ភ្នំពេញៈ លោក​ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ថ្លែងថា កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​កែប្រែ​មុខមាត់​ថ្មី​តាមរយៈ​កំណែទម្រង់​ស៊ីជម្រៅ​ក្លាយ​ជា​ស្ថាប័ន​គំរូ​ ១ ក្នុង​ការផ្ដល់​សេវា​ប្រកប​ដោយ​គុណភាព គុណធម៌​ក្នុង​ការបម្រើ​ការពារ​ប្រជាពលរដ្ឋ ដោយ​គ្រាន់​តែ​គិត​ត្រឹម​ ១ ​ឆ្នាំ​ចុងក្រោយ​នេះ​កងរាជអាវុធហត្ថ​បាន​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​បាន​ចំនួន​ ២ ៨៣៧​ លើក​។

លោក ទៀ បាញ់ ថ្លែង​បែប​នេះ​ក្នុង​ពេល​ធ្វើជា​អធិបតី​ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី​ ២៧ ទិវា​បង្កើត​កងរាជអាវុធហត្ថ​លើ​ផ្ទៃប្រទេស​ (១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២០) ​កាលពី​ម្សិលមិញ​នៅ​វិទ្យាស្ថាន​កងរាជ​អាវុធហត្ថ​កំបូល​នៅ​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។

លោក​ថ្លែងថា កងរាជអាវុធហត្ថ​បាន​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ដូចជា​ការកាប់​ព្រៃឈើ ការដឹកឈើ​នាំចេញ​ខុសច្បាប់​ការកាប់​ដុត​ព្រៃ ការនាំចេញ​សត្វព្រៃ​ខុសច្បាប់​ការកាប់​រានទន្ទ្រាន​យក​ដីព្រៃ​របស់​រដ្ឋ ការរុករក​រ៉ែ​ខុសច្បាប់ ការជួញដូរ​គ្រឿងញៀន និង​ការជួញដូរ​មនុស្ស​។

លោក​បន្តថា​៖ «​កងរាជអាវុធហត្ថ​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការការពារ​សង្គម និង​មនុស្សធម៌​តាមរយៈ​ការជួយ​សង្គ្រោះ​គ្រោះមហន្តរាយ គ្រោះថ្នាក់​ចរាចរណ៍ អគ្គិភ័យ ព្រមទាំង​ករណី​ផ្សេងៗ​ទៀត​ប្រកប​ដោយ​ប្រសិទ្ធភាព​ទទួល​បាន​នូវ​ទំនុកចិត្ដ​ពី​រាជរដ្ឋាភិបាល និង​ធ្វើឱ្យ​ប្រជាជន​មាន​ជំនឿ​ទុកចិត្ត ចំពោះ​នយោបាយ​ដឹង​នាំ​របស់​រាជរដ្ឋាភិបាល​ទៀតផង​»​។

លោក ទៀ បាញ់ បញ្ជាក់​ថា​៖ «​រហូត​មក​ដល់​ពេលនេះ កងរាជ​អាវុធហត្ថ​បាន​កែប្រែ​មុខមាត់​ថ្មី​តាមរយៈ​កំណែទម្រង់​ស៊ីជម្រៅ​ក្នុង​រចនាសម្ព័ន្ធ ពង្រឹង​តួនាទី​ភារកិច្ច ការអភិវឌ្ឍ​ធនធាន​មនុស្ស ការពង្រឹង​សមត្ថភាព​ក៏ដូចជា​ការកែប្រែ​ឥរិយាបថ ​បត់បែន​ការងារ​ដ៏ឈ្លាសវៃ​តាម​ស្ថានភាព​ប្រទេសជាតិ​វិវឌ្ឍ​ថ្មីៗ និង​បាន​ប្រែ​ក្លាយ​ជា​ស្ថាប័ន​គំរូ​មួយ​ក្នុង​ការផ្ដល់​សេវា​ប្រកប​ដោយ​គុណភាព គុណធម៌ ជា​អ្នកបម្រើ​ការពារ​ប្រជាពលរដ្ឋ​»​។

លោក​បន្ថែម​ថា ក្នុង​នាម​រាជរដ្ឋាភិបាល ក្រសួង​ការពារជាតិ ពិតជា​មាន​មោទនភាព យ៉ាង​ក្រៃលែង ចំពោះ​នាយទាហាន និង​ពលទាហាន​នៃ​កងរាជ​អាវុធហត្ថ​ដែល​បាន​តស៊ូ​លះបង់​ធ្វើ​ពលិកម្ម​ប្រកប​ដោយ​វីរភាព អង់អាច​ក្លាហាន​មាន​ភក្ដីភាព និង​មាន​មនសិការ​ស្នេហា​ជាតិ​ខ្ពស់ បង្កើន​នូវ​ស្នាដៃ​ និង​គុណសម្បត្ដិ​ដ៏ឧត្ដុង្គឧត្ដម​មិន​អាច​កាត់ថ្លៃ​បាន​។

