ភ្នំពេញៈ លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ណែនាំ​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​ទាំង​ ១៤ ​ខណ្ឌ​នៅក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​លើ​សំណង់ និង​អគារ​ទាំងអស់​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បច្ចេកទេស​និង​ច្បាប់​សាងសង់ ដើម្បី​ធានា​ឱ្យបាន​នូវ​គុណភាព​សំណង់​។

កាលពី​រសៀល​ថ្ងៃ​ពុធ​លោក ឃួង ស្រេង បាន​ដឹកនាំ​កិច្ចប្រជុំ​មួយ​ស្ដីពី​ការត្រួតពិនិត្យ​សំណង់​ក្នុង​រាជធានី​ភ្នំពេញ ដោយ​មាន​ការចូលរួម​ពី​មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​រួមទាំង អភិបាល អភិបាលរង​ខណ្ឌ​ទាំង​ ១៤ ​នៅ​សាលប្រជុំ​សាលា​រាជធានី​ភ្នំពេញ​។

លោក ឃួង ស្រេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា សំណង់​ដែល​គ្មាន​ច្បាប់​អនុញ្ញាត និង​សាងសង់​ខុស​បច្ចេកទេស​ត្រូវ​តែ​ចូលរួម​គោរព​តាមច្បាប់​សំណង់ និង​ត្រូវ​មាន​ច្បាប់​អនុញ្ញាត​សាងសង់ ហើយ​ត្រូវតែ​គោរព​តាម​បទដ្ឋាន​បច្ចេកទេស​សំណង់​។

លោក​បាន​ឲ្យ​ដឹង​ទៀតថា ចំពោះ​សំណង់​ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម គឺ​រដ្ឋបាល​ខណ្ឌ​ទាំង​ ១៤ ត្រូវ​ចេញ​សេចក្ដី​ជូន​ដំណឹង និង​ចុះ​ណែនាំ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​នោះ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​។

លោក​ថ្លែង​ថា​៖ «​យើង​ជំរុញ​ឲ្យ​អនុវត្ត​ច្បាប់​ស្តីពី​សំណង់​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​ទាំងអស់​អនុវត្ត​នូវ​ច្បាប់​សំណង់​នេះ ដើម្បី​ធានា​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ និង​អ្នកប្រើប្រាស់​សំណង់​»​។

លោក សុខ គីន ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ​បាន​ឲ្យ​ដឹងថា វិស័យ​សំណង់​នៅ​កម្ពុជា​គឺ​មាន​តិចតួច​ប៉ុណ្ណោះ ដែល​គោរព​បាន​ទៅ​តាម​លក្ខណៈ​បច្ចេកទេស និង​ច្បាប់​សំណង់​។

លោក​ថ្លែង​ថា សំណង់​អគារ​មួយចំនួន​គឺ​បាន​សាងសង់​រួចទៅហើយ ទើប​បាន​ដំណើរការ​សុំច្បាប់​ជា​ក្រោយ ហើយ​បើ​ទោះ​ជា​មន្ត្រី​ថ្នាក់ក្រោម​បាន​រកឃើញ​ពី​កំហុស ក៏​មិនមាន​លទ្ធភាព​ចាត់វិធានការ​លើ​ការដ្ឋាន​សំណង់​ទាំងនោះ​បានដែរ ព្រោះ​តែ​ម្ចាស់​អគារ​ភាគច្រើន សុទ្ធតែ​មាន​អ្នកមាន​អំណាច​នៅ​កាង​ពី​ក្រោយ​ខ្នង​។ ក្នុងករណី​ដែល​រដ្ឋាភិបាល​អនុវត្ត​តាម​អ្វីដែល​បានកំណត់ និង​ចាត់វិធានការ​ដោយ​តឹងរ៉ឹង ហើយ​មន្ត្រី​គ្រប់​ជាន់ថ្នាក់ អនុវត្ត​ទៅតាម​តួនាទី​របស់​ខ្លួន នោះ​វិស័យ​សំណង់​នៅក្នុង​ប្រទេស​កម្ពុជា​នឹង​លែង​មាន​បញ្ហា​កើតឡើង​ទៀតហើយ​។

លោក​ថ្លែង​ឲ្យ​ដឹងថា​៖ «​មក​ដល់​ពេល​នេះ ខ្ញុំ​នឹង​សប្បាយចិត្ត បើសិន​ជា​អភិបាល​រាជធានី​ភ្នំពេញ គាត់​ចាត់វិធានការ​ពេល​ហ្នឹង ហើយ​គាត់​បន្ត​យន្តការ​​ទាំងនេះ​តឹងរ៉ឹង​ចំពោះ​មន្ត្រី​ទាំង​វិស័យ​ឯកជន​»​។

ច្បាប់​ស្តីពី​សំណង់​ដែល​មាន ២២ ​ជំពូក និង ១១១ ​មាត្រា​ត្រូវ​បាន​ព្រះមហាក្សត្រ​ប្រកាស​ឲ្យ​ប្រើ​ជា​ផ្លូវការ​កាលពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៩ ដោយ​ច្បាប់​នេះ​នឹង​ដាក់​ទោសទណ្ឌ​ដល់​ជន​ទាំងឡាយ​ណា ដែល​ប្រកប​អាជីវកម្ម​ក្នុង​វិស័យ​សំណង់​រាប់​ចាប់ពី​អ្នក​រៀបចំ​ប្លង់​រហូត​ដល់​ម្ចាស់​សំណង់​រួមទាំង​មន្ត្រី ដោយ​អាច​ប្រឈម​នឹង​ទោស​ជាប់​ពន្ធនាគារ​ដល់​ទៅ ១៥ ឆ្នាំ បើ​រកឃើញ​ថា ការធ្វេសប្រហែស​របស់​ពួកគេ​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​។ ​ច្បាប់​នេះ​បាន​បញ្ញត្តិ​ទុក​រយៈពេល ២ ​ឆ្នាំ​ក្រោយពី​ចូល​ជាធរមាន​សម្រាប់​ឲ្យ​ម្ចាស់​សំណង់​ដែល​បាន​សាងសង់​រួច​ដោយ​គ្មាន​លិខិត​អនុញ្ញាត ឬ​សាងសង់​ខុសពី​លិខិត​អនុញ្ញាត​ត្រូវ​ធ្វើការ​កែតម្រូវ​ឲ្យ​ត្រឹមត្រូវ​តាមច្បាប់​កំណត់ ខណៈ​ផុត​រយៈពេល​នេះ​រាល់​ទោសទណ្ឌ​ដែល​បាន​បញ្ញត្តិ​នឹង​ត្រូវ​អនុវត្ត​៕