ក្រចេះ: ខណៈដែលសាលាដំបូងខេត្តក្រចេះបានធ្វើការចោទប្រកាន់ប្រជាពលរដ្ឋ ៧ នាក់ ពាក់ព័ន្ធនឹងការប៉ះទង្គិចគ្នាជាមួយសមត្ថកិច្ចក្នុងពេលតវ៉ារឿងវិវាទដីធ្លីនៅស្រុកស្នួលដែលធ្វើឲ្យមានការផ្សព្វផ្សាយព័ត៌មានថា មានមនុស្សស្លាប់ និងរបួសជាច្រើន ហើយអាជ្ញាធរបានចេញប្រតិកម្មបដិសេធភ្លាមៗនោះ លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានចាត់ទុកការផ្សព្វផ្សាយព័ត៌មានដែលថាមានមនុស្សស្លាប់ និងរបួសជាច្រើននោះថា «ជាការបំភ្លៃព័ត៌មាន និងជាចេតនារបស់ក្រុមក្បត់ជាតិញុះញង់» ឲ្យប្រជាពលរដ្ឋស្អប់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
លោក ឌិត ស៊ីវុទ្ធី ប្រធានសាលាដំបូងខេត្តក្រចេះបានឲ្យដឹងកាលពីល្ងាចថ្ងៃអាទិត្យថា ពលរដ្ឋដែលត្រូវបានឃាត់ខ្លួនចំនួន ៧ នាក់ត្រូវបានចៅក្រមធ្វើការចោទប្រកាន់រួចហើយ ប៉ុន្តែលោកមិនទាន់អាចបញ្ជាក់ប្រាប់បានពីបទចោទនោះទេ។
លោក ស៊ីវុទ្ធី មានប្រសាសន៍ថា៖ «ពាក់ព័ន្ធទៅនឹងនីតិវិធី គឺស្ថិតនៅក្នុងនីតិវិធីចៅក្រមស៊ើបសួរហើយកំពុងតែសាកសួរចម្លើយ។ ព័ត៌មាននេះខ្ញុំមិនទាន់អាចជម្រាបបានច្បាស់ទេ»។
លោក ទៀ បាញ់ បានចាត់ទុកការផ្សព្វផ្សាយដែលថាមានមនុស្សស្លាប់ ៦ នាក់ និងរងរបួសជាច្រើននាក់នៅក្នុងការប៉ះទង្គិចគ្នារវាងប្រជាពលដ្ឋ និងសមត្ថកិច្ចក្នុងរឿងវិវាទដីធ្លីនៅខេត្តក្រចេះកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុននោះថា ជាការ «បំភ្លៃព័ត៌មានដែលជាចេតនារបស់ក្រុមក្បត់ជាតិមានបំណងញុះញង់ឲ្យប្រជាពលរដ្ឋស្អប់ខ្ពើមរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា»។
លោក ទៀ បាញ់ បានថ្លែងដូច្នេះនៅក្នុងឱកាសកាត់ឫសសីមាឆ្លងព្រះវិហារ និងសមិទ្ធផលនានានៅវត្តបឹងខ្នារស្ថិតក្នុងឃុំខ្នារឆ្មា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៨ ថាថ្មីៗបំផុតនេះសារព័ត៌មានបានចេញជាបន្តបន្ទាប់ពីរឿងនៅស្រុកស្នួល ខេត្តក្រចេះ។
លោកបញ្ជាក់ថារឿងនេះវាបានកើតឡើងដោយសារតែប្រជាពលរដ្ឋចំណាកស្រុកបាននាំគ្នាទៅតាំងទីលំនៅ និងស៊ីឈ្នួលគេរួចហើយទៅបំពានផ្លូវច្បាប់ដោយទៅបោះជំរំធ្វើខ្ទម ចង់យកដីរបស់គេ ទើបអាជ្ញាធរត្រូវដោះស្រាយតាមផ្លូវច្បាប់។
