ភ្នំពេញៈ លោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ បានផ្ដល់បទសម្ភាសដល់កាសែតភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញបានឲ្យដឹងថា សម្ទុះនៃបទល្មើសសម្អាតប្រាក់ចូលមកកម្ពុជាមានការកើនឡើងដោយប្រទាក់ក្រឡាគ្នាស្មុគស្មាញតាមរយៈការនាំចូលលុយសុទ្ធ បច្ចេកវិទ្យាទំនើបហិរញ្ញវត្ថុនិងតាមរយៈធនាគារ។
លោក វិជ្ជា ថ្លែងថា៖ «(បទល្មើសសម្អាតប្រាក់) ថាវាថ្មីក៏បាន ថាចាស់ក៏បាន ប៉ុន្តែដោយសារការរីកចម្រើននៃប្រទេសជាតិ និងបច្ចេកវិទ្យាទំនើបផង យើងត្រូវមានការបណ្តុះបណ្តាលមន្ត្រីរបស់យើងឲ្យដើរឲ្យទាន់ (ការរីកចម្រើនទាំងនោះ)។ បងប្អូនមន្ត្រីរបស់យើងមិនមែនមិនមានជំនាញលើរឿងហ្នឹងទេ តែយើងឃើញថា សម្ទុះនៃបទល្មើសហ្នឹងវាកើនឡើង ដែលចាំបាច់ត្រូវយកចិត្តទុកដាក់ និងចង់ឲ្យពួកគាត់ចាប់អារម្មណ៍ ព្រោះរាល់ថ្ងៃការបង្ក្រាបបទល្មើសទាំងអស់ ប៉ុន្តែមិនបានដឹងថា បទល្មើសមួយណា ដែលអាចពាក់ព័ន្ធនឹងការសម្អាតប្រាក់»។
លោក ឌី វិជ្ជា បានឲ្យដឹងថានៅក្នុងឆមាសទី១ ឆ្នាំ ២០១៩ អាជ្ញាធរកម្ពុជា បានឃាត់ខ្លួន និងបង្ក្រាបបាននូវការនាំចូលសាច់ប្រាក់ផ្ទាល់ដ៏ច្រើនលើសលប់តាមព្រលានយន្តហោះប្រមាណជាជាង ៤ លានដុល្លារសហរដ្ឋអាមេរិក ហើយសាច់ប្រាក់ទាំងនោះ ត្រូវបានអាជ្ញាធរកម្ពុជា ចោទប្រកាន់ពីបទល្មើសសម្អាតប្រាក់។ ក្នុងរយៈពេលដូចគ្នានេះដែរក៏មានបទល្មើសសម្អាតប្រាក់ តាមរយៈលំហូរចេញចូលនៃបច្ចេកវិទ្យា ឬតាមរយៈធនាគារក្នុងខ្ទង់ទឹកប្រាក់ជិត ១០ លានដុល្លារសហរដ្ឋអាមេរិក ត្រូវបានរកឃើញថា ជាលុយកខ្វក់។
លោក វិជ្ជា ថ្លែងថា ក្រោយពីបង្ក្រាបបានករណីសម្អាតប្រាក់នៅដើមខែនេះ អគ្គស្នងការនគរបាលជាតិ បានបើកវគ្គបណ្តុះបណ្តាលបន្ថែមជាបន្តបន្ទាប់ដល់មន្ត្រីនគរបាលជំនាញ ដោយមានការធ្វើបទបង្ហាញស្តីពី សញ្ញាណទូទៅនៃបទល្មើស និងការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ ក្នុងគោលបំណងបង្កើនស្មារតីយក ចិត្តទុកដាក់អនុវត្តច្បាប់ក្នុងប្រតិបត្តិការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់នៅកម្ពុជា។
