ភ្នំពេញៈ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានស្នើឱ្យរដ្ឋាភិបាលជប៉ុនជំរុញដល់គម្រោងអភិវឌ្ឍន៍ក្នុងវិស័យសំណង់នៅកម្ពុជា ដោយផ្តោតលើបញ្ហាសុវត្ថិភាព និងបច្ចេកទេស ខណៈរយៈពេល ២០ ឆ្នាំ ការវិនិយោគក្នុងវិស័យនេះមានទំហំទឹកប្រាក់ប្រមាណ ៦ ម៉ឺនលានដុល្លារ។
ការស្នើឡើងនេះបានធ្វើឡើងក្នុងវេទិការដ្ឋឯកជនលើកទី ២ ស្តីពី «ការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុន» កាលពីរសៀលថ្ងៃទី ១៦ ខែកុម្ភៈ ដោយមានការចូលរួមពីថ្នាក់ដឹកនាំកម្ពុជា និងជប៉ុនជាច្រើនរូបដោយក្នុងនោះក៏មានការចុះអនុស្សរណៈលើកិច្ចសហប្រតិបត្តិការរវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កម្ពុជា និងក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុនផងដែរ។
លោក ជា សុផារ៉ា បានថ្លែងថា រាជរដ្ឋាភិបាល និងប្រជាជនជប៉ុនតែងគាំទ្រដល់ប្រជាជនកម្ពុជាតាមរយៈសមិទ្ធផលជាច្រើនមានដូចជាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិ និងស្ពានសំខាន់ៗប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធគ្រប់គ្រងទឹកជំនន់ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ការអភិវឌ្ឍវារីអគ្គិសនី ការជួសជុលប្រាសាទបុរាណនានា ការការពារបរិស្ថាន ការកម្ចាត់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះក៏ដូចជាការបណ្តុះបណ្តាលដល់មន្ត្រីរាជការ និងនិស្សិតកម្ពុជាផងដែរ។
លោកបន្តថា ជាផ្លែផ្កានេះបានធ្វើឱ្យនគរូបនីយកម្ម និងការអភិវឌ្ឍអចលនទ្រព្យ និងសំណង់បានក្លាយជាសសរស្តម្ភស្នូលដែលជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ហើយជាក់ស្តែងទុនវិនិយោគក្នុងវិស័យសំណង់ក្នុងរយៈពេល ២០ ឆ្នាំ (២០០០-២០២០) មានប្រមាណ ៦០-៨៧២ លានដុល្លារ។
លោក ជា សុផារ៉ា ថ្លែងដោយរំពឹងថា ក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងទេសចរណ៍នៃប្រទេសជប៉ុន នឹងបន្តបង្កើនសកម្មភាព ជំរុញ និងពង្រឹងអនុវត្តលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំង ២ ដើម្បីកសាងការអភិវឌ្ឍក្នុងវិស័យសំណង់ វិស័យរៀបចំដែនដី និងនគរូបនីយកម្ម និងវិស័យលំនៅឋាននៅក្នុងប្រទេសកម្ពុជា។
លោកបញ្ជាក់ថា៖ «ក្នុងវិស័យសំណង់ ខ្ញុំស្នើឯកឧត្តមរដ្ឋមន្ត្រីជំរុញដល់គម្រោងអភិវឌ្ឍន៍សមត្ថភាពអនុវត្តច្បាប់ស្តីពីសំណង់ និងវិធីសាស្ត្រធានាសុវត្ថិភាពសំណង់ ជាពិសេសជំរុញគាំទ្រដល់ការអភិវឌ្ឍបទប្បញ្ញត្តិបច្ចេកទេសសំណង់ ការងារត្រួតពិនិត្យ និងបញ្ជាក់សំណង់ និងការដាក់ឱ្យដំណើរការមន្ទីរពិសោធន៍ជាតិស្តីពីសំណង់»។
