ភ្នំពេញៈ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាលោក ឈាង វុន កាលពីម្សិលមិញបានការពារ «ភាពស្របច្បាប់» របស់កម្ពុជា បន្ទាប់ពីលោកបញ្ចប់បេសកកម្មជាមួយគណៈប្រតិភូសភាកម្ពុជាទៅចូលរួមកិច្ចប្រជុំសភាអាស៊ី អឺរ៉ុបនៅប្រទេសបែលហ្ស៊ិកទីដែលលោកបាន «បណ្ដេញ» លោកស្រី មូរ សុខហួរ ដែលមកសម្តែងការគួរសមចំពោះរូបលោកជាអ្វីដែលអតីតតំណាងរាស្ត្របក្សប្រឆាំងរូបនេះបានសម្តែង «ការសោកស្ដាយ» និងចោទថា ជាចរិតរបស់ «មនុស្សមិនស្របច្បាប់»។
គណៈប្រតិភូកម្ពុជាដែលមានសមាជិកចំនួន ៥ រូបពីគណបក្សប្រជាជនកម្ពុជាបានទៅចូលរួមកិច្ចប្រជុំភាពជាដៃគូនៃសភាអាស៊ី-អឺរ៉ុបលើកទី ១០ ដែលធ្វើឡើងនៅក្នុងទីក្រុងប្រ៊ុចសែលប្រទេសបែលហ្ស៊ិកចាប់ពីថ្ងៃទី ២៧ និង ២៨ ខែកញ្ញាដែលផ្តោតលើបញ្ហាប្រឈមផ្នែកបរិស្ថាន សម្រាប់តំបន់អាស៊ី និងអឺរ៉ុប។
ភាពចម្រូងចម្រាសបានកើតឡើងនៅពេលដែលអនុប្រធាននៃអតីតគណបក្សសង្គ្រោះជាតិគឺលោកស្រី មូរ សុខហួរ បានទៅសម្តែងការគួរសមជាមួយលោក ឈាង វុន។
លោកស្រី មូរ សុខហួរ បានថ្លែងតាមវីដេអូ live នៅលើទំព័រហ្វេសប៊ុករបស់លោកស្រីកាលពីម្សិលមិញពីក្នុងសាលប្រជុំសភាអឺរ៉ុបថាលោកស្រីមាន «ការសោកស្ដាយ» បន្ទាប់ពីគណៈប្រភិភូកម្ពុជាដែលក្នុងនោះមានលោក ឈាង វុន បានប្រើភាសា និងឥរិយាបថមិនសមរម្យ នៅពេលលោកស្រីព្យាយាមទៅសម្តែងការគួរសមក្នុងនាមជាខ្មែរដូចគ្នាដែលជួបគ្នានៅឯក្រៅប្រទេស។
លោកស្រីថ្លែងថា៖ «ខ្ញុំបានទៅជម្រាបសួរគណៈប្រតិភូនៃប្រទេសកម្ពុជា ខ្ញុំជម្រាបសួរឯកឧត្តម ឈាង វុន ក្នុងនាមជាខ្មែរដូចគ្នា។ ខ្ញុំមានការសោកស្ដាយ ដែលឯកឧត្តម ឈាង វុន មិនសំពះខ្ញុំវិញផង ហើយសួរខ្ញុំថា តើខ្ញុំមានសិទ្ធិអ្វីមកក្នុងសភាអឺរ៉ុប?»។
លោកស្រីថាលោកស្រីបានទៅក្នុងនាមជាអ្នកតំណាងឲ្យពលរដ្ឋខ្មែរកន្លះប្រទេសដែលបានបោះឆ្នោតឲ្យអតីតគណបក្សប្រឆាំង ប៉ុន្តែត្រូវបានលោក ឈាង វុន បណ្ដាញចេញ។
លោកស្រីបន្ថែមថា៖ «គាត់ថា “ខ្ញុំ (ឈាង វុន) អត់ទទួលស្គាល់ មូរ សុខហួរ ទេ ដើរចេញទៅ”។ ខ្ញុំមានការសោកស្ដាយណាស់ ខ្ញុំមានកិត្តិយសណាស់ ដែលខ្ញុំមកនៅក្នុងសភាអឺរ៉ុបនេះ មកបង្ហាញ មកជម្រាបវត្តមានយើង គឺជាវត្តមាននៃប្រជាពលរដ្ឋពាក់កណ្ដាលនគរ»។
