ភ្នំពេញ: លោក​ គិត ​ធាង​ ជា​ជន​ត្រូវ​ចោទ​ពាក់​ព័ន្ធ​គ្រឿង​ញៀន​នៅ​មជ្ឈ​មណ្ឌល​កម្សាន្ដ​រ៉ុ​ក (Rock)​ ដែល​ត្រូវបាន​​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​ចេញ​ដីកា​ឲ្យ​ឃុំ​ខ្លួន​នៅ​ពន្ធ​នាគារ​ PJ​ នោះ ត្រូវ​បាន​មន្ត្រី​ពន្ធនា​គារ​បញ្ជូន​ទៅ​កាន់​មន្ទី​រ​ពេទ្យ​ខ្មែរ​-​សូ​វៀត​ (​ពេទ្យ​រុស្ស៊ី)​ នៅ​យប់​ថ្ងៃ​ទី​ ១ ​មេសា​ ដើម្បី​ព្យាបាល​ជំងឺ​រលាក​សួត។​ នេះ​បើ​តាម​លោក​ នុត​ សវ​នា​ អ្ន​ក​នាំ​ពាក្យ​អគ្គ​នាយក​ដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​​មហាផ្ទៃ។​

​លោក​ នុត ​សវ​នា​ បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​ម្សិល​មិញ​ថា ​លោក​ គិត​ ធាង​ ត្រូវ​បាន​មន្ត្រី​ពន្ធនា​គារ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​រុស្ស៊ី​នៅ​ម៉ោង​ ១​២​ យប់​នៅ​ថ្ងៃទី​ ១ ​មេសា​ ដើម្បី​ព្យា​បាល​ជំងឺ​ស្ទះ​ផ្លូវ​ដង្ហើម​ ព្រោះគាត់​ពិបាក​ដក​ដង្ហើម​ខ្លាំង។

លោក​បន្ត​ថា​ ខណៈ​ទៅ​ដល់​មន្ទី​រពេទ្យ​ភ្លាមៗ​នោះ​ក្រុម​គ្រូ​ពេ​ទ្យ​បានបញ្ជាក់​ថា​ លោក​ គិត​ ធាង​ មាន​ជំងឺ​រលាក​សួត​ ដោយ​ត្រូវ​លេប​ថ្នាំ​ជា​ប្រចាំ ​ប៉ុន្ដែ​បច្ចុប្ប​ន្ន​នេះគ្រូ​ពេទ្យ​កំពុង​តាម​ដាន​ស្ថាន​ភាព​ជំងឺ​ និង​បន្ត​ស​ម្រាក​នៅ​ក្នុង​មន្ទី​រពេទ្យ​ទៀត​ ប៉ុន្ដែ​លោក​មិន​ទាន់​ដឹង​ពី​រយៈពេល​នៃ​ការ​ព្យា​បា​ល​ទេ​ ហើយ​បើសិន​ស្ថាន​ភាព​ជំងឺ​បាន​ធូរស្បើយ ​នឹង​ត្រូវ​បញ្ជូន​ទៅ​ពន្ធនាគារ​វិញ។

​លោក​ នុត ​សវ​នា​ បាន​បញ្ជាក់​ថា​៖​ «​យើង​បញ្ជូន​ទៅ​នៅ​ម៉ោង​ ១២ ​យប់​ ដោយ​សារ​គាត់​ស្ទះ​ផ្លូវ​ដង្ហើម​ ហើយ​ខាង​ពន្ធនា​គារ​យើង​ពិនិត្យ​ទៅ ​គឺ​គាត់​ពិបាក​ដក​ដង្ហើម ​ហើយ​យើង​ក៏​បញ្ជូន​ទៅ​ពេទ្យ​ហ្នឹង​ទៅ ​ហើយ​ក្រុម​គ្រូ​ពេទ្យ​ហ្នឹង​ក៏​គេ​ថា​ រលាក​សួត»។