លោក ឌី វិជ្ជា ថ្លែងថា ការបិទបាំង ការក្លែងសភាវៈពិត ប្រភព ទីតាំង សិទ្ធិចាត់ចែង និងការធ្វើលទ្ធកម្ម ឬការប្រើប្រាស់ទ្រព្យសម្បត្តិ ដើម្បីឲ្យបុគ្គលនោះគេចផុតពីផលវិបាកតាមផ្លូវច្បាប់ ក៏ស្ថិតក្នុងបទល្មើសនៃការសម្អាតប្រាក់ផងដែរ ហើយដោយសារតែបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម គឺជាបទល្មើសដែលមានលក្ខណៈស្មុគស្មាញ ដូច្នេះនាំឲ្យវិធានការស្រាវជ្រាវស៊ើបអង្កេត មានលក្ខណៈប្រទាក់ក្រឡាគ្នាច្រើនជាមួយនឹងបទល្មើសដទៃទៀត ដែលនាំឲ្យមានការភាន់ច្រឡំ។
លោក ឌី វិជ្ជា ថ្លែងថា៖ «បទល្មើសសម្អាតប្រាក់ ក្នុងពេលបច្ចុប្បន្ន ច្រើនភ្ជាប់ទំនាក់ទំនងជាមួយបទល្មើសដទៃទៀតដូចជាបទល្មើសបច្ចេកវិទ្យា ឬការឆកបោកតាមប្រព័ន្ធអីុនធឺណិត ការទទួលផលចោរកម្ម បទល្មើសគ្រឿងញៀនជាដើម ហើយក្រុមឧក្រិដ្ឋជន បានប្រើប្រាស់មធ្យោបាយជាច្រើន ដើម្បីធ្វើយ៉ាងណាបំប្លែងប្រាក់ទាំងនេះឲ្យស្របច្បាប់តាមមធ្យោបាយទុច្ចរិតរបស់ពួកគេ ជាពិសេសការបំប្លែងប្រាក់កខ្វក់តាមរយៈធនាគារ»។
លោក វិជ្ជា ថ្លែងថា មន្ត្រីនគរបាលជំនាញកំពុងប្រមូលស្ថិតិពលរដ្ឋខ្មែរដែលកំពុងចាញ់បោកបទល្មើសទាំងនោះ ដោយចុះសហការបន្ថែមទៀតជាមួយ ក្រុមធនាគារ ក្រុមហ៊ុនវេរលុយ។ យោងតាមច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទាន ភេរវកម្ម មាត្រា ២៩ បទល្មើសសម្អាតប្រាក់ គឺអាចត្រូវផ្ទន្ទាទោសដាក់ពន្ធនាគារចន្លោះពី ៦ ថ្ងៃ ដល់ ១ ឆ្នាំ និងពិន័យជាប្រាប់ចន្លោះពី ១ សែនរៀល ដល់ ៥ លានរៀល ដោយពុំទាន់គិតដល់ បទល្មើសទាំងឡាយណាដែលមានបញ្ញតិ្តក្នុងច្បាប់ព្រហ្មទណ្ឌផ្សេងទៀត។
លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ជាទូទៅបទល្មើសសម្អាតប្រាក់ វាខុសទៅនឹងបទល្មើសឧក្រិដ្ឋផ្សេងទៀត ដែលទាមទារនូវចំណេះដឹងនិងជំនាញខ្លាំង។
លោក កុល ថ្លែងថា៖ « (ខ្ញុំ) យល់ថា ជាការពិតអាជ្ញាធរកម្ពុជាគួរស្វែងរកអ្នកជំនាញការ ដើម្បីបង្រៀនដល់មន្ត្រីពាក់ព័ន្ធ និងសមត្ថកិច្ចដែលមានមុខងារបង្ក្រាបបទល្មើសនេះ (ព្រោះ) ការយល់របស់មន្ត្រីមានសមត្ថកិច្ច ពិតជានៅមានកម្រិតនៅឡើយ»។
អង្គការឃ្លាំមើលការលាងលុយកខ្វក់អន្តរជាតិបានដាក់កម្ពុជាក្នុងបញ្ជីពណ៌ប្រផេះសាជាថ្មី ដើម្បីត្រួតពិនិត្យលំហូរហិរញ្ញវត្ថុ វិនិយោគ និងពាណិជ្ជកម្ម ចេញ និងចូលប្រទេស កម្ពុជា ដោយអះអាងថា កម្ពុជាងាយស្រួលក្នុងការប្រព្រឹត្តសកម្មភាព៕