លោកស្រីថា លោកស្រីបានយកបញ្ហាលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព និងសិទ្ធិបញ្ចេញមតិយកទៅជជែក។ «ស្ដាយៗ ទេបងប្អូនដែលមានតំណាងយើងនៅសភាសហគមន៍អឺរ៉ុប ដែលប្រើភាសាដូចឯកឧត្តម ឈាង វុន ខ្ញុំមានការសោកស្ដាយណាស់។ ដូច្នេះការមិនស្របច្បាប់មនុស្សមិនស្របច្បាប់ចរិតរបៀបនេះ ដែលយើងខ្ញុំជាតំណាងប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសប្រជាធិបតេយ្យនរណាក៏មានសិទ្ធិចូលក្នុងសភាដែរ»។
អតីតតំណាងរាស្ត្រគណបក្សប្រឆាំងរូបនេះសង្កត់ធ្ងន់ថា៖ «ខ្ញុំមកជាតំណាងបងប្អូនប្រជាពលរដ្ឋពាក់កណ្ដាលនគរលើករឿងប្រជាធិបតេយ្យ សិទ្ធិសេរីភាពសិទ្ធិបញ្ចេញមតិដើម្បីប្រទេសជាតិ។ សហគមន៍អឺរ៉ុបគឺជាសហគមន៍ប្រជាធិបតេយ្យ យុត្តិធម៌នឹងឈ្នះ»។
កាលពីថ្ងៃពុធ រដ្ឋសភាកម្ពុជាតាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួនបានចេញវីដេអូឃ្លីបមួយទាក់ទងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជាដោយក្នុងនោះលោក វុន បានថ្លែងនៅក្នុងវីដេអូថា គណៈប្រតិភូកម្ពុជាបានទទួលស្វាគមន៍ពីសភានៃប្រទេសអឺរ៉ុបដែលចូលតាមច្រកទ្វារធំហើយលោកចាត់ទុកដំណើរទស្សនកិច្ចនេះថាជា «ជោគជ័យរបស់សភាកម្ពុជា» និងជាជោគជ័យរបស់ពលរដ្ឋកម្ពុជាទាំងអស់ដែរ។
លោកថ្លែងក្នុងវីដេអូថា៖ «ដំណើរដែលយើងមកប្រជុំនេះក្នុងរយៈពេល ២ ថ្ងៃសូមបញ្ជាក់ជាថ្មីម្ដងទៀតថាប្រទេសនៅលើសកលលោកតាមរយៈសភាអាស៊ី-អឺរ៉ុបនេះបញ្ជាក់ថាកម្ពុជាយើងកំពុងតែដើរនៅលើផ្លូវត្រូវ។ យើងមានមោទនភាពដែលអង្គការសហប្រជាជាតិបានវាយតម្លៃលើប្រទេស ៣៨ ដែលរំលោភសិទ្ធិមនុស្សបញ្ជាក់ថាក្នុងនោះគ្មានព្រះរាជាណាចក្រកម្ពុជាទេ»។
«នៅទីនេះគេស្វាគមន៍យើងខ្លាំងណាស់ ដូច្នេះហើយអ្នកដែលចង់បោកប្រាស់ប្រជាពលរដ្ឋរបស់យើងថា គេនៅក្រៅប្រទេស មិនស្វាគមន៍កម្ពុជាទេនោះគឺជាការបោកប្រាស់ធំណាស់ ការបោកប្រាស់ដែលមិនអាចអត់ឱនឲ្យបាន»។
