ភ្នំពេញៈ អភិ​បាល​រាជ​ធានី​ភ្នំពេញ លោក ឃួង ស្រេង កាល​ពី​ម្សិល​មិញ ​បាន​ចុះ​ហត្ថ​លេខា​លើ​កំណត់​ហេតុ​ប្រគល់​ឯក​សារ​សិក្សា​ស្រាវ​ជ្រាវ​ពី​គម្រោង​​អភិវឌ្ឍន៍​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​កខ្វក់នៅ​តំបន់​បឹង​ជើង​ឯក​ រាជ​ធានី​ភ្នំពេញ​ឲ្យ​ទៅ​ទីភ្នាក់​ងារ​សហ​ប្រតិបត្ដិការ​អន្ដរជាតិ​ជប៉ុន ដើម្បី​រៀបចំ​​គម្រោង​​អភិវឌ្ឍន៍​ បន្ទាប់​ពី​បាន​ធ្វើការ​​សិក្សា​ស្រាវ​ជ្រាវ​អស់​​រយៈពេល ១២​ ខែ​កន្លង​មក។

លោក ឃួ​ង ស្រេង បាន​ថ្លែង​នៅ​ក្នុង​ពិធី​ចុះ​ហត្ថ​លេខា​ថា រាជ​រដ្ឋា​ភិបាល​ បាន​គាំទ្រ​ដល់​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​ ក្នុង​កិច្ច​ដំណើរ​ការ​អភិវឌ្ឍន៍​សំខាន់ៗ ​ជាក់​ស្ដែង​គម្រោង​កែលម្អ​ប្រព័ន្ធ​ទឹក​កខ្វក់​នេះ​ ដោយ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង និង​ការ​កែ​លម្អ​បរិស្ថាន​ទីក្រុង ប្រកប​ដោយ​ប្រសិទ្ធ​ភាព និរន្តរ​ភាព ​និង​ការពារ​បរិស្ថាន ព្រម​ទាំង​លើក​កម្ពស់​ដល់​សោភណ​ភាព​រាជធានី​ភ្នំពេញ។

ជា​មួយ​គ្នា​នេះលោក ស្រេង ​ក៏បាន​ថ្លែង​អំណរ​គុណ​ចំពោះ​រាជ​រដ្ឋា​ភិបាល​ជប៉ុន ដែល​តែង​តែ​លើក​ទឹក​ចិត្ត ឧបត្ថ​ម្ភ​​គាំទ្រដល់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​ លើ​ការអ​ភិ​វឌ្ឍ កសាង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​មួយ​ចំនួន តាមរ​យៈ​កិច្ច​សហ​ប្រតិ​បត្តិការ​ផ្តល់​ជំនួយ​ហិរញ្ញ​ប្បទាន កិច្ច​សហ​ប្រតិ​បត្តិការ​ជំនួយ​បច្ចេកទេស និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​កា​រទូ​ត ដែលជា​ការរួម​ចំណែក​យ៉ាង​សកម្ម នៅ​ក្នុង​ការ​ស្តារ និង​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​ ឱ្យ​កាន់​តែ​រីក​ចម្រើន​ថែម​ទៀត។

ក្រៅ​ពី​នេះលោក ឃួ​ង ស្រេង ក៏បាន​ថ្លែង​អំណរ​គុណ​ដល់​ក្រុម​ការងារ​គម្រោង​របស់ JICA និង​មន្ដ្រី​មន្ទីរ​ពាក់​ព័ន្ធ ដែល​បាន​ខិតខំ​ប្រឹង​ប្រែង​សិក្សា​ស្រាវ​ជ្រាវអស់​រយៈ​ពេល​ ១២ ​ខែ រហូត​បាន​បញ្ចប់​ការ​សិក្សា ​និង​ដាក់​ចេញ​ជា​របាយ​ការណ៍​បញ្ច​ប់​ស​ម្រាប់​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រឡាយ​លូ​ទឹក​កខ្វក់នៅ​បឹង​ជើង​ឯក ហើយ​ឈាន​មក​ដល់​ការចុះ​ហត្ថ​លេខាលើ​កិច្ច​ព្រម​ព្រៀង​រវាង​ភាគី​ទាំង​ ២ នា​ពេល​នេះ។

លោក​បាន​ថ្លែង​​បញ្ជាក់​ថា​៖ «​គម្រោ​ង​អភិ​វិ​ឌ្ឍ​ន៍​​ប្រព័ន្ធ​ប្រឡាយ​លូ ទឹក​កខ្វក់​នៅ​បឹង​ជើង​ឯកនេះ​​ នឹងត្រូវ​ក្លាយជា​គម្រោង​គំរូ​ដំបូង​បង្អស់ សម្រាប់​រដ្ឋ​បាល​រាជ​ធានី​ភ្នំពេញ លើ​ការ​កែច្នៃទឹក​កខ្វក់ក្នុង​បរិ​មាណ ៥ ០០០ ម៉ែត្រ​គុប​ ក្នុង​ ១​ ថ្ងៃ ដែល​មាន​តួនាទី​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន​មួយ​កម្រិត​ធំ»។

លោក lto Minpei ប្រធាន​ដឹកនាំ​ក្រុម​ការងារ​ត្រៀម​ការសិក្សា​ស្រាវជ្រាវ​នៃ​​ទីភ្នាក់​ងារ​សហ​ប្រតិ​ប​ត្ដិ​ការ​អន្ដរជាតិ​ជប៉ុនបាន​ឱ្យ​ដឹង​ថា ជាតិពុល​ដែល​ហូរ​ចូលទៅ​ក្នុង​ទន្លេ​បឹង​បួ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​សុខ​ភាព​ប្រជា​ពលរដ្ឋ​ និង​សត្វ​យ៉ាង​ខ្លាំងក្លា។

លោក​បញ្ជាក់​​ថា​៖ «​តាម​លទ្ធ​ផល​នៃ​ការស្រាវ​ជ្រាវ ការ​ស្តារ​បរិស្ថាន​ឡើង​វិញ​ គឺ​ត្រូវ​ចំណាយ​ថវិកា​ច្រើន​លើស​ពី​ការ​វិនិយោគ​។ បញ្ហា​នេះ​ ចំណុច​សំខាន់ គឺ​យើង​ត្រូវ​ធ្វើ​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​នៅ​ដំណាក់​កាល​បឋម ដើម្បី​ទប់​ទល់​ការ​ចំណាយ​ច្រើន​នេះ»។

លោក​បាន​បន្ត​ទៀត​ថា គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រឡាយ​លូ​បង្ហូ​រទឹក​កខ្វក់ នៅ​បឹង​ជើង​ឯក​​ប៉ែក​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ​នេះ គឺអាច​បន្សុទ្ធ​ទឹក​កខ្វក់​បាន​ក្នុង​ ១ ​ថ្ងៃ ៥ ០០០ ម៉ែត្រគុប​។

​លោក​បញ្ជាក់ថា៖ «ក្រោយ​ការចុះហត្ថលេខា​លើ​គម្រោង​អភិ​វឌ្ឍន៍​ប្រព័ន្ធ​ប្រឡាយ​លូទឹកកខ្វក់​នៅ​បឹង​ជើង​ឯក​នេះ​រួច យើង​នឹង​បញ្ជូនទៅ​ឲ្យ​រាជ​រដ្ឋា​ភិបាល​ជប៉ុន ដើម្បី​ធ្វើ​ការ​អនុម័ត​ចុងក្រោយ»៕