ភ្នំពេញៈ លោកចៅក្រម តាំង ស៊ុនឡាយ កាលពីថ្ងៃពុធមិ្សលមិញនេះ ត្រូវបានប្រកាសតែងតាំងជាប្រធានសាលាដំបូងរាជធានីភ្នំពេញ ជំនួសលោកចៅក្រម អំាង មាលតី ដែលត្រូវបានផ្ទេរភារកិច្ចទៅបម្រើការនៅក្រសួងយុត្តិធម៌ និងស្ថិតក្រោមអធិការកិច្ចរបស់ក្រសួង តាមសេចក្តីសម្រេចនៃកិច្ចប្រជុំបន្ទាន់របស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម កាលពីថ្ងៃអង្គារ បន្ទាប់ពីប្រមុខរដ្ឋាភិបាល បានស្នើអធិការកិច្ចលើស្ថាប័នមួយនេះ។
ការប្រកាសផ្ទេរតំណែង និងផ្លាស់ប្តូរតួនាទីនេះធ្វើឡើងយោងតាមព្រះរាជក្រឹត្យព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី ចុះថ្ងៃពុធ ទី១៨ ខែកុម្ភៈ។ យ៉ាងណាក៏ដោយ ក្រោយបញ្ចប់ពិធីនេះ ទាំងលោក អំាង មាលតី និងលោក តាំង ស៊ុនឡាយ បានបដិសេធឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងការផ្លាស់ប្តូរតក់ក្រហល់នេះ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានអះអាងច្រានចោលការលើកឡើងដែលថា ការផ្លាស់ប្តូរតួនាទីលោក អាំង មាលតី គឺដោយសារតែប្រតិកម្មរិះគន់ខ្លាំងៗរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីម្សិលមិញនេះ ចំពោះឥរិយាបថរបស់ចៅក្រមសាលាដំបូងលើសេចក្តីសម្រេចពាក់ព័ន្ធនឹងរឿងក្តីឪពុកម្តាយ លោក ថោង សារ៉ាត់ ដោយថា នេះជាសេចក្តីសម្រេចរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ លោកថា៖ «ខ្ញុំមិនអាចនិយាយបានទេថា គាត់ (អំាង មាលតី) ខុសអីនោះ ព្រោះគាត់ស្ថិតនៅក្រោមការស៊ើបអង្កេតរបស់ក្រុមអធិការកិច្ចរបស់ក្រសួង ចាំមានលទ្ធផលទើបអាចបញ្ជាក់បានថា ខុសអ្វី ការដកនេះមិនមែនដោយសារសម្តេចតេជោទេ តែគាត់គ្រាន់តែស្នើ អ៊ីចឹងការផ្ទេរនេះ គឺជាវិធានការរបស់ក្រុមប្រឹក្សាអង្គចៅក្រម»។
អ្នកនាំពាក្យឧត្តមក្រុមប្រឹក្សាអង្គចៅក្រម លោក សំ ប្រជាមានិត បានបញ្ជាក់ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា ការផ្លាស់ប្តូរតំណែងរបស់លោក អំាង មាលតី ពីប្រធានតុលាការនេះ គឺមិនមែនដោយសារកំហុស ឬការបង្គាប់បញ្ជាអ្វីនោះទេ តែនេះគឺជារឿងធម្មតាមួយនៃដំណើរការគ្រប់គ្រងដើម្បីផ្តល់នូវសេវាយុត្តិធម៌ដល់ប្រជាជនឲ្យកាន់តែប្រសើរ។ លោកបានបន្ថែមថា៖ «ហើយការផ្លាស់ប្តូរនេះ មិនលឿនពេកទេ គឺយើងធ្វើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ការប្តូរប្រធានតុលាការ គឺដើម្បីសម្រួលដល់កិច្ចការរដ្ឋបាលតែប៉ុណ្ណោះ»។
លោក គឹម សន្តិភាព បានឲ្យដឹងដែរថា សម្រាប់លោកចៅក្រម លី សុខលេង ដែលកាន់សំណុំរឿងរបស់ឪពុកម្តាយលោក ថោង សារ៉ាត់ ក៏ស្ថិតក្រោមអធិការកិច្ចរបស់ក្រសួងយុត្តិធម៌ផងដែរ រួមនឹងអ្នកពាក់ព័ន្ធផ្សេងទៀត តែលោកមិនបានបញ្ជាក់ពីអត្តសញ្ញាណនៃអ្នកជាប់ពាក់ព័ន្ធនោះទេ។
ក្នុងពិធីប្រកាសតែងតាំងម្សិលមិញនេះ ប្រធានសាលាដំបូងថ្មី លោក តាំង ស៊ុនឡាយ ដែលទើបចូលកាន់តំណែងក៏បានសំណូមពរទៅកាន់អាជ្ញាធរមានសមត្ថកិច្ចនិងស្ថាប័នដែលពាក់ព័ន្ធឲ្យចូលរួមសហការ និងផ្តល់មតិយោបល់ ដើម្បីរួមចំណែកផ្តល់ដំណើរការងារប្រព័ន្ធតុលាការឲ្យមានតម្លាភាព និងបង្កើនការទុកចិត្តដល់ប្រជាពលរដ្ឋ។ លោកក៏បានប្តេជ្ញាថា៖ «ខ្ញុំនឹងស្មោះត្រង់ចំពោះជាតិគោរពរដ្ឋធម្មនុញ្ញ គោរពច្បាប់ ធានាការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ប្រកាន់ខ្ជាប់នូវវីជ្ជាជីវៈ ដើម្បីធ្វើឲ្យប្រសើរឡើងនូវសេវាយុត្តិធម៌ ពង្រឹងសមត្ថភាពបន្ថែមទៀត ជំរុញនិងលើកទឹកចិត្តដល់មន្រ្តីតុលាការឲ្យបង្កើនសមត្ថភាព ពង្រឹងសាមគ្គីផ្ទៃក្នុង សហការគ្នា»។
មុនមួយថ្ងៃនៃពិធីនេះ កាលពីថ្ងៃអង្គារ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសស្នើជាសាធារណៈទៅកាន់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមត្រួតពិនិត្យលើសេចក្តីសម្រេចរបស់ចៅក្រម លី សុខលេង ដែលដាក់ឲ្យឪពុកម្តាយលោកឧកញ៉ា ថោង សារ៉ាត់ នៅក្រៅឃុំកាលពីថ្ងៃ ទី៧ ខែមករា ដោយថា សេចក្តីសម្រេចនោះ មិនមានមូលហេតុសមរម្យប្រៀបនឹងបទល្មើសតូចតាចផ្សេងទៀត។ លោក ហ៊ុន សែន ក៏បានរិះគន់ជាចំហទៅកាន់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលបានទម្លាក់កំហុស និងអះអាងថា លោក ថោង សារ៉ាត់ មិនពាក់ព័ន្ធនឹងរឿងឃាតកម្មខណៈដែលតុលាការនៅមិនទាន់បានសម្រេចក្ដីនៅឡើយ៕