ព្រះសីហនុៈ លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មី​ប្រកា​ស​​​ចាប់​ផ្តើម​ធ្វើ​ការ​កែលម្អ​តំបន់​ឆ្នេរ​​ទាំងអស់​ក្នុង​ខេត្ត​មួយ​នេះ​​ឲ្យ​មាន​សោ​ភណភាព​ស្រស់​​​​​ស្អា​ត និង​មានសណ្តាប់ធ្នាប់​ឡើង​វិញ សម្រាប់​ពលរដ្ឋ​ធ្វើដំណើរ​លម្ហែ ដោយ​ចាត់ទុក​វិធា​នការ​នេះ ជា​កត្តា​ដ៏​ចម្បង​បំផុត​របស់​ខ្លួន។

ការប្រកាស​នេះធ្វើ​ឡើង​បន្ទា​ប់​ពី​លោក គួច ចំរើន ទើប​តែ​ត្រូវ​បាន​តែង​តាំង​ជា​អភិបាល​ខេត្ត​ព្រះសីហនុ ​កាលពី​ថ្ងៃទី ២៩ ខែ ​មិថុនា ក្រោម​អធិប​តីភាព​លោក ស ខេង ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ ក្រោយ​ពី​​អតីត​អភិបាល​ខេត្ត​នេះ លោក យន្ត មីន បាន​លាលែង​ពី​តំណែង​ បន្ទាប់ពី​កើតមាន​ឧបទ្ទវហេតុ​បាក់​រលំ​អគារ​កម្ព​ស់ ៧ ជាន់ ដែល​បាន​បណ្តាល​ឲ្យ​មនុ​ស្ស​​ ២៨ នាក់​ស្លាប់​ និង​រង​​របួស ២៦ នាក់។

លោក គួច ចំរើន បាន​ប្រកា​​​ស​​ក្នុង​គេហទំព័រ​ហ្វេ​ស​ប៊ុក​របស់​លោ​ក​ កាលពី​ថ្ងៃអា​ទិត្យ ស្រប​​ពេល​លោក​បាន​ចុះ​ពិនិត្យ​ឆ្នេរ​ឯករាជ្យ និង​ជួប​សំណេះ​សំណា​​ល​​​ជាមួយ​ភ្ញៀវទេសចរ ដែល​មក​កម្សាន្ដ​នៅតាម​តំបន់ឆ្នេរ​ថា នឹ​ង​​រៀបចំ​កែលម្អ​សួនកន្លែង​ដើរ​​ថ្មើ​រ​​ជើង និង​មាន​អ្នក​សម្អាត​សួន​ឆ្នេរ​​ជាប្រចាំ ធានា​​ឲ្យ​មាន​ភាព​ស្រស់ស្អាត​របស់​ឆ្នេរ ពិសេស​ការចូលរួម​លើក​កម្ពស់ និងថែរក្សា​បរិស្ថាន​ឆ្នេរ​​ឲ្យ​កាន់តែ​មាន​សោ​ភ​ណភាព ដើម្បី​ទាក់​ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មក​លេង​កម្សាន្ដ។

លោកបញ្ជាក់ថា ក្រោម​ការគ្រប់គ្រង​រប​ស់លោកនឹង​បំពេ​ញ​នូវ​អ្វី​ដែលជា​តម្រូវ​ការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​មូល​ដ្ឋាន ដូច្នេះ​​ការចុះ​ស្តាប់​ពី​តម្រូវការ​របស់​ពលរ​ដ្ឋ គឺជា​កត្តា​សំខាន់​ដំបូង​បំផុត​ក្នុងការ​ដឹកនាំ​របស់​លោក ឲ្យ​ចំ​គោលដៅ។

លោក ចំរើន​ បញ្ជាក់​ថា៖ «ការ​ចូល​រួម​សហ​​​​​​ការ គាំទ្រ និង​លើក​ទឹក​ចិត្ត ពី​បង​ប្អូន​ប្រជា​ពលរដ្ឋ​ក្រុង​ព្រះសីហ​នុ ដើម្បី​កែលម្អ​តំបន់​ឆ្នេរ​ទាំង​អស់​នៅ​ខេត្ត​ព្រះសីហនុ ឲ្យ​​មាន​សោ​ភណ​ភាពស្រស់​ស្អា​ត ​ដូច​ជា​ក្រាល​ឥដ្ឋកា​រ៉ូឡា សម្រាប់​​ពលរដ្ឋ​ធ្វើ​ដំណើរ​លម្ហែ រៀប​ចំ​សណ្តាប់​ធ្នាប់​អនាម័យ និង​បរិស្ថាន​ឲ្យ​ស្រស់​បំព្រង ​គឺជា​កត្តា​សំខាន់​ដ៏​ចម្បង​បំផុត»។

