ភ្នំពេញៈ លោក​ ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​ ១៤ ធ្វើការ​ចាប់​ឃាត់​មធ្យោបាយ​ធ្វើ​ដំណើរ​របស់​បុគ្គល​ណា​ដែល​មិន​គោរព​តាម​បម្រាម​គោចរ ដែល​ជា​វិធានការ​រដ្ឋបាល​ហាម​ការធ្វើដំណើរ និង​ការជួប​ជុំគ្នា​មិនចាំបាច់​ពី​ម៉ោង​ ៨ ​យប់​ដល់​ម៉ោង​ ៥ ​ព្រឹក​ដែល​មាន​ថិរវេលា​អនុវត្ត​រយៈពេល​ ២ ​សប្ដាហ៍ ​គិត​ចាប់ពី​ថ្ងៃទី​ ១ ខែ​មេសា រហូតដល់​ថ្ងៃទី​ ១៤ ខែមេសា ឆ្នាំ​ ២០២១​។

តាមរយៈ​សារ​សំឡេង លោក​ ឃួង ស្រេង ​បាន​ប្រាប់​ទៅ​អាជ្ញាធរ​ខណ្ឌ​ទាំងអស់​នៅក្នុង​រាជធានី-ភ្នំពេញ​ថា ប្រសិនបើ​មាន​អ្នកដែល​មិន​អនុវត្តតាម​នូវ​សេចក្តី​សម្រេច​នេះ​គឺ​ត្រូវ​ចាប់យក​សម្ភារ មធ្យោបាយ​ធ្វើដំណើរ​របស់​គាត់​រក្សា​ទុក​នៅក្នុង​ខណ្ឌ​នីមួយៗ​សិន ប៉ុន្តែ​ពុំ​ចាំបាច់​ឃាត់​មនុស្ស​ទេ​។

លោក​បញ្ជាក់ថា​៖ «​យកឡាន​ ឬ​ម៉ូតូ​របស់គាត់​រក្សាទុក​សិន​ហើយ​ឱ្យ​គាត់​ធ្វើ​ចត្តាឡីស័ក​នៅផ្ទះ​របស់គាត់​គ្រប់​ ១៤ ​ថ្ងៃ ទើប​ឱ្យ​គាត់​មក​ទទួល​សម្ភារ​នេះ​វិញ ប៉ុន្តែ​ក្នុងករណី​អាជ្ញាធរ​រកឃើញ​ថា គាត់​មិន​អនុវត្តតាម​ការណែនាំ​របស់​សមត្ថកិច្ច នោះ​យើង​នឹង​អនុវត្ត​នូវ​វិធានការ​ផាកពិន័យ​បន្តទៀត​»​។

លោក​ ឃួង ស្រេង ​លើកឡើង​បែបនេះ បន្ទាប់ពី​លោក​បានចេញ​នូវ​សេចក្តីសម្រេច​ដាក់ចេញ​នូវ វិធានការ​រដ្ឋបាល​ជា​បណ្តោះអាសន្ន​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដែលមាន​ថិរវេលា​អនុវត្ត​រយៈពេល​ ២ ​សប្ដាហ៍​ គិត​ចាប់ពី​ម្សិលមិញ​តទៅ​។

សេចក្តី​សម្រេច​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​ ឃួង ស្រេង ​នៅ​ថ្ងៃ​ម្សិលមិញ រដ្ឋបាល​សាលារាជធានី​ភ្នំពេញ​ត្រូវ​សម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​សកម្មភាព​អាជីវកម្ម​ចំពោះ​តូប​អាហារ អាហារដ្ឋាន​ភោជនីយដ្ឋាន ហាងកាហ្វេ ហាង​ភេសជ្ជៈ និង​ភោជនីយដ្ឋាន​នៅតាម​សណ្ឋាគារ ។​ល​។ ​ដែល​ទទួល​អតិថិជន​ចូលមក​ទទួលទាន​អាហារ​ភេសជ្ជៈ​ ឬ​ទទួលទាន​គ្រឿង​ស្រវឹង​នៅ​ចន្លោះ​ម៉ោង​ ៨ ​យប់​ដល់​ម៉ោង​ ៥ ​ព្រឹក​ជា​កំហិត​។ ប៉ុន្តែ​ទីតាំង​អាជីវកម្ម​ទាំងនោះ​អាច​លក់​ជា​លក្ខណៈ​វេចខ្ចប់​បាន​។

