ភ្នំពេញៈ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ​បាន​ចាត់ទុក​សេចក្ដី​ថ្លែងការណ៍​រួម​របស់​អង្គការសិទ្ធិមនុស្ស​ចំនួន ២ ​ថា​ធ្វើឡើង​ដោយ​គ្មាន​មូលដ្ឋាន និង​ខុសពី​ការពិត បន្ទាប់ពី​អង្គការ​ទាំង​ ២ ​នេះ​អំពាវនាវ​ឲ្យ​រាជរដ្ឋាភិបាល អនុវត្ត​ការប្ដេជ្ញាចិត្ត​ក្នុង​ការដោះស្រាយ​បញ្ហា​ចង្អៀតណែន​នៅក្នុង​ពន្ធនាគារ ដោយ​ការដោះលែង​អ្នក​ជាប់ឃុំ​ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទល្មើស​បែប​អហិង្សា​។

លោក ម៉ាលីន ថ្លែង​កាលពី​ម្សិលមិញ​ថា រដ្ឋាភិបាល​មិនដែល​បាន​សន្យា​ដោះលែង​អ្នកជាប់ឃុំ​ ១ ​ម៉ឺន​នាក់​តាម​ការទាមទារ​របស់​អង្គការ​ទាំង​ ២ ​នេះ​ទេ នាពេល​កន្លង​មក​ហើយ​ការស្រង់​សម្ដី​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ពាក់ព័ន្ធ​នឹង​ការដោះលែង​អ្នកជាប់ឃុំ​គឺជា​ការដកស្រង់​ដោយ​ខុសពី​ការពិត និង​ខ្លឹមសារ​ដើម​ទាំងស្រុង​ដែល​អាច​បង្កប់​នូវ​ចេតនា​ទុច្ចរិត និង​នាំឲ្យ​សាធារណជន​មាន​ការភាន់ច្រឡំ​។

កាលពី​ថ្ងៃទី​ ២៣ ខែ​ កក្កដា ឆ្នាំ​ ២០២០ អង្គការ​លើកលែង​ទោស​អន្តរជាតិ និង​សម្ព័ន្ធ​ខ្មែរ-ជំរឿន និង​ការពារ​សិទ្ធិមនុស្ស លីកាដូ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួមមួយ​ដោយ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​ការប្ដេជ្ញាចិត្ត​ក្នុង​ការដោះស្រាយ​បញ្ហា​ចង្អៀត​ណែន​នៅក្នុង​ពន្ធនាគារ​ដោយ​ការដោះលែង​អ្នក​ជាប់ឃុំ​ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទល្មើស​បែប​អហិង្សា​ក្នុង​នោះ​មាន​អ្នក​ជាប់ឃុំ​ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​ជំងឺ​កូវីដ ​១៩ និង​អ្នក​ជាប់ឃុំ​ដទៃទៀត​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ស្រាល​។

អង្គការ​ទាំង​ ២ ​ក៏​បាន​អំពាវនាវ​ឲ្យ​ដោះលែង​ស្ត្រី​ជាប់ឃុំ​ដែល​មាន​កូនតូច​នៅ​ជាមួយ ព្រមទាំង​អ្នក​ជាប់ឃុំ​ជា​អនីតិជន​ផងដែរ​។ ​សេចក្ដី​ថ្លែងការណ៍​រួម​បាន​សរសេរ​ថា​៖ «​កាលពី​ខែ​ឧសភា រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​យុត្តិធម៌ ឯកឧត្ដម កើត រិទ្ធ បាន​ប្រកាស​អំពី​ការកែទម្រង់​ជាច្រើន​នៃ​ប្រព័ន្ធយុត្តិធម៌​នៅក្នុង​ប្រទេស​កម្ពុជា​។ កំណែទម្រង់​ដែល​បាន​សន្យា​ទាំងនេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ដោះស្រាយ​បញ្ហា​កកស្ទះ​សំណុំរឿង​ជាច្រើន​ដែល​មិនទាន់​បាន​ជំនុំជម្រះ​នៅតាម​តុលាការ​នានា និង​ដោះស្រាយ​បញ្ហា​ចង្អៀតណែន​ខ្លាំង​នៅក្នុង​ពន្ធនាគារ តាមរយៈ​ការពង្រីក​មធ្យោបាយ​ផ្សេងទៀត ក្រៅពី​ការឃុំឃាំង​ដូចជា ការដោះលែង​ឲ្យ​នៅក្រៅ​ឃុំ និង​ការព្យួរទោស​ជាដើម​បន្ថែម​ពី​លើ​ការដោះលែង​មុនពេល​កំណត់ និង​ដោយ​មាន​លក្ខខណ្ឌ​សម្រាប់​អ្នក​ជាប់ឃុំ​បច្ចុប្បន្ននេះ​»​។

