ព្រះសីហនុៈ លោក​ គួច ចំរើ​ន ​អភិ​បាល​ខេត្ដ​ព្រះ​សីហ​នុ​បាន​​បើក​ «​យុទ្ធ​នាការ​សម្អាត​អនា​​ម័យ​ និង​បរិស្ថាន​ទី​ក្រុង​» ​ជា​មួ​យ​នឹងការ​បញ្ចេញ​សារ​រិះ​គន់​ចំពោះ​អ្នក​បោះ​ចោល​សំរាម​ពាស​វា​ល​​ពាស​កាល​ខណៈ​ដែល​ចំនួន​សំរា​ម​ នៅ​ខេត្ត​មួយ​នេះបាន​កើន​ឡើង​​ពី​ ៣០០​ ទៅ​ ៤០០ ​​តោន​ក្នុង​ ១ ​ថ្ងៃ​ បើ​ធៀប​នឹង​ឆ្នាំ​មុន នៅ​ពេល​ដែល​អង្គការ​សង្គម​ស៊ី​វិល​មើល​ឃើញ​ថា ក្រុម​ហ៊ុន​ប្រមូ​ល​​​​សំរាម​តែ​មួយ​គ​ត់​គ្មាន​សមត្ថភាព​ប្រមូល​សំរាម។

លោក ​គួច ចំរើន បាន​ថ្លែង​​​​នៅ​ក្នុង​ពេល​បើក​យុទ្ធ​នាការ​ចុះ​ប្រមូល​សំរាម​កាល​ពី​ថ្ងៃ​សៅរ៍ ដែល​មាន​អ្នក​ចូល​រួម​ប្រមូល​សំរាម​ប្រមាណ​ ៥ ០០​០ នាក់​ ថា​ បញ្ហា​សំរាម​ក្នុង​ក្រុង​ព្រះសីហនុ ​កំពុង​រីក​ធំ​លើស​ពី​សមត្ថ​ភាព​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​ចេញ​។ ​ប៉ុន្ដែ​លោក​បាន​ប្ដេជ្ញា​​ត្រូវ​​ខិត​ខំ​គ្រប់​គ្រង​សំរាម​ឲ្យ​បា​ន​ដោយ​រៀប​ចំ​ផែន​ការ​ឲ្យ​បាន​គត់មត់​ក្នុង​ការ​ដឹក​ជញ្ជូន​សំរាម​​ចេញ​ឲ្យ​បាន​ទាន់​ពេលវេលា។

លោកបន្ត​ថា​៖ «​សំរាម​ដែល​នៅ​សេស​សល់​ក្នុង​ខេត្ត​ព្រះ​សីហនុ ​ពិត​ជា​មាន​ចំនួន​យ៉ាង​ច្រើន​។ ​សំរាម​កើន​ឡើង​ដោយ​សារ​តែ​មនុស្ស​ជា​អ្នក​ប្រើ​ប្រាស់​រយៈ​ពេល​កន្លង​មក​។ ​សំរាម​ពិត​ជា​លើស​ពី​តម្រូវ​ការ​នៃ​ការ​ដឹ​ក​ជញ្ជូន​ចេញ​ធ្វើ​ឲ្យ​សំរាម​នៅ​​សេស​សល់​ជា​បន្ត​បន្ទាប់»។

លោក​បាន​អំពាវ​នាវ​ឲ្យ​​ពល​រដ្ឋ​ អ្នក​ស្ម័គ្រ​ចិត្ត​ បន្ត​ការ​អប់រំ​ផ្សព្វ​ផ្សាយ​ឲ្យ​បាន​ទូលំ​ទូលាយ​​ដល់​ប្រជា​ពល​រដ្ឋ​ដែ​ល​​ជា​អ្នក​បង្កើត​សំរាម​នៅ​ទូទាំង​ក្រុង​ព្រះ​សីហ​នុ​ ឲ្យ​ពួក​គាត់​ចូល​រួម​វេច​ខ្ចប់​គ្រប់​​​គ្រង​សំរាមឲ្យ​មាន​អនា​ម័យ​ បរិ​ស្ថាន​ល្អចាប់​ពីពេល​នេះ​តទៅ​។ ​

លោក​សង្កត់​ធ្ងន់​ថា​៖ «​សំរាម​មិន​មែន​ជា​ករណី​ដែល​គួរ​ស្អប់​ខ្ពើម​នោះ​ទេ​តែ​អ្នក​ដែល​ប្រើ​ប្រាស់​ចោ​ល​​សំរាម​តាម​ដង​ផ្លូវ​សាធា​រណៈ​ ទើប​ជា​រឿង​ដែល​យើង​ស្អប់​ខ្ពើម»។

