ភ្នំពេញៈ លោក ជិន ម៉ាលីន អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​សិទ្ធិមនុស្ស​កម្ពុជា​កាលពី​ម្សិលមិញ ច្រានចោល​ការលើកឡើង​ថា កម្ពុជា​មាន​វិបត្តិ​សិទ្ធិមនុស្ស​ដូច​ដែល​អង្គការ​សិទ្ធិមនុស្ស​បាន​រាយការណ៍​ទៅកាន់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​។ លោក​ក៏​រំពឹង​ដែរ​ថា សេចក្ដី​សម្រេច​មួយ​អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នឹង​ត្រូវ​ធ្វើឡើង​ដោយ​មាន​តុល្យភាព​។

លោក ម៉ាលីន ថ្លែង​ដោយ​ឆ្លើយតប​ទៅនឹង​របាយការណ៍​របស់​អង្គការ​ជាតិ និង​អន្តរជាតិ​ចំនួន​ ២៨ ធ្វើ​កិច្ចការ​ផ្នែក​សិទ្ធិមនុស្ស​ដែល​បានដាក់​របាយការណ៍​ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​កាលពី​សប្ដាហ៍​មុន​។

របាយការណ៍​នោះ​ជំរុញ​ឲ្យ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ធ្វើ​សេចក្ដី​សម្រេច​មួយ​ដោយ​ស្នើ​ឲ្យ​ឧត្តមក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ «​ធ្វើការ​ឃ្លាំមើល និង​រាយការណ៍​អំពី​ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា​»​។ ក្រុម​អង្គការ​បាន​ថ្លែងថា ការដាក់​របាយការណ៍​របស់​ខ្លួន​ទៅកាន់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស «​គឺ​ដើម្បី​ជាការ​ពញ្ញាក់​ស្មារតី​ឲ្យ ​អ.ស.ប. គិតដល់​អំពី​វិបត្តិ​​សិទ្ធិមនុស្ស​ដែល​កំពុង​បន្ត​នៅ​កម្ពុជា​»​។

របាយការណ៍​បានលើកឡើង​ពី​កង្វល់​លើ​ទិដ្ឋភាព​សិទ្ធិមនុស្ស​ជាច្រើន​រួមមាន​ករណី​លោក កឹម សុខា ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការហាម​ធ្វើ​នយោបាយ​លើ​សមាជិក​គណបក្ស សេរីភាព​សារព័ត៌មាន ការកោះហៅ​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​សមត្ថកិច្ច​ និង​តុលាការ និង​ការចាប់ខ្លួន​សកម្មជន​។ ក្រុម​អង្គការ​នេះ​ក៏បាន​បង្ហាញ​ក្ដីបារម្ភ​អំពី​ការអនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​សេរីភាព​នៃ​ការជួបជុំ និង​ច្បាប់​សហជីព​ផងដែរ​។

របាយការណ៍​បញ្ជាក់​ថា ចាប់តាំងពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​បាន​ធ្វើ​សេចក្ដី​សម្រេច​កាលពី​ខែ​កញ្ញា ឆ្នាំ​ ២០១៧ មក ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បាន​ «​ធ្លាក់ចុះ​យ៉ាង​គំហុក​»​។ «​សកម្មភាព​របស់​រដ្ឋាភិបាល​កម្ពុជា​ពី​មុន និង​ចាប់ពី​ការបោះឆ្នោត​ខែ​កក្កដា ឆ្នាំ​ ២០១៨ បានបង្ហាញ​ឲ្យ​ឃើញ​នូវ​យុទ្ធនាការ​យ៉ាងខ្លាំងក្លា​របស់​រដ្ឋាភិបាល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការប្រើ​អំពើ​ហិង្សា ការគំរាមកំហែង និង​តុលាការ​ដែល​ខ្វះ​ឯករាជភាព ដើម្បី​បំបិទមាត់​ ឬ​បំបាត់​អ្នកជំទាស់​ផ្នែក​នយោបាយ ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​សង្គម​ស៊ីវិល​ដែល​រិះគន់​រដ្ឋាភិបាល​»​។

អង្គការ​ទាំង​ ២៨ ក៏បាន​ស្នើ​ឲ្យ​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ធ្វើការ​ថ្កោលទោស​ «​ការវាយប្រហារ​របស់​រដ្ឋាភិបាល​កម្ពុជា​» ​លើ​ក្រឹត្យក្រម​សិទ្ធិមនុស្ស និង​ចាត់វិធានការ​ដោះស្រាយ​ការវាយប្រហារ​ទាំងនោះ​។

របាយការណ៍​សរសេរ​ថា​៖ «​ដោយ​ឈរលើ​មូលហេតុ​នេះ យើង​ស្នើ​ឲ្យ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ឲ្យ​ធ្វើ​សេចក្ដី​សម្រេច​មួយ​ដោយ​ស្នើ​ឲ្យ​ឧត្តមក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ធ្វើការ​ឃ្លាំមើល និង​រាយការណ៍​អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​ដាក់ចេញ​នូវ​វិធានការ​ដែល​រដ្ឋាភិបាល​គួរ​ធ្វើ ដើម្បី​ដើរ​តាម​កាតព្វកិច្ច​ (​គោរព​) ​សិទ្ធិមនុស្ស​អន្តរជាតិ​»​។

