ភ្នំពេញៈ លោកតំណាងរាស្ត្រ ឈាង វុន បានប្រាប់លោក Manfred Grund ដែលជាតំណាងរាស្ត្រអាល្លឺម៉ង់ម្នាក់ថា សភាអាល្លឺម៉ង់នឹងមានអារម្មណ៍សោកស្តាយ ប្រសិនបើប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី «អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA)» ត្រូវបានដកចេញសម្រាប់កម្ពុជា។
លោក ឈាង វុន បានជួបជាមួយលោក Manfred Grund កាលពីថ្ងៃចន្ទដើម្បីពង្រឹងទំនាក់ទំនងកម្រិតសភានៃប្រទេសទាំង ២។ លោកបានថ្លែងកាលពីថ្ងៃអង្គារថា សភាអាល្លឺម៉ង់ដើរតួយ៉ាងសំខាន់នៅក្នុងសភាអឺរ៉ុប។
លោក វុន បានថ្លែងថា កាលពីថ្មីៗនេះ លោកបានជួបជាមួយតំណាងរាស្ត្របារាំងម្នាក់នៅក្នុងកិច្ខខិតខំប្រឹងប្រែងពន្យល់សហភាពអឺរ៉ុបតាមរយៈសភានៃរដ្ឋសមាជិកសហភាពអឺរ៉ុប។
គណៈកម្មការអឺរ៉ុប កាលពីខែមុន បានចាប់ផ្តើមដំណើរការផ្លូវការមួយនៃនីតិវិធីឈានទៅពិនិត្យលទ្ធភាពព្យួរជាបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី «អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA)» សម្រាប់កម្ពុជា ជាការឆ្លើយតបនឹងអ្វីដែលថាកម្ពុជាធ្វើឲ្យខូចប្រជាធិបតេយ្យនិងមានការរំលោភសិទ្ធិមនុស្ស។
ពួកគេបាននិយាយថា មានភ័ស្តុតាងនៃ «ការរំលោភបំពានធ្ងន់ធ្ងរ និងជាប្រព័ន្ធនៃសិទ្ធិមនុស្ស និងសិទ្ធិការងារស្នូលក្នុងប្រទេស កម្ពុជា ជាពិសេសសិទ្ធិចូលរួមនយោបាយព្រមទាំងសេរីភាពនៃការប្រមូលផ្តុំ ការបញ្ចេញមតិ និងអង្គការសមាគម»។
យ៉ាងណាក្ដី លោក ឈាង វុន បានពន្យល់លោក Manfred Grund ថា កម្ពុជាបានឆ្លងកាត់ភាពលំបាកជាច្រើនឆ្នាំនៅក្នុងសង្គ្រាមស៊ីវិលនិងសង្គ្រាមត្រជាក់។ បន្ទាប់ពីការបោះឆ្នោតលោកទី ១ ក្នុងឆ្នាំ ១៩៩៣ កម្ពុជាអាចដើរបាន ហើយជាមួយនឹងគោលនយោបាយឈ្នះ ឈ្នះ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កម្ពុជា អាចរត់បាន។
លោកបានថ្លែងថា សហភាពអឺរ៉ុបបានរួមចំណែកនៅក្នុងការធ្វើឲ្យកម្ពុជាដឹងអំពីរបៀបរត់។
លោកបន្តថា ប៉ុន្តែឥឡូវនេះពួកគេចង់ធ្វើឲ្យកម្ពុជាដួល។ សហភាពអឺរ៉ុបមិនអាចប្រើប្រាស់ EBA ដើម្បីយកកម្ពុជាធ្វើជាចំណាប់ខ្មាំងបានទេ។
លោកបានថ្លែងថា៖ «ខ្ញុំបានប្រាប់គាត់ [លោក Grund] ថា EBA ដែលជាឧបករណ៍ពាណិជ្ជកម្ម មិនគួរត្រូវបានប្រើជាអាវុធសម្រាប់ប្រជាជនកម្ពុជាបានទេ។ សេចក្តីសម្រេចរបស់ឧត្តមស្នងការសហភាពអឺរ៉ុបគឺអយុត្តិធម៌។ សហភាពអឺរ៉ុបកំពុងធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយវៀតណាម ថៃ និងសិង្ហបុរី ហើយ EBA ត្រូវបានផ្តល់ឲ្យប្រទេស ឡាវ។ អ្នកគួរមើលប្រទេសទាំងនេះ តើប្រទេសទាំងនេះជាប្រទេសប្រជាធិបតេយ្យដូច ពួកគេចង់បាន? តើពួកគេមានការបោះឆ្នោតដូចក្នុងប្រទេស កម្ពុជា? លោក Grund មានការភ្ញាក់ផ្អើល»។
អ្នកវិភាគនយោបាយ លោក ឡៅ ម៉ុងហៃ បានថ្លែងថា លោក ឈាង វុន កំពុងព្យាយាមឲ្យអាល្លឺម៉ង់ពិចារណាអំពីការឈឺចាប់របស់ប្រជាជនកម្ពុជាដែលបណ្តាលមកពីការដក EBA របស់សហភាពអឺរ៉ុប។
លោកបានថ្លែងថា នេះនឹងធ្វើឲ្យថ្នាក់ដឹកនាំកម្ពុជាខ្លួនឯង «មិនមានការទទួលខុសត្រូវទាល់តែសោះចំពោះវា [EBA] នៅពេលដែលខ្លួនកំពុងបដិសេធមិនគោរពកាតព្វកិច្ចសិទ្ធិមនុស្សក្រោមកិច្ចព្រមព្រៀងអនុគ្រោះពន្ធជាមួយសហភាពអឺរ៉ុប»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា តំណាងរាស្ត្រអាល្លឺម៉ង់អាចពាំនាំស្ថានភាពពិតប្រាកដក្នុងប្រទេសកម្ពុជាទៅសភាសហព័ន្ធរបស់អាល្លឺម៉ង់ និងទៅគណៈកម្មការសហភាពអឺរ៉ុប។ប៉ុន្តែលោកបានសួរថា តើវានឹងមានប្រសិទ្ធភាពចំពោះការបញ្ឈប់គណៈកម្មការសហភាពអឺរ៉ុបពីការធ្វើសេចក្តីសម្រេចឬយ៉ាងណា?
លោកបានថ្លែងថា ប្រសិនបើសភាអឺរ៉ុបមិនអាចបញ្ឈប់គណៈកម្មការសហភាពអឺរ៉ុបពីការធ្វើសេចក្តីសម្រេចអំពីការដក EBA វាគឺជាកំហុសរបស់រដ្ឋសមាជិកសហភាពអឺរ៉ុបចំពោះការធ្វេសប្រហែសអំពីសមិទ្ធផលនៅក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនៅក្នុងប្រទេសកម្ពុជា។
លោកបានថ្លែងថា៖ «សមិទ្ធផលនេះនឹងរលាយដោយសារពួកគេមិនព្យាយាមយល់អំពីស្ថានភាពពិតពីគ្រប់ជ្រុង ហើយវានឹងជាការសោកស្តាយរបស់ពួកគេនាពេលអនាគត»៕