លោក​ ឃួង ស្រេង ក៏បាន​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការប្រមូលផ្តុំ​ ឬ​ការជួប​ជុំគ្នា​ទទួលទាន​អាហារ​ភេសជ្ជៈ​ ឬ​ទទួលទាន​គ្រឿងស្រវឹង នៅពេល​វេលា​ដូចគ្នា​ដែរ លើកលែង​តែ​ចំពោះ​ករណី​ចាំបាច់​ដូចជា ការជួបជុំ​ក្នុង​ចំណោម​សមាជិក​គ្រួសារ​ដែល​រស់នៅ​ក្នុង​លំនៅឋាន​ ឬ​ទី​សំណាក់​ជាមួយគ្នា​, ការរៀបចំ​ពិធី​បុណ្យសព ដោយ​គោរព​តាម​ការកំណត់​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​, ការជួបជុំ​​របស់​បុគ្គលិក​សុខាភិបាល ដើម្បី​យក​វត្ថុ​សំណាក​បុគ្គល​ដែល​ពាក់ព័ន្ធ​ដោយផ្ទាល់​ ឬ​ប្រយោល​ជាមួយ​អ្នក​ផ្ទុក​ជំងឺ​កូវីដ​១៩ ឬ​ដើម្បី​យក​អ្នក​ដែល​ផ្ទុក​ជំងឺ​កូវីដ​ ១៩ ក៏ដូចជា​បុគ្គលិក​សុខាភិបាល​ដែល​បំពេញការងារ​សង្គ្រោះបន្ទាន់​ផ្សេងទៀត​។

លោក​បន្តថា ចំណុច​ដែល​ត្រូវ​លើកលែង​បន្ថែមទៀត​មាន​ដូចជា​ការជួបជុំ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច កម្លាំង​បញ្ជាការ​ឯកភាព​រដ្ឋបាល​គ្រប់លំដាប់​ថ្នាក់ ក្នុងការ​បំពេញ​ការងារ​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ និង​របៀ​រៀបរយ​សាធារណៈ​, ការជួបជុំ​មនុស្ស​ដែលមាន​ភាពចាំបាច់​សម្រាប់​បម្រើ​ផលប្រយោជន៍​សាធារណៈ​ ឬ​ក្នុង​គោលបំណង​ផ្សេងទៀត​តាម​ការកំណត់​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​។

សមត្ថកិច្ចចុះណែនាំប្រជាពលរដ្ឋអំពី​បម្រាម​គោចរតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស កាលពីយប់មិញ។ រូបថត YOUSOS APDOULRASHIM

ពលរដ្ឋ​ម្នាក់​រស់នៅ​សង្កាត់​ច្បារអំពៅ​ ១ ​ខណ្ឌ​ច្បារអំពៅ លោក ជា សំនៀង ​បានបង្ហាញ​ការគាំទ្រ​ទៅនឹង​សេចក្តីណែនាំ​របស់​រដ្ឋាភិបាល​ដោយ​លោក​លើកឡើងថា បម្រាម​គោចរ​ហាមប្រាម​ការធ្វើ​ដំណើរ​ និង​ការប្រកប​អាជីវកម្ម​នៅពេល​យប់ អាច​រួមចំណែក​ច្រើន​ក្នុង​ការកាត់បន្ថយ​ការប្រមូលផ្តុំ និង​ចរាចរណ៍​ពលរដ្ឋ​ចៀសផុត​ពី​ការរីករាលដាល​នៃ​ជំងឺ​​កូវីដ​ ១៩​។

លោក​ប្រាប់ ​ភ្នំពេញ​ ​ប៉ុស្តិ៍​ ម្សិលមិញ​ថា​៖ «​នេះ​មិនមែន​ជា​ការរឹតត្បិត​សិទ្ធិ​អី​នោះទេ តែ​ជាការ​ចូលរួម​ទាំងអស់​គ្នា​។ ខ្ញុំ​យល់ថា​បម្រាម​នេះ​ចាំបាច់​ក្នុង​កាលៈទេសៈ​នេះ​ព្រោះ​ស្ថានភាព​ឆ្លង​កាន់តែ​ធ្ងន់ធ្ងរ​ហើយ​»​។

