The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក គឹម សន្តិភាព៖ ថ្នាក់​ដឹក​នាំ​រាជធានី ខេត្ត មាន​សិទ្ធិ​ក្នុង​ការ​ដាក់​ចេញ​នូវ​វិធានការ​នានា ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺកូវីដ




លោក គឹម សន្តិភាព៖ ថ្នាក់​ដឹក​នាំ​រាជធានី ខេត្ត មាន​សិទ្ធិ​ក្នុង​ការ​ដាក់​ចេញ​នូវ​វិធានការ​នានា ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺកូវីដ

Content image - Phnom Penh Post
អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព។​ រូបថត រ៉ាស់ហ៊ីម

លោក គឹម សន្តិភាព៖ ថ្នាក់​ដឹក​នាំ​រាជធានី ខេត្ត មាន​សិទ្ធិ​ក្នុង​ការ​ដាក់​ចេញ​នូវ​វិធានការ​នានា ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺកូវីដ

ភ្នំពេញៈ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព បាន​ពន្យល់​ថា ទោះ​បី​ជា​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ និង​ក្រុង តាខ្មៅ នឹង​ត្រូវបញ្ចប់​ការ​បិទ​ខ្ទប់​តាម​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​ក៏​ដោយ ក៏​ថ្នាក់​ដឹកនាំ រាជធានី ខេត្ត​ទាំង​នេះ មាន​សិទ្ធិ​ក្នុង​ការ​ដាក់​ចេញ​នូវ​វិធានការនានា ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​កូវីដ​ ដូចជា​ការ​កំណត់​ការ​ពាក់​ម៉ាស់ ការ​រក្សា​គម្លាត​សុវត្ថិភាព ការ​យក​សំណាក និង​ការ​រឹតត្បិត​ការ​ធ្វើដំណើរ​ជាដើម។

រាជរដ្ឋាភិបាល បាន​សម្រេច​បញ្ចប់​ការ​បិទ​ខ្ទប់​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ និង ក្រុងតាខ្មៅ នៃ​ខេត្ត​កណ្តាល​ចាប់​ពី​ថ្ងៃទី ៦ ខែ​ឧសភា ត​ទៅ ដោយ​ជំនួស​មក​វិញ នូវ​វិធានការ​ថ្មី ដើម្បី​សំដៅ​បង្ការ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​១៩។

សេចក្តី​សម្រេច​នេះ​លើក​ឡើង​បន្ត​ថា ការ​ដាក់​ចេញ​វិធាន​ការ​បិទ​ខ្ទប់ សម្រាប់​ផ្នែក​ណា​មួយ នៃ​ភូមិសាស្រ្ត រាជធានី​ភ្នំពេញ ឬ​ក្រុង​តាខ្មៅ នៃខេត្ត​កណ្តាល គឺ​ផ្អែក​តាម​ស្ថានភាព​វិវត្តន៍ នៃ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ភូមិសាស្ត្រ​នោះ។

លោក គឹម សន្តិភាព បានឱ្យដឹងថា នៅ​ពេល​ដែល​មាន​ការ​បញ្ចប់​ការ​បិទ​ខ្ទប់​ហើយ​នោះ ក៏​នឹង​ត្រូវ​អនុវត្តន៍​នូវ​វិធានការ​បន្ត ដែល​វិធានការនេះ នឹង​ដាក់​ចេញ​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ជាមួយ​នឹង​រដ្ឋបាល​ខេត្ត កណ្តាល។

លោក​មាន​ប្រសាសន៍​ថា៖ «បើ​ទោះ​បីជា រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ត្រូវ​បាន​បញ្ចប់​ការ​បិទ​ខ្ទប់ តាម​រយៈ សេចក្តី​សម្រេច​របស់​រាជរដ្ឋាភិបាល​ក៏​ដោយ ក៏​គណៈអភិបាល​រាជធានី​ភ្នំពេញ ក៏​ដូចជា​គណៈអភិបាល ខេត្ត​កណ្តាល លោក​មាន​សិទ្ធិ​ក្នុង​ការ​ដាក់​ចេញ​នូវ​វិធានការ​នានាដែល​ជា​វិធាន​ការ​សុខាភិបាល»។

លោក គឹម សន្តិភាព បាន​បញ្ជាក់​ថា៖ «វិធានការ​ទាំង​នោះ​ត្រូវ​បាន​កំណត់​នៅ​ក្នុង​អនុក្រឹត្យ​លេខ ៣៧ ដែល​រួម​មាន ការ​ពាក់ម៉ាស់ ការរក្សា​គម្លាត​សុវត្ថិភាព ការ​យក​សំណាក ការ​ធ្វើ​ចត្តាឡីស័ក និង​ការ​ព្យាបាល ហើយ​វិធានការ​មួយ​ទៀត ដែល​គណៈអភិបាល​នឹង​ប្រកាសយក​គឺ​វិធានការ​រដ្ឋបាល​ ដូចជា​ការ​រឹតត្បិត ការ​ធ្វើ​ដំណើរ ការជួបជុំ និង​ការ​ប្រមូល​ផ្តុំ​មនុស្ស»។

