
លោក គន់ គីម (អង្គុយកណ្តាល) ពេលចុះទៅតំបន់ដីសម្បទានសង្គមកិច្ចកាលពីថ្ងៃពុធ។ សហការី
សៀមរាបៈ លោក គន់ គីម អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំឲ្យទន្ទ្រានយកដីសម្បទានសង្គមកិច្ច ដែលទុកចែកជូនអតីតយុទ្ធជនកម្ពុជា ខណៈសង្គមស៊ីវិលនិយាយថា ដីទាំងនោះ ពលរដ្ឋបានរស់នៅតាំងពីឆ្នាំ ១៩៨០ មកម្ល៉េះ។
ការអំពាវនាវរបស់លោក គន់ គីម បានធ្វើឡើង ក្នុងពេលចុះសួរសុខទុក្ខអតីតយុទ្ធជន និងពិនិត្យមើលទីតាំងដីសម្បទានសង្គមកិច្ច ទុកចែកជូនអតីតយុទ្ធជនស្ថិតនៅភូមិកំព្រហ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃពុធ។
លោកថ្លែងថា ដីសម្បទានសង្គមកិច្ចទុកចែកជូនអតីតយុទ្ធជនដែលមានការខ្វះខាត ក្នុងជីវភាព ស្ថិតនៅភូមិកំព្រហ្ម ឃុំឃុនរាម មានទំហំសរុប ១ ៣៦៩ ហិកតា ប៉ុន្ដែ បច្ចុប្បន្ន ត្រូវបានប្រជាពលរដ្ឋរំលោភយកអស់ ៩៨៤ ហិកតាហើយ នៅសល់តែ ៣៨៥ ហិកតា ប៉ុណ្ណោះ សម្រាប់ទុកពុះចែកជូនអតីតយុទ្ធជន។
លោកបញ្ជាក់ថា៖ «ក្នុងនាមអតីតយុទ្ធជន សូមសំណូមពរដល់បងប្អូនដែលទន្រ្ទានកាន់កាប់ដោយខុសច្បាប់លើដីសម្បទានសង្គមកិច្ច នៅភូមិកំព្រហ្ម សុំបញ្ឈប់ការរំលោភទន្រ្ទាន ហើយបើបងប្អូនមានការខ្វះខាតដីពិតប្រាកដ អាចដាក់ពាក្យស្នើសុំមកមន្រ្តីមានសមត្ថកិច្ចដែលទទួលបន្ទុកខាងសមាគម ដើម្បីពិនិត្យស្ថានភាពជីវភាពពិតប្រាកដ ទើបអាចទទួលបានដីដូចអតីតយុទ្ធជនធម្មតាដែរ»។
លោក សុខ ថុល នាយករងរដ្ឋបាលសាលាខេត្តសៀមរាប បានថ្លែងយ៉ាងខ្លីកាលពីម្សិលមិញថា ដីនៅក្នុងតំបន់នោះ ត្រូវបានរដ្ឋាភិបាលដាក់ជាដីសម្បទានសង្គមកិច្ចកាលពីឆ្នាំ ២០១២។
លោកបញ្ជាក់ថា៖ «ធម្មតា ដីដែលយើងអនុវត្ដជាដីសម្បទានសង្គមកិច្ច ដល់ពេលវាមានរយៈពេលយូរ អ៊ីចឹងតំបន់ហ្នឹង ប្រជាពលរដ្ឋគាត់ទៅកាន់កាប់អាស្រ័យផល»។
លោក សួស ណារិន មន្ដ្រីអង្កេតសមាគមអាដហុក ប្រចាំខេត្ដសៀមរាបបានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលម្សិលមិញថា ដីដែលនៅតំបន់សង្គមកិច្ចនោះ ប្រជាពលរដ្ឋ បានកាន់កាប់ជាយូរណាស់មកហើយ ប៉ុន្ដែរដ្ឋាភិបាល ទើបតែដកហូត បន្ទាប់ពីដីនេះត្រូវបានដាក់ជាដីសម្បទានសង្គមកិច្ច។
លោកបន្ដថា៖ «អ្វីដែលខ្ញុំឃើញ ដីប្រជាពលរដ្ឋហាមឃាត់មិនឲ្យធ្វើអ្វីទេ ចំណែកដីឈ្មួញគេចេះតែធ្វើបាន ដែលដីឈ្មួញមានរាប់សិបហិកតា។ អ៊ីចឹងរឿងទំនាស់ដីធ្លី នៅទីនេះ វាយូរហើយ ប៉ុន្ដែយើងឃើញថា ការដាក់ទីតាំងសម្រាប់ដីសម្បទានសង្គមកិច្ចនេះ បានប្ដូរ ២-៣ ដងហើយ អត់ទាន់ឃើញច្បាស់លាស់ ពេលណាមានប្រជាពលរដ្ឋតវ៉ា ក៏លើកចេញ កាលមុនទៅដាក់នៅឯស្រុកវ៉ារិនឯណោះ»។
លោក ណារិន បានសំណូមពរដល់ស្ថាប័នពាក់ព័ន្ធថា មុននឹងយកដីដាក់ជាដីសម្បទានសង្គមកិច្ច ឲ្យគិតគូរពិនិត្យឲ្យបានច្បាស់លាស់ជាមុនសិន ថាតើដីសម្បទានសង្គមកិច្ចនោះ ពីមុនធ្លាប់មានប្រជាពលរដ្ឋ កាន់កាប់ហើយឬនៅចៀសវាងការមានវិវាទនៅពេលក្រោយ។
លោកបន្ដថា៖ «ក្នុងនាមខ្ញុំជាសង្គមស៊ីវិល ខ្ញុំគាំទ្រឲ្យមានការដោះស្រាយរឿងនេះ ដោយសន្ដិវិធីទាំងសងខាង។ ខ្ញុំមើលឃើញឯកសារឃើញប្រជាពលរដ្ឋគាត់កាន់កាប់តាំងពីមុនពេលដែលក្រុមនិស្សិតចុះមកវាស់វែងដីធ្លីទៅទៀត»។
បើតាមលោក ណារិន ប្រជាពលរដ្ឋរស់នៅស្រុកបន្ទាយស្រីដែលកាន់កាប់ដីនៅតំបន់សង្គមកិច្ចនោះ ភាគច្រើនជាពលរដ្ឋដែលកាន់កាប់ដីតាំងពីអំឡុងឆ្នាំ ១៩៨០ ជាងរហូតមក ហើយពលរដ្ឋមួយចំនួនថែមទាំងបានទទួលលិខិតបញ្ជាក់កម្មសិទ្ធិដីធ្លីពីភូមិ ឃុំ នៅក្នុងអំឡុងឆ្នាំ ២០០០ ទៀតផង។
លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី ខេត្តសៀមរាប បានថ្លែងថា លោកមិនមានពេលធ្វើអធិប្បាយលើបញ្ហានេះទេ ពីព្រោះលោកកំពុងជាប់រវល់កម្មវិធីសម្ពោធសមិទ្ធផលក្នុងខេត្ដ៕