ព្រះសីហនុៈ អភិបាលខេត្ដ​ព្រះសីហនុ លោក គួច ចំរើន បាន​អំពាវនាវ​ដល់​អ្នកចាក់ដី និង​អ្នក​សាងសង់​រំលោភ​លើ​អូរប្រឡាយ​ត្រូវ​ប្រញាប់​កាយ​ចេញ​វិញ ខណៈ​ដែល​លោក​ឲ្យ​កម្លាំង​ចម្រុះ​យក​គ្រឿងចក្រ​ទៅ​ស្ដារ​​អូរប្រឡាយ​ចំនួន​ ៦ ​ទីតាំង​ដើម្បី​រំដោះ​ជំនន់​ទឹកភ្លៀង​ដែល​កំពុង​ជន់​លិច​ក្រុង​ និង​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្ដ​នេះ​។

ថ្លែង​ក្រោយ​ពេល​ចុះ​ពិនិត្យ​មើល​ផ្លូវ​ស្ពាន​នៅ​ចំណុច ភូមិ​ ១ សង្កាត់​លេខ​ ១ ក្រុង​ព្រះសីហនុ​កាលពី​ថ្ងៃ​សៅរ៍​លោក គួច ចំរើន បាន​លើក​ឡើង​ថា​ក្រុង​ព្រះសីហនុ​កំពុង​រង​ការខូចខាត​ដោយសារ​ទឹកជំនន់​ទឹកភ្លៀង ហើយ​រដ្ឋបាល​ខេត្ដ​កំពុង​ដោះស្រាយ​បញ្ហា​នេះ​។ លោក​ថ្លែង​ថា​៖ «​មេឃ​កាន់តែ​ភ្លៀង ប្រជាជន​ចូលរួម​កាន់តែ​ច្រើន​។ ​អ្នក​រំលោភ​អូរ ប្រញាប់​កាយ​ចេញ​វិញ​ផង​»​។

លោក ឃាង ភារម្យ អ្នក​នាំពាក្យ​រដ្ឋបាល​សាលាខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា លទ្ធផល​នៃ​ការស្តារ​ប្រឡាយ​អូរ​ក្នុង​អំឡុង​មាន​ជំនន់​ទឹកភ្លៀង ដែល​រួមទាំង​សំណង់​រំលោភ​ចូល​អូរ​ផង​នោះ រួម​មាន​អូរ​ ៦ ​ទីតាំង​សរុប​ប្រវែង​ ៧១០ ម៉ែត្រ​នៅ​ចំណុច​អូរអណ្តូង​អ៊ុនតាក់​, អូរសំអាត​, អូរ​អូរ​ឈើទាល​,​អូរ​នៅ​ម្លប់​តាប៉ាង​, អូរ​LV, និង​ចំណុច​អូរ​ ១ (​មាន​ ៥ ​គោលដៅ​ផ្សេងទៀត​)​។ រីឯ​វិធានការ​លើ​ការស្ដារ​នេះ​នឹង​អនុវត្ដ​បន្ត​ទៀត​ដោយ​យក​ច្បាប់​ជា​គោល​។

លោក​ថា​៖ «​យើង​ក៏​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ការពាក់ព័ន្ធ​នឹង​ការចាក់ដី​សាងសង់​សំណង់​ផ្សេង​រំលោភ​យក​ដី​ចំណី​អូរ​ប្រឡាយ សូម​ចូលរួម​សហការ​ជាមួយ​រដ្ឋបាល​ខេត្ដ ដើម្បី​ស្ដារ និង​ពង្រីក​ទំហំ​អូរ​ប្រឡាយ​ទៅ​តាម​ប្លង់​ប្រព័ន្ធ​របស់​ខេត្ដ​រហូត​ឈាន​ដល់​ការរំដោះ​ការជន់លិច​ពី​ទឹកភ្លៀង​ផ្សេងៗ​ និង​បញ្ចៀស​ឲ្យ​បាន​នូវ​គ្រោះមហន្តរាយ​ដូច​ដែល​ធ្លាប់​កើត​មាន​ឡើង​កន្លង​មក​»​។