លោក ចំរើន កាល​ពី​ម្សិល​មិញបាន​បដិសេធ​ធ្វើ​អធិប្បា​យ​បន្ថែម​ជុំវិញ​ការ​ប្តេជ្ញា​ចិត្ត​របស់​លោកដោយ​បាន​បង្វែរ​សំណួរ​ទៅ​​កាន់​អ្នក​នាំពាក្យ។

លោក ឃាង ភារ​ម្យ អ្នក​នាំ​​​ពាក្យ​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ បាន​បញ្ជាក់​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ថា បន្ទាប់ពី​ការប្រកាស​យ៉ាង​ដូច្នេះ អាជ្ញាធរ​នឹង​រៀបចំ​កិច្ចប្រជុំ​បន្ទា​ន់​មួយ ​ដើម្បី​ពិភាក្សា​ពី​វិធានការ​នានា ដែល​អាច​នឹង​ត្រូវ​អនុវត្ត​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។ ប៉ុន្តែលោកបញ្ជាក់​ថា វិធានការ​ដែល​ដាក់ចេញ​ទាំង​អ​ម្បាល​មាណ នឹង​ចាប់​ផ្តើម​នៅ​ពេល​ណា​ ដោយ​គ្រាន់​តែ​អះអាងថា ជា​ជំហាន​ដំបូងដែល​អាច​ដោះស្រាយ​បញ្ហា​ចំពោះមុខ​បាន​ក្នុង​​ការ​កែប្រែ​តំបន់ឆ្នេរ គឺ​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ។

លោក​បញ្ជាក់​ថា៖ «យើង​ចាប់​ផ្តើម​ក្រុ​ម​ការងារ​ ដើម្បី​រៀបចំ​ផែន​ការ​ដែ​ល​នឹង​មាន​កិច្ច​ប្រជុំ​បន្ទាន់​ ក្នុងការបែងចែក​​តួនាទី ភារកិច្ច​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ហើយ​បើ​យើ​ង​និយាយ​ពី​ឧបសគ្គ​ក្នុង​ការងារ​នេះ គឺ​សំខាន់​ការចូលរួម ព្រោះ​បើ​ខ្វះ​​ការ​ចូលរួម​ពី​ប្រជា​ពលរដ្ឋ នឹង​អ្នក​ពាក់ព័ន្ធ ​នោះ​នឹង​មិន​អាច​សម្រេច​បានទេ​ ដូច្នេះ​ទាម​ទារ​ឲ្យ​មានការ​ចូលរួម ទើប​បរិស្ថាន និង​ឆ្នេរ​យើង​ស្អាត»។

ជាមួយគ្នានេះ លោក ភារ​ម្យ ក៏​​បាន​ឲ្យ​ដឹង​ផង​​ដែរ​ចំពោះ​បញ្ហា​ប្រឈម​នានាទៅនឹង​បញ្ហា​ទឹក​កខ្វក់ ដែល​កំពុង​តែ​កើត​ឡើង​​នៅក្នុង​ខេត្ត​ព្រះ​សីហនុ​​ខណៈ​ដែល​រដ្ឋបា​ល​ខេត្តក៏​កំពុ​ង​តែ​ពិភា​ក្សាគ្នា ដោយ​រង់ចាំ​គោល​ការណ៍​បន្ថែម​ពី​ថ្នាក់ជាតិ ក្នុង​ការ​​ដោះស្រាយ​បញ្ហា​នេះ ដែល​អាច​នឹង​ឈានដល់​ការបង្កើត​អាង​ចម្រោះ​​ទឹក​កខ្វក់​បន្ថែម​ពី​លើ​អាង​ដែលមាន​ស្រាប់​ចំនួន​ ៤ បន្ថែម​ទៀត ដើម្បី​បំពេញ​តម្រូវ​ការ ស្រប​ពេល​ការ​អភិវឌ្ឍ​កើត​មាន​យ៉ាង​គំហុក។