លោកបញ្ជាក់ថា៖ «ពួកគេបានបង្កការរារាំងគឺបានបិទផ្លូវមិនឲ្យធ្វើដំណើរធ្វើឲ្យប៉ះពារដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនយើងជាទូទៅ ដូច្នេះសមត្ថកិច្ចដែលមើលការខុសត្រូវ និងថែរក្សាសុវត្ថិភាព...ពីព្រោះផ្លូវគេធ្វើសម្រាប់ធ្វើដំណើរ ដូច្នេះនៅពេលពួកគេមិនឲ្យគេធ្វើដំណើរបានវាធ្វើឲ្យខកខានអ្នកដែលត្រូវធ្វើដំណើរ...មានការតតាំងគ្នាមានការប៉ះទង្គិចគ្នាបន្តិចបន្តួចទេ គ្មានអ្វីធំដុំប៉ុន្មាននោះទេ។ បែរជាគេបង្កើតរឿងថា ស្លាប់មនុស្សហើយរបួសយ៉ាងច្រើន ហើយចុះផ្សាយពេញពិភពលោក។ គេខំណាស់ចេញមកនិយាយគ្រប់បែបយ៉ាងទាំងអស់ ហើយមួលបង្កាច់ការពិត គ្រប់ការពិត ញុះញង់និយាយបំផ្លើស បំភ័ន្តសព្វបែបយ៉ាងទាំងអស់។ ក្បូនរបស់គេ គឺមានតែប៉ុណ្ណឹង»។
លោកបន្តថា៖ «ដល់ពេលរដូវកាលដែលគេស្វែងរកការគ្រាំទ្រ ឬនិយាយឲ្យចំ គឺពេលដែលគេស្វែងរកសន្លឹកឆ្នោត នៅពេលខាងមុខ...រឿងទាំងអស់នេះនឹងមកទៀតតាមរយៈអ្នកនោះអ្នកនេះ ហើយធ្វើការវាយប្រហារទៅលើគណបក្សប្រជាជន»។ «រឿងតូចគេយកធ្វើជារឿងធំហើយវ៉ៃប្រហារមកលើគណបក្សប្រជាជន ជាមុខសញ្ញាសំខាន់របស់គេដើម្បីស្វែងរកការគាំទ្រ។ ធម្មតាណាស់ ដើម្បីរកការគាំទ្រខ្លួនឯង គឺត្រូវតែវាយប្រហារ និងបន្ទាបអ្នកដទៃទើបលើកខ្លួនឯងបាន»។
នៅក្នុងការប៉ះទង្គិចគ្នារវាងអាជ្ញាធរ និងប្រជាពលរដ្ឋដែលមានវិវាទដីធ្លី ហើយតវ៉ាបិទផ្លូវនៅក្នុងស្រុកស្នួលកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ប្រជាពលរដ្ឋមួយចំនួន និងមេឃុំនៅក្នុងតំបន់នោះព្រមទាំងបុគ្គលិកអង្គការសង្គមស៊ីវិលម្នាក់ បានអះអាងប្រាប់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនថា មានមនុស្សស្លាប់ចំនួន ៦ នាក់ និងរបួសជាង ៤០ នាក់។
ភ្លាមៗនោះអាជ្ញាធរខេត្តក្រចេះបានចេញមកបដិសេធថា ពុំមានមនុស្សស្លាប់ទេគឺមានតែអ្នករងរបួសប៉ុណ្ណោះ។ នៅពេលក្រោយមកទៀតអ្នកដែលផ្តល់ព័ត៌មានដល់អ្នកកាសែតថាមានមនុស្សស្លាប់ និងរបួសនោះបានផ្លាស់ប្តូរសម្តីរបស់ខ្លួនវិញដែលក្នុងនោះក៏មានអ្នកតវ៉ាម្នាក់ ឈ្មោះ ទិន ភ័ក្ត្រ ដែលបានថ្លែងប្រាប់វិទ្យុអាស៊ីសេរីកាលពីថ្ងៃព្រហស្បតិ៍ផងដែរ។
អ្នកស្រី ភ័ក្ត្រ បានថ្លែងនៅក្នុងវីដេអូឃ្លីបមួយដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកទទួលបានហើយក៏បាននិយាយដល់ឈ្មោះលោក ជុន ចាន់បុត្រ ដែលជាបុគ្គលិកជាន់ខ្ពស់របស់វិទ្យុអាស៊ីសេរីផងដែរដោយអ្នកស្រីបានលើកឡើងថា៖ «លោក អេង និងវិទ្យុអាស៊ីសេរីបានឱ្យខ្ញុំនិយាយថាមនុស្សស្លាប់ ៦ នាក់ និងអ្នករបួស ៤០ នាក់ ប៉ុន្តែតាមការពិតនៅពេលដែលខ្ញុំពិនិត្យមើលខ្លួនឯងទើបខ្ញុំដឹងថា វាមិនមែនជាការពិតទេ»។
