
លោក ថោង លីម ក្នុងកិច្ចប្រជុំប្រចាំឆ្នាំជាមួយអង្គទូតនានានាពេលកន្លងមក។ រូបថត នគរបាល
ភ្នំពេញៈ លោក ថោង លីម អគ្គស្នងការរងនគរបាលជាតិបានក្រើនរំឭកដល់មន្ត្រីនគរបាលទាំងអស់ត្រូវបង្កើនសកម្មភាពការពារសុវត្ថិភាពដល់ជនបរទេសទាំងអស់នៅទូទាំងប្រទេសក្នុងឆ្នាំ ២០២០ ក្រោយពីបានវាយតម្លៃឃើញថា ពួកគេបានប្រឈមគ្រោះថ្នាក់ខ្ពស់នៅក្នុងឆ្នាំ ២០១៨។
នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃជាមួយតំណាងអង្គទូតកាលពីថ្ងៃទី ២១ ខែមករា លោក ថោង លីម បានឲ្យដឹងថា កិច្ចពិភាក្សាប្រចាំឆ្នាំជាមួយបណ្ដាស្ថានទូតគឺមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្ដូរព័ត៌មាន ដើម្បីរកដំណោះស្រាយឲ្យបានទាន់ពេលវេលា និងឆាប់រហ័សជូនជនបរទេស ដូចជាអ្នកវិនិយោគទុន និងអ្នកទេសចរ។
ក្នុងកិច្ចប្រជុំនោះលោក ថោង លីម បានថ្លែងឲ្យដឹងថា៖ «ប្រទេស កម្ពុជា នាឆ្នាំ ២០១៩ កន្លងទៅនេះគឺជួបបញ្ហាមានការកើនឡើងជាងឆ្នាំ ២០១៨ កន្លងទៅ ដូច្នេះក្នុងនាមអាជ្ញាធរមានសមត្ថកិច្ចការពារត្រូវបង្កើនសកម្មភាពការពារពួកគេបន្ថែមទៀត និងឲ្យបានទាន់ពេលវេលាបំផុត។ ត្រូវបង្កើនការយកចិត្តទុកដាក់ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈចំពោះគោលដៅស្ថានទូត និវេសនដ្ឋាន មន្ត្រីការទូត វិនិយោគិនបរទេស និងអ្នកទេសចរបរទេសប្រកបដោយសុវត្ថិភាព និងស្មារតីទទួលខុសត្រូវខ្ពស់»។
យោងតាមរបាយការណ៍ លទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ ២០១៩ បានឲ្យដឹងថា ជនបរទេសដែលជាវិនិយោគិន និងទេសចរបរទេសដែលមកប្រទេសកម្ពុជាទទួលរងគ្រោះសរុបចំនួន ៥៥៨ ករណី ប្រៀបធៀបទៅឆ្នាំ ២០១៨ កើនឡើង ៣១ ករណី ស្មើនឹង ៥,៥%។ ក្នុងចំនួនករណីសរុបទាំងអស់នោះ មានជនរងគ្រោះចំនួន ៦៨១ នាក់ ក្នុងនោះ ២៤៥ នាក់ស្លាប់ និង ១០០ នាក់របួស។ គ្រោះថ្នាក់ទាំងនោះកើតចេញពីសកម្មភាពឆក់ប្លន់អំពើហិង្សាជាច្រើនទម្រង់។ ជនរងគ្រោះភាគច្រើនគឺ ចិន វៀតណាម បារាំង អង់គ្លេស និងអាមេរិក ហើយភូមិសាស្ត្រដែលកើតហេតុមានភាគច្រើនគឺនៅខេត្តសៀមរាប ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។
ក្រៅពីជនបរទេសរងគ្រោះក៏នៅមានជនបរទេសបានប្រព្រឹត្តបទល្មើសសរុបចំនួន ៣២៤ ករណី ក្នុងឆ្នាំ ២០១៩ ប្រៀបធៀបជាមួយឆ្នាំ ២០១៨ កើនឡើង ៤៩ ករណី ស្មើនឹង ១៥,១២%។ ក្នុងនោះឃាត់ខ្លួនជនបរទេសចំនួន ១ ៤៣៣ នាក់ មាន ៤០ សញ្ជាតិ លើ ២២ រាជធានី-ខេត្ត។
ដោយឡែកករណីបណ្ដឹងសុំអន្តរាគមន៍សរុប ៥៧ ករណី ក្នុងនោះមិនទាន់បញ្ចប់មាន ៣៦ ករណី ជារបស់ស្ថានទូតចិន ៣២ ករណី ស្ថានទូតឥណ្ឌា ១ ករណី និងជនជាតិចិន ៣ ករណី ដោយមូលហេតុកំពុងស្ថិតក្នុងការស្រាវជ្រាវស៊ើបអង្កេតបន្ត។
ជាមួយនឹងនេះដែរ ក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) របស់នគរបាលជាតិជាមួយជនបរទេសមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការការងារល្អជាមួយបណ្តាស្ថានទូត និងស្ថានតំណាងបេសកកម្មនានារួមទាំងបានការពារគណៈប្រតិភូ និងមន្ត្រីការទូតបរទេសនានាក្នុងដំណើរទស្សនកិច្ច និងការចុះបំពេញបេសកកម្មប្រកបដោយសុវត្ថិភាពខ្ពស់ ជាពិសេសបានប្រតិបត្តិការអន្តរាគមន៍ដោះស្រាយបញ្ហា និងជួយសង្គ្រោះវិនិយោគិនបរទេស និងទេសចរបរទេសបានទាន់ពេលវេលា។
លោក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានថ្លែងឲ្យដឹងថា អាជា្ញធរពាក់ព័ន្ធនៅរាជធានីភ្នំពេញបាន និងកំពុងតែខិតខំប្រឹងប្រែង និងពង្រឹងកិច្ចការពារសុវត្ថិភាពជូនដល់ភ្ញៀវ និងអ្នកវិនិយោគបរទេស។
លោក ថេត បានថ្លែងថា៖ «យើងបាននិងកំពុងខិតខំបន្តការងារនេះរាល់ថ្ងៃ វាមិនអាចថា វាមិនមានសោះនោះទេ។ បើយើងប្រៀបធៀបពី ១ ខែទៅ ១ ខែ វាតែងតែមានឡើងមានចុះ ក៏ប៉ុន្តែយើងចាត់ការបាន និងគ្រប់គ្រងបានទាំងអស់»។
លោក ថោង លីម ដែលជាប្រធានក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) កាលពីម្សិលមិញបានបដិសេធធ្វើអត្ថាធិប្បាយ។
ខណៈពេលដែលលោក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិមិនអាចទាក់ទងបាន៕