ភ្នំពេញ៖ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង សម្រេច​ធ្វើ​ការ​ពិន័យ​អន្តរការណ៍​ចំពោះ​បុគ្គល​ដែល​មិន​គោរព​ដោយ​ចេតនា​នូវ​វិធានការ​រដ្ឋបាល ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ និង​ជំងឺ​ឆ្លង​កាច​សាហាវ ដែល​មាន​ចន្លោះ​ពី ២ លាន​រៀល ទៅ ៥ លាន​រៀល។

យោង​តាម​សេចក្តី​សម្រេច​ស្តីពី​ការ​ពិន័យ​អន្តរការណ៍​ចំពោះ​បុគ្គល​ដែល​មិន​គោរព​ដោយ​ចេតនា​នូវ​វិធានការ​រដ្ឋបាល​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ និង​ជំងឺ​ឆ្លង​កាច​សាហាវ ​និង​ប្រកប​ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ទៀត ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃទី ១៨ មេសា លោក ឃួង ស្រេង បាន​កំណត់​ទឹក​ប្រាក់​ពិន័យ​អន្តរការណ៍​ទៅ​តាម​វិធានការ​រដ្ឋបាល​នីមួយៗ។

ចំពោះ​បុគ្គល​ដែល​មិន​គោរព​ដោយ​ចេតនា​នូវ​វិធានការ​រដ្ឋបាល​ដែល​រាជរដ្ឋាភិបាល និង​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​កំណត់ បុគ្គល​ដែល​មិន​គោរព​ដោយ​ចេតនា​នូវ​វិធានការ​រឹតត្បិត ឬ​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ ត្រូវ​ពិន័យ ២ លាន ៥ សែន​រៀល និង​បាន​កំណត់​ពេល​ត្រូវ​បង់​ក្នុង​រយៈពេល ៣០ ថ្ងៃ។

បុគ្គល​ដែល​មិន​គោរព​ដោយ​ចេតនា​នូវ​វិធានការ​រឹតត្បិត ឬ​ការ​ហាម​ឃាត់​ការ​ជួបជុំ ឬ​ការ​ប្រមូល​ផ្តុំ​មនុស្ស ត្រូវ​ពិន័យ ២ លាន​រៀល។ បុគ្គល​ដែល​មិន​គោរព​ដោយ​ចេតនា​នូវ​វិធាន​ការ​ហាម​ឃាត់​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម ត្រូវ​ផាក​ ៣ លាន​រៀល។ បុគ្គល​មិន​គោរព​ដោយ​ចេតនា​នូវ​វិធានការ​រឹតត្បិត ឬ​ការ​ហាម​ឃាត់​ការ​ធ្វើ​ចរាចរណ៍​ចេញ-ចូល​តំបន់ ឬ​ទីកន្លែង​ដែល​មាន​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ ត្រូវ​ពិន័យ ៣ លាន​រៀល។ បុគ្គល​មិន​គោរព​ដោយ​ចេតនា​នូវ​វិធានការ​បម្រាម​គោចរ​ត្រូវ​ពិន័យ ៣ លាន ៥ សែន​រៀល។

បុគ្គល​មិន​គោរព​ដោយ​ចេតនា​នូវ​វិធានការ​បិទ​ខ្ទប់​តំបន់ ឬ​ទីកន្លែង​ដែល​មាន​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ ត្រូវ​បង់​ពិន័យ ៤ លាន​រៀល។ បុគ្គល​មិន​គោរព​ដោយ​ចេតនា​វិធានការ​រិតត្បិត ឬ​ការ​ហាម​ឃាត់​ការ​ធ្វើ​ពាណិជ្ជកម្ម​លើ​ទំនិញ​ដែល​ជា​ហានិភ័យ​ត្រូវ​បង់​ពិន័យ ៥ លាន​រៀល និង​បុគ្គល​មិន​គោរព​ដោយ​ចេតនា​នូវ​វិធានការ​រដ្ឋបាល​ផ្សេង​ទៀត ដែល​មាន​ភាព​ចាំបាច់ ដើម្បី​ឆ្លើយ​តប​និង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវី ១៩ ត្រូវ​បង់​ពិន័យ ២ លាន ៥ សែន​រៀល។

លោក ឃួង ស្រេង បញ្ជាក់​ថា៖ «មន្ត្រី​ដែល​មាន​នីតិសម្បទា​ជា​នគរបាល​យុត្តិធម៌​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​ចេញ​បង្កាន់​ដៃ​ពិន័យ​អន្តរការណ៍​ជូន​បុគ្គល​ដែល​មិន​គោរព​ដោយ​ចេតនា​វិធានការ​រដ្ឋបាល​ខាង​លើ ដើម្បី​បង្គាប់​ឲ្យ​បុគ្គល​នោះ បង់​ប្រាក់​ពិន័យ​អន្តរការណ៍​ទៅ​តាម​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ក្នុង​រយៈពេល ៣០ ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​បាន​ទទួល​បង្កាន់​ដៃ​ពិន័យ​អន្តរការណ៍»។

ចំណូល​ដែល​ប្រមូល​បាន​ពី​ការ​ពិន័យ​ចំពោះ​អំពើ​មិន​គោរព​ដោយ​ចេតនា​វិធានការ​រដ្ឋបាល ត្រូវ​កត់ត្រា​ជា​ចំណូល​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ។

លោក​អភិបាល​ក្រុង​បញ្ជាក់​ថា ក្នុង​ករណី​បុគ្គល​ដែល​មិន​គោរព​ដោយ​ចេតនា​នូវ​វិធានការ​រដ្ឋបាល ដោយ​ពុំ​បាន​បង់​ប្រាក់​ពិន័យ​អន្តរការណ៍​ក្នុង​រយៈពេល ៣០ ថ្ងៃ មន្រ្តី​ដែល​មាន​នីតិសម្បទា​ជា​នគរបាល​យុត្តិធម៌​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់​ការ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន។

លោក ឃួង ស្រេង បន្ត​ថា ក្រៅ​ពី​ការ​រង​នូវ​ពិន័យ​​អន្តរការណ៍​នេះ​ហើយ បុគ្គល​ល្មើស​នឹង​ទទួល​រង​នូវ​ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ និង​ទោស​ពិន័យ​ជា​ប្រាក់​បន្ថែម​ទៀត៕