អ្នកស្រីបន្ថែមថាមានបុរសដែលមិនស្គាល់អត្តសញ្ញាណចំនួន ៤ នាក់ បានជិះម៉ូតូមកប្រាប់អ្នកស្រីឱ្យនិយាយប្រាប់វិទ្យុអាស៊ីសេរីថា មានមនុស្ស ៦ នាក់ស្លាប់ ហើយថាលោក «អេង» និងប្រព័ន្ធផ្សព្វផ្សាយដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនេះបានញុះញង់ឱ្យអ្នកស្រីនិយាយកុហក។ អ្នកស្រី ភ័ក្ត្រ មិនអាចទាក់ទងបានទេកាលពីម្សិលមិញហើយកាលពីថ្ងៃសុក្រអ្នកស្រីបានបដិសេធនិយាយជាមួយកាសែតភ្នំពេញប៉ុស្តិ៍ អំពីការអះអាងរបស់អ្នកស្រីនេះ។
លោក កែវ សុជាតិ ព្រះរាជអាជ្ញាខេត្តក្រចេះនៅក្នុងសន្និសីទកាសែតមួយ កាលពីថ្ងៃសៅរ៍បានឱ្យដឹងថាការទទួលស្គាល់របស់អ្នកស្រីភ័ក្ត្រថា គាត់បាននិយាយកុហក គឺវាបានបង្ហាញថារបាយការណ៍ពីសារព័ត៌មានអំពីការសម្លាប់នេះ គឺមិនពិតនោះទេ។ នៅពេលសួរថា តើលោកមានបានសម្ភាសអ្នកភូមិផ្សេងទៀត ឬមានបានចូលទៅកន្លែងតវ៉ានោះឬអត់ លោក សុជាតិ បាននិយាយថាលោកមិនចង់ឆ្លើយសំណួរទាំងនេះទេ។
លោកថ្លែងថា៖ «ខ្ញុំមិនបានធ្វើការស៊ើបអង្កេតបន្ថែមទេ។ ខ្ញុំគ្រាន់តែស្វែងរកការពិត ថាតើមានមនុស្សស្លាប់ដូចនឹងអ្វីដែលសារព័ត៌មានបាននិយាយដែរឬទេ»។
យោងតាមលោក សុជាតិ តុលាការ ក៏បានធ្វើការសាកសួរជនសង្ស័យចំនួន ៧ នាក់ក្នុងចំណោម ៨ នាក់ផងដែរដែលត្រូវបានចាប់ខ្លួន បន្ទាប់ពីការប៉ះទង្គិចគ្នា កាលពីថ្ងៃព្រហស្បតិ៍នោះប៉ុន្តែលោកបានអះអាងថា លោកមិនបានចាំឈ្មោះរបស់ពួកគេ ឬក៏ធ្វើអត្ថាធិប្បាយលើការចោទប្រកាន់ដែលពួកគេអាចនឹងប្រឈមនោះទេ។
កាសែតភ្នំពេញប៉ុស្តិ៍បានផ្ទៀងផ្ទាត់ឈ្មោះជនជាប់ចោទចំនួន ៥ នាក់ដែលក្នុងនោះមាន អ្នកស្រី ល័ក្ខ សាត អាយុ ៤៤ ឆ្នាំ លោក គឹម ណៃ អាយុ ២៣ ឆ្នាំ លោក ភូង ផល អាយុ ៣៦ ឆ្នាំ លោក ប៊ុត វ៉ន អាយុ ៥៥ ឆ្នាំ និងលោក វឹម ឌុយ អាយុ ៦៤ ឆ្នាំហើយបច្ចុប្បន្នលោក វ៉ន កំពុងទទួលការព្យាបាលរបួសនៅមន្ទីរពេទ្យហើយមិនទាន់ត្រូវបានគេសាកសួរនៅឡើយទេ។
ចំណែកអ្នករបួសគឺមានស្ត្រីម្នាក់ត្រូវបានបាញ់ចំត្រគាក ហើយត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យកាល់ម៉ែតនៅក្នុងរាជធានីភ្នំពេញដើម្បីទទួលការវះកាត់។ បុរសម្នាក់ផ្សេងទៀតឃើញមានស្នាមរបួសគ្រាប់កាំភ្លើងចំភ្លៅខាងឆ្វេង។
ភ្នំពេញប៉ុស្តិ៍ មិនអាចស្វែងរកទីកន្លែងស្នាក់នៅរបស់ពួកគាត់បានទេ។ កាលពីថ្ងៃសៅរ៍អង្គការលីកាដូបានអះអាងថា មានមនុស្សទី ៣ ម្នាក់ទៀតក៏បានរងរបួសស្រាលដោយគ្រាប់កាំភ្លើងត្រូវត្រង់ភ្លៅខាងស្តាំផងដែរហើយកំពុងត្រូវបានគ្រូពេទ្យព្យាបាល៕ NS