ភ្នំពេញ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​ឲ្យ​ដឹង​ថា វិធានការ​នៃ​ការ​បិទ​ខ្ទប់​សម្រាប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ អាច​នឹង​បន្ត​ក្នុង​រយៈពេល ១ សប្តាហ៍​បន្ថែម​ទៀត ក្នុង​ករណី​ដែល​គ្មាន​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ ដែល​បណ្តាល​ឲ្យ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូវីដ ១៩ មិន​ថមថយ។

ការ​ព្រមាន​បន្ថែម​រយៈពេល​នៃ​ការ​បិទ​ខ្ទប់​បន្ត​ទៀត​នេះ បន្ទាប់​ពី​រាជរដ្ឋាភិបាល​បាន​សម្រេច​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​ជា​បន្តបន្ទាប់ រយៈពេល ៣ សប្តាហ៍ ចាប់​ពី​ថ្ងៃទី ១៥ មេសា ដល់​ថ្ងៃទី ៥ ឧសភា ដើម្បី​ទប់ស្កាត់​ការ​រីករាល​ដាល​ជំងឺ​កូវីដ ១៩។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការ​បន្ត​ពន្យារពេល​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៅ​ព្រឹក​នេះ លោក គឹម សន្តិភាព បាន​អះអាង​ថា ការ​បិទ​ខ្ទប់​នឹង​មិន​បាន​សម្រេច​នោះ​ទេ ដើម្បី​បញ្ចប់​ព្រឹត្តិការណ៍​ ២០ កុម្ភៈ ដែល​កំពុង​រីក​រាលដាល ជំងឺ​កូវីដ ១៩ បើ​ប្រជាពលរដ្ឋ​នៅ​តែ​ល្មើស​បំពាន និង​មិន​ចូលរួម​ជាមួយ​រដ្ឋាភិបាល។

លោក​បន្ថែម​ថា ការ​ឆ្លង​នឹង​មិន​ស្រាកស្រាន​ទេ ព្រោះ​បើ​ពលរដ្ឋ​នៅ​តែ​បន្ត​ការ​ជួបជុំ និង​ល្មើស​បម្រាម ដោយ​មាន​ការ​ធ្វើ​ដំណើរ​ពាស​វាល​ពាស​កាល ដោយ​គ្មាន​ការ​គោរព​ទៅ​តាម​វិធានការ​សុវត្ថិភាព​របស់​ក្រសួង​សុខាភិបាល។

លោក​បញ្ជាក់់​ថា៖ «រយៈពេល​បន្ត​នេះ ក៏​បាន​កំណត់​ដែរ​ក្នុង​សេចក្តី​សម្រេច ហើយ​អាច​នឹង​មាន​ការ​បន្ត​បិទ​ខ្ទប់​ទៀត ក្នុង​ករណី​ដែល​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ និង​ករណី​ដែល​ការ​ថមថយ​ស្ថានភាព​ជំងឺ​កូវីដ ១៩ គឺ​នៅ​មាន​ស្ថានភាព​រាលដាល»។

ទោះ​យ៉ាង​ណា លោក​រំពឹង​ថា ក្នុង​រយៈពេល​នេះ ការ​បិទ​ខ្ទប់ ១ សប្តាហ៍​បន្ថែម​ទៀត​នេះ នឹង​ត្រូវ​បាន​បិទ​បញ្ចប់ បើ​ប្រជាពលរដ្ឋ​មាន​ការ​ចូលរួម​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ ទ្រាំ​លំបាក​ក្នុង​រយៈពេល​ខ្លី ដែល​ធ្វើ​ឲ្យ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូវីដ ១៩ ថមថយ​ដល់​កម្រិត​មួយ​ដែល​បាន​បញ្ចប់៕