
លោក គួច ចំរើន (ស្តាំ) ចុះពិនិត្យការដ្ឋានសំណង់។ សហការី
ព្រះសីហនុៈ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុថ្មី បានបញ្ជាឲ្យផ្អាកការសាងសង់សំណង់ដែលធ្វើពីគ្រោងដែកទាំងអស់នៅខេត្តទេសចរណ៍ជាប់មាត់សមុទ្រមួយនេះដោយទុកឲ្យមន្រ្ដីជំនាញពីក្រសួងដែនដី ចុះធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងគុណភាពជាមុនសិនទើបអនុញ្ញាតឲ្យសាងសង់បន្តទៀត ជាមួយនឹងការព្រមានថា ប្រសិនបើការដ្ឋានណាមួយ នៅតែបន្តសកម្មភាព នោះមន្ត្រីជំនាញនឹងចាត់វិធានការតាមច្បាប់។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្ដព្រះសីហនុ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ កាលពីម្សិលមិញថា កាលពីរសៀលថ្ងៃអង្គារ លោក គួច ចំរើន បានដឹកនាំក្រុមមន្រ្ដីជំនាញផ្នែកសំណង់ថ្នាក់ខេត្ដចុះទៅត្រួតពិនិត្យជាក់ស្ដែង នៅតាមការដ្ឋានសំណង់ដែលសាងសង់ឡើងពីគ្រោងដែក ហើយខណៈត្រួតពិនិត្យនោះមានការដ្ឋានសំណង់ចំនួន ៣ ការដ្ឋាន ត្រូវបានលោកអភិបាលខេត្ដ បញ្ជាឲ្យផ្អាកការសាងសង់ជាបណ្ដោះអាសន្ន និងបានបញ្ជាឲ្យផ្អាកជាបណ្តោះអាសន្ននូវការដ្ឋានសំណង់ធ្វើពីគ្រោងដែកទាំងអស់ នៅក្នុងខេត្ដនេះដោយត្រូវរង់ចាំមន្រ្ដីជំនាញពីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ធ្វើការត្រួតពិនិត្យជាមុនសិន។
លោកថ្លែងថា៖ «គឺឲ្យផ្អាកសំណង់សាងសង់ឡើងពីគ្រោងដែកទាំងអស់ទូទាំងខេត្ដព្រះសីហនុ គឺត្រូវផ្អាកបណ្ដោះអាសន្ន ដើម្បីទុកលទ្ធភាពឲ្យក្រុមការងារជំនាញសិក្សាវាយតម្លៃទៅលើស្ដង់ដាបច្ចេកទេសសិនមុននឹងបន្តសាងសង់»។
បើតាមលោក ភារម្យ ក្រុមការងារជំនាញពីក្រសួងដែនដី បាននិងកំពុងចុះត្រួតពិនិត្យ តាមការដ្ឋានសំណង់នីមួយៗដោយបានពិនិត្យការដ្ឋានសំណង់បានច្រើនទីតាំង ហើយអាចនឹងបង្ហាញលទ្ធផលក្នុងពេលឆាប់ៗខាងមុខនេ។
ខណៈចុះពិនិត្យការដ្ឋានសំណង់កាលពីថ្ងៃអង្គារនោះ លោក គួច ចំរើន ក៏បានទៅជួបសួរសុខទុក្ខគ្រួសារជនជាតិជប៉ុនដែលរងគ្រោះពីការបាក់រលំអគារសង្កត់ កាលពីថ្ងៃទី ២២ ខែ មិថុនា ដែលបណ្ដាលឲ្យខូចទាំងស្រុងនូវភោជនីយដ្ឋានរបស់ពួកគាត់ផងដែរ។
លោក ចំរើន បានអនុញ្ញាតឲ្យជនជាតិជប៉ុន ដែលជាម្ចាស់ភោជនីយដ្ឋានដែលរងការខូចខាតនេះ សាងសង់ផ្ទះឈើនៅលើទីតាំងដែលគាត់បានជួលដីនោះដើម្បីស្នាក់នៅជាបណ្ដោះអាសន្ន។
ទន្ទឹមនឹងនោះលោកក៏បានជំរុញឲ្យអាជ្ញាធរក្រុងព្រះសីហនុពន្លឿនការធ្វើលិខិតអនុញ្ញាតក្នុងការសាងសង់សំណង់ជូនម្ចាស់ហាងនេះឲ្យបានលឿនផងដែរ ដើម្បីឆាប់បានបើកអាជីវកម្មរកស៊ីឡើងវិញ។
ភ្នំពេញប៉ុស្តិ៍មិនអាចស្វែងរកប្រភពទាក់ទងក្រុមហ៊ុនសាងសង់នៅខេត្តព្រះសីហនុដែលត្រូវបានផ្អាកការសាងសង់ដើម្បីសុំអធិប្បាយបានទេកាលពីម្សិលមិញ។
លោកស្រី ជៀប សុធារី មន្រ្ដីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តព្រះសីហនុបានគាំទ្រចំពោះវិធានការរបស់អភិបាលខេត្ដព្រះសីហនុថ្មី ប៉ុន្ដែលោកស្រីបានសំណូមពរឲ្យមន្ត្រីជំនាញបន្ដចុះត្រួតពិនិត្យដល់ការដ្ឋានបន្ថែមទៀត។