ក្រៅពីនេះ លោកក៏បានអំពាវនាវ និងលើកទឹកចិត្តដល់ធុរជន និងក្រុមហ៊ុនជប៉ុន ចាប់ឱកាសដ៏ប្រសើរនេះ ចូលមកវិនិយោគ ឬចាប់ដៃគូវិនិយោគជាមួយក្រុមហ៊ុនកម្ពុជា ដើម្បីទទួលបាននូវផលប្រយោជន៍នានាពីរដ្ឋាភិបាលកម្ពុជា ក៏ដូចជាបានចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា។
លោក អាកាបាក់ ខាហ្សឺយូស៊ី រដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុនបានថ្លែងថា តាមរយៈកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំង ២ នឹងអាចឱ្យរដ្ឋាភិបាលជប៉ុន ក៏ដូចជាមន្ត្រីជំនាញជប៉ុនបានចែករំលែកនូវចំណេះដឹង និងបច្ចេកទេសរបស់ខ្លួនទៅកាន់ប្រទេសកម្ពុជា។
លោកបញ្ជាក់ថា៖ «អំពីកិច្ចសហប្រតិបត្តិការលើផ្នែកបទប្បញ្ញត្តិបច្ចេកទេសសំណង់ បណ្តុះបណ្តាលអ្នកត្រួតពិនិត្យ និងបញ្ជាក់សំណង់ និងមន្ទីរពិសោធន៍សំណង់ដែលគ្រោងនឹងអនុវត្តគម្រោងចាប់ពីខែមេសា ឆ្នាំ ២០២១ នេះក្រោមហិរញ្ញប្បទានរបស់អង្គការ JICA ដែរ។ ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ យើងខ្ញុំនឹងចូលរួមកិច្ចសហប្រតិបត្តិការតាមតម្រូវការចាំបាច់»។
លោក អាកាបាក់ ខាហ្សឺយូស៊ិ ថ្លែងថា កិច្ចសហប្រតិបត្តិការលើផ្នែកបទប្បញ្ញត្តិបច្ចេកទេសសំណង់ បណ្តុះបណ្តាលអ្នកត្រួតពិនិត្យ និងបញ្ជាក់សំណង់ និងមន្ទីរពិសោធន៍សំណង់មន្ទីរពិសោធន៍សំណង់ គឺនឹងមានការផ្តល់ជំនួយក្នុងគោលបំណងរៀបចំទីកន្លែងពិសោធន៍ផ្ទាល់សម្រាប់ធ្វើតេស្តសម្ភារសំណង់នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងជំនួយអំពីវិធីសាស្ត្រពិសោធន៍ ឬសំណង់គំរូសម្រាប់ពិសោធជាដើម។ ភាគីជប៉ុនមានជំនឿចិត្តថា នឹងអាចចែករំលែកបទពិសោធល្អៗដល់ប្រទេសកម្ពុជាស្តីពីការប្រើប្រាស់បច្ចេកទេសឌីជីថលដ៏មានប្រសិទ្ធភាពសម្រាប់បម្រើឱ្យការងាររៀបចំទីក្រុង និងដោះស្រាយបញ្ហាប្រឈមទាំងឡាយនៅក្នុងទីក្រុង។
លោក ជា សុផារ៉ា ថ្លែងថាបច្ចុប្បន្ន ប្លង់គោលប្រើប្រាស់ដី និងផែនការរៀបចំដែនដីថ្នាក់រាជធានីខេត្តសម្រេចបានចំនួន ៣ រួមមាន រាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ ចំណែកថ្នាក់ក្រុង ស្រុក ខណ្ឌ និងទីប្រជុំជនសម្រេចបានចំនួន ១៧ និងថ្នាក់ឃុំសង្កាត់សម្រេចបានចំនួន ៨៧ ប្លង់នៅទូទាំងប្រទេស។ រដ្ឋាភិបាលជប៉ុន ក្រោមហិរញ្ញប្បទានរបស់អង្គការ JICA ក៏បានប្រកាសអនុវត្តកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់ព័ត៌មានសុរិយោដី និងភូមិសាស្ត្រ គឺគម្រោងអភិវឌ្ឍន៍ស្ថានីយវាស់វែងដោយផ្កាយរណបនៅកម្ពុជា៕