ភ្នំពេញ: នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​ស្ដីពី​ការគ្រប់គ្រង​បុរី​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ៥ ខែ​សីហា លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ឲ្យ​ម្ចាស់​បុរី​នៅក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់​ត្រូវតែ​ពង្រឹង​កិច្ចសហការ​ជាមួយ​សមត្ថកិច្ច​ឲ្យ​បាន​ល្អ​បន្ថែមទៀត ដើម្បី​ការពារ​សន្ដិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​ជូន​ពលរដ្ឋ​ដែល​រស់នៅ​មូលដ្ឋាន​ខ្លួន​។ ក្នុង​នោះ​លោក​ក៏​បាន​ស្នើ​ផងដែរ​ដល់​ម្ចាស់បុរី​ត្រូវ​មាន​ឡាន​ពន្លត់​អគ្គិភ័យ​គ្រប់ៗ​គ្នា​ក្នុង​ការបង្ការ​គ្រោះ​អគ្គិភ័យ​នៅក្នុង​បុរី​។

លោក ឃួង ស្រេង បាន​ថ្លែងថា បច្ចុប្បន្ន​នៅ​រាជធានី​ភ្នំពេញ​មាន​សំណង់​បុរី​ជាច្រើន ហើយ​មាន​លក្ខណៈ​រស់នៅ​ដាច់​ដោយ​ឡែក ខណៈ​កន្លែង​ខ្លះ​មាន​ភាពស្មុគស្មាញ​កើតឡើង​បទល្មើស​មួយចំនួន​ដែល​ទាមទារ​ឲ្យ​ភាគី​សមត្ថកិច្ច និង​ម្ចាស់​បុរី​ត្រូវមាន​កិច្ចសហការ​ល្អ​ជាមួយ​គ្នា​ទ្វេដង ដើម្បី​បង្កើន​ភាពកក់ក្តៅ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​បុរី​។

លោក​បាន​ណែនាំ​ដល់​ម្ចាស់​បុរី​ត្រូវ​ពង្រឹង​ការគ្រប់គ្រង​សន្តិសុខ​បន្ថែមទៀត​លើ​បញ្ហា​ការត្រៀម​បង្ការ​ពន្លត់​អគ្គិភ័យ ការបំពាក់​កាមេរ៉ា​សុវត្ថិភាព​ត្រូវ​មាន​ប្រព័ន្ធ​ទូរស័ព្ទ​ទាន់​ហេតុការណ៍ ២៤ ​ម៉ោង​លើ​ ២៤ ​ម៉ោង​មាន​ច្រកចេញ-ចូល​ត្រឹមត្រូវ ការគ្រប់គ្រង​ស្ថិតិ​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​បុរី​ខ្លួន ហើយ​ត្រូវ​មាន​សន្តិសុខ​យាមកាម​ជាប្រចាំ​។

លោក ស្រេង ថ្លែងថា​៖ «​ម្ចាស់​បុរី​ធំៗ​នៅ​រាជធានី​ភ្នំពេញ​ត្រូវ​មាន​ឡាន​ពន្លត់​អគ្គិភ័យ​គ្រប់ៗ​គ្នា ហើយ​រដ្ឋបាល​រាជធានី​យើង​នឹង​ស្នើ​ទៅ​រាជរដ្ឋាភិបាល ដើម្បី​ផ្ដល់​ការអនុគ្រោះ​ពន្ធ​នាំចូល​ឡាន​អគ្គិភ័យ​ទាំងនេះ​ក្នុង​ការបង្ការ​គ្រោះ​អគ្គិភ័យ​នៅក្នុង​បុរី​។ យើង​ឃើញ​កន្លងមក មាន​បុរី​មួយចំនួន​បានធ្វើ​ជា​គំរូ​ល្អ​ហើយ គឺ​បុរី ប៉េង ហួត និង​នៅ​កោះពេជ្រ​តែង​បានចេញ​ឡានទឹក​មកជួយ​អន្តរាគមន៍​នៅ​ខាងក្រៅ នៅពេល​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​ម្តងៗ​»​។

លោក ស ថេត អគ្គស្នងការរង និង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ពីថ្ងៃ​ទី​ ៥ ​ខែសីហា​ថា ប្រសិន​នៅតាម​បុរី​នីមួយៗ​មាន​សន្ដិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​ល្អ​គឺ​អតិថិជន​នឹង​នាំគ្នា​សម្រុក​ទៅ​ទិញ​ផ្ទះ​ក្នុង​បុរី​នោះ​រស់នៅ​ច្រើន​ជាក់​ជាមិនខាន ព្រោះ​ប្រជាពលរដ្ឋ​គិតថា បរិយាកាស​នៅក្នុង​បុរី​នោះ​អាច​ធានា​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​ទ្រព្យសម្បត្តិ​ពួកគាត់​បានល្អ​ដែល​ជា​ទីទុកចិត្ត​។

លោក​បញ្ជាក់ថា​៖ «​បើ​បុរី​យើង​សុវត្ថិភាព បរិស្ថាន​ស្អាត នរណាៗ​ក៏​គេ​ចង់ទៅ​រស់នៅ​ដែរ ព្រោះ​គ្មាន​ចោរលួច ចោរ​គាស់​ផ្ទះ​គាត់​។ រីឯ​បុរី​ខ្លះ​ដែល​ម្ចាស់ផ្ទះ​ទៅ​ផ្សារ​តែ​បន្ដិច ហើយ​មកវិញ ចោរលួច​លុយ លួច​មាសប្រាក់​អស់ អ៊ីចឹង​គ្មាន​នរណា​គេ​ចង់ទៅ​រស់នៅ​ទេ​។ ដូច្នេះ​ចំណុច​នេះ យើង​ទាំងអស់​គ្នា​ត្រូវ​ធ្វើ​រួមគ្នា ទើប​ការងារ​សន្ដិសុខ សុវត្ថិភាព​ហ្នឹង​ប្រព្រឹត្ត​ទៅ​បាន​ល្អ​»​។

