The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - លោក​ ជា សុផារ៉ា បញ្ចប់​តំណែង​​ប្រធាន​​មន្ទីរ​ដែនដី​ខេត្ត​សៀមរាប

លោក​ ជា សុផារ៉ា បញ្ចប់​តំណែង​​ប្រធាន​​មន្ទីរ​ដែនដី​ខេត្ត​សៀមរាប

លោក​ ជា សុផារ៉ា ក្នុង​ពិធី​ឡើង​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​កាលពី​ខែ​មុន។
លោក​ ជា សុផារ៉ា ក្នុង​ពិធី​ឡើង​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​កាលពី​ខែ​មុន។ ផា លីណា

លោក​ ជា សុផារ៉ា បញ្ចប់​តំណែង​​ប្រធាន​​មន្ទីរ​ដែនដី​ខេត្ត​សៀមរាប

សៀមរាបៈ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា ដែល​ទើប​ចូល​កាន់​តំណែង​ថ្មី​បាន​សម្រេច​បញ្ចប់​តំណែង​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​សៀមរាប​លោក សែ សាមុត ឲ្យ​មក​​បម្រើ​ការងារ​នៅ​ក្រសួង​វិញ​ខណៈ​​មជ្ឈដ្ឋាន​មួយ​ចំនួន​យល់​ឃើញ​ថា​អាច​មក​ពី​​មន្ត្រី​រូប​នេះ​មាន​ភាព​អសកម្ម​ក្នុង​ការ​​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​នៅ​ក្នុង​ខេត្ត​ដែល​ជា​តំបន់​ទេសចរណ៍​ដ៏ល្បីល្បាញ​មួយ​នេះ។

បើ​តាម​ប្រកាស​ស្តីពី​ការ​បញ្ចប់​ភារកិច្ច និង​តែងតាំង​មន្ត្រីរាជការ​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ជា សុផារ៉ា កាលពី​ថ្ងៃ​ទី ១១ ខែ ឧសភា បាន​ឱ្យ​ដឹង​ថា​៖ ​«ត្រូវ​បញ្ចប់​ភារកិច្ច​លោក សែ សាមុត ជា​ប្រធាន​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​សុរិយោដី ខេត្ត​សៀមរាប​ដោយ​ចាត់​ឱ្យ​មក​បម្រើ​ការងារ​នៅ​អង្គភាព​ដើម​វិញ»។

សេចក្តី​ប្រកាស​បន្ត​ថា «ត្រូវ​បាន​តែងតាំង​លោក ហ៊ី សាយ ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ជំនួស​លោក សែ សាមុត​​»​។

ភ្នំពេញ​ប៉ុស្តិ៍​មិន​​​អាច​​សុំ​ការ​អធិប្បាយ​បន្ថែម​ពី​លោក សែ សាមុត បាន​ទេ​ខណៈ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល​។

អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី​លោក ជៀម សុផលមករា ថ្លែង​ថា​ការ​ផ្លាស់​លោក សែ សាមុត មក​​ធ្វើការ​នៅ​ក្រសួង​វិញ​ជា​បែបបទ​រដ្ឋបាល និង​ដើម្បី​ពង្រឹង​ការងារ​ប៉ុណ្ណោះ​មិន​មែន​គាត់​ធ្វើ​អ្វី​ខុស​ដូច​សារព័ត៌​ក្នុង​ស្រុក​ចុះ​ផ្សាយ​នោះ​ទេ​។

លោក​​ថា៖ «និយាយ​ឱ្យ​ចំ​ទៅ​នេះ​គ្រាន់​តែ​ជា​ការ​ពង្រឹង​កែទម្រង់​របស់​រដ្ឋមន្ត្រី ជា សុផារ៉ា​»។

ក្នុង​​ទំព័រ​ហ្វេសប៊ុក​របស់​លោក ជា សុផារ៉ា ក៏​បាន​សរសេរ​ថា៖ ​«​ខ្ញុំ​បាន​តែងតាំង​លោក​ ហ៊ី សាយ ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ ​និង​សុរិយាដី​ខេត្ត​ជំនួស​ លោក​ សែ សាមុត ដែល​ត្រូវ​ទទួល​ភារកិច្ច​ថី្ម​សូម​​បងប្អូន​ក្នុង​ខេត្ត​សៀមរាប​ណែនាំ​បំពេញ​បនែ្ថម​សហការ​ដោយ​​ចាត់​ទុក​ជា​កូន​ចៅ​ដើម្បី​ឲ្យ​មន្រី្ត​រូប​នេះ​បម្រើ​បងប្អូន​ប្រកប​ដោយ​​​សា្មរតី​វិជា្ជជីវៈ​ចេះ​គោរព​ និង​ស្រឡាញ់​ប្រជាជន​»។