​លោក​បន្ថែម​ថា​ ការ​បញ្ជូន​លោក​ គិត​ ធាង​ មក​មន្ទីរ​ពេទ្យ​នេះ​ ដោយ​មាន​កា​រអ​នុ​ញ្ញាត​ពី​ព្រះរាជ​អាជ្ញា​ហើយ ​ព្រោះ​ករណី​នេះ​ត្រូវ​បញ្ជូន​គាត់​មក​សង្គ្រោះ​បន្ទាន់​ជា​មុន​សិន​ ទើប​មន្ត្រី​សរ​សេរ​លិខិត​ផ្លូវ​ការ​តាម​ក្រោយ ​រួច​បញ្ជូន​ទៅ​អយ្យការ​ ហើយ​អយ្យការ​យល់​ព្រម​ ទើប​អាច​ទុក​អ្នក​ជំងឺ​ឲ្យ​ព្យាបាល​បន្ត​នៅ​មន្ទីរ​ពេទ្យ​ ព្រោះ​ស្ថាន ភាព​ជំងឺ​គាត់​ធ្ងន់ធ្ងរ​ ប៉ុន្ដែ​រយៈពេល​ព្យាបាល​មិន​អាច​កំណត់​បាន​ទេ​ ដោយ​រង់ចាំ​លទ្ធផល​ និង​ស្ថាន​ភាព​ជំងឺ​បាន​ធូ​រស្បើយ​កម្រិត​ណា ​ហើយ​​បើ​សុខ​ភាព​គាត់​ល្អឡើង​វិញ​ មន្ត្រី​ពន្ធនា​គារ​នឹង​បញ្ជូន​មក​ពន្ធនាគារ​វិញ។​

លោក​ អីុ ​រិន្ទ​ អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ម្សិល​មិញ​អះអាង​ថា​មិន​ទាន់​ទទួល​ព័ត៌​មាន​នេះ​ទេ ​ដោយ​បង្វែរ​សំណួរ​ទៅ​លោក ​លី ​សុផាន់​ណា​ ព្រះរាជ​អាជ្ញា​រង​នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​​វិញ​ ប៉ុន្ដែ​លោក​ លី​ សុផាន់​ណា ​ក៏​មិន​ទាន់​បាន​ឆ្លើយ​តប​ជុំវិញ​ករណី​នេះ​នៅ​ឡើយ។​

​លោក​ ងី ​ម៉េង​ ប្រធាន​មន្ទីរ​ពេទ្យ​ខ្មែ​រ​-សូ​វៀត​ (ពេទ្យ​រុស្ស៊ី)​ ​កាល​ពី​ម្សិល​មិញ​ក៏បាន​អះ​អាង​ថា​ មិន​ទាន់​បាន​ដឹង​ពី​ដំណឹង​នេះ​ទេ ​ប៉ុន្ដែ​បើ​សិន​មន្ត្រី​ពន្ធនា​គារ​បញ្ជូន​លោក​ គិត ធាង​ មក​នោះ​ ក្រុម​គ្រូពេទ្យ​នឹង​ព្យាយាម​ព្យាបាល​គាត់។​

​លោក​​ ម៉េង​ ថ្លែង​ថា​៖​ «​ខ្ញុំ​អត់​ទាន់​ដឹង​ដែរ។​ ខ្ញុំ​ថា​ បើ​គេ​បញ្ជូន​មក​​មែន​ គឺ​ពេទ្យ​យើង​នឹង​ព្យា​បាល​គាត់​ឲ្យ​អស់​ពី​លទ្ធភាព​ហើយ»។​

​លោក​ស្រី​មេ​ធាវី​ ​ពឹង​ ​ធីតា ​កាល​ពី​ម្សិល​មិញ​បាន​បដិសេធ​ថា ​មិន​បាន​ធ្វើ​ជា​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក​ ​គិត​ ធាង​ តាមការផ្សព្វ​ផ្សាយ​របស់​សារ​ព័ត៌​មាន​មួយ​ចំនួន​ដែល​បាន​ផ្សាយ​នោះ​ទេ។

​លោក​ស្រី​ ធី​តា​ ថ្លែង​ថា​៖ ​«​ខ្ញុំ​មិន​ មែន​ជា​មេធា​វី​ការពារ​ក្តី​ឲ្យ​លោក​​ឧកញ៉ា​ គិត​ ធាង​ ​ទេ​ ហើយ​​ខ្ញុំក៏មិន​​ដឹង​រឿង​ដាក់​ពាក្យ​អី​ហ្នឹង​ដែរ»។​