លោក លឹម សុខារស្មី ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សន្តិសុខ​ឯកជន​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​ ៥ ​ខែ​សីហា​ ថា នៅ​រាជធានី​ភ្នំពេញ​មាន​ក្រុមហ៊ុន​ផ្ដល់​សេវា​សន្តិសុខ​ឯកជន​កំពុង​ដំណើរការ​ចំនួន ១៩១​ ​ក្រុមហ៊ុន​ដោយ​មាន​ភ្នាក់ងារ​សន្តិសុខ​ឯកជន​ចំនួន ៦ ៣៨៨ ​នាក់​ស្មើនឹង ១ ៤៣៦ ​គោលដៅ​។ ដោយឡែក​សហគ្រាស​គ្រឹះស្ថាន ៨៨២ គ្រឹះស្ថាន​មាន​ភ្នាក់ងារ​សន្តិសុខ​ឯកជន​ចំនួន ៥ ៦៨០ នាក់​ស្មើនឹង ៨៨២ ​គោលដៅ​។

លោក​បន្តថា ក្រុមការងារ​ទទួល​បាន​ទិន្នន័យ​បុរី​នៅក្នុង​រាជធានី​ភ្នំពេញ​ដែល​បាន​ចុះបញ្ជី​សុំច្បាប់​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​មាន​ចំនួន ១៥២ ​បុរី ប៉ុន្តែ​ក្រុមការងារ​បាន​ចុះ​ជាក់ស្តែង​បាន​ត្រឹម​តែ ១២៥ បុរី​ប៉ុណ្ណោះ​ដោយ​មាន​បុរី​មួយចំនួន​បាន​បោះបង់​គម្រោង និង​មួយចំនួន​ទៀត​កំពុង​សាងសង់​មិនបាន​ប្រើប្រាស់​ភ្នាក់ងារ​សន្ដិសុខ​ឯកជន​។ នៅក្នុង​ចំនួន ១២៥ បុរី​នេះ​មាន​ចំនួន​ខ្នង​ផ្ទះ​ចំនួន ៧០ ១៦២ ​ខ្នង​​ នៅលើ​ផ្ទៃដី ៣ ៧៩១ ​ហិកតា និង​មាន​ភ្នាក់ងារ​សន្តិសុខ​ឯកជន​ចំនួន ១ ១៨២ ​នាក់​កំពុង​ថែរក្សា​សន្ដិសុខ​។

លោក​បញ្ជាក់ថា​៖ «​ភ្នាក់ងារ​សន្តិសុខ​ឯកជន​នេះ​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​កិច្ចការពារ ថែរក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សង្គម និង​ទ្រព្យសម្បត្តិ អាយុជីវិត​ប្រជាពលរដ្ឋ​នៅក្នុង​រាជធានី​ភ្នំពេញ​។ សមិទ្ធផល​ទាំងនេះ​បាន​ធ្វើឲ្យ​ថ្នាក់ដឹកនាំ​តែងតែ​យកចិត្ត​ទុកដាក់​គាំទ្រ គាំពារ​នូវ​វិស័យ​សន្តិសុខ​ឯកជន ជាពិសេស​ភ្នាក់ងារ​សន្តិសុខ​ឯកជន​ដែល​ជា​កម្លាំង​ជំនួយ​ដ៏សំខាន់​ដល់​កម្លាំង​នគរបាល​ជាតិ​ក្នុង​ការរួមចំណែក​ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​ជូន​សង្គមជាតិ​»​។

តំណាង​ បុរី ប៉េង ហួត ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ធ្វើ​បទបង្ហាញ​នៅក្នុង​វិធី​នោះ​ថា បុរី ប៉េង ហួត មាន​ទស្សនៈវិស័យ​វែងឆ្ងាយ​ដោយ​បាន​គិតគូរ​ពី​សន្ដិសុខ សុវត្ថិភាព និង​អនាម័យ​ជា​ចម្បង​។ បុរី ប៉េង ហួត នៅមាន​គម្រោង​អភិវឌ្ឍន៍​ជាច្រើន ជាពិសេស​ការចូលរួម​ក្នុង​កិច្ចការ​សង្គម មនុស្សធម៌ និង​កិច្ចការ​បរិស្ថាន​ជាដើម​។

លោក​ថា​៖ «​សន្ដិសុខ​យើង​នៅក្នុង​បុរី ប៉េង ហួត គឺ​សុទ្ធ​តែ​មាន​ជំនាញ វិជ្ជាជីវៈ និង​ការអប់រំ​បាន​ច្បាស់លាស់ អ៊ីចឹង​ការមាន​សន្ដិសុខ​ល្អ គឺជា​ការផ្ដល់​ទំនុកចិត្ត ភាពកក់ក្ដៅ​ដល់​អតិថិជន​រស់នៅក្នុង​បុរី​យើង​។ លើស​ពីនេះ យើង​ពិនិត្យ​សុខភាព​គាត់​តាមរយៈ​ការពិនិត្យ​ទឹកនោម​រក​គ្រឿងញៀន និង​ជួស​ឈាម​គាត់​រក​មេរោគ​ផ្សេងៗ​ទៀត​។ ក្រៅពីនេះ​យើង​បានដាក់​កាមេរ៉ា​សុវត្ថិភាព​តាម​ច្រកចេញចូល និង​រថយន្ត​ពន្លត់​អគ្គិភ័យ ដើម្បី​ការពារ​គ្រោះ​អគ្គិភ័យ​ជាយថាហេតុ​»៕