ភ្នំពេញៈ លោក ជា ចំរើន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនបានដាក់លិខិតស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សុំលាឈប់ពីសមាជិកបក្សដែលនេះអាចថាជាការលាលែងដ៏កម្រមួយខណៈដែលកន្លងមកមានមន្ត្រីពីបក្សផ្សេងៗជាច្រើនបានទៅសុំចុះចូលជាមួយគណបក្សដែលកាន់អំណាចយូរអង្វែងមួយនេះ។
ក្នុងលិខិតចុះថ្ងៃទី ១៨ ខែវិច្ឆិកាលោក ជា ចំរើន បានអះអាងថាលោកបានចូលបម្រើជាសមាជិកគណបក្សប្រជាជនតាំងពីឆ្នាំ ១៩៩៣ មកហើយលោកសុំលាឈប់ពីការងារគណបក្សចាប់ពីពេលនេះតទៅដោយមិនបានបញ្ជាក់ពីមូលហេតុនោះឡើយ។ ភ្នំពេញប៉ុស្តិ៍មិនអាចសុំការឆ្លើយតបពីលោក ជា ចំរើន បានទេកាលពីម្សិលមិញដោយទូរស័ព្ទចូលតែមិនមានអ្នកទទួល។ យ៉ាងនេះក្តីយោងតាមបទសម្ភាសជាមួយវិទ្យុសំឡេងសហរដ្ឋអាមេរិក VOA លោក ចំរើន បានបញ្ជាក់ថាមូលហេតុនៃការលាឈប់នេះគឺលោកចង់មានឱកាសបង្កើតគណបក្សនយោបាយមួយដើម្បីប្រមូលផ្តុំដោយក្រុមបញ្ញវន្ត និងយុវជនដើម្បីរៀបចំគោលដៅប្រជាធិបតេយ្យព្រោះលោកមិនចង់ឃើញទិដ្ឋភាពទូទៅសព្វថ្ងៃរវាងបក្សទាំងពីរដែលមានអំណាចនៅឈ្លោះគ្នាមិនគិតខ្វល់អំពីប្រជារាស្ត្រនៅតាមមូលដ្ឋានដែលដាច់បាយ ដាច់ទឹក បាត់បង់ស្រែចម្ការអត់មានអ្នកចុះទៅជួយមើលនោះទេ។ លោកគូសបញ្ជាក់ក្នុងបទសម្ភាសនោះថានៅក្នុងគណបក្សប្រជាជនលោកមិនអាចធ្វើការងារបម្រើសង្គមបានទេដោយសារថាសិទ្ធិរបស់លោកមានកម្រិត។
អ្នកនាំពាក្យគណបក្សប្រជាជនលោក សុខ ឥសាន បានថ្លែងថាលោក ជា ចំរើន មិនមែនជាមនុស្សសំខាន់របស់បក្សនេះដែរ។ លោកថា៖ «យើងមានសមាជិកជាង ៥ លាននាក់ហើយការសម្រេចចិត្តនេះជារឿងបុគ្គលរបស់គាត់គ្មានអ្វីប៉ះពាល់ដល់បក្សទេព្រោះគាត់ក៏មិនមានសារៈសំខាន់អីដែរក្នុងគណបក្សនេះ»។ លោក ចំរើន បច្ចុប្បន្នជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា (CUP) និងជាប្រធានអង្គការ KYDO ហើយក៏ធ្លាប់ជាអតីតសមាជិករដ្ឋសភាគណបក្សប្រជាជនមួយអាណត្តិផងដែរ៕