​កាល​ពី​ថ្ងៃទី​ ១២ ​មីនា​ កន្លង​ទៅ​នេះ ​សាលា​ដំបូង​រាជ​ធានី​​ភ្នំពេញ​ បាន​សម្រេច​ធ្វើ​ការ​ចោទ​ប្រកាន់​ និង​បញ្ជូន​លោក​ ​គិត​ ធាង​ ដែល​ជា​ម្ចាស់​មជ្ឈ​មណ្ឌល​កម្សាន្ត​រ៉ុ​ក​ ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធ​នាគារ​ PJ​ ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​គ្រឿង​ញៀន​ជិត​ ៥០ ​គីឡូ​ក្រាម​ ដែល​មានការ​ឃាត់​ខ្លួន​មនុស្ស​ជាង​ ៣០០ ​នាក់​ ដែល​សមត្ថ​កិច្ច​បាន​ចុះ​បង្ក្រាប​ នៅ​មជ្ឈ​មណ្ឌល​កម្សាន្ត​រ៉ុ​ក​ ​នៅ​​ថ្ងៃទី ២៣​ ខែកុម្ភៈ ​ឆ្នាំ ​២០១៩ ​នេះ។

សំណុំ​រឿង​គ្រឿង​ញៀន​ដ៏​ធំ​មួយ​នេះ​មិន​មែន​មាន​តែ​លោក​ ​គិត ​ធាង ​ម្នាក់​នោះ​ទេ​ ដែល​ត្រូវ​បាន​តុលា​ការ​ធ្វើ​ការ​ចោទ​ប្រកាន់​ គឺ​នៅ​មាន​មនុស្ស​ចំនួន​ ១៧ ​នាក់​ផ្សេង​ទៀត​ក៏​ត្រូវ​បាន​តុលា​ការ​ធ្វើ​ការ​ចោទ​ប្រកាន់​ និង​បញ្ជូន​ទៅ​ឃុំខ្លួន​រួ​ច​ហើយ​ ចាប់​តាំង​ពី​ក្រោយ​ថ្ងៃ​ចុះ​បង្ក្រាប​នៅ​លើ​ទី​តាំង​នោះ​មក​ ​ខណៈ​ដែល​អ្នក​ប្រើប្រាស់​ និង​អ្នក​មិន​បាន​ប្រើប្រាស់​គ្រឿង​ញៀន​ជាង​ ៣០០​ នាក់​ទៀត​ត្រូវ​បាន​ដោះ​លែង។​

យ៉ាង​ណា​ក៏ដោយ​តាម​មាត្រា ​៤៤​ នៃ​ច្បាប់​ស្តីពី​ការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​ បទ​សម្រួល​ឲ្យ​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន​ អំ​ពើ​ជួល​ទី​កន្លែង​ផ្ដល់​ទី​កន្លែង​ ឬ​អំពើ​ផ្សេង​ទៀត​ ដែល​បង្ក​លក្ខណៈ​ងាយ​ស្រួល​ ដល់​ការ​ប្រើ​ប្រា​ស់​ដោយ​ខុសច្បាប់​នូវ​សា​រ​ធាតុ​ញៀន​ដែល​ស្ថិត​នៅក្នុ​ង​តារាង​ទី​ ១ និង​តារា​ង​​​ទី​ ២​ គឺ​ជា​បទ​សម្រួល​ឲ្យ​ប្រើ​ប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន​ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធ​នាគារ​ពី ១ ​ឆ្នាំ​ ទៅ ​៥ ​ឆ្នាំ។​ ក្រៅពី​​​ទោស​ដាក់​ពន្ធ​នាគារ​ ជន​ល្មើស​អាច​​ត្រូវ​ទទួល​បន្ថែម​នូវ​ទោស​ពិ​ន័យ​ជា​ប្រាក់​ពី ​២ លាន​រៀល​ទៅ ​១០ លាន​រៀល៕