លោក ឃាង ភារម្យ អ្នកនាំ​​ពាក្យ​រដ្ឋ​បាលខេត្ដ​ព្រះ​សីហនុ ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​ថ្ងៃ​អាទិត្យ​​ជុំវិញ​យុទ្ធនាការ​សម្អា​​ត​បរិស្ថានទីក្រុង​ព្រះ​សីហ​នុថា រហូត​មកដល់​ថ្ងៃ​អាទិត្យ​ ខេត្ដ​ព្រះសីហនុ​ នៅ​បន្ត​ប្រមូល​សំរាម​នៅឡើយ ដោយ​ឲ្យ​មន្រ្ដី​មូលដ្ឋាន​ សង្កាត់ ភូមិ សហការ​ជាមួយ​ក្រុម​ហ៊ុន​សំរាម បន្ដ​ប្រមូល​ដឹក​សំរាម​ចេញ​បន្ត​ទៀត ខណៈ​យុទ្ធនា​​ការ​សម្អាត​បរិស្ថាន​ កាល​ពីថ្ងៃសៅរ៍​ ប្រមូល​សំរាម​​បាន​ជាង ២៤៥ ឡាន យក​ទៅ​ចោល​ទៅ​ទីលាន​សំរាម។

លោកបាន​បន្តថា​៖ «កិច្ច​ការងារ​ប្រមូល​សំរា​ម​នេះយើង​នឹង​បន្តធ្វើ​ជា​ប្រចាំ​ ដើម្បី​ឲ្យ​អស់​សំរាម លែង​​មាន​សំរាម​នៅ​រាយប៉ាយ»។

ទាក់ទង​នឹង​ការ​លើកឡើង​របស់​លោក​អភិបាល​ខេត្ដ​ព្រះ​សីហនុ​ពី​បញ្ហា​សំរាម​ លោក ភារម្យ​ បញ្ជាក់ថា ប្រសា​សន៍​របស់​លោក​អភិបាល​គឺ​ចង់​អប់​រំ​​ដាស់​តឿន​ទៅ​ដល់អ្នក​ដែល​ចោល​សំរាម​គ្មាន​សណ្ដាប់​ធ្នាប់​តាម​ទីសាធារណៈ​ឲ្យ​ភ្ញាក់​រឭក​ និង​ចូលរួម​ទុក​ដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ។

លោក​បន្ថែម​ថា​៖​ «ប្រសាសន៍​លោក​ឯកឧត្ដម​អភិបាល​ខេត្ត ក៏បាន​សង្កត់​ធ្ងន់​ផង​ដែរថា ចំពោះ​យុទ្ធនាការ​​ត្រឹម​ ១២ ថ្ងៃ យើង​មិន​អាច​ធ្វើ​ឲ្យ​ទីក្រុង​យើង​ស្អាត​បានទេ​។ ប៉ុន្ដែ​យុទ្ធនាការ​នេះ គឺ​អាច​ធ្វើ​ឲ្យ​យើង​ដឹង​ និង​កំណត់​នូវ​បញ្ហា​សំរាម​នេះ​បាន​ច្បាស់ ហើយ​​ក៏ជា​សារ​មួយ​ ដើម្បី​ចែក​ជូន​ទៅ​ដល់​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ឲ្យ​ចូលរួម​ដោះស្រាយ​បញ្ហា​​សំរាម​នេះ»។

បើ​តាម​លោក ភារម្យ នៅ​ថ្ងៃយុទ្ធនា​ការ​សម្អាត​បរិស្ថានមាន​មនុ​ស្ស​​​ជិត ៥​ ពាន់​​នាក់ ​បាន​ចូល​រួម​នឹង​គ្រឿង​ចក្រ​ជិត ២០០ គ្រឿ​ង​ ​ដឹក​ជញ្ជូននិង​ប្រមូល​សំរាម​ទៅ​​ចោល។