លោក​ ជា សំនៀង បាន​អំពាវនាវ​ទៅដល់​ពលរដ្ឋ​ដទៃទៀត​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ផ្ទាល់ខ្លួន និង​គោរព​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការណែនាំ​របស់​ក្រសួងសុខាភិបាល ព្រម​ទាំង​ស្នើ​អាជ្ញាធរ​អនុវត្ត​នូវ​សេចក្តី​ណែនាំ​របស់​រដ្ឋាភិបាល​ឱ្យបាន​ត្រឹមត្រូវ​ចៀសវាង​ការលើកលែង​ ឬ​បណ្តែតបណ្តោយ​ណាមួយ ដែល​នាំឱ្យ​បង្កបញ្ហា​ ឬ​ធ្វើឱ្យ​មេរោគ​ឆ្លង​រាលដាល​កាន់តែខ្លាំង​។

អភិបាលខេត្ត​កំពង់ស្ពឺ​លោក វ៉ី សំណាង ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ម្សិលមិញ​ថា លោក​កំពុងធ្វើការ​ពិនិត្យមើល​មុននឹង​សម្រេច​ដាក់​ការអនុវត្ត​បម្រាម​គោចរ​តាម​អនុក្រឹត្យ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយសារ​ខេត្ត​របស់លោក​មាន​កម្មករ​និយោជិត​ដែល​ធ្វើការ​វេន​យប់​។

លោក​ថ្លែងថា៖ «​ខ្ញុំ​អាច​នឹង​ចាប់ផ្តើម​អនុវត្ត​នៅក្នុង​ខេត្ត​ពី​ស្អែក ឬ​ខានស្អែក​ដោយសារតែ​នៅ​កំពង់ស្ពឺ​នេះ មិនទាន់​មាន​ការ​ប្រឈម​ធ្ងន់ធ្ងរ ដូច​នៅ​រាជធានី​ភ្នំពេញ ឬ​បណ្តា​ខេត្ត​ផ្សេងៗ​មួយចំនួន​នោះទេ​»​។

លោក​ វ៉ី សំណាង ថា លោក​អាច​នឹង​កំណត់​ពេលវេលា​ក្នុង​ការអនុវត្ត​ដូចនឹង​សាលា​រាជធានី​ភ្នំពេញ​ដែរ ប៉ុន្តែ​លោក​ត្រូវ​ធ្វើការ​សិក្សា​ជាមុនសិន​ទៅលើ​កម្មករនិយោជិត ដែល​ពួកគាត់​មួយចំនួន​ត្រូវ​ធ្វើការ​ចេញ​ពេលយប់ និង​ត្រូវ​ធ្វើដំណើរ​រយៈពេល​យូរ ដែល​ខុសពី​អ្នកធ្វើការងារ​ផ្សេងៗ ដែល​អាច​ចេញពី​ភ្លឺ ឬ​មុនពេល​ម៉ោង​កំណត់​បម្រាម​គោចរ​នេះ​។

គួរបញ្ជាក់​ផងដែរ​ថា រដ្ឋាភិបាល​បាន​ចេញ​នូវ​អនុក្រឹត្យ​មួយ​កាលពី​ថ្ងៃទី​ ៣១ ខែមីនា ដោយ​ក្នុងនោះ​ផ្តោត​សំខាន់​ទៅលើ​វិធានការ​រដ្ឋបាល​ក្នុង​ការរឹតត្បិត​លើ​ការធ្វើ​ចរាចរណ៍ និង​បម្រាម​គោចរ​រាល់​ការធ្វើដំណើរ​ដោយ​ហាម​ពី​ចន្លោះ​ម៉ោង​ ៨ ​យប់​ដល់​ម៉ោង​ ៥ ​ព្រឹក​។

អនុក្រឹត្យ​ដែល​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលមាន ៧ ជំពូក និង ២៣ ​មាត្រា​ស្តីពី​វិធានការ​រដ្ឋបាល គឺ​បានចែង​អំពី​ការទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​ ដែល​កំណត់​អំពី​វិធានការ​រដ្ឋបាល សំដៅ​ការពារ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ សុខភាព​សាធារណៈ​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ព្រមទាំង​កាត់បន្ថយ​ឱ្យ​បានជា​អតិបរមា​នូវ​ផលប៉ះពាល់​នៃ​ការឆ្លង​ជំងឺ​នេះ ចំពោះ​វិស័យ​សង្គម​ និង​សេដ្ឋកិច្ច​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕

វីដេអូ៖