កំពង់ស្ពឺ: ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ​ (ACNCIPO) លោក ជា ហ៊ាន បាន​ចូល​បំភ្លឺ​នៅ​សាលាដំបូង​ខេត្ត​​កំពង់ស្ពឺ​កាលពី​ម្សិលមិញ​ក្នុង​នាម​ដើមបណ្ដឹង បន្ទាប់ពី​លោក​ប្ដឹង​មនុស្ស​ ៥ ​នាក់ ករណី​ឈូសឆាយ​ដី​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​ជាង​ ៤០០ ​ហិកតា​នៅ​ភូមិ​ស្រែកិន ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ ។

លោក ជា ហ៊ាន ប្រធាន​អង្គការ​ ACNCIPO បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា លោក​បាន​ចូល​ទៅ​បំភ្លឺ​នៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​រួចរាល់​ហើយ​នៅ​ថ្ងៃទី​ ២៨ ខែកក្កដា តាម​ដីកាកោះ​របស់​លោក ខៃ សម្ផស្ស ព្រះរាជ​អាជ្ញារង​អម​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​។ លោក​បាន​ចោទប្រកាន់​​ជនសង្ស័យ​ចំនួន​ ៥ ​នាក់​ ក្នុង​នោះ​មាន​មេភូមិ​ស្រែកិន​ម្នាក់​ពាក់ព័ន្ធ​នឹង​ការកាប់​រុករាន​ដីព្រៃ​ចំនួន​ជាង​ ៤០០ ​ហិកតា​ ស្ថិត​នៅ​ទីតាំង​ខាងលើ​ចាប់ពី​ដើមឆ្នាំ​នេះ​។

លោក​បន្តថា ក្រុម​ជនសង្ស័យ​បាន​នាំគ្នា​ញុះញង់​ពលរដ្ឋ​ចំនួន​ ៣៨ ​គ្រួសារ​ផ្សេងទៀត​ឲ្យ​សហការ​ជាមួយ​ខ្លួន ដើម្បី​ប្រើប្រាស់​គ្រឿងចក្រ​ចូល​ទៅ​កាប់​ទន្ទ្រាន​រុករាន​យក​ដីព្រៃ​ទាំងនេះ ដោយ​ធ្វើ​របង​ព័ទ្ធ​ដី ហើយ​លក់​ទៅ​ឲ្យ​ក្រុម​ឈ្មួញ​ ១ ​ក្រុម​ទៀត​។ ករណី​នេះ​​លោក​មេឃុំ​មិន​ហ៊ាន​ចេញ​លិខិត​បញ្ជាក់​កម្មសិទ្ធិ​ដី​នោះ​ឲ្យ​ទៅ​ក្រុម​ឈ្មួញ​ទេ ប៉ុន្ដែ​ពួកគេ​បាន​បញ្ចុះបញ្ចូល និង​បង្ខំ​ឲ្យ​មេឃុំ​ទទួលស្គាល់​លិខិត​ទិញ-លក់​ដី​នេះ​។

លោក​ ជា ហ៊ាន បញ្ជាក់ថា​៖ «​ខ្ញុំ​ដាក់​ប្ដឹង​ពួកគាត់​ទាំង​ ៥ ​នាក់​ហ្នឹងហើយ​ គឺ​ចោទ​ពី​បទ​ប៉ុនប៉ង​នៃ​បទឧក្រិដ្ឋ​រារាំង​មន្ត្រី​ជំនាញ​ក្នុងពេល​បំពេញ​បេសកកម្ម និង​ឈូសឆាយ​ទន្ទ្រាន​ដីព្រៃ​ដោយ​ខុសច្បាប់ និង​ទាមទារ​សំណង​នៃ​ជំងឺ​ចិត្ត​ ១០០ ​លាន​រៀល និង​សុំ​ឲ្យ​ផ្តន្ទាទោស​តាមច្បាប់​លើ​បុគ្គល​ទាំង​ ៥ ​នាក់​នេះ​»​។

លោក ខៃ សម្ផស្ស ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​ពី​ម្សិលមិញ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណី​នេះ ​ដោយ​អះអាង​ថា លោក​មិនមែន​ជា​អ្នកឆ្លើយឆ្លង​ព័ត៌មាន​ជាមួយ​​អ្នក​កាសែត​ទេ​។