លោក ជា សុផារ៉ា ដែល​ទើប​ចូល​កាន់​តំណែង​បាន​ជាង​មួយ​ខែ​ថ្មីៗ​នេះ​ក៏​បាន​​ព្រមាន​ស្រង់​ឈ្មោះ​មន្ត្រី ឬ​ក្រុមហ៊ុន​ចូល​ក្នុង​​បញ្ជី​ខ្មៅ​សម្រាប់​ការ​ស្នើ​ចុះ​បញ្ជី ឬ​ផ្ទេរ​កម្មសិទ្ធិ​ដីធ្លី​រាល់​បុគ្គល​ណា​ដែល​តែងតែ​រំលោភ​ដីធ្លី​ប្រជាពលរដ្ឋ​ទោះ​ឋានៈ​ធំ​ប៉ុន​ណា​ក៏ដោយ​។

លោក សុផារ៉ា ក៏​បាន​ព្រមាន​ដល់​ក្រុមហ៊ុន​ណា​ដែល​បាន​សាងសង់​រំលោភ​ចិញ្ចើម​ផ្លូវ​​សាធារណៈ​ផង​ដែរ​។

អ្នក​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ​ប្រចាំ​ខេត្ត​សៀមរាប​លោក នូ ពុទ្ធិ កត់សម្គាល់​ឃើញ​ថា​ដំណើរការ​នៃ​ការ​ផ្លាស់ប្តូរ​មន្ត្រី​ជា​រឿង​ធម្មតា​ក្នុង​ការ​គ្រប់គ្រង និង​បំពេញ​ការងារ​ឱ្យ​ប្រសើរ​ជាង​មុន។ តែ​លោក​សង្ឃឹម​ថា​ប្រធាន​មន្ទីរ​ថ្មី​អាច​នឹង​ដោះស្រាយ​រាល់​កង្វល់​របស់​ប្រជាពលរដ្ឋ​ឱ្យ​មាន​ប្រសិទ្ធភាព​​បន្ថែម​ទៀត។

លោក​បន្ត​ថា៖ «យើង​មិន​ទាន់​អាច​វាយតម្លៃ​ប្រធាន​មន្ទីរ​ថ្មី​មាន​ជំនាញ​កម្រិត​ណា​ទេ​តែ​យើង​សង្ឃឹម​ថា​រឿង​ដែល​នៅ​សេសសល់ (បញ្ហា​ដី​ធ្លឺ​) ​កន្លង​មក​គាត់​នឹង​បន្ត​យក​ចិត្ត​ទុក​ដាក់​​ដោះស្រាយ​ឱ្យ​ប្រសើរ​ជាង​មុន​ថែម​ទៀត​ខណៈ​ដែល​ជម្លោះ​ដីធ្លី​របស់​​ប្រជាសហគមន៍​មិន​ត្រូវ​បាន​ដោះស្រាយ​​ជាច្រើន​ឆ្នាំ​មក​ហើយ​»។

លោក នូ ពុទ្ធិ ក៏​បាន​ជំរុញ​ឱ្យ​លោក ហ៊ី សាយ ពន្លឿន​នូវ​ការ​ចុះ​​បញ្ជី​កម្មសិទ្ធិ​ដីធ្លី​ជា​ប្រព័ន្ធ​ឱ្យ​​បាន​ឆាប់​រហ័ស​ ខណៈ​​លោក​សង្កេត​ឃើញ​ថា​ការ​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​កន្លង​មក​មាន​ការ​យឺតយ៉ាវ​ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​នៅពេល​ពួកគេ​ចង់​ធ្វើ​អ្វី​មួយ​ដោយ​ផ្អែក​លើ​ប្លង់​កម្មសិទ្ធិ​ដីធ្លី។

បើ​តាម​អង្គការ​សង្គម​ស៊ីវិល​សៀមរាប​ក៏​ជា​ខេត្ត​មួយ​ដែល​មាន​បញ្ហា​វិវាទ​ដីធ្លី​ជាច្រើន​កើត​ឡើង​ផង​ដែរ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​តវ៉ា​ជា​ញឹកញាប់​៕

អត្ថបទគួរចាប់អារម្មណ៍