ភ្នំពេញៈ មន្ទីរ​ទេសចរណ៍​នៅ​ទូទាំងប្រទេស​ត្រូវបាន​ត្រូវបាន​ណែនាំ​ឱ្យ​ត្រួតពិនិត្យ​ និង​រៀបចំ​ទីតាំង​ដោយយោង​ទៅតាម​ស្តង់ដា​សុវត្ថិភាព​ដែលជា​វិធាន​សុខាភិបាល មុនពេល​បើក​ឱ្យ​ដំណើរការ​សេវា​ទេសចរណ៍​ឡើងវិញ មួយថ្ងៃ​ក្រោយ​រាជរដ្ឋាភិបាល​ប្រកាស​បញ្ចប់​ការបិទ​រមណីយដ្ឋាន​ទេសចរណ៍​នៅ​ទូទាំង​ប្រទេស។

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បានឱ្យដឹងថា តំបន់​ទេសចរណ៍​នីមួយៗ​ត្រូវ​កំណត់​ស្តង់ដា​គម្លាត​សុវត្ថិភាព​និង​ចំនួន​អ្នក​ទេសចរណ៍​ដែល​អាច​ចូលទៅ​កម្សាន្ត។

សូម​រំឭកថា រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃទី ២៥ ខែ​មេសា បានចេញ​សេចក្តីសម្រេច​មួយ​ស្តីពី ការបញ្ចប់​ការហាមឃាត់​ការធ្វើដំណើរ និង​ការបញ្ចប់​ការបិទ​រមណីយដ្ឋាន​ទេសចរណ៍​នៅ​ទូទាំង​ប្រទេស ដើម្បី​បញ្ចប់​សុពលភាព​របស់​សេចក្តី​សម្រេច​កាលពី​ថ្ងៃទី ៦ ខែមេសា ដែល​បាន​ហាមឃាត់​ការធ្វើដំណើរ​ឆ្លងកាត់​រាជធានី-ខេត្ត ក្នុង​ន័យ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ១៩។

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ថ្លែងថា៖ «គ្រប់​គោលដៅ​ទេសចរណ៍ ត្រូវ​ពង្រឹង​ការគ្រប់គ្រង​ឲ្យ​បានល្អ​ប្រសើរ ពិសេស​ត្រូវ​កំណត់ សមត្ថភាព​ផ្ទុក​អតិបរមា​ដែល​អាច​ទទួលភ្ញៀវ​បាន​ក្នុងពេល​តែមួយ អនុលោម​តាម​ស្តង់ដា​គម្លាត​សុវត្ថិភាព»។

លោក ថោង ខុន ថ្លែងថា​ចំពោះ​ការជួបជុំ ជា​ក្រុម​តូច​ដែល​ចាំបាច់ លក្ខណៈ​គ្រួសារ​ផ្ទាល់ នៅក្នុង​ភោជណីយដ្ឋាន អាហារដ្ឋាន ឬ​កន្លែង​ទទួលទាន​អាហារ​ដែលមាន​នៅក្នុង​គោលដៅ​ទេសចរណ៍​ទាំងអស់​ចាំបាច់​ត្រូវតែ​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ឲ្យ​បាន​ត្រឹមត្រូវ។

លោក​ ថោង ខុន ថ្លែង​ដោយ​ណែនាំ​ទៅដល់​មន្ទីរទេសចរណ៍​ខេត្ត​ទាំងអស់ ត្រូវ​សហការ​ជាមួយ​រដ្ឋបាលខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន ធ្វើការ​ពិនិត្យ​បើក​ឡើងវិញ​នូវ​រមណីយដ្ឋាន​ទេសចរណ៍ សហគមន៍​ទេសចរណ៍ និង​គោលដៅ​ទេសចរណ៍​ក្នុង​មូលដ្ឋាន​របស់ខ្លួន។