លោកស្រីលើកឡើងថា៖ «ខ្ញុំសំណូមពរថា មិនមែនគ្រាន់តែផ្អាកការដ្ឋានសំណង់ប៉ុណ្ណោះទេ តែត្រូវពិនិត្យលើឯកសារផ្លូវច្បាប់ផ្សេងៗទៀតថា តើការសាងសង់សំណង់ទាំងអស់ក្នុងខេត្ដព្រះសីហនុនេះ ទទួលបានការ អនុញ្ញាតពីណាខ្លះ?សមស្របតាមផ្លូវច្បាប់ដែរទេ? តើក្រុមហ៊ុនសំណង់ទាំងនោះមានការធានារ៉ាប់រងទៅលើហានិភ័យ គ្រោះថ្នាក់ដែលកើតឡើងដោយចៃដន្យណាមួយដែរទេ?»។
លោកស្រីក៏សូមឲ្យពិនិត្យទៅលើលក្ខណៈបច្ចេកទេស និងការការពារសុខសុវត្ថិភាពដល់កម្មករដែលកំពុងធ្វើការងារនៅក្នុងការដ្ឋានសំណង់នានាផងដែរ ដោយសារតែកន្លងមកក្រុមហ៊ុនសំណង់មិនបានចែកជូននូវសម្ភារដើម្បីការពារសុវត្ថិភាពដល់កម្មករនោះទេ។
លោកស្រីបញ្ជាក់ថា៖ «ខ្ញុំបារម្ភពីរឿងសុខសុវត្ថិភាពកម្មករសំណង់ ចង់ឲ្យពួកគាត់ទទួលបានការធានា រ៉ាប់រងទទួលខុសត្រូវក្ដីសុខសុវត្ថិភាពពីក្រុមហ៊ុនសំណង់។ កន្លងមក ខ្ញុំក៏ឃើញមានកម្មករខ្មែរទទួលរងគ្រោះថ្នាក់ច្រើនដែរ មានធ្លាក់ពីលើអគារដែលកំពុងធ្វើការ និងកម្មករខ្លះទៀត រងរបួសដោយសារតែសម្ភារសំណង់ធ្លាក់លើជាដើម។ អ៊ីចឹងខ្ញុំសំណូមពរឲ្យអាជ្ញាធរត្រូវត្រួតពិនិត្យលើករណីនេះមួយទៀតកុំចាំដល់ពេលមានគ្រោះថ្នាក់កើតឡើង ទើបមានការបារម្ភនោះទេ»។
កិច្ចប្រជុំស្តីពីបញ្ហាសំណង់នៅខេត្តព្រះសីហនុត្រូវបានធ្វើឡើងភ្លាមៗជាបន្ដបន្ទាប់ ក្រោយពីមានករណីបាក់រលំអគារកម្ពស់ ៧ ជាន់ កាលពីថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១៩ ដែលបានបណ្តាលឲ្យកម្មករសំណង់ស្លាប់ ២៨ នាក់ និងរបួស ២៦ នាក់។
ពាក់ព័ន្ធនឹងបញ្ហាគុណភាពសំណង់ និងសុវត្ថិភាពកម្មករសំណង់នៅកម្ពុជានេះ កាលពីថ្ងៃទី ១ ខែ កក្កដា តំណាងសហព័ន្ធសហជីពសមាគម សហគមន៍ អង្គការសង្គមស៊ីវិលជាតិ អន្តរជាតិដែលធ្វើការលើវិស័យ សិទ្ធិការងារ និងសិទ្ធិមនុស្សចំនួន ១០០ បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយបានអំពាវនាវដល់រដ្ឋាភិបាល ឲ្យមានការធានានូវគុណភាពសំណង់ និងសុវត្ថិភាពកម្មករសំណង់នៅកម្ពុជា។
សេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិល និងសហគមន៍ទាំងនោះបានស្នើឲ្យមានវិធានការចំនួន ៥ ចំណុច លើការសាងសង់សំណង់ដោយសុំឲ្យផ្អាកជាបន្ទាន់ នូវគម្រោងសាងសង់ទាំងអស់នៅខេត្តព្រះសីហនុ រង់ចាំឲ្យមានការត្រួតពិនិត្យវាយតម្លៃពីស្ថាប័នជំនាញដើម្បីឲ្យប្រាកដថា គម្រោងសាងសង់នីមួយៗមានច្បាប់អនុញ្ញាត និងមានគុណភាពតាមស្តង់ដាសុវត្ថិភាព។ ក្រុមអង្គការទាំងនេះ ក៏បានជំរុញផងដែរឲ្យមានការចុះធ្វើអធិការកិច្ចការងារជាប្រចាំឲ្យមានប្រសិទ្ធភាព និងតម្លាភាព ដើម្បីពិនិត្យមើលអំពីលក្ខខណ្ឌសុវត្ថិភាព និងបទដ្ឋានការងាររបស់កម្មករសំណង់នៅទូទាំងប្រទេសកម្ពុជា។
លោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី ដែលជាប្រធានគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ នៅខេត្ដព្រះសីហនុ មិនអាចសុំការបកស្រាយបន្ថែមបានទេកាលពីម្សិលមិញ ដោយលោកថ្លែងថា ទូរស័ព្ទស្តាប់មិនឮ៕