លោកស្រី​ ជៀប សុធារី មន្រ្ដី​សម្រប​សម្រួល​សមាគម​អាដហុក​ប្រចាំ​ខេត្តព្រះ​សីហនុ បាន​សាទរ​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​រប​ស់​អភិបាល​ខេត្ត​ថ្មី​នេះ ប៉ុន្តែ​លោកស្រី យល់ថា បញ្ហា​នេះអាច​អនុវត្ត​ជោគ​ជ័យ​ទៅ​បាន លុះត្រាតែ​មាន​ការ​សហការ​ពី​អាជ្ញាធរ​ថ្នាក់​ជាតិ។

លោកស្រីបញ្ជាក់​ថា​៖ «ខ្ញុំ​មិនហ៊ាន​ថា គា​ត់​បរាជ័យ​ទេ ប៉ុន្តែ​ស្ថិត​នៅ​លើការ​ពុះពារ​ឧបសគ្គ​របស់​គាត់ ព្រោះការងារ​ទាំង​អស់​ហ្នឹង​មិនមែន​ថ្នា​ក់​ខេត្តមាន​សិទ្ធិ​ធ្វើ​សេចក្តីសម្រេច​ចិត្ត​ទេ ដោយ​សារ​តែ​គម្រោង​ខ្លះ មាន​ការ​សម្រេ​ច​តាំង​ពីថ្នាក់​លើ​មកម្ល៉េះ ។ អ៊ីចឹង​ផែន​ការ​ខ្លះ ខាង​ខេត្ត​មិន​យល់​ព្រម ប៉ុន្តែ​ថ្នាក់​ជាតិ​អនុញ្ញាត ដូច្នេះ​វា​ពិបាក»។

បន្ថែម​ពី​នេះ លោក​ស្រី​ ជៀប សុធារី រំពឹ​ង​ថា អាជ្ញាធរ​ថ្នាក់​ខេត្ត​ ត្រូវ​រក្សា​ឲ្យបាន​នូវ​តំបន់​ឆ្នេរ​ដែល​នៅ​សេស​សល់ ​ចៀស​វាង​ការបា​ត់​បង់​បន្ត​ទៀត​។ «ខ្ញុំ​គ្រាន់​តែ​សង្ឃឹម​ថា ឆ្នេរ​ដែល​នៅ​សេស​សល់​នេះ​អាច​អភិរ​ក្ស​​ថែ​រក្សា​បាន​តទៅ​ទៀត​ទៅ​ចុះ។ តាម​ពិត​ប្រជា​ពលរដ្ឋ​យើង​នៅ​ខេត្ត​ព្រះសីហនុ អត់​ចង់​ឲ្យ​មាន​ការ​អភិវឌ្ឍ​នៅ​ជាប់​ឆ្នេរ​សមុទ្រ​ទេ។ យើង​ចង់​ឲ្យការ​អភិវឌ្ឍ​ទាំង​អស់​ហ្នឹង នៅ​ឆ្ងាយ​ពី​ឆ្នេរ​សមុទ្រ គឺ​ស្ថិត​នៅ​ខាង​លើនៃ​ម្ខាង​ផ្លូវ​ ព្រោះ​នៅ​តាម​ឆ្នេរ​ជាប់​មាត់​សមុទ្រ សុទ្ធតែ​មា​ន​ផ្លូវ។ អ៊ីចឹង​យើង​មិន​ចង់​ឲ្យ​មាន​ការអភិវឌ្ឍ​ហ្នឹង​នៅ​ជាប់​ឆ្នេរ​ស្រ​ស់​ស្អាត​របស់​យើង​ទេ ព្រោះ​ឥ​ឡូវ​ឆ្នេរស្រស់​ស្អាត​គឺ​នៅ​សល់សូ​ម​​ឲ្យ​អភិបាល​ខេត្ត​ថ្មី​នេះ អភិរក្ស​កុំ​ឲ្យ​មាន​ការ​បាត់បង់»។

ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​រលំ​បាក់​អគារ ៧​ ជាន់ លោក ​ឃាង ភារ​ម្យ ឲ្យ​ដឹង​ដែរ​ថា ការ​ស៊ើ​ប​​​អង្កេត​នានា​ ជុំវិញ​ការ​រលំ​បាក់​អគារ​នេះ គណៈកម្មការ​ចម្រុះ ដែល​មាន​ក្រសួង​រៀបចំ​ដែន​ដី កំពុងតែ​ដំណើរ​ការដូច្នេះ​លោ​ក​មិន​អាច​បញ្ជាក់​អ្វី​បាន​ច្រើន​ទេ ក្រៅតែពី​ការ​រង់ចាំ​របាយ​ការ​ណ៍​​​ពី​អន្តរ​ក្រសួងស្រប​ពេល​សំណ​ង់​អគារ ក៏​កំពុង​ត្រូវបានមន្ត្រី​​ជំនា​ញ ធ្វើ​ការ​ស៊ើប​អង្កេត​រក​មូល​ហេតុ​នៃ​ការ​​រលំ​បាក់​ផងដែរ។

ពាក់​ព័ន្ធ​នឹង​ជន​រង​គ្រោះ​ ដោយ​ការ​រលំបាក់​អគារ​នៅ​ខេត្ត​ព្រះ​សីហនុ កាលពី​ម្សិលមិញ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុ​ន សែន បាន​ប្រកាស​ក្នុងឱកាស​ពិធី​ផ្ទេរ​ការ​គ្រប់គ្រងសាលា​កុមារពិការភ្នែក និង​គ​ថ្លង់​នៃ​អង្គការ​គ្រួសារ​ថ្មី​​ឲ្យ​មក​ស្ថិត​នៅ​ក្រោម​ក្រសួង​អប់រំ​ថា ឧបទ្ទវ​ហេតុ​នៅ​ខេត្ត​ព្រះ​សីហ​នុ​នេះ គឺជា​រឿង​មួយ​ដែល​គ្មាន​ប្រទេ​ស​​ណា​ ដែល​ចង់​ឲ្យ​កើត​មាន​នោះ​ទេ តែ​ឧបទ្ទវ​ហេតុ​នេះ វា​បាន​កើត​ឡើង​មិន​មែន​តែ​កម្ពុជា​នោះ​ទេ។

ដូច្នេះឆ្លើយតប​នឹង​សោ​កនាដ​កម្ម​នេះ ក្រុម​គ្រួសារ​ជនរង​គ្រោះ​នៃ​ឧបទ្ទវ​ហេតុ​បាក់​រលំ​អគារ គឺ​បានទទួល​នូវ​ប្រាក់​ឧបត្ថម្ភជាច្រើន រួមទាំង​ការ​តាម​ថែរក្សា ដល់​សាច់ញាតិ​ជន​រង​គ្រោះ​ផងដែរ។

លោក​បញ្ជាក់​ថា​៖ «សូម្បី​តែ​ប៉ុ​ន្មាន​ថ្ងៃ​នេះ មា​ន​រឿង​អកុសល​កើត​ឡើង​នៅ​ខេត្ត​ព្រះសីហនុ យើង​យក​ការ​ទទួល​ខុស​ត្រូវទៅ​លើ​បញ្ហា​នេះ សំណង​រដ្ឋប្បវេណី​ដែល​ត្រូវ​ផ្ត​ល់ និង​រឿង​មួយ​ទុក​ឲ្យ​តុលា​ការ​គេ​ដោះ​ស្រាយ ក៏ប៉ុន្តែ​រាជ​រដ្ឋាភិ​បា​ល និង​សប្បុរស​ជន​ បាន​ចេញ​មុខ​ដោះ​ស្រាយ​នូវ​បញ្ហា​នេះ ​គ្រួសា​​​​​រ​​​​ដែល​ស្លាប់​ម្នាក់ទីកន្លែង​ខ្លះបា​ន​​លើស​ជាង ១០ ម៉ឺន​ដុល្លារ។ ក៏​ប៉ុន្តែ​បើទោះបីជា​បាន​លើស​ជា​ង ១០ ម៉ឺន​ដុល្លា​រនោះ វា​មិនអាច​ប្តូរ​យក​ជីវិត​មនុស្ស​បាន​មួយ​ទេ ប្រសិន​ជា​ក្រុម​គ្រួសារ​នោះ ចេះ​​ប្រើប្រាស់​នូវ​ថវិកា​នោះ គេ​មិន​ធ្លាក់​ទៅ​ក្នុង​ភាព​ក្រីក្រ​ទេ»៕