ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​តែងតាំង​សមាសភាព​ថ្មី​ ១ ​ក្រុម​ទៀត​នៃ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី ដោយ​មាន​លោក​ឧបនាយក​រដ្ឋមន្ត្រី​ ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ជា​ប្រធាន​ដែល​អម​ដោយ​ទេសរដ្ឋមន្ត្រី​ជា​អនុប្រធាន​ ១ ​រូប និង​សមាជិក​ ១៩ ​រូប​។ នេះ​បើ​យោង​តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កាលពី​ថ្ងៃទី​ ១៣ ខែ​ធ្នូ ឆ្នាំ​ ២០១៨​។

តាម​អនុក្រឹត្យ ចែង​ថា​សមាសភាព​ថ្មី​នៃ​អាជ្ញាធរ​ដោះស្រាយ​ទំនាស់​ដីធ្លី​នេះ មាន​លោក​ទេសរដ្ឋមន្ត្រី​ ឃុន ហាំង ជា​អនុប្រធាន​ប្រចាំការ និង​មាន​សមាជិក​ចំនួន​ ២០ ​រូប​ផ្សេង​ទៀត​ដែល​ជា​រដ្ឋមន្ត្រី រដ្ឋលេខាធិការ អគ្គលេខាធិការ មកពី​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន​ ១៨ ​រូប​រួម​ទាំង​អភិបាល​រាជធានី-ខេត្ត​ក៏​ជា​សមាជិក​នៃ​អាជ្ញាធរ​ដោះស្រាយ​វិវាទ​ដីធ្លី​នេះ​ដែរ​។

ក្រៅពី​សមាសភាព​ថ្នាក់ដឹកនាំ​ខាង​លើ​រាជរដ្ឋាភិបាល​ក៏​បាន​តែងតាំង​សមាសភាព​ចំនួន​ ២៥ ​រូប​ផ្សេង​ទៀត​ជា​អគ្គលេខាធិការ អគ្គលេខាធិការរង​ និង​ជា​សមាជិក​នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី​នេះ​ផង​ដែរ​។

យោង​តាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​ ២៦ ខែ​កុម្ភៈ ឆ្នាំ​ ២០០៦ នៃ​ការបង្កើត​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​បាន​បង្ហាញ​ថា​អាជ្ញាធរ​ជាតិ​នេះ​បង្កើត​ឡើង​ដើម្បី​ដោះស្រាយ​ទំនាស់​ដីធ្លី កាត់បន្ថយ​អតិបរមា និង​ឈាន​ទៅ​លុប​បំបាត់​ចោល​ទាំងស្រុង​នូវ​បញ្ហា​ជម្លោះ​ដីធ្លី​នៅ​កម្ពុជា​។

មាត្រា​ ៣ នៃ​ព្រះរាជក្រឹត្យ​នេះ​បាន​កំណត់​អំពី​តួនាទី សិទ្ធិ​អំណាច​របស់​អាជ្ញាធរ​ជាតិ ដោះស្រាយ​ទំនាស់​ដីធ្លី​នេះ​ដោយ​មាន​បេសកកម្ម​ទប់ស្កាត់ និង​កាត់បន្ថយ​ទំនាស់​ដីធ្លី តាមរយៈ​ការអប់រំ ផ្សព្វផ្សាយ​ឲ្យ​សាធារណជន​យល់​ដឹង​អំពី​ផលវិបាក​បណ្តាល​មកពី​ទំនាស់​ដីធ្លី និង​មាន​វិធានការ​ដាក់​វិន័យ​ចំពោះ​ជនល្មើស​ដែល​បាន​រំលោភបំពាន​លើ​បញ្ហា​ដីធ្លី​ដោយ​ខុសច្បាប់​ជា​ធរមាន​។

