The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - លោក ជិន ម៉ាលីន បញ្ជាក់​ថា ការកំណត់​បទល្មើស​ពិរុទ្ធភាព និង​ទោស​ជា​សមត្ថកិច្ច​ផ្ដាច់មុខ​របស់​តុលាការ




លោក ជិន ម៉ាលីន បញ្ជាក់​ថា ការកំណត់​បទល្មើស​ពិរុទ្ធភាព និង​ទោស​ជា​សមត្ថកិច្ច​ផ្ដាច់មុខ​របស់​តុលាការ

Content image - Phnom Penh Post
លោក ជិន ម៉ាលីន អ្នកនាំពាក្យ​នៃ​ក្រសួង​យុតិ្តធម៌​។ ហុង មិនា

លោក ជិន ម៉ាលីន បញ្ជាក់​ថា ការកំណត់​បទល្មើស​ពិរុទ្ធភាព និង​ទោស​ជា​សមត្ថកិច្ច​ផ្ដាច់មុខ​របស់​តុលាការ

ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​យុត្តិធម៌​បាន​ធ្វើការ​ឆ្លើយតប​ទៅនឹង​ក្រុម​សង្គម​ស៊ីវិល​ប្រមាណ​ជា​ជិត​ ៨០ ​ស្ថាប័ន​ដែល​បាន​ធ្វើការ​អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល និង​តុលាការ​ដោះលែង​អ្នក​ដែល​ធ្វើការ​តវ៉ា​ថា តុលាការ​ជា​ស្ថាប័ន​ឯករាជ្យ គ្មាន​ជន​ណា​ ឬ​ក្រុម​អង្គការ​អន្តរជាតិ​ណាមួយ​អាច​ដាក់​សម្ពាធ និង​បង្គាប់បញ្ជា​មកលើ​តុលាការ​បាន​នោះទេ​។

លោក ជិន ម៉ាលីន អ្នកនាំពាក្យ​នៃ​ក្រសួង​យុតិ្តធម៌​បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​តាម​ប្រព័ន្ធ​តេឡេក្រាម​ថា ការចេញ​សេចក្តី​ថ្លែងការណ៍​ដាក់​សម្ពាធ និង​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​ជនជាប់ចោទ និង​ទម្លាក់ចោល​បទចោទ មិនមែន​ជា​មធ្យោបាយ​ស្របច្បាប់​ក្នុង​ការការពារ​ជនជាប់ចោទ​នោះ​ទេ ហើយ​ក៏​នឹង​មិន​មាន​ឥទ្ធិពល​អ្វី​ដែរ​ទៅលើ​ការសម្រេច​របស់​តុលាការ​ដែល​ជា​ស្ថាប័ន​ឯករាជ្យ​។

លោក​បាន​ឲ្យ​ដឹងថា​៖ «​ការកំណត់​ពី​ពិរុទ្ធភាព បទល្មើស និង​ទោសទណ្ឌ​របស់​ជនល្មើស​គឺជា​សមត្ថកិច្ច​ផ្តាច់មុខ​របស់​តុលាការ​ដោយ​ផ្អែកលើ​មូលដ្ឋាន​នៃ​អង្គហេតុ និង​អង្គច្បាប់​ដែល​មាន​ជា​ធរមាន គឺ​មិនមែន​អាស្រ័យ​លើ​បក្ខពួក ឬ​ក្រុម​សម្ព័ន្ធមិត្ត និង​អង្គការ​ដែល​គាំទ្រ និង​ការពារ​សកម្មភាព​ខុស​ច្បាប់​របស់​ជនល្មើស​នោះទេ ហើយ​​មធ្យោបាយ​តាម​ផ្លូវ​ច្បាប់​តែ ១ ​គត់​ក្នុង​ការការពារ​ជនជាប់ចោទ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​នីតិរដ្ឋ គឺ​ការចូលរួម​ក្នុង​ដំណើរ​នីតិវិធីតុលាការ​ដើម្បី​ធ្វើការ​ការពារ​ខ្លួន​តាមផ្លូវ​ច្បាប់​»​។

