កំពង់ស្ពឺ: ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ ទប់ស្កាត់​ការបំផ្លាញ​ធនធានធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ (ACNCIPO) លោក ជា ហ៊ាន បានដាក់​លិខិតស្នើ​ឱ្យ​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​ដកហូត​ដីព្រៃ​ចំនួន ១ ៥០០ ​ហិកតា ស្ថិតនៅ​ភូមិ​រមាំងស ឃុំ​តាសាល ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បី​ទុកជា​សម្បត្តិ​រដ្ឋ​វិញ ដោយ​អះអាង​ថា​មាន​គេ​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​ខុសច្បាប់​។

លិខិត​លោក ជា ហ៊ាន ជម្រាប​ជូន​លោក វ៉ី សំណាង ចុះ​ថ្ងៃទី​ ១៦ ខែវិច្ឆិកា ដែល​ ភ្នំពេញ ​ប៉ុស្ដិ៍​ ទទួលបាន​ពី​ម្សិលមិញ​ឱ្យដឹងថា កាលពី​ថ្ងៃទី ១០ ​ខែ​ តុលា ឆ្នាំ​ ២០២០ មន្ត្រី​អង្គការ ACNCIPO បាន​ចុះទៅ​អង្កេត​នៅលើ​ទីតាំង​ដី​ដែលមាន​កំណត់​បង្ហាញ​លេខ​យាម​ការ​មាន​ផែនទី​បង្ហាញ​ទីតាំង​ដី​បាន​បញ្ជាក់ថា ឈ្មោះ យឿន យឿត បាន​កាប់​រានទន្ទ្រាន​ដីព្រៃ​នៅ​ទីតាំង​តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្ដាល​ប៉ែក​ខាងត្បូង​បឹង​ទន្លេសាប ដើម្បី​កាប់​ព្រៃឈើ​រុករាន​ទន្ទ្រាន​ចូលកាន់​កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់​។

អង្គការ ACNCIPO បាន​ពិនិត្យឃើញ​ថា ដីព្រៃ​នៅ​តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្ដាល​ដែល​ការពារ​ដោយ​ព្រះរាជក្រឹត្យ​ត្រូវ​បាន​ក្រុម​អនាធិបតេយ្យ​តែងតែ​ឆ្លៀត​ឱកាស​ប្រើប្រាស់​ពលរដ្ឋ​ជា​អ្នក​ចាប់​ដីព្រៃ​តំបន់​ការពារ យកទៅលក់​យ៉ាង​អនាធិបតេយ្យ​ដែល​ធ្វើឱ្យ​បាត់បង់​ដីព្រៃ​ធម្មជាតិ​។ ដូច្នេះ​លោក​អភិបាលខេត្ត​កំពង់ស្ពឺ​ត្រូវ ពិនិត្យ និង​សម្រេច​ចេញ​ដីកា​ដកហូត​ដីព្រៃ​ទាំងនោះ​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ​។

លោក ជា ហ៊ាន ថ្លែង​ពី​ម្សិលមិញ​ថា ដីព្រៃ​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវាញ​កណ្ដាល​ចំនួន ១ ៥០០ ​ហិកតា ​ត្រូវ​បាន​បុគ្គល​មានអំណាច​ម្នាក់​ឈ្មោះ យឿន យឿត ជា​មន្ត្រី​ទីប្រឹក្សា​រាជរដ្ឋាភិបាល​ដែលមាន​ងារ​ជា​ឯកឧត្តម​បាន​កៀរគរ​ប្រជាពលរដ្ឋ​ប្រមាណ ១៥០ ​គ្រួសារ​ចូលទៅ​កាប់​ទន្ទ្រាន រុករាន​ដីព្រៃ ដើម្បី​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។

បុគ្គល យឿន យឿត បាន​រត់ការ​ក្លែងបន្លំ​ឯកសារ​ខុសច្បាប់​ដែល​មិនមាន​ការដឹងឮ​ពី​អាជ្ញាធរ​មូលដ្ឋាន ដោយ​បាន​ភូតកុហក​ប្រជាពលរដ្ឋ​ឱ្យ​ចូលទៅ​កាប់​ទន្ទ្រាន​ដីព្រៃ​នោះ ហើយ​ខ្លួន​ជា​អ្នកធានា​រ៉ាប់រង​ពីក្រោយ​ប្រជាពលរដ្ឋ​។ ដូច្នេះ​លោក​ស្នើ​ទៅ​អភិបាលខេត្ត ដើម្បី​ដកហូត​ដី​ទាំងនេះ​ទុកជា​សម្បត្តិ​រដ្ឋ​វិញ​។

