ភ្នំពេញៈ ​អគ្គស្នងការរង​នគរបាល​ជាតិ​លោកនាយ​ឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បាន​លើកឡើង​ថា​ «​ការស្រាវជ្រាវ​ស៊ើបអង្កេត​ទៅលើ​បទល្មើស​ដែល​ពាក់ព័ន្ធ​ទៅនឹង​ប្រព័ន្ធ​បច្ចេកវិទ្យា​ក្នុង​យុគសម័យ​ថ្មី​នេះ មិនមែន​ជា​ការតស៊ូ​ប្រយុទ្ធ​ប្រឆាំង​បែប​សាមញ្ញ​ពេក​នោះទេ​» ​ខណៈ​បច្ចេកវិទ្យា​កំពុង​រីកចម្រើន​ដែល​ទាមទារ​ឲ្យ​មន្ត្រី​អនុវត្ត​ច្បាប់​បង្កើន​សមត្ថភាព​ឲ្យ​រឹតតែ​ប្រសើរឡើង​។

ការថ្លែង​របស់​លោក ឆៃ ស៊ីណារិទ្ធ បែប​នេះ​បាន​ធ្វើ​ឡើង​​នៅក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​​ស្ដីពី​ «​នីតិវិធី​នៃ​ការស្រាវជ្រាវ​​ និង​បង្ក្រាប​បទល្មើស​បច្ចេកវិទ្យា​» ​នៅ​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃចន្ទ​ក្រោម​កិច្ចសហប្រតិបត្តិការ​​រួមគ្នា​រវាង​នគរបាល​នៃ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​កម្ពុជា និង​នគរបាល​សិង្ហបុរី ។

នៅ​ចំពោះមុខ​សិក្ខាកាម​ចំនួន​ ៨០ ​នាក់ ​ដែល​សុទ្ធសឹង​ជា​មន្ត្រី​នគរបាល​ជំនាញ​មកពី​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា និង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ស៊ីណារិទ្ធ បាន​ថ្លែងថា បច្ចេកវិទ្យា​ជា​អ្នក​ផ្លាស់ប្តូរ​ជីវិត​មនុស្ស និង​សង្គម​នៅ​គ្រប់​ទីកន្លែង​លើ​ពិភពលោក​។ អ៊ីនធឺណិត​ទៀតសោត​ក៏​ជា​ផ្នែក​ដ៏សំខាន់​ចាំបាច់​នៅក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ដែល​អាច​ចាត់ទុក​ជា​បេះដូង​នៃ​អារ្យធម៌​សម័យថ្មី​ផងដែរ​។ ចំណែក​ការសិក្សា ស្រាវជ្រាវ ស៊ើបអង្កេត​ទៅលើ​បទល្មើស​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ប្រព័ន្ធ​បច្ចេកវិទ្យា​ក្នុង​យុគសម័យ​​ថ្មី​នេះ​មិនមែន​ជា​ការតស៊ូ​ប្រយុទ្ធ​ប្រឆាំង​បែប​ «​សាមញ្ញ​ពេក​» ​នោះទេ​។

លោក​បាន​បញ្ជាក់ថា​៖ «​បច្ចេកវិទ្យា​កាន់តែ​រីកចម្រើន ការប្រយុទ្ធ​ប្រឆាំង​ទៅនឹង​បទលើ្មស​បច្ចេកវិទ្យា​កាន់តែ​មាន​ភាពស្មុគស្មាញ​ស៊ីជម្រៅ​ដែល​ទាមទារ​ឲ្យ​មន្ត្រី​អនុវត្ត​ច្បាប់​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​បង្កើន​សមត្ថភាព​យល់ដឹង​ឲ្យ​កាន់តែ​ប្រសើរ​ឡើងជា​លំដាប់​»​។

ទាក់ទង​នឹង​បញ្ហា​នេះដែរ​លោក ជា ពៅ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា វគ្គ​បណ្ដុះបណ្ដាល​នេះ​មាន​រយៈពេល​ ៥ ​ថ្ងៃ​ (​ពី​ថ្ងៃ​ ២៤-២៨ កុម្ភៈ​) ​ដោយ​ផ្ដោត​សំខាន់​លើ​នីតិវិធី​នៃ​ការស្រាវជ្រាវ ស៊ើបអង្កេត​ស្វែងរក​វត្ថុតាង​នានា​​ពាក់ព័ន្ធ​នឹង​បទល្មើស​បច្ចេកវិទ្យា​ដើម្បី​ឲ្យ​មន្ត្រីនគរបាល​ជំនាញ​យក​ទៅ​ពង្រឹង​សមត្ថភាព​ក្នុង​ក្របខ័ណ្ឌ​ការងារ​របស់​ខ្លួន ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់ ហើយ​នេះ​គឺជា​វគ្គ​បណ្ដុះបណ្ដាល​ដំបូង​សម្រាប់​ឆ្នាំនេះ​។

លោក​ ពៅ បាន​បញ្ជាក់ថា​៖ «​តាមរយៈ​គ្រូ​ឧទ្ទេសនាម​ដ៏មាន​បទពិសោធ​ក្នុង​ការស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​បច្ចេកវិទ្យា​មកពី​ប្រទេស​ សិង្ហបុរី យើង​សង្ឃឹម​ថា មន្ត្រី​នគរបាល​ជំនាញ​របស់​យើង​នឹង​ខិតខំ​ក្រេប​យក​បទពិសោធ និង ចំណេះដឹង​ថ្មីៗ​បន្ថែម​ទៀត​ស្ដីពី​ការវិវឌ្ឍ​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា​ដើម្បី​យក​ទៅ​ពង្រឹងសមត្ថភាព​ផ្ទាល់ខ្លួន​ក្នុង​ការងារ​ស្រាវជ្រាវ​ស៊ើបអង្កេត​បទល្មើស​ដែល​ពាក់ព័ន្ធ​បច្ចេកវិទ្យា​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​»​។

លោក ពៅ បាន​ឲ្យ​ដឹង​ដែរ​ថា សម្រាប់​ថ្ងៃ​ដំបូង​នៃ​វគ្គ​នេះ គ្រូឧទ្ទេសនាម​មកពី​ប្រទេស​សិង្ហបុរី​បាន​លើកយក​បទពិសោធ​​របស់​គាត់​ទាក់ទង​នឹង​ការស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​បច្ចេកវិទ្យា​ក្នុង​ប្រទេស​សិង្ហបុរី​មក​ចែករំលែក​ដល់​សិក្ខាកាម​ហើយ​នៅ​ថ្ងៃ​បន្ទាប់ សិក្ខាកាម​ទាំងអស់​នឹង​រៀន​អំពី​នីតិវិធី​ស្រាវជ្រាវ​ស្ដីពី​ដំណើរការ​គ្រប់គ្រង និង​ចរន្ត​ប្រើប្រាស់​រូបិយប័ណ្ណ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ (Crypto currency), បច្ចេកទេស​នៃ​ការឆបោក​តាម​បណ្តាញ​សង្គម ការស៊ើបអង្កេត​បទល្មើស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត,​ការស្រាវជ្រាវ និង​ស៊ើបអង្កេត​រក​ភ័ស្តុតាង​នៅក្នុង​ឧបករណ៍​អេឡិចត្រូនិក និង​ការអនុវត្ត​ជាក់ស្តែង​៕