ភ្នំពេញៈ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ បាន​ផ្ញើលិខិត​ ២ ​ច្បាប់​ជូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយ​បញ្ជាក់​ពី​ជំហរ​ និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២ ​និង​អញ្ជើញ​លោក​នាយករដ្ឋមន្ត្រី​ទៅ​ចូលរួម​ប្រជុំ ពិសេស​សហរដ្ឋអាមេរិក-អាស៊ាន​ នៅ​ឆ្នាំ​ ២០២០​។

ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ​បាន​បញ្ជាក់ថា លោក ដូណាល់ ត្រាំ បាន​ផ្ញើលិខិត​ជូន​លោក​នាយក​រដ្ឋមន្ត្រី​ចំនួន​ ២ ​ច្បាប់​នៅ​ខែវិច្ឆិកា​នេះ​ដោយ​លិខិត​ទី​ ១ លោក​ ត្រាំ បាន​ថ្លែង​អំពី​ទំនាក់ទំនង និង​សហប្រតិបត្តិការ​រវាង​សហរដ្ឋ​អាមេរិក​ និង​កម្ពុជា​ និង​លិខិត​ទី​ ២ ​គឺជា​ការ​អញ្ជើញ​លោក ហ៊ុន សែន ទៅ​ចូលរួម​ជំនួប​កំពូល​អាមេរិក​-​អាស៊ាន​នៅ​ឆមាស​ទី​ ១ នៃ​ឆ្នាំ​ ២០២០ ខាងមុខ​។

ការបញ្ជាក់​អំពី​ខ្លឹម​សារលិខិត​របស់​លោក ត្រាំ ធ្វើ​ឡើង​បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី​បាន​ជួប​ជាមួយ​លោក Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​។

ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន ឲ្យ​ដឹងថា សហរដ្ឋអាមេរិក​មាន​ការប្ដេជ្ញា​ខ្ពស់​ក្នុង​ការគាំទ្រ​ដល់​ប្រទេស​ កម្ពុជា ជាពិសេស​គោរព​អធិបតេយ្យភាព​របស់​ប្រទេស ​កម្ពុជា និង​ «​មិនមាន​ការគាំទ្រ​ឲ្យ​មាន​ការផ្លាស់ប្តូរ​របប​នៅក្នុង​ប្រទេស​កម្ពុជា​នោះទេ​។ ជាពិសេស​ទៀត​នោះ គឺ​សហរដ្ឋអាមេរិក​នឹង​ជួយ​ការពារ​អធិបតេយ្យភាព​កម្ពុជា​ផង​ដែរ ហើយ​សហរដ្ឋ​-អាមេរិក​នឹង​បន្ត​ជួយ​កម្ពុជា​ឲ្យ​មាន​ប្រព័ន្ធគ្រប់គ្រង​ហិរញ្ញវត្ថុ​រឹងមាំ​ប្រកប​ដោយ​តម្លាភាព ទប់ស្កាត់​ការលាង​លុយកខ្វក់​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​ប្រទេស​ជាតិ​»​។

លើស​ពី​នេះ​ទៀត​សហរដ្ឋអាមេរិក​នឹង​គាំទ្រ​ផ្ដល់​ជំនួយ​បច្ចេកទេស​ជាច្រើន​ទៀត​ដែល​កម្ពុជា​ត្រូវការ ដើម្បី​ជំរុញ​មិត្តភាព និង​កិច្ចសហការ​ឲ្យ​កាន់តែ​ល្អ​នឹង​ជឿទុកចិត្ត​គ្នា​ទៅវិញ​ទៅមក​កាន់តែ​ខ្លាំង​។

យោងតាម​លិខិត​របស់​លោក ត្រាំ ដែល​មន្ត្រី​រដ្ឋាភិបាល​មួយចំនួន​បាន​បង្ហោះ​ចុះ​កាលបរិច្ឆេទ​ថ្ងៃទី​ ១ ​ខែ​វិច្ឆិកា លោក​ ត្រាំ បាន​សរសេរ​លិខិត​ទាំង​ ២ ​ក្នុងឱកាស​ជំនួប​កំពូល​អាមេរិក-អាស៊ាន​លើក​ទី​ ៧ ដែល​ធ្វើឡើង​នៅ​ទីក្រុង​បាងកក​កាលពី​ដើម​ខែវិច្ឆិកា​នេះ​។

