
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថ្លែងនាពេលកន្លងមក។ រូបថត សហការី
ភ្នំពេញៈ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានលើកឡើងពីមូលហេតុដែលនាំឱ្យកម្មករប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រីធ្វើការតវ៉ាកន្លងមក ដើម្បីទាមទារនូវលក្ខខណ្ឌមួយចំនួនថា «មានអ្នកនយោបាយញុះញង់នៅពីក្រោយពួកគាត់» ប៉ុន្តែលោកមិនបានបញ្ជាក់ពីឈ្មោះ ឬអត្តសញ្ញាណរបស់អ្នកនយោបាយនោះទេ។
លោក ឃួង ស្រេង បានថ្លែងដូចនេះនៅក្នុងពេលលោកដឹកនាំមន្ត្រីនៃសាលារាជធានីភ្នំពេញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់ប្រជាការពារខណ្ឌព្រែកព្នៅ និងខណ្ឌឫស្សីកែវកាលពីថ្ងៃទី ១៩ ខែវិច្ឆិកា។
លោក ឃួង ស្រេង មានប្រសាសន៍ថា៖ «បញ្ហាសំរាមកកស្ទះនេះគឺជាបញ្ហានយោបាយមិនមែនជាបញ្ហាជាមួយកម្មករដោយសារប្រាក់អតីតភាពការងារទេ ប៉ុន្តែជារឿងនយោបាយ ដែលមានអ្នកនយោបាយនៅពីក្រោយខ្នង បុករុកពីបញ្ហានេះ។ ខ្ញុំនិយាយដូចនេះខាងប្រឆាំងនឹងនិយាយហើយថា ឱ្យតែមានបញ្ហាអ្វីចោទតែទៅលើនយោបាយ»។ លោកអះអាងថា មានអ្នកបញ្ជាមកពីប្រទេសថៃមិនឱ្យកម្មករទទួលយកតាមសំណើរបស់សាលារាជធានីភ្នំពេញ ហើយអ្នកបញ្ជានោះថា បើកម្មករធ្វើការតវ៉ាមិនប្រមូលសំរាម ១ ខែទៀតទីក្រុងភ្នំពេញនឹងក្លាយជាទីក្រុងគំនរសំរាមហើយ។
ទោះយ៉ាងណាលោក ស្រេង មិនបានបញ្ជាក់ ឬបង្ហើបថា តើអ្នកនយោបាយដែលនៅពីក្រោយរឿងនេះជាអ្នកណានោះទេ។
លោកលើកឡើងថា៖ «នៅចុងឆ្នាំនេះ យើងជួបនូវឧបទ្ទវហេតុចំនួន ៣ ផ្ទួនៗ ដែលឧបទ្ទវហេតុទី ១ ដែលយើងជួបនោះគឺ បញ្ហាការកកស្ទះសំរាម។ នៅពេលដែលយើងកកស្ទះសំរាម កម្លាំងស្នូលបំពេញការងារដំបូងគេគឺប្រជាការពារបានជួយប្រមូលសំរាមពីទីក្រុងភ្នំពេញនៅពេលដែលកម្មករប្រមូលសំរាមបានកំពុងតែប្រមូលផ្តុំគ្នាធ្វើការតវ៉ាទាមទារនូវលក្ខខណ្ឌចំនួន ៥ ចំណុច»។
លោក ឃួង ស្រេង ពន្យល់ថា៖ «មានគេសួរថា ហេតុអ្វីបានអភិបាលរាជធានីភ្នំពេញមិនឱ្យតាមអ្វីដែលគេ (កម្មករប្រមូលសំរាម) ទាមទារ ៥ ចំណុចនោះទៅ? វាខុសច្បាប់ បើខ្ញុំយល់ព្រម ខ្ញុំអ្នកខុសច្បាប់ ខុសនយោបាយរបស់រដ្ឋាភិបាល ដូចនេះខ្ញុំឱ្យមិនកើតទេ»។