មាត្រា​ ៣ ​នៃ​ព្រះរាជក្រឹត្យ​ដដែល​នេះ​បាន​កំណត់​ទៀត​ថា​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​មាន​បេសកកម្ម​ទទួល​សំណុំ​រឿង​ទំនាស់​ដីធ្លី​ដែល​ហួស​ពី​សមត្ថកិច្ច​គណៈកម្មការ​សុរិយោដី​ថ្នាក់ជាតិ និង​ទទួល​ពាក្យ​បណ្តឹង​ពី​គ្រប់​មជ្ឈដ្ឋាន​ពាក់ព័ន្ធ​ទំនាស់​ដីធ្លី​។ ស្វែង​យល់​ស៊ើប​អង្កេត និង​ដោះស្រាយ​ទំនាស់​ដីធ្លី​។ ឃ្លាំមើល​ការដោះស្រាយ​ទំនាស់​ដីធ្លី​របស់​គណៈកម្មការ​សុរិយោដី និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​។ ធ្វើ​របាយការណ៍​អំពី​លទ្ធផល​ការងារ​នៃ​ការ​ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​។

លោក ថេង សាវឿន ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) បាន​លើក​ឡើង​ថា​ការតែងតាំង​សមាសភាព​ថ្មី​នៃ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី ព្រោះ​កត្ដា​បញ្ហាដីធ្លី​នៅ​រយៈកាល​ចុងក្រោយ​នេះ​មាន​ការកើតឡើង​ច្រើន នៅ​តាម​ខេត្ដ-ក្រុង​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា ពិសេស​កត្ដា​ដី​ឡើង​ថ្លៃ​។

លោក​បន្ដ​ថា​៖ «​ការតែងតាំង​សមាសភាព​ថ្មី​នៃ​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី​នេះ​អាច​មកពី​បញ្ហា​ជម្លោះ​ដីធ្លី​នៅ​មាន​ការកើតឡើង​ច្រើន ហើយ​មួយ​ទៀត​គឺ​បញ្ហា​ដីធ្លី​មាន​ការឡើង​ថ្លៃ​នេះដែរ​។ ពេល​ដីធ្លី​ឡើង​ថ្លៃ បញ្ហា និង​ជម្លោះ​ក៏​កើតឡើង​ដូច​យើង​បាន​ឃើញ​នាពេល​កន្លង​មក​នេះ​បញ្ហា​ជម្លោះ​ដីធ្លី​ក៏​មាន​ការតវ៉ា​ច្រើន​ដែរ​»​។

ទាក់ទង​នឹង​ការតែងតាំង​លោក​ឧបនាយក​រដ្ឋមន្ត្រី ជា សុផារ៉ា ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​នេះ​លោក សាវឿន ថ្លែង​ថា​ដោយសារ​កន្លង​មក​លោក​ ជា សុផារ៉ា បាន​ធ្វើ​ការងារ​ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​បាន​ជោគជ័យ​ជាច្រើន​។

លោក​បន្ថែម​ថា​៖ «​យើង​បាន​ឃើញ​ថា​លោក​រដ្ឋមន្ដ្រី​ក្រសួង​ដែនដី​គាត់​បាន​ដោះស្រាយ​បញ្ហា​ដីធ្លី​ជាច្រើន​បាន​ជោគជ័យ និង​បាន​ចាត់តាំង​មន្ដ្រី​ចុះ​ទៅ​អង្កេត​ចំពោះ​បញ្ហា​ដីធ្លី​នេះ​ជា​បន្ដបន្ទាប់​ដែរ​។ ដូច្នេះ​យើង​សង្ឃឹម​ថា​ឯកឧត្ដម​នឹង​មាន​ឆន្ទៈ​ក្នុង​ការដោះស្រាយ​បញ្ហា​ដីធ្លី​នេះ​នៅ​តាម​សហគមន៍​ដើម្បី​ឆាប់​បាន​បញ្ចប់​នូវ​បញ្ហា​នានា​ផង​ដែរ​បន្ទាប់ពី​ការតែងតាំង​នេះ​»​។

គួរ​បញ្ជក់​ថា​កាលពី​ថ្ងៃទី ​១៦ ខែ​តុលា ឆ្នាំ​ ២០១៨ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​សម្រេច​បង្កើត​ក្រុម​ការងារ​ចម្រុះ​មួយ​ផងដែរ ដើម្បី​ទទួល និង​ដោះស្រាយ​បណ្តឹង​តវ៉ា​ផ្សេងៗ​នៅ​មុខ​ភូមិគ្រឹះ លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ក្នុង​នោះ​មាន​នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​នាយករង​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី​ជា​ប្រធាន ព្រម​ទាំង​អម​ដោយ​អនុប្រធាន​ ៣​ រូប និង​សមាជិក​ជាង​ ១០ ​រូប​ផ្សេង​ទៀត​៕