ព្រះសីហនុៈ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុកាលពីថ្ងៃចន្ទទី ៤ ខែវិច្ឆិកា បានដឹកនាំកិច្ចប្រជុំដើម្បីជំរុញសកម្មភាពការងារសាងសង់ផ្លូវចំនួន ៣៤ ខ្សែ នៅក្នុងខេត្ដ-ក្រុងព្រះសីហនុជាមួយអង្គភាពពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនព្រមទាំងក្រុមវិស្វកម្ម។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្ដព្រះសីហនុបានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃអង្គារម្សិលមិញថា លោក គួច ចំរើន អភិបាលខេត្ដព្រះសីហនុកំពុងបន្ដដឹកនាំ និងជំរុញការស្ថាបនាផ្លូវទាំង ៣៤ ខ្សែក្នុងខេត្ដ-ក្រុងព្រះសីហនុ និងសិក្សាបន្ថែមពីបញ្ហាប្រឈមនានាដើម្បីធ្វើការដោះស្រាយជាបន្ទាន់កុំឲ្យមានការរាំងស្ទះចំពោះការស្ថាបនាផ្លូវទាំងនោះ។
លោកបានថ្លែងថា៖ «ការសម្ពោធការដ្ឋានស្ថាបនាជាផ្លូវការនៅថ្ងៃទី ១៦ ខែវិច្ឆិកា ក្រោមអធិបតីភាពសម្ដេចតេជោនាយករដ្ឋមន្ដ្រី ប៉ុន្ដែឯកឧត្ដមអភិបាលខេត្ដបានប្រជុំជាមុនជាមួយភាគីពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនស្ថាបនាផ្លូវទាំងអស់ ដើម្បីជំរុញឲ្យការធ្វើផ្លូវនេះបានលឿន មុនពេលបើកការដ្ឋានស្របពេលអាកាសធាតុអំណោយផលល្អ ។ ការប្រជុំនេះ យើងក៏បានដឹកនាំតំណាងក្រុមហ៊ុនស្ថាបនាផ្លូវនេះពីបញ្ហាប្រឈម និងផលប៉ះពាល់ដែលក្រុមហ៊ុនជួបប្រទះ ដើម្បីលើកចេញមកដោះស្រាយក្នុងការធ្វើយ៉ាងណាឲ្យការងារស្ថាបនាផ្លូវនេះដំណើរការទៅបានរលូន»។
លោក ភារម្យ បានឲ្យដឹងថា ដើម្បីឱ្យដំណើរការសាងសង់ស្ថាបនាផ្លូវ ៣៤ ខ្សែក្នុងក្រុងព្រះសីហនុដំណើរការបានរលូនម្យ៉ាងត្រៀមរៀបចំដំណើរត្រួតពិនិត្យរបស់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីរយ:ពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ៥ ដល់ ៦ ខែវិច្ឆិកា នៅលើផ្លូវទាំង ៣៤ ខ្សែ ដែលត្រូវបើកការដ្ឋានសាងសង់នាពេលខាងមុខនេះ។
លោក គួច ចំរើន បានថ្លែងក្នុងកិច្ចប្រជុំកាលពីថ្ងៃចន្ទនេះដោយជំរុញឲ្យក្រុមហ៊ុន និងអង្គភាពកងវិស្វកម្មត្រូវបង្ហាញពីផលប៉ះពាល់ និងប្រឈមនានាក្នុងការដ្ឋានសាងសង់របស់ខ្លួន ដើម្បីឱ្យលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ធ្វើការផ្តល់មតិយោបល់ និងដោះស្រាយចំពោះមុខបានទាន់ពេលវេលាចៀសវាងការឆ្លើយដាក់គ្នាដែលនាំឱ្យការស្ថាបនាផ្លូវរបស់យើងមានភាពយឺតយ៉ាវ។