ជាមួយគ្នានេះលោកអភិបាលរាជធានីបានសរសើរចំពោះប្រជាការពារ កងកម្លាំងសន្តិសុខ សណ្ដាប់ធ្នាប់ខណ្ឌទាំងអស់ដែលបានយកអស់ពីកម្លាំងកាយចិត្ត ទាំងការថែរក្សាសណ្ដាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានពិសេសអំឡុងពេលកម្មករប្រមូលសំរាមក្រុមហ៊ុនស៊ិនទ្រី ធ្វើកូដកម្ម មិនចេញប្រមូលសំរាម។
ប្រធានសហព័ន្ធសហជីពកម្មករនិយោជិត វិស័យទេសចរណ៍កម្ពុជាលោក ទូច កុសល ដែលបានចូលរួមសម្របសម្រួលក្នុងការចរចារកដំណោះស្រាយរវាងកម្មករក្រុមហ៊ុនស៊ិនទ្រី និងសាលារាជធានីភ្នំពេញនៅពេលមានការតវ៉ាកន្លងមកបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា សហព័ន្ធសហជីពរបស់លោកជាសហជីពឯករាជ្យមានការចុះបញ្ជិកាត្រឹមត្រូវ នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលលោកមិនដែលមានការពាក់ព័ន្ធនឹងអ្នកនយោបាយណាទេ។
លោកបានថ្លែងថា៖ «សហព័ន្ធសហជីពរបស់យើងមិនស្ថិតក្រោមឥទ្ធិពលនយោបាយរបស់គណបក្សប្រឆាំង ឬគណបក្សកាន់អំណាចឡើយ ប៉ុន្តែយើងតែងតែទទួលរងនូវការលាបពណ៌មកលើពួកយើងថា យើងជាអ្នកប្រឆាំង ប៉ុន្តែពួកយើងមិនដែលមានការពាក់ព័ន្ធនឹងបញ្ហានយោបាយនោះទេ»។
លោក ទូច កុសល បានស្នើសុំទៅដល់គណបក្សនយោបាយទាំងអស់សូមកុំយកកម្មករប្រមូលសំរាមទៅភ្ជាប់នឹងរឿងនយោបាយ ពីព្រោះអ្វីដែលពួកគាត់ទាមទារកន្លងមកគឺដោយសារតែពួកគាត់មានការព្រួយបារម្ភនឹងការងារ និងការបាត់បង់នូវអត្ថប្រយោជន៍របស់ពួកគាត់ នៅពេលដែលពួកគាត់ទទួលព័ត៌មានថា សាលារាជធានីភ្នំពេញនឹងដាក់ឱ្យដេញថ្លៃសេវាប្រមូលសំរាមនេះ។
លោកថា៖ «ដូចនេះ ខ្ញុំគិតថា មិនមានអីពាក់ព័ន្ធនឹងរឿងនយោបាយមានអ្នកណានៅពីក្រោយខ្នងនោះទេ ប៉ុន្តែគឺជាការព្រួយបារម្ភរបស់ពួកគាត់។ ខ្ញុំសុំកុំឱ្យមានការភ្ជាប់រឿងរបស់ពួកគាត់ទៅនឹងរឿងនយោបាយ ឬទៅនឹងគណបក្សកាន់អំណាច ឬប្រឆាំងក៏ដោយ»។
គួរបញ្ជាក់ផងដែរថា កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រីជាច្រើនរយនាក់បានធ្វើកូដកម្មមិនប្រមូលសំរាមប្រមាណជា ២ សប្តាហ៍ដើម្បីទាមទារលក្ខខណ្ឌចំនួន ៥ ចំណុច ដែលធ្វើឱ្យសំរាមជាច្រើនពាន់តោនត្រូវបានបន្សល់ទុកនៅរាយប៉ាយស្ទើរតែគ្រប់កន្លែងក្នុងរាជធានីភ្នំពេញ។ នៅពេលក្រោយមកការទាមទាររបស់ពួកគាត់ត្រូវបានសាលារាជធានីភ្នំពេញធ្វើការចរចាដោះស្រាយបានជោគជ័យ៕