ភ្នំពេញៈ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ដ្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ថ្លែងថា​ «​អក្ខរកម្ម​ឌីជីថល​» មាន​សារៈសំខាន់​យ៉ាងខ្លាំង​សម្រាប់​ពលរដ្ឋ​សិស្សានុសិស្ស និង​មន្ត្រីរាជការ​គ្រប់​កម្រិត ដើម្បី​ចូលរួម​ក្នុង​ដំណើរការ​សេដ្ឋកិច្ច​ព្រមទាំង​សកម្មភាព​នានា​ក្នុង​យុគសម័យ​​ឌីជីថល​នេះ ខណៈ​រដ្ឋាភិបាល​កម្ពុជា​កំពុង​រៀបចំ​គោលនយោបាយ​ស្ដីពី​ការដឹកនាំ និង​សេដ្ឋកិច្ច​ឌីជីថល​។

លោក ត្រាំ អ៊ីវតឹក បាន​ថ្លែង​ដូចនេះ​កាលពី​ថ្ងៃទី​ ១០ ខែ​មីនា​នៅ​ទីស្ដី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ ខណៈ​លោក​ចូលរួម​ក្នុង​ពិធី​បិទ និង​​ប្រគល់​ពានរង្វាន់​ជយលាភី​នៃ​គម្រោង​ «​អក្ខរកម្ម​ឌីជីថល​» ​ដល់​សិស្សានុសិស្ស​ចំនួន ១ ៤៦៣ ​នាក់​ដែល​ក្រសួង​ធ្លាប់បាន​បំពាក់​បំប៉ន​នាពេល​កន្លងមក​ទាក់ទង​នឹង​ការបង្កើត​អ៊ែប​ (App) ​និង​កម្មវិធី​ប្រើប្រាស់​លើ​ស្មាតហ្វូន​ផ្សេងៗ​។

លោក​បាន​បញ្ជាក់ថា​៖ «​ការបំពាក់បំប៉ន​អក្ខរកម្ម​ឌីជីថល​មិន​ត្រឹមតែ​គ្របដណ្តប់​លើ​ជំនាញ​ឌីជីថល​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​​ជា​ការបណ្តុះ​សមត្ថភាព​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​ទៅតាម​តម្រូវការ​ជាក់ស្តែង​របស់​ការងារ ការចូលរួម​ក្នុងសង្គម​ឌីជីថល ​និង​ការអភិវឌ្ឍ​ខ្លួន​ជាដើម​»​។

លោក​រដ្ឋមន្ដ្រី​បាន​បន្តថា ក្រសួង​បាន​ផ្តោត​ជា​ចម្បង​លើ​កិច្ចការ​បង្កើន​អក្ខរកម្ម​ឌីជីថល​មន្ត្រីរាជការ​របស់​ក្រសួង​។ ​ក្នុង​ជំហាន​ដំបូង​ក្រសួង​បាន និង​កំពុង​បង្កើត​ការរៀបចំ​វាស់​ស្ទង់​កម្រិត​អក្ខរកម្ម​ឌីជីថល​របស់​មន្ត្រីរាជការ​ក្រោម​ឱវាទ​តាម​ប្រព័ន្ធ​អនឡាញ ហើយ​ស្ថិតិ​ដែល​កើតចេញពី​ការវាស់ស្ទង់​នេះ​នឹង​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការរៀបចំ​គោលនយោបាយ​បណ្តុះបណ្តាល​បុគ្គលិក​ច្បាស់លាស់ ចំ​ទិសដៅ ឆ្លើយតប​នឹង​ការផ្លាស់ប្តូរ​ទៅតាម​បរិបទ​ការងារ ពិសេស​ការគាំទ្រ​ដល់​ការកសាង​រដ្ឋាភិបាល ឌីជីថល និង​សេដ្ឋកិច្ច​ឌីជីថល​។

បើតាម​លោក​រដ្ឋមន្ដ្រី ត្រាំ អ៊ីវតឹក ក្រសួង​ប្រៃសណីយ៍ ក៏​​នឹង​បន្ត​គាំទ្រ​ដល់​ការអភិវឌ្ឍ​ជំនាញ​ឌីជីថល​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា​តាមរយៈ​ការបន្ត​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា​ថ្នាក់​វិទ្យាល័យ និង​អនុវិទ្យាល័យ​ក៏ដូចជា ការជួយជ្រោមជ្រែង​ដល់​កម្មវិធី​បណ្តុះបណ្តាល​ផ្សេងៗ​ផងដែរ​។

លោក​រដ្ឋមន្ដ្រី​បានស្នើ​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា​ពិនិត្យ​លទ្ធភាព​ដាក់បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​អប់រំ​ផ្លូវការ​នូវ​កម្មវិធី​ទាំងឡាយណា​ដែល​ក្រសួង​យល់ថា មាន​ភាពស៊ីចង្វាក់​ជាមួយ​កម្មវិធី​អប់រំ ដើម្បី​ធានា​នូវ​និរន្តរភាព និង​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​កម្មវិធី​ទាំងអស់នេះ​។

ទាក់ទង​នឹង​បញ្ហា​នេះដែរ​លោក មាស ប៉ូ អនុរដ្ឋលេខាធិការ និង​អ្នកនាំពាក្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បានបញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ប្រទេស​កម្ពុជា​កំពុងតែ​រៀបចំ​គោលនយោបាយ​ស្ដីពី​ឌីជីថល និង​សេដ្ឋកិច្ច​ឌីជីថល​។ ដូច្នេះ​ដើម្បី​ដើរ​ឱ្យទាន់​និន្នាការ​បច្ចុប្បន្ន​ពលរដ្ឋ សិស្ស-និស្សិត រួមទាំង​មន្ដ្រីរាជការ​គ្រប់លំដាប់​ថ្នាក់​ផង​ត្រូវខិតខំ​រៀនសូត្រ​ពី​បច្ចេកវិទ្យា​ឌីជីថល​នេះ​បន្ថែមទៀត​។

លោក​បាន​ថ្លែងថា​៖ «​បច្ចេកវិទ្យា​ឌីជីថល​មាន​ច្រើន​ខ្លាំងណាស់​ក្នុង​នោះ​យើង​រាប់ទាំង​ទូរស័ព្ទ​ស្មាតហ្វូន កុំព្យូទ័រ និង​ប្រព័ន្ធ​អេឡិចត្រូនិក​ផ្សេងៗ​ជាច្រើន​ទៀត​ដែល​តម្រូវឱ្យ​យើង​ចេះ​ប្រើ​ទៅលើ​កម្មវិធី​បច្ចេកវិទ្យា​ថ្មីៗ​ទាំងនោះ​ទើប​យើង​ដើរ​ទាន់​យុគសម័យ​ឌីជីថល​នេះ​»​។

លោក មាស ប៉ូ បាន​បញ្ជាក់​ថា បច្ចុប្បន្ន​ក្រសួង​ប្រៃសណីយ៍​កំពុង​សហការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កំពុង​ធ្វើ​សេចក្ដីព្រាង និង​រៀបចំ​គោលនយោបាយ​ស្ដីពី​រដ្ឋាភិបាល​ឌីជីថល និង​សេដ្ឋកិច្ច​ឌីជីថល​៕