ភ្នំពេញៈ អភិបាលខេត្ដ​ព្រះសីហនុ​លោក គួច ចំរើន បាន​ថ្លែងថា បញ្ហា​វិវាទ​ដីធ្លី ដែល​នៅ​តែ​បន្ត​កើតមាន​នៅក្នុង​ខេត្ដ​នេះ​គឺជា​កង្វល់​មួយ ហើយ​អាជ្ញាធរ​ខេត្ត កំពុង​ខិតខំ​ដោះស្រាយ និង​ក៏​កំពុង​ខិតខំ​ពន្លឿន​ការចុះបញ្ជី​ក្បាលដី​ជូន​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់ចប់​រួចរាល់ ខណៈ​បច្ចុប្បន្ន​ខេត្ដ​ចុះបញ្ជី​ក្បាលដី​ជូន​ពលរដ្ឋ​បាន​ចំនួន ៤២ ០០០ ក្បាលដី​។

លោក គួច ចំរើន បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ត​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​ ៩ ខែ​មិថុនា​ថា ការដោះស្រាយ​ទំនាស់​ដីធ្លី​សំណុំ​រឿង​ដែល​កំពុង​ស្រាវជ្រាវ និង​សំណុំរឿង​ដែល​កំពុង​ដោះស្រាយ​សម្របសម្រួល​បន្ត​មាន​ចំនួន ៥១៣ ​ករណី ហើយ​បើ​គិត​ត្រឹម​ខែ​ឧសភា ឆ្នាំ ២០២០ ដោះស្រាយ​សរុប​បាន​ ៥៨ ​ករណី​។

លោក​អភិបាលខេត្ដ​ថ្លែង​ថា​៖ «​ដីធ្លី​ដែល​ជា​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ គោលនយោបាយ​របស់​យើង​គឺ​ខិតខំ​ចុះបញ្ជី​ដែល​រហូត​មកទល់​ពេល​នេះ​គឺ​មន្ទីរ​រៀបចំ​ដែនដី​បាន​ជំរុញ​ការចុះបញ្ជី​ដីធ្លី​បាន ៤២ ០០០ ក្បាលដី​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ដ​ព្រះសីហនុ​។ ទាក់ទង​ជាមួយ​នឹង​បញ្ហាដីធ្លី​ក៏​អាច​ថា​ជា​កង្វល់​មួយ​ដែរ​ដោយសារ​តែ​ទំនាស់​ដីធ្លី​កើតមាន​ច្រើន​។ ដើម្បី​រួមចំណែក​ក្នុង​ការដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​នេះ​គឺ​យើង​ត្រូវ​ផ្ដើម​ចេញ​ពី​ការខិតខំ​ក្នុង​ការចុះបញ្ជី​ដីធ្លី​ឲ្យ​ប្រជាពលរដ្ឋ​របស់​យើង​»​។

លោក​បាន​បន្តថា​៖ «​យើង​ក៏​​ខិតខំ​ប្រឹងប្រែង​ធ្វើ​កិច្ចការងារ​នេះ​ (​ចុះបញ្ជី​ក្បាលដី​) ឲ្យ​បាន​​កាន់តែ​លឿន​ថែម​ទៀត ព្រោះ​ថា​នៅពេល​ដែល​យើង​បាន​​ចុះបញ្ជី​ក្បាលដី​ឲ្យ​បាន​រួចរាល់​យើង​នឹង​កាត់បន្ថយ​នូវ​បញ្ហា​ទំនាស់​ដីធ្លី​បាន​។ បើទោះបី​ជា​មានទំនាស់​យើង​ក៏មាន​ភាពងាយស្រួល​ក្នុង​ការដោះស្រាយ​បញ្ហា​ដែល​កើតឡើង​នោះ​ជូន​ទៅ​ភាគី​ដែល​មាន​ទំនាស់​»​។

បើ​តាម​លោក​ គួច ចំរើន ខេត្ដ​ព្រះសីហនុ​មាន​តំបន់​ដីធ្លី​ដែល​គ្រប់គ្រង​ដោយ​សមត្ថកិច្ច​ចំនួន ៣ ដាច់​ដោយ​ឡែក​ពីគ្នា​។ ក្នុង​នោះ​មួយ​ផ្នែក​គឺជា​ដីធ្លី​ដែល​​ជា​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ ដែល​ស្ថិត​ក្នុង​ការគ្រប់គ្រង​ដោយ​មន្ទីរ​រៀបចំ​ដែនដី ជា​ដី​ដែល​ពលរដ្ឋ​មាន​សិទ្ធិ​ប្រើប្រាស់​ស្របច្បាប់​។ មួយផ្នែក​ទៀត​គឺជា​ដី​គម្រប​ព្រៃឈើ​ដែល​ត្រូវ​គ្រប់គ្រង​ដោយ​សមត្ថកិច្ច​មន្ទីរ​កសិកម្ម​នៃ​ក្រសួងកសិកម្ម និង​មួយផ្នែក​ទៀត​គឺជា​តំបន់​ដែន​អភិរក្ស ដែល​មាន​រហូតដល់​ចំនួន​ ១១ កន្លែង​។