ក៏ប៉ុន្តែ​លោក ជិន ម៉ាលីន បាន​ច្រាន​ចោលការ​លើក​ឡើង​ថា កម្ពុជា​មាន​វិបត្តិ​សិទ្ធិមនុស្ស​។ លោក​បាន​ថ្លែង​ថា រដ្ឋាភិបាល​គ្រាន់តែ​អនុវត្ត​ច្បាប់​ដែល​ជា​ការអនុវត្ត​សាមញ្ញ​នៅក្នុង​ប្រទេស​ប្រជាធិបតេយ្យ​។

លោក​ថា​៖ «​អ្វី​ដែល​អង្គការ​បាន​លើក​ឡើង​ពី​ព្រោះតែ​ពួកគេ​មិន​សប្បាយ​ចិត្តនឹង​ការអនុវត្ត​ច្បាប់​លើ​ក្រុម​ដែល​ពួកគេ​គាំទ្រ​»​។

ចំពោះ​ការស្នើសុំ​ឲ្យ​មាន​ចេញ​សេចក្ដី​សម្រេច​ធ្វើ​ឡើង​ស្រប​ទៅ​នឹង​ការស្នើសុំ​របស់​ប្រទេស​មួយ​ចំនួន ហើយ​ស្រប​ទៅ​នឹង​ការដាក់​របាយការណ៍​ចុងក្រោយ​របស់​លោកស្រី រ៉ូណា ស្ម៊ីត អ្នក​រាយការណ៍​ពិសេស​បញ្ហា​សិទ្ធិ​មនុស្ស​កម្ពុជា នៅពេល​លោកស្រី​ផុត​អាណត្តិ​។

លោក ម៉ាលីន ​ថ្លែង​ថា​៖ «​បើសិន​មាន​ការចេញ​សេចក្ដី​សម្រេច​នោះ យើង​គិតថា​មួយផ្នែក​នឹង​និយាយ​អំពី​ក្ដីបារម្ភ​ដូច​ដែល​អង្គការ​បាន​លើកឡើង​។ ប៉ុន្តែ​យើង​ជឿជាក់​ថា មួយ​ផ្នែក​ទៀត​នៃ​សេចក្ដី​សម្រេច​នោះ​នឹង​និយាយ​អំពី​ចំណុច​វិជ្ជមាន​នៃ​កិច្ចប្រឹងប្រែង​ដែល​កម្ពុជា​បាន​ធ្វើ​»​។

លោក​ថ្លែង​ថា​កម្ពុជា​បាន​ធ្វើការ​ជាមួយ​យន្តការ​អង្គការ​សហប្រជាជាតិ ការិយាល័យ​ឧត្តមក្រុមប្រឹក្សា​ អ.ស.ប. និង​ដៃគូ​សន្ទនា​ផ្សេងទៀត​ផ្នែក​សិទ្ធិមនុស្ស​ដើម្បី​និង​ពន្យល់​ពួកគេ​អំពី​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា​។

លោកស្រី Marie-Dominique Parent អនុប្រធាន​ការិយាល័យ OHCHR នៅ​កម្ពុជា​ថ្លែងថា លោកស្រី​ ស្ម៊ីត ត្រូវ​បាន​តែងតាំង​ជា​អ្នក​រាយការណ៍​ពិសេស​កាលពី​ខែ​មីនា ២០១៥ ហើយ​លោកស្រី​ត្រូវបាន​បន្ត​អាណត្តិ​នៅ​ឆ្នាំ​ ២០១៧​។

លោកស្រី​បញ្ជាក់​ថា តួនាទី​ជា​អ្នករាយការណ៍​ពិសេស​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​របស់​លោកស្រី ស្ម៊ីត នឹង​ត្រូវ​ពិនិត្យ​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ក្នុង​ខែ​កញ្ញា​នេះ​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​លោកស្រី ស្ម៊ីត កាលពី​ថ្ងៃ​ចន្ទ​បាន​ដាក់​របាយការណ៍​បន្ថែម​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព «​មិន​ទុក​អ្នក​ណា​ម្នាក់​ចោល​» ទៅកាន់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​។ ក្នុង​របាយការណ៍​ ២០ ​ទំព័រ​លោកស្រី​បាន​លើក​ឡើង​ពី​គោលនយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ការអនុវត្ត​របៀបវារៈ​ ២០៣០ របស់​ អ.ស.ប​។

របាយការណ៍​បន្ថែម​បាន​លើក​ឡើង​នូវ​ក្រុម​ដែល​អាច​នឹង​រងហានិភ័យ​ដោយ​ការ​ «​ទុកចោល​» នៅក្នុង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​។ ក្រុម​ទាំងនោះ​រួមមាន កុមារ មនុស្ស​មាន​ពិការភាព ជនជាតិ​ភាគតិច មនុស្ស​ដែល​មាន​ជីដូន​ជីតា​ជនជាតិ​វៀតណាម មនុស្ស​ចាស់ អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា និង​ក្រុម​ស្ដ្រី​។

របាយការណ៍​ឲ្យ​ដឹង​ថា​៖ «​អ្នករាយការណ៍​ពិសេស​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល ជាពិសេស​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ដែល​ទទួល​ខុសត្រូវ​ក្នុង​ការផ្ដល់សេវា​សង្គម​ និង​សាធារណៈ យក​ចិត្ត​ទុកដាក់​លើ​សិទ្ធិ​ជនជាតិ​ភាគតិច​ដោយ​យក​ចិត្ត​ទុកដាក់​បំផុត​» និង​អនុសាសន៍​ចំនួន​ ៩ ​ចំណុច​ផ្សេង​ទៀត​៕