អង្គការ​ទាំង​ ២ ​ក៏​បាន​យោង​ទៅ​ដល់​ប្រសាសន៍​របស់​លោក​ ស ខេង ដោយ​សរសេរ​ថា​៖ «​នៅក្នុង​ការប្រកាស​ដាច់​ដោយឡែក​មួយ​កាលពី​ខែ​ឧសភា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​សម្ដេច ស ខេង មាន​ប្រសាសន៍​ថា អ្នកជាប់ឃុំ​អាច​នឹង​ត្រូវ​ដោះលែង​ដោយ​សារភាព​ចង្អៀត​ណែន​ និង​បញ្ហា​សិទ្ធិមនុស្ស​នៅក្នុង​ពន្ធនាគារ​ប្រទេស​កម្ពុជា​។ សម្ដេច​បាន​ផ្ដល់​ឧទាហរណ៍​ថា​មាន​អ្នក​ជាប់ឃុំ​រហូត​ដល់​ជិត​ ១ ​ម៉ឺន​នាក់ អាច​នឹង​ត្រូវ​ដោះលែង​នៅ​ទូទាំង​ប្រទេស​»​។

អង្គការ​ទាំង​ ២ សម្តែង​ក្តីសង្ឃឹម​ថា រដ្ឋាភិបាល​អាច​នឹង​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​ចំនួន​អ្នក​ជាប់ឃុំ​ដែល​ត្រូវបាន​ដោះលែង​ក្នុង​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​ បន្ទាប់ពី​ក្រសួង​យុត្តិធម៌​ប្រកាសថា សំណុំ​រឿង​ជាង​ ៣ ៥០០ ​ករណី​ត្រូវ​បាន​ជំនុំជម្រះ​រួចរាល់​ក្នុង​ខែកក្កដា​។

សេចក្ដី​ថ្លែងការណ៍​រួម​ថ្លែង​ថា​៖ «​អង្គការ​លើកលែង​ទោស​អន្តរជាតិ និង​អង្គការ​លីកាដូ សូម​សម្ដែង​ការសោកស្ដាយ​ចំពោះ​ការ​នៅ​បន្ត​ឲ្យ​មាន​ភាពខ្វះខាត​របស់​អាជ្ញាធរ​កម្ពុជា​​ក្នុង​ការដោះស្រាយ​វិបត្តិ​សិទ្ធិមនុស្ស​ដែល​កើតមានឡើង​នៅក្នុង​ពន្ធនាគារ​ឲ្យ​មាន​ប្រសិទ្ធភាព​»​។

អង្គការ​សិទ្ធិមនុស្ស​ទាំង​ ២ ​បាន​លើកឡើង​នូវ​អនុសាសន៍​ចំនួន ៧ ​ចំណុច​ពាក់ព័ន្ធ​នឹង​ការដោះលែង​អ្នក​ជាប់ឃុំ​ពី​បទមជ្ឈិម​បទល្មើស​បែប​អហិង្សា​ក៏ដូចជា​អ្នក​ជាប់ឃុំ​ដោយ​ហេតុផល​នយោបាយ​។

ឆ្លើយតប​នឹង​ការលើកឡើង​នេះ​លោក​ ជិន ម៉ាលីន ​បាន​ថ្លែង​ថា យុទ្ធនាការ​របស់​ក្រសួង​យុត្តិធម៌​មិនមែន​ជា​យុទ្ធនាការ​ដោះលែង​អ្នកទោស​តាម​ការទាមទារ​ និង​ចង់បាន​របស់​អង្គការ​ទាំង​ ២ ​នេះ​ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់​ និង​ការគិតគូរ​អំពី​សន្តិសុខ និង​សុវត្ថិភាព​សង្គម​នោះទេ​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​យុទ្ធនាការ​របស់​ក្រសួង​យុត្តិធម៌​ជា​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅ​តាម​តុលាការ ដោយ​ផ្អែកលើ​មូលដ្ឋាន​ និង​នីតិវិធី​ច្បាប់​ដែល​មាន​ជាធរមាន និង​ប្រកាន់ខ្ជាប់​នូវ​អភិក្រម​លឿន​ឆាប់​រហ័ស​យុត្តិធម៌ ត្រឹមត្រូវ និង​មិន​ពុករលួយ​ហើយ​មាន​គោលដៅ​យុទ្ធសាស្ត្រ​ផែនការ និង​កម្មវិធី​អនុវត្ត​យ៉ាង​ច្បាស់លាស់​»​។

