កំពង់ស្ពឺ: លោក ជា ហ៊ាន ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ​ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ​ (ACNCIPO) ​បាន​ធ្វើ​លិខិត​ស្នើ​ទៅ​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ​សុំ​ចុះ​កំណត់​លេខ​យាមការ​ដី​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​​នៅ​ឃុំ​ត្រពាំងជោរ និង​ឃុំ​តាសាល ស្រុក​ឱរ៉ាល់ ខេត្ដ​កំពង់ស្ពឺ ក្រោយពី​សង្កេត​ឃើញ​​ដី​រាប់រយ​ហិកតា​ត្រូវ​បាន​គេ​រំលោភ​យក​។

លោក ជា ហ៊ាន ដាក់​លិខិត​ជូនទៅ​លោក ឯម សុគន្ធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ​ចុះ​ថ្ងៃទី​ ៨ ខែ​មិថុនា បាន​ស្នើសុំ​ដល់​លោក​ប្រធាន​មន្ទីរ​ឲ្យ​ចាត់​មន្ត្រី​របស់​មន្ទីរ​បរិស្ថាន​សហការ​ជាមួយ​នាយក​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ និង​អង្គការ​របស់​លោក ដើម្បី​ចុះ​កំណត់​យាមការ​ដី ទប់ស្កាត់​ការចាប់​រានទន្ទ្រាន​ដីព្រៃ​នៅ​ភូមិ​ស្រែកិន ភូមិ​ពោធិ៍មាស ឃុំ​ត្រពាំងជោរ​​ និង​ភូមិ​ដូង ឃុំ​តាសាល ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ដើម្បី​ដកហូត​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ​។

លិខិត​ដដែល​ថា កន្លងមក​អង្គការ​បាន​ចុះ​សង្កេត​នៅ​ទីតាំង​ដី​ដែល​ស្ថិតនៅ​ទីតាំង​ខាងលើ​នេះ​មាន​ក្រុម​មេខ្យល់​បាន​រៀបចំ​ពលរដ្ឋ​ជា​ក្រុម​ចាប់​ទន្ទ្រាន​ដីព្រៃ​នៅ​តំបន់​នោះ ដែល​ជា​តំបន់​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ដើម្បី​កាប់​ព្រៃឈើ​រុករាន​ទន្ទ្រាន​ចូលកាន់​កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់​។ អង្គការ ACNCIPO បាន​ពិនិត្យឃើញ​ថា ដី​តំបន់​ដែនជម្រក​សត្វព្រៃ​ភ្នំឱរ៉ាល់ ការពារ​ដោយ​ព្រះរាជក្រឹត្យ ត្រូវ​បាន​ក្រុម​អនាធិបតេយ្យ​តែងតែ​ឆ្លៀត​ឱកាស​ប្រើប្រាស់​ពលរដ្ឋ​ជា​អ្នក​ចាប់ដី​ព្រៃ​តំបន់​ការពារ​លក់​យ៉ាង​អនាធិបតេយ្យ​។

លោក ជា ហ៊ាន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ដីព្រៃ​នៅ​ឃុំ​ត្រពាំងជោរ និង​ឃុំ​តាសាល ស្រុក​ឱរ៉ាល់ ខេត្ដ​កំពង់ស្ពឺ​ចំនួន ៦៣ ​ហិកតា ​ត្រូវ​បាន​គេ​ប្រកាស​ដាក់លក់ ហើយ​រាប់រយ​ហិកតា​ទៀត​កំពុង​រងការឈូសឆាយ និង​រំលោភបំពាន​។ ដី​ទាំងនេះ​គឺជា​ដី​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​ដែល​ការពារ​ដោយ​ព្រះរាជក្រឹត្យ ប៉ុន្ដែ​មួយរយៈ​ចុងក្រោយ​នេះ​ត្រូវបាន​ឈ្មួញ និង​ពលរដ្ឋ​ខិលខូច​នាំគ្នា​មក​ចាប់​កាប់​ទន្ទ្រាន​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ដោយ​ខុសច្បាប់​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​នឹង​សហការ​ជាមួយ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ និង​នាយក​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ដើម្បី​ចុះ​កំណត់​យាមការ បើ​រកឃើញ​មាន​ភាពមិនប្រក្រតី​មែន ខ្ញុំ​នឹង​ជំរុញ​ឲ្យ​មាន​ការ​ដកហូត​ទុកជា​សម្បត្តិ​រដ្ឋ​វិញ​។ ចំណែក​ទីតាំង​ដែល​ពួកគាត់​បាន​ឈូសឆាយ​រួចរាល់ ខ្ញុំ​នឹង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាមច្បាប់​»​។ «​ដូច្នេះ​លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ គួរ​ពិនិត្យ និង​សម្រេច​ចាត់តាំង​មន្ត្រី​ជំនាញ​របស់​មន្ទីរ សហការ​ជាមួយ​នាយក​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ និង​អង្គការ​ចុះ​ទប់ស្កាត់​ការកាប់​រុករាន​ទន្ទ្រាន​ដីព្រៃ ដើម្បី​មាន​មូលដ្ឋាន​ដកហូត​ដីព្រៃ​មក​ទុកជា​សម្បត្តិ​រដ្ឋ​វិញ​»​។

លោក ឯម សុគន្ធ មិនអាច​ទាក់ទង​សុំ​ការបញ្ជាក់​បាន​ទេ​កាលពី​ម្សិលមិញ​។ ប៉ុន្ដែ​លោក ហ៊ុល ម៉ារ៉ា នាយក​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​បាន​ថ្លែងថា លោក​បាន​ទទួល​សំណើ​របស់​លោក ជា ហ៊ាន នេះ​ហើយ​ដោយ​លោក ឯម សុគន្ធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ​បាន​យល់ព្រម​ឲ្យ​លោក​ចុះទៅ​សហការ​ជាមួយ​អង្គការ និង​មន្ត្រី​មូលដ្ឋាន​ស្រុក​ឱរ៉ាល់ ដើម្បី​ចុះ​ទប់ស្កាត់ និង​វាស់វែង​ដី​នៅ​តំបន់​នោះ​។

លោក​បាន​ថ្លែងថា​៖ «​លោក​ប្រធាន​មន្ទីរ​បាន​យល់ព្រម​ហើយ គាត់​បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ និង​មន្ត្រី​ជំនាញ​យើង​មួយចំនួន​ទៀត​ចុះទៅ​ធ្វើការងារ​នៅ​ចុងសប្ដាហ៍​នេះ​តែម្ដង ដើម្បី​ទប់ស្កាត់​ការកាប់​ទន្ទ្រាន​ដីព្រៃ​នេះ​។ ខ្ញុំ​មិនទាន់​ដឹង​ទំហំ​ដី​ពិតប្រាកដ​ទេ ប្រហែល​ជា​ត្រូវ​វាស់វែង​ហើយ ទើប​អាច​ដឹង​ច្បាស់​»​។

លោក ទេព ណែម មេឃុំ​ត្រពាំងជោ មិនទាន់​អាច​ទាក់ទង​សុំ​ការបញ្ជាក់​បានទេ​កាលពី​ម្សិលមិញ​៕