​មាត់​ឆ្នេរ​។ ក្រោយ​​ពី​មាន​ការអនុញ្ញាត​លោក​ក៏​​បានសម្រេច​ទិញ​ដី​មកចាក់​លុប​តាម​ឆ្នេរ​ទាំងនោះ ដោយ​មិនដឹងថា ខុស​គោលការណ៍​នៃ​ការអនុញ្ញាត​នោះទេ​។

យ៉ាងណាក្ដី​លោក​បាន​​បញ្ជាក់ថា​៖ «​ខ្ញុំ​ទទួល​កំហុស ដែល​ខ្ញុំ​មាន​ការយល់ច្រឡំ ហើយ​ខ្ញុំ​បាន​កាយ​ដី​ចេញ​វិញ​ហើយ ខ្ញុំ​គ្រាន់តែ​ចង់​សម្អាត​ឆ្នេរ​នេះ​ប៉ុណ្ណោះ គ្មាន​ចេតនា​ណា​ចង់​ធ្វើឲ្យ​ប៉ះពាល់​បរិស្ថាន​នោះទេ​។ ខ្ញុំ​ចាក់​ ៣០ ​ឡាន​ទេ ដល់​ពេល​កាយ​ចេញ​ជាង​ ៤០ ​ឡាន ហើយ​នៅ​កាយ​មិនទាន់​អស់​ទៀត ព្រោះ​សំរាម​ច្រើនពេក​ហូរ​មក​ច្រើន​ណាស់​»​។

លោក អ៊ុប សុវណ្ណចាន់ថន មន្ត្រី​អង្កេត​នៃ​អង្គការ​សមាគម​លីកាដូ​ប្រចាំ​ខេត្តកំពត និង​កែប​បាន​លើកឡើងថា ប្រសិនបើ​ករណីនេះ​គឺជា​កំហុស​​អចេតនា​នោះ​ការស្តីបន្ទោស​​តាម​នីតិវិធី​រដ្ឋបាល គឺជា​រឿង​សមស្រប​។ ប៉ុន្តែ​ប្រសិនបើ​​ក្នុង​ករណី​មិនមែន​ជា​កំហុស​​អចេតនា ហើយ​បុគ្គល​ប្រព្រឹត្ត​ជា​មន្ត្រីរាជការ​ទៀត​នោះ​កំហុស គឺ​កាន់តែ​ធ្ងន់ធ្ងរ ព្រោះ​ថា​នេះ​គឺជា​គំរូ​អាក្រក់​មួយ​ដែល​នាំឲ្យ​កើតមាន​បទល្មើស​នៃ​ការរំលោភ​យក​តំបន់ឆ្នេរ​។

លោក​បាន​បញ្ជាក់ថា​៖ «​ធាតុពិត​ដែល​គាត់​ជា​អាជ្ញាធរ​ហ្នឹង គាត់​គួរតែ​យល់ គាត់​គួរតែ​ដឹងថា ការចាក់​ចូល​សមុទ្រ​ ឬ​ចាក់​សម្អាត​ហ្នឹង គួរតែ​ធ្វើអ្វី​កុំឲ្យ​មាន​កំហុស​មាន​ន័យ​ថា គាត់​គួរតែ​ដឹង និង​ធ្វើ​យ៉ាងម៉េច​? ​តែ​​បើ​ទាក់ទង​នឹង​ខេត្ត​ថា នេះ​ជា​កំហុស​អចេតនា នោះ​ការណែនាំ​គឺ​ត្រូវ កុំឲ្យ​គាត់​ធ្វើ​អ្វីមួយ​ប៉ះពាល់​បន្តទៀត​។ ​ក្នុងនាម​​ជា​អាជ្ញាធរ ប្រសិន​បើ​គាត់​មាន​​ការធ្វេសប្រហែស ហើយ​មិនមាន​ព័ត៌មាន​បែកធ្លាយ វា​អាច​នាំឲ្យ​ប្រជាពលរដ្ឋ​ផ្សេងទៀត​ធ្វើ​តាម​គាត់​រហូត ហើយ​ចាក់​លុប​សមុទ្រ​បន្តិច​ម្តងៗ​។ ទាំងនេះ​ជា​អ្វីដែល​ពួកយើង​កំពុង​​ព្រួយបារម្ភ​»៕