ភ្នំពេញ៖ លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានថ្លែងទៅកាន់យោធា និង មន្ត្រីនៃគណបក្សកាន់អំណាចដោយបានប្រៀបធៀបអំពីការដាក់ទណ្ឌកម្មនិងការដាក់សម្ពាធពីប្រភពខាងក្រៅមកលើរាជរដ្ឋាភិបាលបច្ចុប្បន្ន វាមិនធ្ងន់ធ្ងរដូចការរស់នៅក្នុងរបប ប៉ុល ពតនោះទេ។
ក្នុងពីធី អបអរសាទរ ពិធីខួប ៤២ ឆ្នាំ ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត ២០ មិថុនា ១៩៧៧-២០ មិថុនា ២០១៩ នៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លោក ទៀ បាញ់បានថ្លែងថា៖ «ខ្ញុំចាត់ទុកថា ការដាក់ទណ្ឌកម្ម ការដាក់សម្ពាធយ៉ាងណាក៏ដោយគឺមិនមានស្អីហួសពីសម័យដែល ប៉ុល ពត វាបង្កើតគុកឥតជញ្ជាំង ហើយដំណើរការរបស់វាគឺដល់អាយុជីវិតចាំតែម៉ោងណា ពេលណា វេលាណា យកទៅវៃចោល តែប៉ុណ្ណឹង»។
លោក ទៀ បាញ់ ក៏បានអំពាវនាវផងដែរដល់នាយទាហាននិងពលទាហាន ត្រូវពង្រីកពង្រឹងការយល់ដឹង ដើម្បីប្រែក្លាយឲ្យទៅជាភាពរឹងមាំក្នុងការបំពេញភារកិច្ច ប្រឈមជាមួយនឹងទិដ្ឋភាពថ្មីនៃគ្រោះថា្នក់ដែលអាចកើតមានដោយក្រុមអគតិ និងសត្រូវដែលមានបំណងធ្វើឲ្យប្រែក្រឡាស់នូវការដឹកនាំរបស់គណបក្សប្រជាជន ក៏ដូចជាការដឹកនាំរបស់នាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន។
លោក ទៀ បាញ់ ថ្លែងថា៖«ខ្ញុំគិតថាវាមានសារៈសំខាន់ណាស់ដើម្បីពង្រឹងសុខសន្តិភាព ពង្រឹងសមិទ្ធផលទាំងឡាយដែលយើងមានសព្វថ្ងៃ តាំងពីនៅជុំវិញខ្លួនរហូតដល់ខ្លួនយើងម្នាក់ៗផងដែរ»៕