ដោយឡែក ចំពោះ​រមណីយដ្ឋាន​ទេសចរណ៍ សហគមន៍​ទេសចរណ៍ និង​គោលដៅ​ទេសចរណ៍ ដែល​ស្ថិតក្នុង​រាជធានី​ភ្នំពេញ ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល និង​ក្នុង​ខេត្ត ឬ​តំបន់​ដែល​បាន​ដាក់ចេញ​វិធាន​ការបិទ​ខ្ទប់ មន្ទីរ​ទេសចរណ៍ ត្រូវ​បន្ត​សហការ​ជាមួយ​រដ្ឋបាល​រាជធានី ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន ធ្វើ​ការបិទ គោលដៅ​ទេសចរណ៍​ទាំងអស់​ជា​បណ្តោះអាសន្ន​បន្តទៀត រហូត​ដល់​មាន​ការសម្រេច​ដាក់ចេញ​នូវ​វិធានការ​ថ្មី។

លោក​ ថោង ខុន បញ្ជាក់ថា មន្ទីរ​ទេសចរណ៍​ត្រូវ​សហការ​ជាមួយ​រដ្ឋបាលខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន​ចូលរួម អនុវត្ត​វិធានការ​នៃ​ការធ្វើ​ចត្តាឡីស័ក​ឲ្យ​បាន​ហ្មត់ចត់ ដោយ​មិនត្រូវ​អនុញ្ញាត​ឲ្យ​ភ្ញៀវទេសចរ និង​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​ជាប់​ធ្វើ​ចត្តាឡីស័ក ឬ​ត្រូវ​ផ្តល់​សំណាក​ធ្វើតេស្ត​រក​ជំងឺ​កូវីដ១៩ ក្នុង​ខេត្ត​ ឬ​តំបន់​ដែល​មិនមាន​ការបិទខ្ទប់​ចូល​ទៅ​កម្សាន្ត​ក្នុង​គោលដៅ​ទេសចរណ៍​ជាដាច់ខាត។

លោក ថ្លែងថា គ្រប់​គោលដៅ​ទេសចរណ៍​ត្រូវ​អនុវត្ត​ឲ្យ​បាន​យ៉ាង​ខ្ជាប់ខ្ជួន និង​ម៉ឺងម៉ាត់​នូវ​វិធានការ​ទាំងឡាយ ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួង​សុខាភិបាល និង​វិធាន​សុវត្ថិភាព​ទេសចរណ៍​របស់​ក្រសួង​ទេសចរណ៍​ក្នុង​ការទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ១៩ ដោយ​គ្រប់​គោលដៅ​ត្រូវធ្វើ​ការកត់ត្រា​ភ្ញៀវទេសចរ​ទាំងអស់ រួមមាន អាសយដ្ឋាន លេខ​ទូរស័ព្ទ​ទំនាក់ទំនង ហើយ​គ្រប់​មូលដ្ឋាន​ទាំងអស់​ត្រូវ​ចុះឈ្មោះ​បង្កើត និង​ប្រើប្រាស់​ប្រព័ន្ធ QR Code ទប់ស្កាត់​កូវីដ១៩ និង​តម្រូវ​ឲ្យ​ភ្ញៀវទេសចរ​ត្រូវតែ​ស្កេន​ជា​ដាច់ខាត មុន​ចូលទៅ​ទីតាំង​ទេសចរណ៍។

គ្រប់​គោលដៅ​ទេសចរណ៍​ត្រូវ​រៀបចំ​នូវ​ការត្រួតពិនិត្យ​កំដៅ ការបាញ់​អាល់កុល​សម្លាប់​មេរោគ ហើយ​ភ្ញៀវទេសចរ​ត្រូវតម្រូវ​ឲ្យ​ពាក់​ម៉ាស់​ស្របតាម​គោលការណ៍​សុខាភិបាល និង ត្រូវ​ពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍ ថែរក្សា​បរិស្ថាន អនាម័យ និង​រក្សា​តម្លៃ​ផលិតផល និង​សេវាកម្ម​ឲ្យ​បាន​សមរម្យ​ផងដែរ៕