​​ភ្នំពេញ៖ លោក ឆន ផល្លា សកម្ម​ជន​ការ​ពារ​ព្រៃ​ឈើ​ជន​ជាតិ​ដើម​ភាគ​តិច​បាន​អះអាង​ជា​​ថ្មី​ទៀត នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ថ្ងៃ​​ទី​ ១៦ ខែ​កក្កដា​ ថា ​លោក​ត្រូវបាន​គេ​ព្រួត​វាយ​នៅក្នុង​វេទិកា​សាធាររណៈ ដែល​រៀប​ចំឡើង​ដោយ​​អាជ្ញាធរ​ស្រុក​លំផាត់ ហើយ​បានស្នើ​ឱ្យមាន​ការ​ជួយ​អន្តរាគមន៍ពី​​​លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ឱ្យជួយ​រក​យ​ុត្តិ​ធម៌ ក្រោយពី​អាជ្ញាធរ​និង​ប៉ូលិស​ខេត្ត​ បាន​បដិសេធ​ចំពោះ​ការ​​លើក​ឡើង​​នេះ​​។​

​លោក ឆន ផល្លា ដែលជា​​ជនជាតិដើម​ភាគតិច​ទំពួន​ នៅ​ភូមិ​សមុទ្រ​ក្រោម ឃុំ​សេ​ដា ស្រុក​លំផាត់​ នៅតែ​អះអាងថា លោក​ត្រូវបាន​​គេ​វាយ​ដំ​ឱ្យមាន​ស្នាមរបួស​និង​គ្រាំ​ពេញ​ខ្លួន​ កាលពី​ថ្ងៃទី​ ៨​​ ខែ​កក្កដា នៅក្នុង​វេទិកា​ជួបជុំ រ​​វាង​មន្ត្រី​ និង​ពលរដ្ឋ​ដែល​រៀបចំ​ដោយ​រដ្ឋបាល​ស្រុក​លំ​បាត់​។​

​លោក​បន្តថា ការវាយដំ​នេះ គឺ​កើតឡើងដោយសារ​មានការ​ខឹងសម្បារ​រូបលោក ដែល​បានដាក់​ពាក្យ​ប្ដឹង​បរិហារ​មន្ត្រី​ និង​ពលរដ្ឋ​មួយចំនួន​ជា​បន្តបន្ទាប់ អំពី​ការ​បណ្ដែត​ប​ណ្ដោ​យ និង​ឃុ​បឃិត​គ្នា ដើម្បី​កាប់​បំផ្លាញ​​ព្រៃឈើ និង​ការទន្ទ្រាន​ដីព្រៃ​ខុសច្បាប់នៅក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់​ និង​ដីព្រៃ​សហគមន៍​ជនជាតិដើមភាគ​តិច​ ដែលជា​ដីចម្ការ​វិលជុំ ដី​លំនៅឋាន ដី​បម្រុង​ទុក ដីព្រៃ​កប់​សព និង​ដី​អារក្ស​សម្រាប់​សែនព្រេន​។​

​លោក ផល្លា បញ្ជាក់​ថា ការវាយដំ​លើ​រូបលោក គឺ​កើតឡើង​​​នៅក្នុង​វេទិកា​ដែល​​មាន​ទាំង​មន្ត្រី​ និង​ពលរដ្ឋ​បាន​ឡើង​និយាយពី​ឈ្មោះ​របស់លោកធ្វើជា​ប្រធានបទ​សំខាន់ និង​នៅពេលដែល​លោក​ឆ្លើយតប​ថា លោក​ប្ដឹង​តែ​ជនល្មើស​ ដែល​ទៅកាប់​​ទន្ទ្រាន​ដីព្រៃ​ ដែល​រដ្ឋ​ហាមឃាត់​ប៉ុណ្ណោះ​។​

លោក​ ផល្លា ចង់ឱ្យ​ក្រសួង​ពាក់ព័ន្ធ ជាពិសេស​លោកនាយករ​ដ្ឋ​មន្ត្រីជួយ​រក​យុត្តិធម៌ ដោយ​​លោកថា លោក​​គឺជា​ពលរដ្ឋ​ម្នាក់​ ដែល​អនុវត្តតាម​​ប្រសាសន៍របស់លោក ហ៊ុន សែន ដែល​​ស្នើឱ្យ​ពលរដ្ឋ​ចូលរួម​ការពារ​ធន​ធាន​ធម្មជាតិ​កុំឱ្យ​បាត់បង់​។​

​លោក​​បញ្ជាក់​ថា​៖ «​នៅពេល​ខ្ញុំ​ឡើង​ឆ្លើយតប​ពេល​ហ្នឹង គឺ​ស្រាប់​តែមាន​គេ​មក​វ៉ៃ​ខ្ញុំ​តែម្ដង ហើយ​ខ្ញុំ​ក៏​រត់​ហើយ​គិត​ថា បើ​រត់​ទៅផ្ទះក៏​អត់​រួច​ដែរ អ៊ីចឹង​មានតែ​រត់​មក​កន្លែង​អាជ្ញាធរ​ទេ គឺ​ខ្ញុំ​រត់​​ទៅ​កន្លែង នូ ថេរ (​អភិបាល​ស្រុក​លំផាត់) តែម្ដង​»​។​