លោកថ្លែងថា៖ «ដូច្នេះយើងត្រូវរួមគ្នាស្ថាបនាផ្លូវទាំង ៣៤ ខ្សែប្រកបដោយតម្លាភាព និងមានគុណភាព ធានាដល់ការប្រើប្រាស់យូរអង្វែងដើម្បីប្រែក្លាយក្រុងព្រះសីហនុជាតំបន់ទេសចរណ៍ប្រកបដោយភាពទាក់ទាញ សោភណភាព បរិស្ថានល្អនាពេលខាងមុខ»។
រដ្ឋបាលខេត្ដព្រះសីហនុបានឲ្យដឹងថា ក្រុមហ៊ុនក្នុងស្រុកចំនួន ៧ ក្រុមហ៊ុន កំពុងធ្វើការស្ថាបនាផ្លូវចំនួន ៣៤ ខ្សែ ក្នុងខេត្ដព្រះសីហនុទាំងយប់ទាំងថ្ងៃឲ្យចប់រួចរាល់ក្នុងរយៈពេល ៨ ខែ ដែលគ្រោងនឹងចំណាយទឹកប្រាក់អស់ជាង ២០០ លានដុល្លារ ហើយលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នឹងទៅសម្ពោធបើកការដ្ឋានស្ថាបនាផ្លូវនៅថ្ងៃទី ១៦ ខែវិច្ឆិកានេះ។
លោក ឃាង ភារម្យ បានឲ្យដឹងថា រាជរដ្ឋាភិបាលតាមរយៈក្រសួងពាក់ព័ន្ធ និងរដ្ឋបាលខេត្ដព្រះសីហនុកំពុងដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែលរងការខូចខាតពីជំនន់ទឹកភ្លៀង និងការអភិវឌ្ឍយ៉ាងគំហុកចំនួន ៣៤ ខ្សែឡើងវិញនៅក្នុងខេត្តព្រះសីហនុដែលមានប្រវែងសរុប ៨៤ ៥០៥ ម៉ែត្រ ស្មើនឹងប្រមាណជាង ៨៤ គីឡូម៉ែត្រស្ថិតនៅបរិវេណក្រុងព្រះសីហនុ និងស្រុកព្រៃនប់ដោយថវិកានៃការស្ថាបនាផ្លូវនេះនឹងត្រូវចំណាយជាង ២០០ លានដុល្លារអាមេរិកដែលជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា។
លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា (CNRO) ស្នើឲ្យរដ្ឋបាលខេត្ដព្រះសីហនុ និងភាគីពាក់ព័ន្ធអនុវត្ដការស្ថាបនាផ្លូវទាំង ៣៤ ខ្សែ នៅក្នុងខេត្ដក្រុងព្រះសីហនុនេះឲ្យមានប្រសិទ្ធភាព និងមានគុណភាពខ្ពស់ ខណៈផ្លូវនានាទទួលរងការខូចខាតស្ទើរតែទាំងស្រុងពីគ្រោះទឹកជំនន់ទឹកភ្លៀង និងការអភិវឌ្ឍយ៉ាងរហ័សរបស់ខេត្ដ។
លោក សុខុម បានថ្លែងថា៖ «យើងដឹងហើយថា ការអភិវឌ្ឍផ្លូវឡើងវិញទាំង ៣៤ ខ្សែនេះ គឺជាថវិការបស់រាជរដ្ឋាភិបាលដែលបានឧបត្ថម្ភមក ដើម្បីស្ថាបនាផ្លូវឡើងវិញទាំងស្រុង។ ដូច្នេះការប្រើប្រាស់ថវិកា ការសាងសង់ផ្លូវនេះ ត្រូវធ្វើឡើងដោយតម្លាភាព និងមានគុណភាពបំផុតដែលអាចទទួលយកបានទាំងប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល។ កុំអាងតែទទួលបានគម្រោងស្ថាបនាលឿន ហើយមិនមានគុណភាព គុណភាពមិនអាចទទួលយកបាននោះ»៕