លិខិត​លោក​ ត្រាំ ​សរសេរ​ថា​៖ «​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​ថ្មីៗ​នេះ ទំនាក់​ទំនង​រវាង​សហរដ្ឋអាមេរិក​ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ពើបប្រទះ​នឹង​ការលំបាក ប៉ុន្តែ​ភាព​រកាំរកូស​នេះ​មិន​បម្រើ​ឲ្យ​ប្រយោជន៍​នៃ​ប្រជាជន​អាមេរិក​ និង​កម្ពុជា​ទេ​។ ក្នុង​ហេតុផល​នេះ​ខ្ញុំ​សូម​ឆ្លៀត​យក​ឱកាស​នេះ គូសបញ្ជាក់​ជូន​សម្ដេច​ថា សហរដ្ឋអាមេរិក គោរព​ឆន្ទៈ អធិបតេយ្យ​របស់​ប្រជាជន​កម្ពុជា ហើយ​សហរដ្ឋអាមេរិក​មិន​ស្វែងរក​ឲ្យ​មាន​ការប្ដូរ​របប​នោះទេ​។ រដ្ឋបាល​របស់​ខ្ញុំ ស្វះស្វែង​ធ្វើឲ្យ​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​របស់​សម្ដេច​ដោយ​ផ្អែកលើ​ការគោរព​គ្នា​ទៅវិញ​ទៅមក​»​។

លិខិត​របស់​លោក​ ត្រាំ បន្តថា វា​មាន​សារៈសំខាន់​សម្រាប់​អនាគត​នៃ​ទំនាក់ទំនង​ទ្វេភាគី​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​នាំ​កម្ពុជា​ត្រឡប់​ទៅរក​មាគ៌ា​អភិបាលកិច្ច​តាម​បែប​ប្រជាធិបតេយ្យ​វិញ​។

លិខិត​ដដែល​សរសេរ​ថា​៖ «​ជា​ជំហាន​ដំបូង ខ្ញុំ​សង្ឃឹម​ថា​សម្ដេច​នឹង​ពិនិត្យ​ឡើង​វិញ​នូវ​ការសម្រេច​មួយចំនួន​ដែល​រដ្ឋាភិបាល​សម្ដេច​បាន​ប្រកាន់យក ហើយ​ដែល​ការសម្រេច​ទាំងនោះ​សហរដ្ឋអាមេរិក​ជឿជាក់​មុតមាំ​ថា​វា​នឹង​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ខ្លាំង​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ស្ថិរភាព​ និង​អធិបតេយ្យភាព​យូរអង្វែង​របស់​ព្រះរាជាណាចក្រ​កម្ពុជា​»​។

លោក Patrick Murphy បាន​បង្ហោះ​សារ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​អាមេរិក​ដោយ​ថ្លែងថា លោក​បាន​ជួប​ជាមួយ​លោក ហ៊ុន សែន «​ដើម្បី​បន្ត​ការពិភាក្សា​របស់​យើង​អំពី​ការគាំទ្រ​របស់​អាមេរិក ចំពោះ​ពលរដ្ឋ​កម្ពុជា​ និង​ប្រជាធិបតេយ្យ ព្រមទាំង​បន្ត​ជំហាន​លើ​បញ្ហា​សិទ្ធិមនុស្ស​ដែល​នឹង​ជួយ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​»​។ លោក​ក៏បាន​សាកសួរ​លោក​នាយករដ្ឋមន្ត្រី​អំពី​លិខិតអញ្ជើញ​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពូល អាមេរិក-អាស៊ាន​ពិសេស​នៅ​ឆ្នាំ​ ២០២០​។

ឆ្លើយតនឹង​លិខិត​របស់លោក ដូណាល់ ត្រាំ លោក ហ៊ុន សែន បាន អរគុណ​សហរដ្ឋ​អាមេរិក​ដែល​បាន​គាំទ្រ​កម្ពុជា​តាំងពី​កម្ពុជា​មិនទាន់​ទទួល​បាន​ឯករាជ្យ​ក្នុង​ឆ្នាំ ១៩៥៣​។