​ការធ្វើ​សន្និសីទ​កាសែត​​របស់លោក ឆន ផល្លា នេះ គឺ​​ធ្វើ​ឡើង​បន្ទាប់ពី លោក នូ ថេរ អភិបាលស្រុក​លំ​ផាត់ ​​ចេញ​លិខិត​បដិសេធថា លោក ឆន ផល្លា បាន​និយាយ​ខុសពី​ប្រធានបទ និង​បាន​អុកឡុក​បង្ក​កា​រ​រំខាន​ក្នុង​វេទិកា ព្រមទាំង​បាន​ថត​​រូប​បង្ហោះ​គ្មាន​ការអនុញ្ញាត ទើប​ប្រជាពលរដ្ឋ​បាននាំគ្នា​ដកហូត​ទូរស័ព្ទ​មក​រក្សាទុក​។​

​ស្នងការ​នគរបាល​ខេត្តរតនគិរី​ ក៏បាន​រាយការណ៍​មក​អគ្គស្នងការ​នគរ​បាល​ជាតិ​​ផង​ដែរ​ថា លោក ផល្លា បាន​ឡើង​និយាយក្នុង​វេទិកា​បរិហារកេរ្តិ៍​ ចោទប្រកាន់​ពលរដ្ឋ និង​អាជ្ញាធរ​ ធ្វើ​ឱ្យ​ពលរដ្ឋ​ខឹងសម្បា​ងើប​តវ៉ា បង្កឱ្យមាន​ភាពច្របូកច្របល់​ក្នុង​ពិធី​ ហើយ​ត្រូវ​អាជ្ញាធរ​ឃាត់​រារាំង​ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់​ឡើង​វិញ​។​

​លោក នី សុខា ប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី នៃ​សមាគម​អាដហុក​បាន​ថ្លែង​​ថា ប្រសិនបើ​ការប្រើប្រាស់​អំពើហិង្សា​ទៅលើ​ពលរដ្ឋ​ជា​សកម្មជន​ការពារ​ព្រៃឈើ មិន​ត្រូវបាន​ស៊ើបអង្កេត​ ដើម្បី​ស្វែងរក​យុត្តិធម៌​ទេនោះ នឹង​ធ្វើឱ្យ​ពលរដ្ឋ​ផ្សេង​ទៀត លែង​ហ៊ាន​ចូលរួម​ការពារ​ព្រៃឈើ​។​

​លោក​​បញ្ជាក់​ថា​៖ «​ខ្ញុំ​យល់ថា ពីនេះ​តទៅអ្នកការពារ​ព្រៃឈើ និង​ការពារ​ធនធានធម្មជាតិ​លែង​ហ៊ាន​ចេញមុខ​ការពារ​ហើយ ព្រោះ​បើ​ចេញ​ការពារ​ទៅ​គេ​ធ្វើបាប ហើយ​គ្មាន​ការរកឃើញ​ខុសត្រូវ​ឱ្យ​គាត់ អ៊ីចឹង​វា​គឺជា​រឿង​ជះឥទ្ធិពល​មិនល្អ​ទេ ហើយ​ខ្ញុំ​គិតថា រដ្ឋាភិបាលនឹងមិន​ព្រងើយកន្ដើយ​ទេ​ នៅក្នុង​រឿង​ហ្នឹង​»​។

​ប៉ុន្តែ​លោក ជិន ម៉ា​លីន ​អ្នក​​នាំពាក្យ​ក្រសួងយុត្តិធម៌​ និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​សិទ្ធិមនុស្ស​កម្ពុជា​បាន​​ថ្លែង​ថា តាម​​ការបញ្ជាក់​មកពី​មន្ត្រី​មូលដ្ឋាន គឺ​មិនមែនជា​ករណី​ប្រើ​អំពើហិង្សា​អី​ទេ ប៉ុន្តែ​ដោយ​សារ​​ប្រជាជន​ទប់​កំហឹង​មិនបាន ក៏បាន​កើតមាន​ការ​វាយតប់ ​រវាង​ប្រជាជន​ និង​ប្រជាជន​ប៉ុណ្ណោះ​។

លោក​​បញ្ជាក់​ថា​៖ «​ប៉ុន្តែ​ជា​ទិដ្ឋភាព​ច្បាប់ គឺ​គាត់​ដែល​អះអាងថា មាន​មូលដ្ឋាន​ច្បាស់​ថា គាត់​ពិត​​ជា​ទទួល​រង​​ការបំពាន​ឬក៏​រង​នូវ​អំពើហិង្សា អាហ្នឹង​គាត់​អាចមាន​សិទ្ធិ​ធ្វើការ​ប្ដឹងផ្ដល់​តាមផ្លូវ​ច្បាប់​បាន ដើម្បី​ដាក់​ភ័ស្ដុតាង ​និង​មូលដ្ឋាន​ច្បាស់លាស់​ថា មាន​បទល្មើស​កើតឡើង​ ហើយ​ការធ្វើ​សន្និសីទ អាហ្នឹង​វា​ជា​រឿង​ទូទៅ​ និង​ជា​រឿង​នយោ​បាយ ដែល​ក្រុម​សកម្មជន​ទូទៅ​ តែងតែ​ធ្វើ ដើម្បី​កេងចំណេញ​ផ្នែក​នយោ​បាយ​»៕​