អ្នកនាំពាក្យរូបនេះ​បាន​បន្ថែម​ថា វិធាន​ការ​រដ្ឋបាល​បន្ត​ទៀត មាន​ការ​ហាមឃាត់​និង​ការ​កម្រិត​នៃ​ការ​ធ្វើ​សកម្មភាព ឬ​ការ​ប្រកប​មុខ​របរ​មួយចំនួន ការ​រឹតត្បិត ឬ ហាម​ធ្វើ​ចរាចរណ៍​ចេញ​ចូល​ក្នុង​តំបន់ ឬ ទីកន្លែង​ណា​មួយ បម្រាម​គោចរ ការ​បិទខ្ទប់​តំបន់​ឬ​ទី​កន្លែង​ណា​មួយ​ការ​ហាមឃាត់​ឬ​រឹតត្បិត​ការ​ធ្វើ​ពាណិជ្ជកម្ម​លើ​មុខ​ទំនិញ​ណា​មួយ និង​ចំណុច​ចុង​ក្រោយ​គឺ ការ​អនុញ្ញាត​ឱ្យ​ចាត់​វិធានការ​រដ្ឋបាល​ចាំបាច់​និង​បន្ទាន់​ផ្សេងទៀត ដើម្បី​ឆ្លើយតប​នឹង​ការ​ទប់​ស្កាត់​ការ​រីករាល​ដាល​នៃ​វីរុស​កូវីដ១៩។

លោក គឹម សន្តិភាព បាន​ថ្លែង​ថា៖«ទាំងនេះ គឺជា​វិធាន​ការ​រដ្ឋបាល ដែល​គណៈ​អភិបាល អភិបាល​រាជធានី ខេត្ត​នីមួយៗ មាន​សិទ្ធិ​ក្នុងការ​ដាក់​ចេញ​សម្រាប់​ភូមិសាស្រ្ត​របស់​ខ្លួន»។

ទាក់​ទង​នឹង​ចម្ងល់​ដែល​ថា រាជ​រដ្ឋាភិបាល​បាន​សម្រេច​បញ្ចប់​ការ​បិទ​ខ្ទប់​ហើយ ហេតុអ្វី​បាន​ជា​គណៈអភិបាល​រាជធានី ខេត្ត មាន​សិទ្ធិ​ដាក់ចេញ​នូវ​វិធានការ​រដ្ឋបាល​ណា​មួយ​រួម​ទាំង​វិធានការ​បិទ​ខ្ទប់​នេះ​ទៀត? លោក គឹម សន្តិភាព បាន​ធ្វើ​ការ​បកស្រាយ​ថា រាជ​រដ្ឋាភិបាល បាន​ប្រគល់​សិទ្ធិ​ទៅ​ដល់​គណៈអភិបាល រាជធានី ខេត្ត សម្រាប់​ដាក់​ចេញក្នុង​ការ​អនុវត្ត ទៅ​លើ​ទីតាំង ឬ​ភូមិសាស្រ្ត​នៃ​រាជធានី​ខេត្ត​របស់​ខ្លួន។

ប៉ុន្តែ​សម្រាប់​ការ​ដាក់​ចេញ​នូវ​វិធានការ​បិទ​ខ្ទប់ ដែល​មាន​វិសាលភាព សម្រាប់​ខេត្ត​ទាំង​មូល ឬ​រាជធានី​ទាំង​មូល គឺជា​សមត្ថកិច្ច​របស់​រាជរដ្ឋាភិបាល​ឬ វិធានការ​រដ្ឋបាល​ណា​មួយ ដែល​ដាក់​ចេញ​ក្នុង​វិសាលភាព​អនុវត្តន៍​លើស​ពី​រាជធានី ខេត្ត១ឬ២ ឬក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស នោះ​សេចក្តី​សម្រេច​នេះ ត្រូវ​ធ្វើឡើង​ដោយ​រាជ​រដ្ឋាភិបាល។

គួរ​បញ្ជាក់​ផងដែរ​ថា យោង​តាម​សេចក្តី​សម្រេច​របស់​រាជ​រដ្ឋាភិបាល កាល​ពី​ថ្ងៃទី ២៦ ខែ​មេសា បាន​បន្ត​បិទ​ខ្ទប់​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ចំនួន ៧​ថ្ងៃ​បន្ត​ទៀត ដោយ​ចាប់​អនុវត្តន៍​ពី​ម៉ោង​សូន្យ​ថ្ងៃទី​២៩ ខែ​មេសា រហូត​ដល់​ថ្ងៃទី​០៥ ខែ​ឧសភា ឆ្នាំ ២០២១ ដែលនឹង​ផុត​កំណត់​នៅ​យប់​ថ្ងៃ​ពុធ​ទី ៥ ខែឧសភា៕

អត្ថបទគួរចាប់អារម្មណ៍