លោក ជា ហ៊ាន បញ្ជាក់ថា​៖ «​ខ្ញុំ​មាន​គម្រោង​ដាក់ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ដែរ ប៉ុន្ដែ​រាល់​ពាក្យបណ្ដឹង​របស់ខ្ញុំ គឺ​តុលាការ​មិន​ទទួលយក​ទេ គឺ​គាត់​រុញ​ទៅ​ស្ថាប័ន​ផ្សេងៗ​ទៅវិញ អ៊ីចឹង​ខ្ញុំ​សម្រេចចិត្ត​ដាក់​ទៅ​រដ្ឋបាលខេត្ត​សិន បើសិន​រដ្ឋបាល​ខេត្ត​គ្មាន​ចំណាត់ការ​អ្វី​ទេ ខ្ញុំ​នឹង​បន្ត​ដាក់​លិខិត​ទៅ​សម្ដេច​ក្រឡាហោម ស ខេង ទៀត ដើម្បី​ធ្វើយ៉ាងណា​ដកហូត​ដី​នោះ​ជា​សម្បត្តិ​រដ្ឋ​វិញ​»​។

លោក វ៉ី សំណាង អភិបាល​ខេត្តកំពង់ស្ពឺ​ពី​ម្សិលមិញ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណីនេះ​ដោយ​លោក​អះអាងថា កំពុង​ជាប់រវល់​ខ្លាំង​មិនទាន់​អាច​និយាយ​ទូរស័ព្ទ​បានទេ​។

លោក នៅ ណាក់ អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​មិនទាន់​បាន​ទទួលដំណឹង​ពី​ការស្នើឱ្យ​ដក​ដីព្រៃ​របស់​លោក ជា ហ៊ាន នៅឡើយ ប៉ុន្ដែ​ដី​នៅ​តំបន់​នោះ​មិនទាន់មាន​អ្នករំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​ទេ ពីព្រោះ​​សមត្ថកិច្ច​តែងតែ​ចុះបង្ក្រាប ដោយ​មិន​អនុញ្ញាត​ឱ្យ​កាន់កាប់​ដីព្រៃ​ជា​ឯកជន​ទេ​។

លោក​បញ្ជាក់ថា​៖ «​អាជ្ញាធរ​មិនមាន​ចេញ​លិខិតបញ្ជាក់​ឱ្យមាន​ការគ្រប់គ្រង​ដី​ហ្នឹង​ទេ ព្រោះ​កន្លងមក​យើង​បង្ក្រាប​ជា​បន្តបន្ទាប់​។ ដី​តំបន់​ហ្នឹង គឺ​មាន​ពលរដ្ឋ​យើង​រំលោភ​យក​ខ្លះ​ដែរ ដែល​គាត់​មាន​ដីចម្ការ​ក្បែរៗ​ហ្នឹង ហើយ​គាត់​លួច​រំកិល​ព្រំដី​គាត់​ម្ដង​បន្ដិចៗ​ចូលមក​ដីព្រៃ តែបើ​ទ្រង់ទ្រាយ​ធំ គឺ​មិនមាន​ទេ​»​។

លោក យឿន យឿត ត្រូវបាន​គេ​ស្គាល់​ជា​ម្ចាស់​ដី​ចំនួន ១ ៥០០ ​ហិកតា រស់នៅ​ឃុំ​តាសាល ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ​ពី​ម្សិលមិញ​មិនទាន់​អាច​ស្វែងរក​ប្រភព​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ករណីនេះ​បានទេ​។

លោក​ ឌុល សុខុម មេឃុំ​តាសាល ស្រុក​ឱរ៉ាល់​បាន​ថ្លែង​ពី​ម្សិលមិញ​ថា មួយរយៈ​ចុងក្រោយ​នេះ​មាន​ក្រុម​ជនខិលខូច​កាប់​រានទន្ទ្រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ បើទោះបី​ជា​អាជ្ញាធរ​បាន​បង្ក្រាប​ជាច្រើនលើក​មក​ក៏ដោយ​។

លោក ឌុល សុខុម បញ្ជាក់ថា​៖ «​ដី​នេះ​ខ្ញុំ​អត់​បាន​ស៊ី​ញ៉េ​ទទួល​ស្គាល់ ឬ​ចេញ​លិខិត​អនុញ្ញាតឱ្យ​បុគ្គល​ណា​ម្នាក់​ទេ ព្រោះ​ជា​ដី​របស់​រដ្ឋ មាន​ព្រះរាជក្រឹត្យ​ការពារ ហើយ​ខ្ញុំ​បានប្រកាស​ប្រាប់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខ្ញុំ​ហើយ គឺ​កុំទៅ​ទន្ទ្រាន​យក​ដី​ហ្នឹង តែ​ពួកគាត់​មិន​ស្ដាប់​អាជ្ញាធរ​។ ឥឡូវ​លោក ជា ហ៊ាន គាត់​ប្ដឹង​បែបនេះ​ខ្ញុំ​គាំទ្រ​ឱ្យ​ដកហូត​ដី​ហ្នឹង​មកវិញ​»៕

វីដេអូ៖