ភ្នំ​ពេញៈ ក្រោយ​ពី​ទទួល​បាន​ការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ ​លោក ​ញឹក​ ប៊ុនឆៃ ​ត្រូវ​ការ​ពេល​វេលា​មួយ​រយៈ​ដើម្បី​សម្រាក​ព្យាបាល​ជំងឺ មុន​ពេល​សម្រេច​ចិត្ត​ដឹក​នាំ​គណ​បក្ស​នយោ​បាយ​ឡើង​វិញ​ ដើម្បី​ចូល​រួម​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​​តំ​ណាង​រាស្ត្រ​ នៅ​ថ្ងៃ​ទី ​២៩​ ខែ​កក្កដា​នេះ​។

លោក ​សិង្ហ​ គីរី​ ដែល​ឡើង​ជា​ប្រធាន​គណ​បក្ស​ខ្មែរ​រួម​រួប​ជាតិ​ក្រោយ​ពេល​ដែល​លោក ​ញឹក​ ប៊ុន​ឆៃ​ ត្រូវ​បាន​ជាប់​ឃុំ​ បាន​ប្រាប់​ភ្នំ​ពេញ​ ប៉ុស្តិ៍​នៅ​ព្រឹក​នេះ​ថា​៖ «​លោក ញឹក​ ប៊ុន​ឆៃ​នឹង​វិល​ត្រ​ឡប់​​ទៅ​ធ្វើ​ជា​ប្រធាន​គណ​បក្ស​ខ្មែរ​រួម​រួប​ជាតិវិញ​។ ​នេះ​គ្រា​ន់​តែ​ជា​ការ​គ្រោង​ទុក​ទេ។ ​តែ​ដោយសារ​សុខ​ភាព​គាត់។ ​យើង​មិន​ទាន់​កំណត់​ថ្ងៃ​ណា​គាត់​ចូល​ធ្វើ​ប្រធាន​ទេ។ ​គាត់​ត្រូវ​ការ​ការព្យាបាល​សុខ​ភា​ព​​សិន​ និងសម្រាកអារម្មណ៍​របស់​គាត់​ឲ្យ​វា​ល្អ​សិន ​ហើយ​ការ​រៀប​ចំ​សមាជ​និង​សេចក្តី​សម្រេច​ដើម្បី​ឲ្យ​គាត់​ធ្វើ​​ជា​ប្រធាន​វិញ​នោះ​មិន​ទាន់​បាន​កំណត់​ថ្ងៃ​ទេ​»។

លោក ​គីរី​ បាន​ថ្លែង​បន្តថា៖«វា​អា​ស្រ័យ​ទៅ​លើ​សុខ​ភាព​គាត់​សិន។ ​ប្រ​សិន​បើ​គាត់​អាច​ទទួល​យក​បាន ​គាត់​នឹង​ទទួល​ តែ​ប្រ​សិន​បើ​​សុខ​ភាព​គាត់​មិន​អាច​ទទួល​យក​បាន​ទេ។ ​គាត់​នៅ​ជា​ថ្នាក់​ដឹក​នាំ​មួយ​នៅ​ក្នុង​បក្ស​ដែរ​»។

លោក​ ​ញឹក​ ​ប៊ុនឆៃ​ ​អតីត​ប្រធាន​គណ​បក្ស​ខ្មែរ​រួប​រួម​ជាតិ​ ត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់​ខ្លួន​ ​កាល​ពី​​ខែ​សីហា ​ឆ្នាំ​ ២០១៧​ ពាក់​ព័ន្ធ​ករណី​ផ​លិត​គ្រឿង​ញៀន ​កាល​ពី​ឆ្នាំ​២០០៧​។​

លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ ​​សម​គំនិត​ ​ផលិត​គ្រឿង​ញៀន​ ​និង​នាំ​ចូល​សារ​ធាតុ​សម្រាប់​ផ្សំ​គ្រឿង​ញៀ​ន​ ប្រ​ព្រឹត្ត​នៅ​ក្នុង​ឃុំ​ត្រែង​ត្រ​យឹង​ ​ស្រុក​ភ្នំ​ស្រួច​ ​ខេត្ត​កំពង់​ស្ពឺ ​កាល​ពី​​ខែ​មេសា​ ​ឆ្នាំ​ ២០០៧​៕​