លោក​បន្តថា ការគាំទ្រ​នេះ​បង្ហាញ​ពី​ចំណង​មិត្តភាព​ និង​សហប្រតិបត្តិការ​ល្អ​ជាមួយ​គ្នា​ដែល​មាន​រយៈពេល​យូរលង់​មកហើយ​។ លោក​បានបញ្ជាក់​ពី​ជំហរ​របស់​កម្ពុជា​ក្នុងការ​បង្កើន​មិត្ត​ភាពល្អ​ជាមួយ​សហរដ្ឋ- អាមេរិក ហើយ​រីករាយ​នឹង​ចូលរួម​កិច្ចប្រជុំ​ពិសេស​ដែល​រៀបចំ​ដោយ​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ​ក្រោយនេះ​។ លោក ហ៊ុន សែន ក៏​បាន​ថ្លែងថា លោក​នឹង​ចាត់​មន្ត្រី​ក្រសួង​ការបរទេស ឲ្យ​រៀបចំ​លិខិត​ឆ្លើយតប​ជា​ផ្លូវការ​ទៅ​សេតវិមាន​វិញ​ឆាប់ៗ​នេះ​។

លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា​យល់​ឃើញ​ថា លិខិត​របស់​លោក​ ត្រាំ បង្ហាញ​ពី​ភាពកក់ក្ដៅ​ឡើងវិញ បន្ទាប់ពី​ប្រទេស​ទាំង​ ២ ​បាន​ឆ្លងកាត់​ការលំបាក​ខ្លះ​។ លោក​ថា លិខិត​នេះ​ធ្វើ​ឡើង​កាលពី​ដើម​ខែ​វិច្ឆិកា​គឺ​មុនពេល​ការកំណត់​ថ្ងៃ​វិលត្រឡប់​របស់​លោក សម រង្ស៊ី ដែល​បាន​ប្រកាស​ថា នឹង​ចូលមក​កម្ពុជា​ជាមួយ​អ្នកគាំទ្រ​រាប់លាន​នាក់​។ វា​បញ្ជាក់​ថា ការបោះឆ្នោត​ឆ្នាំ​ ២០១៨ គឺ​ធ្វើ​ឡើង​ដោយ​ត្រឹមត្រូវ​ដោយ​មាន​ប្រជាពលរដ្ឋ​ចូលរួម​បោះឆ្នោត​ជាង​ ៨៣ ​ភាគរយ​។

លោក​បន្តថា​៖ «​លោក ដូណាល់ ត្រាំ បាន​បញ្ជាក់​ច្បាស់​ណាស់​ថា​នឹង​មិន​មាន​បំណង​ដូរ​របប ហើយ​គោរព​អធិបតេយ្យភាព​កម្ពុជា​។ នេះ​ជា​ចំណុច​សំខាន់​ដែល​ធ្វើឲ្យ​កម្ពុជា និង​សហរដ្ឋអាមេរិក​ចាប់​ដៃ​គ្នា​នៅពេល​ខាង​មុខ​នេះ​»​។ លោក​បាន​បញ្ជាក់​​ថា​៖ «​ដោយសារ​សម្ដេច​នាយករដ្ឋមន្ត្រី​មាន​ឥទ្ធិពល​ ឬ​គេ​ហៅថា ភាពរឹងមាំ​លើ​គោលនយោបាយ​ការបរទេស ដូច្នេះ​ហើយ​បាន​លោក ដូណាល់ ត្រាំ មាន​ការចាប់​អារម្មណ៍​ច្រើន​លើ​នយោបាយ​របស់​សម្ដេចនាយក​ហើយ​បើ​សិន​អាច​អញ្ជើញ​សម្ដេច​ចូលរួម​ក្នុង​កិច្ចប្រជុំ​អាមេរិក-អាស៊ាន​ខាងមុខ​នេះ​បាន វា​ហាក់​ដូចជា​ស្រូប​យក​សមាជិក​អាស៊ាន​ផ្សេង​ទៀត​បាន​ដែរ​»៕