លោក​ពន្យល់ថា កាលណា​ការកកស្ទះ​សំណុំ​រឿង​អាច​ដោះស្រាយ​បាន​ដោយ​ធ្វើឲ្យ​ការជំនុំជម្រះ​ក្ដី​បាន​លឿន វា​ធ្វើឲ្យ​ការកកស្ទះ​នៅ​តាម​ពន្ធនាគារ​នឹង​ត្រូវ​បាន​ដោះស្រាយ​បាន​មួយផ្នែក​។ នីតិវិធី​នេះ​មិនមែន​ជា​ការដោះលែង​ឆៅ​ដូច​ការចង់​បាន​របស់​សង្គម​ស៊ីវិល​នោះទេ​។ យុទ្ធនាការ​នេះ​មិន​បាន​កំណត់​ថា ត្រូវ​ដោះលែង​អ្នកទោស​ប៉ុន្មាន​នាក់​ក្នុង​រយៈពេល​កំណត់​ណាមួយ​នោះទេ​អាស្រ័យ​ទៅ​លើ​ភាពស្មុគស្មាញ​នៃ​សំណុំរឿង​។

លោក​បន្តថា ការដោះស្រាយ​ភាពចង្អៀត​ណែន​នៅក្នុង​ពន្ធនាគារ​តាមរយៈ​ការដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅ​តាម​តុលាការ គឺ​អាច​ធ្វើឡើង​តាមរយៈ​ការចល័ត​អ្នក​ជាប់ឃុំ​ពី​ពន្ធនាគារ​មួយ​ទៅ​ពន្ធនាគារ​មួយ​ផ្សេងទៀត​ដែល​មិន​សូវ​ចង្អៀត​។ អ្នក​ដែល​មាន​សាលក្រម​ស្ថាពរ​ហើយ​បាន​កែប្រែ​ខ្លួន​បាន​ល្អ​អាច​មាន​ឱកាស​ទទួល​បាន​ការលើកលែង​ទោស ឬ​បន្ធូរបន្ថយ​ទោស​។

លោក​បញ្ជាក់ថា ចៅក្រម​ក៏​មាន​ឆន្ទានុសិទ្ធិ​សម្រេច​ថា អ្នក​ជាប់ឃុំ​អាច​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ឬ​បន្ត​នៅក្នុង​ឃុំ ឬ​អាច​សម្រេច​ថា អ្នក​ជាប់ទោស​អាច​អនុវត្ត​ទោស​មិនមែន​ពន្ធនាគារ​ ឬ​ទទួល​បាន​ការព្យួរទោស​។

កាលពី​ថ្ងៃទី​ ២៧ ខែ​ ឧសភា​ ឆ្នាំ​ ២០២០ លោក ស ខេង ថ្លែង​ថា​អ្នក​ដែល​ជាប់ឃុំ ហើយ​អនុវត្ត​ទោស​បាន​ជិត​ចប់ ប្រហែល​ជា​តុលាការ​អាច​នឹង​ដោះលែង ប្រសិន​បើ​បទល្មើស​របស់​ពួកគេ​ស្រាល​ដែល​មិនមែន​ជា​ឧក្រិដ្ឋ​។

លោក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បន្ត​ថា នៅពេល​មាន​ការដោះលែង​បន្ទុក​អាច​ធ្លាក់​ទៅ​លើ​រដ្ឋបាល​ដែនដី សមត្ថកិច្ច​នគរបាល កងរាជអាវុធហត្ថ ក្នុង​ការឃុំ​គ្រង​សន្តិសុខ​នៅ​កន្លែង​នោះ​។

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​វា​មិន​ច្រើន​ទេ វា​រាយប៉ាយ​ទេ ឧបមា​ថា យើង​សម្រាល​បន្ធូរបន្ថយ​បាន​ ១ ​ម៉ឺន​នាក់​ ១ ​ម៉ឺន​នោះ​វា​មិនមែន​ទៅ​ ១ ​ខេត្ត​ ២ ​ខេត្ត​ទេ វា​ទៅ​រាយ​គ្រប់​កន្លែង​»​។

លោក​លើកឡើង​ទៀត​ថា​៖ «​អ៊ីចឹង​ហើយ​ពេល​នោះ យើង​នឹង​ធ្វើ​បញ្ជី​ឲ្យ​បាន​ជាក់លាក់ ដើម្បី​ប្រគល់​ឲ្យ​សមត្ថកិច្ច​នៅ​នឹង​កន្លែង​នោះ​យើង​ក៏​កំពុង​រក​មធ្យោបាយ​ផ្សេង​ទៀត ដើម្បី​ជួយ​ដល់​ការគ្រប់គ្រង​អ្នក​ដែល​ត្រូវបាន​ដោះលែង បន្ធូរបន្ថយ​អី​នោះ​ប៉ុន្តែ​មក​ដល់​ពេល​នេះ​យើង​មិនទាន់​មាន​មធ្យោបាយ​អី​ទេ យើង​នឹង​ខិតខំ​បន្ត​ទៅ​ទៀត​»៕

វីដេអូ៖