បើ​តាម​លោក ភារម្យ ជំនន់​ទឹកភ្លៀង​ចាប់ពី​ដើម​ខែ​សីហា​នេះ​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​សង្កាត់​ទាំង​ ៤ ​នៃ​ក្រុងព្រះសីហនុ និង​ស្រុក​ព្រៃនប់ និង​បង្ក​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ស្ពាន ធ្ងន់ធ្ងរ​នៅក្នុង​ក្រុង​។ ក្នុង​នោះ​ពលរដ្ឋ​រង​ផលប៉ះពាល់​មាន​ ១ ៧៣៦ ​គ្រួសារ ផ្ទះ​ចំនួន​ ៩៣៧ ​ខ្នង និង ​រថយន្ត ម៉ូតូ ម៉ាស៊ីនភ្លើង និង​គ្រឿង​អេឡិចត្រូនិក​រាប់រយ​គ្រឿង​​ផ្សេង​ទៀត​។

អ្នកស្រី ជៀប សុធារី មន្ដ្រី​សម្របសម្រួល​សមាគម​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្ដ​ព្រះសីហនុ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​កាលពី​ថ្ងៃទី​ ១៣ ខែ​សីហា​លោក គួច ចំរើន បាន​ប្រជុំ​ជាមួយ​បណ្ដា​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន ដើម្បី​រកមូលហេតុ​ដែល​បង្ក​ឲ្យ​មាន​ទឹកជន់​លិច​ក្រុង និង​ផ្ទះសំបែង​របស់​​ពលរដ្ឋ និង​ការដោះស្រាយ​។

អ្នកស្រី ថ្លែង​ថា​បណ្ដា​អង្គការ​សង្គម​ស៊ីវិល​ដែល​ពាក់ព័ន្ធ​ប្រមាណ​ ៦ បាន​ស្នើ​ឲ្យ​អភិបាល​ខេត្ដ​ព្រះសីហនុ​ដោះស្រាយ​បញ្ហា​ទឹកជំនន់​ជន់ នៅពេល​មើលឃើញ​បញ្ហា​នេះ​កើតឡើង​ពី​ករណី​ចាក់ដី និង​សាងសង់​សំណង់​រំលោភ​ចំណី​​អូរប្រឡាយ​ជាយូរ​មក​ហើយ​។

អ្នកស្រី​បញ្ជាក់​ថា​៖ «​បញ្ហា​នេះ​មិនមែន​ទើប​កើតឡើង​ទេ វា​កើតឡើង​យូរហើយ ប៉ុន្ដែ​ការដោះស្រាយ​ទើប​ចាប់ផ្ដើម​។ តាម​ការអំពាវនាវ​របស់​អាជ្ញាធរ​ខេត្ដ​បាន​ប្រាប់​ឲ្យ​ភាគី​ដែល​រំលោភ​យក​អូរប្រឡាយ​ត្រូវ​ដឹង​ខ្លួន​ទទួល​ខុស​ និង​កែប្រែ​ឥរិយាបថ ហើយ​កាយ​ ឬ​រុះរើ​សំណង់​របស់ខ្លួន​ដែល​សង់​រំលោភ​នោះ​ចេញ​វិញ​»​។

អ្នកស្រី សុធារី បាន​បន្ត​ថា​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​អ្នក​បន្ត​ចាក់ដី និង​សាងសង់​សំណង់​រំលោភ​ចូល អូរប្រឡាយ ដោយសារ​កន្លង​មក​អាជ្ញាធរ​មិន​បាន​ចាត់វិធានការ​ផ្លូវច្បាប់​។ ប៉ុន្តែ​អ្នកស្រី​បញ្ជាក់​ថា​ក្នុង​ជំនួប​ជាមួយ​អង្គការ​សង្គម​ស៊ីវិល លោក​អភិបាល​ខេត្ដ​បាន​អះអាង​ថា​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​អ្នក​ដែល​រំលោភ​យក​អូរ​ប្រឡាយ​​ដើម្បី​ស្ដារ​អូរ​ប្រឡាយ​ឡើ​វិញ​។

អ្នកស្រី​បន្ថែម​ថា​៖ «​ខ្ញុំ​គាំទ្រ​នូវ​សកម្មភាព​របស់​ខេត្ដ​នាពេល​​នេះ​។ ​ប៉ុន្ដែ​សូម​ឲ្យ​អ្វីដែល​និយាយ​ទៅ​ហើយ សូម​ឲ្យ​ចាត់វិធានការ​ដូច​អ្វីដែល​បាន​សន្យា​។ ព្រោះ​​ថា អ្នក​ដែល​រំលោភ​យក​ដី អូរប្រឡាយ មិនមែន​សុទ្ធតែ​ជា​ពលរដ្ឋ​ធម្មតា​ទេ ក្នុង​នោះ​ក៏​មាន​អ្នក​មាន​អំណាច មានបុណ្យស័ក្ដិ​មួយ​ចំនួន​ផងដែរ​»៕