លោក​ ហេង ប៉េង​ហាក់ ​តំណា​ង​​​ក្រុមហ៊ុន​ប្រមូល​សំរាមក្រុង​ព្រះសីហនុ​ (KSWM) ឲ្យដឹង​ថា ដោយសារ​តែ​ខេត្ត​នេះ​ជា​តំប​ន់​​ដែល​កំពុង​អភិវឌ្ឍន៍ទើប​ធ្វើ​ឲ្យ​​មាន​កាក​​សំណល់​​សំរាម​លាយ​ឡំ​គ្នា​ច្រើន​ប្រភេទ​នាំ​ឲ្យ​មាន​កា​រ​លំបាក​ក្នុង​ការ​ប្រមូល​ខណៈ​ខ្វះ​​កម្មករ​ប្រមូល​សំរាម​។ លោកឲ្យ​ដឹង​ថា សំរាមក្នុង​ក្រុង​ព្រះ​សីហ​នុ បាន​​កើន​​ចាប់ពី ​៣០០ ទៅ ​៤០​០​ តោន​ក្នុង​ ១ ថ្ងៃ បើ​ធៀប​នឹង​ឆ្នាំ​មុនខណៈបច្ចុប្បន្ន​ក្នុង​ ១ ថ្ងៃ​ ក្រុម​ហ៊ុន​ត្រូវ​ប្រមូល​​សំរាម​យ៉ា​ង​តិច​ពី ​៦០០-៨០០ តោន។​

លោក​ស្រី​ ជៀប សុធារី ​មន្ត្រី​សម្រប​សម្រួល​សមាគម​ការ​​ពារ​​សិទ្ធិ​មនុស្សអាដ​ហុក ​ខេត្ត​ព្រះសីហនុទ​ទួល​ស្គាល់​ថា​ បញ្ហា​សំរាម ​គឺ​ត្រូវ​ការ​រយៈ​ពេល​វែង​ ក្នុង​ការ​ដោះ​ស្រាយ​ ប៉ុន្ដែ​លោក​ស្រី​ទទូច​ឲ្យ​អភិបា​ល​ខេត្ដ​ព្រះ​​សីហនុ​ ស្វែង​រក​វិនិ​យោ​គិន​បន្ថែម​លើ​វិស័យ​ប្រមូល​សំរាម។

លោក​ស្រីបន្ដ​ថា​៖ «​រយៈពេល​ជាង​ ២ ឆ្នាំ​មកហើយ ​មាន​ក្រុម​ហ៊ុន​ប្រមូល​សំរាម​តែ​ ១ ប៉ុណ្ណោះ នៅ​ខេត្ដ​ព្រះសីហនុ​។ ​ការ​ប្រ​មូ​ល​​សំរាម​ក៏មិន​ទទួល​បាន​ជោគ​ជ័​​យ​ដែរ។ ​ខ្ញុំ​សំណូមពរ​ឲ្យ​អភិ​បាល​ខេត្ដ​ស្វែង​រក​ក្រុម​ហ៊ុន​សំរា​ម​ដទៃ​ទៀត​ មក​វិនិយោគ​លើ​ការ​ប្រមូ​ល​សំរាមនៅ​ខេត្ដ​ព្រះសីហនុ»។

លោក សុខ សុខុម ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា (CNRO) បាន​កត់​សម្គាល់​ឃើ​ញថា កន្លង​មក​ សំរាម​នៅ​ក្នុង​ខេត្ដ​ព្រះសីហនុបាន​នៅ​កកស្ទះ​គ្រប់​គោលដៅក្នុង​ក្រុង​​ទេស​ចរណ៍​នេះ ទើប​ជំរុញ​ឲ្យ​លោក​អភិបាល​ខេត្ត​ថ្មី​ បង្កើត​យុទ្ធនាការ​សម្អាត​អនាម័យ​​នេះឡើង ​ដើម្បី​បំផុស​គំនិត​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​សម្អាត​អនាម័យ​ទុក​ដាក់​វេច​ខ្ចប់​សំរាម​​ឲ្យ​បាន​ល្អ។

លោក​ថ្លែង​ថា​៖ «​ប៉ុន្ដែ​​ខ្ញុំ​សូម​ឲ្យ​ឯកឧត្ដម​អភិបា​ល​​ខេត្ដ និង​អភិបាល​ក្រុង​ ត្រូវ​ពិនិត្យ​មើល​ក្រុម​ហ៊ុន​ប្រមូ​ល​សំរាម​ឡើង​វិញតើ​មាន​ធនធា​ន បច្ចេក​ទេសសម្ភារ ក្នុង​ការ​ប្រមូ​ល​សំរាម​ដែរ​ឬទេ​? បើ​គ្មាន​ត្រូវ​មានវិធាន​ការបែបណា​? ប្ដូរ​​ផ្លាស់​យ៉ាងណា​? ព្រោះ​ក្រុម​​ហ៊ុន​ប្រមូល​សំរាម​នៅ​ព្រះ​សីហ​នុ​នេះ តាំង​ពី​មាន​មក​ មិនទាន់​បង្កើត​ស្នា​ដៃ​ចំពោះ​ការ​ប្រមូល​សំរាម​ឲ្យ​បាន​ល្អ និង​មាន​ប្រសិទ្ធភាព​នៅ​ឡើយ​ទេ»៕