នៅពេលទាក់ទងបន្ថែមកាលពីម្សិលមិញលោក ឈាង វុន ទទួលស្គាល់ថា លោកពិតជាបានបណ្ដេញលោកស្រី សុខហួរ ចេញមែនដោយសារតែប្រតិភូរបស់លោកគឺជាតំណាងស្របច្បាប់តែ ១ គត់របស់កម្ពុជាដែលត្រូវបានគេអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំនេះ។ «តាមពិតគាត់ចង់មកបន្លំខ្លួនអង្គុយអាសនៈកម្ពុជា គាត់ឲ្យគេជូនមកដល់ខ្ញុំសួរគាត់ថា គាត់មកធ្វើអី? គាត់បែរជាថា គាត់មកសម្តែងការគួរសមជាមួយខ្ញុំ ខ្ញុំថា ខ្ញុំអត់ទទួលទេ។ តំណាងសភាកម្ពុជាគឺមានតែ ១ ទេ»។
លោកចោទថាក្រុមរបស់លោកស្រី មូរ សុខហួរ មិនមានសិទ្ធិអ្វីទេ ដោយលោកចោទថាគ្រាន់តែជាពួក «ឧទ្ទាម» ប៉ុណ្ណោះ។ លោកចោទសួរថា៖ «តើគាត់ជាតំណាងរាស្ត្រ? គាត់ជាឧទ្ទាម! គាត់មានសិទ្ធិពីណាមក? គាត់គ្មានសិទ្ធិអីទេហើយគាត់ធ្វើរបៀបឡប់ៗ ឆ្កួតៗអ៊ីចឹង។ យើងមិនអាចទទួលពួកនេះបានទេ»។
លោកសង្កត់ធ្ងន់ថា៖ «ខ្ញុំដេញគាត់ចេញពីសាលគណៈសភាកម្ពុជា។ មិនអាចឲ្យគាត់ឈរនៅរ៉ែរ៉ រញ៉េរញ៉ៃកន្លែងហ្នឹង។ មិនត្រឹមតែប៉ុណ្ណឹងទេ គាត់មកនេះរបៀបប្រុងយកអ្នកចាត់ចែងក្នុងនេះមកដាក់ទម្ងន់លើពួកខ្ញុំ។ ខ្ញុំដេញទាំងអាអ្នកហ្នឹងទៀត...នៅពេលគាត់ឮសូរខ្ញុំមិនទទួល មូរ សុខហួរ គេដើរចេញលឿនតែម្ដង»។
លោក ឈាង វុន អះអាងថានៅពេលដែលសភាអឺរ៉ុបអញ្ជើញគណៈប្រតិភូកម្ពុជាទៅចូលរួមមានន័យថាពួកគេទទួលស្គាល់សភាកម្ពុជា ហើយលោកមិនអាចឲ្យក្រុមប្រឆាំងមករំខានគណៈប្រតិភូកម្ពុជាដែរ។
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយយល់ថាជាទូទៅភាគីមួយ អាចមានសិទ្ធិធ្វើពហិការមិនចូលរួមកិច្ចប្រជុំមួយបាន ប៉ុន្តែគ្មានសិទ្ធិក្នុងការដេញភ្ញៀវផ្សេងទៀតនោះទេ ទោះបីពេញចិត្ត ឬមិនពេញចិត្តក្ដី។ «និយាយសាមញ្ញ អានេះយើងហែកខោអាវគ្នានៅមុខផ្ទះគេ គឺឈ្លោះគ្នានៅមុខបរទេស។ បរទេសគេអាចមើលងាយយើង។ ក៏ប៉ុន្តែករណីនេះអាស្រ័យលើប្រទេសសាមីដែលគេរៀបចំ បើសិននៅក្នុងក្របខ័ណ្ឌអង្គការសហភាពអឺរ៉ុបគឺគេជាអ្នកចាត់ចែងជាគោលការណ៍លោក ឈាង វុន ក៏គ្មានសិទ្ធិទៅដេញគេដែរ ព្រោះគាត់ (លោកស្រី មូរ សុខហួរ) ក៏ជាភ្ញៀវដែរ»។ «លោក (វុន) អាចមានសិទ្ធិបដិសេធក្នុងការចូលរួម បើសិនមានវត្តមានលោកស្រី មូរ សុខហួរ ប៉ុន្តែការប្រើយន្តការផ្សេងគឺខុសនឹងគោលការណ៍នៃច្បាប់ការទូត។ យើងទៅផ្ទះគេ យើងគ្មានសិទ្ធិដេញភ្ញៀវម្នាក់ទៀតបានទេ»។
តំណាងស្ថានទូតនៃគណៈប្រតិភូសហភាពអឺរ៉ុបមិនបានឆ្លើយតបនឹងសំណើសុំការបញ្ជាក់ទេកាលពីម្សិលមិញ៕