លោក​ អ៊ឹម សន មេភូមិ​ស្រែកិន​ដែល​ជា​ចុងចោទ​ក្នុង​សំណុំរឿង​​នេះ​បាន​អះអាង​ពី​ម្សិលមិញ​ថា លោក​ក៏​ត្រូវបាន​សាលាដំបូង​កោះហៅ​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃទី​ ២៩ ខែកក្កដា​នេះដែរ​។ លោក​គ្រោង​ចូល​បំភ្លឺ​តាម​ដីកាកោះ​នេះ ប៉ុន្ដែ​លោក​ថា ការ​ចោទ​រូបលោក​មិនមាន​មូលដ្ឋាន​ច្បាស់លាស់ និង​គ្មាន​ភ័ស្តុតាង​ត្រឹមត្រូវ​ទេ​។

លោក​ថា​៖ «​ខ្ញុំ​មិន​បាន​ទៅ​ពាក់ព័ន្ធ​អ្វី​នឹង​ដី​នៅ​តំបន់​ហ្នឹង​ទេ ហើយ​ការចោទប្រកាន់​ខ្ញុំ​នេះ គឺ​មិនមែន​ជា​ការពិត​ទេ​។ ​ខ្ញុំ​សុខចិត្ត​ទទួល​ទោស​តាមច្បាប់ បើ​ខ្ញុំ​ពាក់ព័ន្ធ​នឹង​ដី​ហ្នឹង​មែន ហើយ​ឲ្យ ជា ហ៊ាន ប្ដឹង​ខ្ញុំ​ទៅ ខ្ញុំ​មិន​ខ្លាច​នឹង​ចូល​បំភ្លឺ​នៅ​តុលាការ​ទេ ព្រោះ​ខ្ញុំ​មិនដឹង​រឿង​ហ្នឹង​។ ​ខ្ញុំ​មិនបាន​ពឹងពាក់​មេធាវី​ឲ្យ​ជួយ​ការពារ​ក្ដី​ទេ​»​។

លោក ទេព ណែម មេឃុំ​ត្រពាំងជោរ​ប្រាប់​ពី​ម្សិលមិញ​ថា ដី​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​ពិតជា​មាន​ការរំលោភ​ពី​សំណាក់​ពលរដ្ឋ​មួយ​ក្រុម​តូច​មែន ប៉ុន្ដែ​លោក​មិន​បាន​យល់ព្រម​ចុះបញ្ជី​ទទួល​ស្គាល់​ធ្វើជា​កម្មសិទ្ធិ​ស្របច្បាប់​ទេ​។

លោក​ថា​៖ «​ខ្ញុំ​បាន​ទទួល​ដំណឹង​ពី​ពលរដ្ឋ​មក​ថា មេភូមិ អ៊ឹម សន អ្នកជំរុញ​ឲ្យ​ពលរដ្ឋ​ទៅ​រំលោភ​យក​ដី​ហ្នឹង ហើយ​ខ្ញុំ​បាន​ប្រាប់​គាត់​ច្រើនលើក​ហើយ កុំទៅ​ប៉ះពាល់​ដី​ហ្នឹង ដី​របស់​រដ្ឋ​ទេ​។

បើ​គាត់​នៅតែ​មិន​ស្ដាប់​តាម​ខ្ញុំ ខ្ញុំ​ក៏​អត់​មាន​យោបល់​អ្វី​ដែរ​។ ខ្ញុំ​ទុក​ឲ្យ​តុលាការ​គាត់​ចាត់ចែង​តាម​នីតិវិធី​របស់គាត់​ទៅ​»​។

តាម​ពាក្យបណ្ដឹង​របស់​លោក ជា ហ៊ាន ចុះ​ថ្ងៃទី​ ១៥ មិថុនា​ ដែល​ប្ដឹងទៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​នោះ​គឺ​លោក​ប្តឹង​ឈ្មោះ សឿន ណាក់ ភេទ​ប្រុស អាយុ ៣៧ ​ឆ្នាំ​ឈ្មោះ មក ម៉ាន ឈ្មោះ មក ម៉េត ឈ្មោះ ខៀវ សារឿន និង​ឈ្មោះ អ៊ឹម សន មេភូមិ​ស្រែកិន​។ ពួកគេ​រស់នៅ​ភូមិ​ស្រែកិន ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ​។ ពួកគេ​រង​ការប្តឹង​ពី​បទ​ប៉ុនប៉ង​នៃ​បទឧក្រិដ្ឋ [​ឈូសឆាយ​ដីព្រៃ​ខុសច្បាប់ និង​រារាំង​មន្ត្រី​ជំនាញ​ក្នុង​ការអនុវត្ត​ច្បាប់​]៕