ប៉ុន្តែ​លោក​ ស៊ឹង សែនករុណា មន្ត្រី​អង្កេត​ជាន់ខ្ពស់​នៃ​សមាគម​ការពារ សិទ្ធិមនុស្ស អាដហុក ថ្លែង​ថា ជាគោលការណ៍ កងកម្លាំង​កងរាជអាវុធហត្ថ គឺជា​ស្ថាប័ន​ឯករាជ្យ​ដែល​ត្រូវ​ថែរក្សា​សន្ដិសុខ សុវត្ថិភាព​សង្គមជាតិ និង​ប្រជាពលរដ្ឋ ប៉ុន្ដែ​ស្ថាប័ន​នេះ​នៅ​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​និន្នាការ​នយោបាយ​នៅឡើយ​។

លោក​បាន​ថ្លែងថា​៖ «​កងរាជអាវុធហត្ថ​នេះ​ក៏មាន​តួនាទី​សំខាន់​ថែមទៀត​ទៅលើ​ការត្រួតពិនិត្យ​លើ​ការមិន​គោរព​នូវ​វិន័យ ការអនុវត្ដ​ច្បាប់​របស់​កងកម្លាំង​យោធា ឬ​ក៏​កងកម្លាំង​ផ្សេងៗ​ទៀត​ដែល​មិនបាន​បំពេញ​តួនាទី​របស់​ខ្លួន​បាន​សមស្រប គឺ​អាច​មាន​ការចាត់វិធានការ​ពី​លើ​ទៅ​ទៀត​»​។ លោក​បញ្ជាក់ថា សរុប​ទៅ​កងរាជអាវុធហត្ថ​នៅ​មិនទាន់​បាន​ធ្វើ​ខ្លួន​ ឬ​ក៏​បំពេញ​តួនាទី​ដោយ​ឈរ​ទៅលើ​ឯករាជភាព​ ឬ​អព្យាក្រឹតភាព​នៅ​ឡើយ​ទេ​ដែល តែងតែ​ធ្វើ​ឲ្យ​មាន​ការរិះគន់​ពី​ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល​។

យ៉ាងណាក្តី​លោក សៅ សុខា អគ្គ​មេបញ្ជាការរង និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ក៏​បាន​ថ្លែង​ក្នុង​ពិធី​នេះដែរ​ថា គិត​ត្រឹម ១ ឆ្នាំ​ចុងក្រោយ​នេះ​លទ្ធផល​សមិទ្ធផល និង​ស្នាដៃ​ដែល​កងរាជ​អាវុធហត្ថ​សម្រេច​បាន​រួមមាន​ការស្រាវជ្រាវ​ និង​បង្ក្រាប​បទល្មើស​បាន​ចំនួន ២ ៨៣៧ ​លើក ​បាន​រកឃើញ​បុគ្គល សង្ស័យ​ចំនួន ៤ ៣៤៥ ​នាក់​​ ក្រោយពី​ការស៊ើបអង្កេត​បាន​ឃាត់ខ្លួន​ជន ដែល​សង្ស័យ​ប្រព្រឹត្ត​បទល្មើស​ចំនួន ៣ ៩៨១ នាក់​ និង​ចាប់យក​វត្ថុតាង​បញ្ជូន​ទៅ​តុលាការ​។ បញ្ជូនទៅ​មណ្ឌល​កែប្រែ​ចំនួន ២៣៦ នាក់ ​រីឯ​ជន​ដែល​គ្មាន​ការពាក់ព័ន្ធ​ចំនួន​ ១២៨ នាក់​ ឱ្យ​វិល​ទៅ​លំនៅឋាន​វិញ​។

លោក​ថ្លែងថា​៖ «​កងរាជអាវុធហត្ថ​បាន​ចូលរួម​ធ្វើ​សកម្មភាព​ជួយសង្គ្រោះ​បាន​ចំនួន ៦ ៣៣២ ​លើក​ មាន​ជាអាទិ៍​ជួយ​ប្រជាពលរដ្ឋ​គ្រោះថ្នាក់​ចរាចរណ៍ ខ្យល់​កន្ត្រាក់ រន្ទះបាញ់ អគ្គិភ័យ ជំនន់​ទឹកភ្លៀង បាក់រលំ​អគារ បាក់​សាលាឆាន់ បាក់​ឃ្លាំង និង​ករណី​ផ្សេងៗ​។ ជួយ​ដឹក​សាកសព​ទៅកាន់​លំនៅឋាន​ចំនួន ៥២ សព​»៕