លោក​ថ្លែងថា​៖ «​ពិតណាស់​គោលដៅ​របស់​រាជរដ្ឋាភិបាល គឺថា​ដើម្បី​ធ្វើការ​អភិរក្ស ដើម្បី​រក្សា​នូវ​គម្រប​ព្រៃឈើ​ដើម្បី​ថែទាំ​ព្រៃឈើ​របស់​កម្ពុជា​ឲ្យ​បាន​ល្អ និង​ទប់ទល់​នឹង​ការប្រែប្រួល​អាកាសធាតុ​។ ប៉ុន្ដែ​នៅក្នុង​តំបន់​ទាំងនេះ​ក៏​តែងតែ​កើត​មាន​ឡើង​នូវ​បញ្ហា​ជម្លោះដីធ្លី​ដែរ ដោយសារ​តែ​ការកាប់​រុករាន​ទន្ទ្រាន​យក​ដី​រហូត​បង្ក​ឡើង​ជា​ទំនាស់​វិវាទ​ដីធ្លី​ឡើង​»​។

លោក គួច ចំរើន បញ្ជាក់​ថា​៖ «​ចំពោះ​ការដោះស្រាយ និង​បញ្ហា​ប្រឈម​យើង​បាន​បន្ត​ការដោះស្រាយ​ទៅតាម​គោលការណ៍​ច្បាប់​។ រាជរដ្ឋាភិបាល​ក៏​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការដោះស្រាយ​បញ្ហាដីធ្លី​ក្នុង​ខេត្ដ​ព្រះសីហនុ​នេះ​ម្ដង​ហើយ​ម្ដងទៀត​។ កាលពី​ឆ្នាំ​ ២០១២ ​កន្លង​ទៅ​បាន​ដាក់​ចេញ​នូវ​បទបញ្ជា​លេខ ០១ ដើម្បី​កាត់​ឆ្វៀល​ដី​ក្នុង​តំបន់​ដែន​អភិរក្ស​ក្នុង​ខេត្ដ​ព្រះសីហនុ​ទៅ​ឲ្យ​ប្រជាជន​ទាំងឡាយ​ដែល​បាន​រស់នៅ​ក្នុង​តំបន់​ដែល​មាន​ការថែរក្សា គ្រប់គ្រង និង​អភិរក្ស ដោយបាន​ចុះបញ្ជី​ជូន​ពួកគាត់​រួចរាល់​ហើយ​អស់​ដែរ​»​។

លោក​បន្តថា ប៉ុន្ដែ​រហូត​ដល់​បច្ចុប្បន្ន នៅតែ​បន្ត​កើត​មាន​បញ្ហា​វិវាទ​ដីធ្លី​ជា​ហូរហែ ខណៈ​មាន​ពលរដ្ឋ​ខ្លះមក​សុំ​ដី និង​មាន​អ្នកខ្លះ​អះអាង​ផ្សេងៗ​ពីគ្នា​ពេល​ចូល​ទៅ​កាន់កាប់​ទន្ទ្រាន​យក​ដី​របស់​រដ្ឋ​នោះ ដែល​បង្ក​ឲ្យ​ក្លាយ​ទៅ​ជា​ទំនាស់​ដីធ្លី​។

តាម​របាយការណ៍​របស់​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​ដែល​បានបង្ហាញ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃទី​ ៩ ​ខែ​មិថុនា ខេត្ដ​ព្រះសីហនុ​មាន​ដីសម្បទាន និង​ដី​សម្រាប់​វិនិយោគ​ក្នុង​នោះ​មាន​សម្បទាន​ដី​សង្គមកិច្ច​ស្ថិត​នៅ​ក្នុងស្រុក​ព្រៃនប់ និង​ស្រុក​ស្ទឹងហាវ ដែល​មាន​ផ្ទៃដី​សរុប​ ១ ០៤០ ​ហិកតា និង​សម្បទាន​ដី​សេដ្ឋកិច្ច​ដី​ជួល​រយៈពេល​វែង ដីកោះ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន ៥ ​ក្រុមហ៊ុន​ទំហំ​សរុប​ ១១ ៧២៨ ​ហិកតា​៕