លោក មឿន តុលា នាយក​ប្រតិបត្តិ​អង្គការ​សង់ត្រាល់ (Central) បាន​ឲ្យ​ដឹងថា ការចេញ​សេចក្តី​ថ្លែងការណ៍​របស់​សង្គម​ស៊ីវិល ឬ​សមាគម​គឺ​គ្រាន់តែ​ជា​ការអំពាវនាវ​ក្នុង​នាម​ជា​ពលរដ្ឋ​ដែល​រដ្ឋធម្មនុញ្ញ​បានចែង​។

លោក មឿន តុលា បាន​ឲ្យ​ដឹងថា នាពេល​កន្លង​មក​អាជ្ញាធរ​បាន​ប្រើ​សន្តិសុខ​មក​បង្ក្រាប​បាតុករ​ដែល​នេះ​ជា​សកម្មភាព​ខុសច្បាប់ ដោយសារ​កម្លាំង​សន្តិសុខ​មិនមែន​ជា​មន្ត្រី​នគរបាល​យុត្តិធម៌​នោះទេ​។ ក្រុម​សង្គម​ស៊ីវិល​ចំនួន​ ៧៩ ​ស្ថាប័ន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួមមួយ​កាលពី​ថ្ងៃទី​ ១៨ ខែ​សីហា ឆ្នាំ​ ២០២០ ដោយបាន​សម្ដែង​នូវ​ការសោកស្ដាយ​យ៉ាងខ្លាំង​ចំពោះ​អាជ្ញាធរ​ដែល​បាន​ប្រើប្រាស់​អំពើហិង្សា​ទៅលើ​អ្នក​តវ៉ា​ដោយ​សន្តិវិធី និង​ការចាប់ខ្លួន​សកម្មជន​ជាង​ ១០ ​នាក់​កាលពី​ពេល​ថ្មីៗ​នេះ ហើយ​ក្រុម​សង្គម​ស៊ីវិល​ទាំងនេះ​សង្ឃឹម​ថា តុលាការ​នឹង​អាច​ដោះលែង​អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន និង​ទម្លាក់ចោល​ការចោទប្រកាន់​ទាំងអស់​ទៅលើ​ពួកគេ​។ រាជរដ្ឋាភិបាល​នឹង​អាច​គោរព​សិទ្ធិ​ក្នុង​ការបញ្ចេញមតិ និង​សិទ្ធិ​ក្នុង​ការជួបជុំ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ឱ្យបាន​ពេញលេញ​។

លោក ម៉ាលីន បាន​បញ្ជាក់ថា ការជួបជុំ​តវ៉ា​ដោយ​សន្តិវិធី​ដោយ​សហការ​ជាមួយ​សមត្ថកិច្ច និង​គោរព​តាម​វិធានការ​សន្តិសុខ សុវត្ថិភាព និង​សុខភាព​សាធារណៈ​គឺជា​ការអនុវត្ត​សិទ្ធិ​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់ តែ​ផ្ទុយ​ទៅ​វិញ ការជួបជុំ​តវ៉ា​ដោយ​មិនបាន​ជូនដំណឹង និង​សហការ​ជាមួយ​សមត្ថកិច្ច បំពាន​វិធានការ​សន្តិសុខ សុវត្ថិភាព និង​សុខភាព​សាធារណៈ បង្ក​ជា​អំពើហិង្សា និង​ភាពចលាចល​ក្នុង​សង្គម​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ សន្តិសុខ​ជាតិ និង​សិទ្ធិ​សេរីភាព​អ្នកដទៃ​រួមទាំង​ការដាក់​សម្ពាធ​ដល់​ស្ថាប័ន​តុលាការ​គឺជា​អំពើ​ល្មើស​ទៅ​នឹង​ច្បាប់​៕

អត្ថបទគួរចាប់អារម្មណ៍