ភ្នំពេញៈ លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានថ្លែងទៅកាន់យោធា និងមន្ត្រីនៃគណបក្សកាន់អំណាចដោយបានប្រៀបធៀបអំពីការដាក់ទណ្ឌកម្ម និងការដាក់សម្ពាធពីប្រភពខាងក្រៅ មកលើរាជរដ្ឋាភិបាលបច្ចុប្បន្នថា វាមិនធ្ងន់ធ្ងរ ដូចការរស់នៅក្នុងរបប ប៉ុល ពត នោះទេ។
ក្នុងពិធីអបអរសាទរខួប ៤២ ឆ្នាំ ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧-២០ មិថុនា ២០១៩ នៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លោក ទៀ បាញ់ ថ្លែងថា៖ «ខ្ញុំចាត់ទុកថា ការដាក់ទណ្ឌកម្មការដាក់សម្ពាធយ៉ាងណាក៏ដោយ គឺមិនមានស្អីហួសពីសម័យដែល ប៉ុល ពត វាបង្កើតគុកឥតជញ្ជាំង ហើយដំណើរការរបស់វា គឺដល់អាយុជីវិតចាំតែម៉ោងណា ពេលណា វេលាណា យកទៅវ៉ៃចោល តែប៉ុណ្ណឹង»។
ដោយមិនបានលើកចំឈ្មោះ លោកបានលើកឡើងពីការព្យាយាមនិយាយខុសពីការពិតអំពីកម្ពុជា ដោយលោកថ្លែងថា៖ «នាពេលបច្ចុប្បន្ននេះ តាមរយៈសារឆ្លងទ្វីប ឆ្លងតំបន់ ឆ្លងប្រទេស គឺមិនមានពេលណាវេលាណាដែលគេបង្អង់ទេ ពោលពាក្យញុះញង់បង្ក មួលបង្កាច់។ ប្រវត្តិសាស្ត្រពិតអត់មានលើកឡើងទេ លើកឡើងហៅថា កម្ពុជាកំពុងតែលិចលង់ គួបផ្សំជាមួយនឹងមហិច្ឆតារបស់បរទេសខ្លះដែលជឿស៊ុបក្រុមតូចមួយនោះ (ដែល) តែងតែប្រើវិធីគ្រប់បែបយ៉ាងទាំងអស់ អាងអីគឺដាក់ទណ្ឌកម្ម អាងអីគឺដាក់សម្ពាធ សូមយើងទាំងអស់គ្នាចងចាំឲ្យច្បាស់»។
លោក ទៀ បាញ់ ក៏បានអំពាវនាវផងដែរ ដល់នាយទាហាន និងពលទាហានត្រូវពង្រីកពង្រឹងការយល់ដឹង ដើម្បីប្រែក្លាយឲ្យទៅជាភាពរឹងមាំក្នុងការបំពេញភារកិច្ច ប្រឈមជាមួយនឹងទិដ្ឋភាពថ្មី នៃគ្រោះថា្នក់ដែលអាចកើតមានដោយក្រុមអគតិ និងសត្រូវដែលមានបំណងធ្វើឲ្យប្រែក្រឡាស់នូវការដឹកនាំរបស់គណបក្សប្រជាជនក៏ដូចជាការដឹកនាំរបស់នាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន។
លោកថា ការធ្វើបែបនេះ គឺដើម្បីពង្រឹងសុខសន្តិភាពពង្រឹងសមិទ្ធផលទាំងឡាយដែលកម្ពុជាមានសព្វថ្ងៃ។
លោកថ្លែងបន្តថា៖ «និយាយពីជីវភាព គេចាត់ទុកថា ក្រទៅៗហើយហៅថា មិនអាចទុករបៀបនេះបានទេ ចាំបាច់ណាស់គេហៅថា ត្រូវដូរចេញ ចាំបាច់ណាស់ ត្រូវតែដូររបបនេះចេញ ដូរៗ ពីមុនហ្នឹងស្រែកដូរៗពេញទឹកពេញដី តាំងពីក្មេងក៏បំផុសឲ្យគ្នាស្រែកដូរដែរ។ វាយ៉ាងម៉េចនោះ? វាយ៉ាងម៉េច ខ្ញុំចង់សួរមើល? ពីមុននោះ មានស្អីបានតែចានដាក់បបរមួយមិនទាំងមានផង។ ឥឡូវនេះយ៉ាងហោចណាស់មាននេះ មាននោះអីគ្រាន់បើដែរ មានច្រើនរឿងដែរ បានប៉ុណ្ណឹងហើយ ចង់ឲ្យដូរម៉េចទៅទៀត»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា អ្វីដែលលោក ទៀ បាញ់ លើកឡើង ពាក់ព័ន្ធក្រុមដែលលើកឡើងថា កម្ពុជាក្រ ហើយចង់ផ្លាស់ប្ដូររបបនោះ គឺចង់សំដៅទៅលើមនុស្ស ២ ក្រុម គឺអតីតគណបក្សប្រឆាំង CNRP ដែលភៀសខ្លួនទៅបរទេស និងពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស ដែលមិនបានដឹងពីស្ថានភាពជាក់ស្ដែងនៅកម្ពុជា។
លោក គិន ភា ក៏យល់ស្របជាមួយការលើកឡើងរបស់លោកទៀ បាញ់ដែលថា សម្ពាធ ឬទណ្ឌកម្មពីបរទេស មិនធ្ងន់ដូចគុកឥតជញ្ជាំងរបស់ខ្មែរក្រហម។ ទោះយ៉ាងណាលោកថា អ្នកនយោបាយខ្មែរ គួរឈប់យកជីវភាពរបស់ពលរដ្ឋ និងការរីកចម្រើនរបស់ប្រទេសនាពេលបច្ចុប្បន្ន ទៅធៀបនឹងរបបខ្មែរក្រហម ហើយថា បានប៉ុណ្ណឹងចង់បានអីទៀត។
លោកថា ការប្រៀបធៀបបែបនេះ មិនធ្វើឲ្យកម្ពុជាមានការរីកចម្រើនទៀតទេ។ លោកថ្លែងថា៖ «សូមអ្នកនយោបាយឈប់ប្រៀបធៀបទៅឆ្ងាយពេក គួរតែប្រៀបធៀបលក្ខណៈបច្ចុប្បន្នរបស់ប្រទេសយើងទៅនឹងប្រទេសផ្សេងទៀត ដែលពីអតីតកាលគេមានស្ថានភាពដូចយើង ហើយឥឡូវគេដើរដល់ណាហើយ ហើយយើងត្រូវនាំគ្នាឈានជំហានទៅមុខទៀតដោយរបៀបណា។ កុំនាំគ្នាមើលតែរបប ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ ហើយយកមកធ្វើទុននយោបាយដល់ណាទៀត គួរតែមានគំនិតថ្មីឲ្យយុវជនគិតគំនិតថ្មីដើម្បីឲ្យមានការរីកចម្រើន »។
ក្រៅពីវាយប្រហារលើក្រុមអ្នកនយោបាយប្រឆាំង លោក ទៀ បាញ់ ក៏បានស្នើឲ្យលោកគ្រូ អ្នកគ្រូ ឲ្យបង្រៀនខ្លឹមសារប្រវត្តិសាស្ត្រពិតរបស់កម្ពុជា។ លោកក៏ស្នើផ្នែកវប្បធម៌ សិល្ប:ឲ្យបញ្ចូលប្រវត្តិសាស្ត្រពិតឲ្យអ្នកដែលមិនទាន់ដឹងបានជ្រួតជ្រាប ចំណែកព្រះសង្ឃ និងអាចារ្យក៏គួរតែបញ្ចូលប្រវត្តិសាស្រ្តក្នុងការអប់រំដល់ពុទ្ធសាសនិក ផងដែរ។
លោក ទៀ បាញ់ ក៏បានប្រាប់ឲ្យក្រុមស្រាវជ្រាវនៅវិទ្យាស្ថានប្រវត្តិសាស្រ្តយោធា បន្តស្រាវជ្រាវ និងចងក្រងប្រវត្តិរបស់លោក ហ៊ុន សែន ចាប់ពីថ្ងៃទី ២១ មិថុនា ១៩៧៧ ដល់ថ្ងៃទី ១២ ខែ ឧសភា ១៩៧៨ នៅពេលដែលលោក ហ៊ុន សែន ស្ថិតនៅក្នុងទឹកដីនៃប្រទេសវៀតណាម។
លោកថា៖ «ការរៀបចំត្រូវបន្តទៅទៀត ដើម្បីយើងរៀបរាប់រឿងពិត ប្រវត្តិសាស្ត្រពិតកុំឲ្យវង្វេងអ្នកជួយសង្គ្រោះ បែរទៅជាអ៊ីចេះអ៊ីចុះ អាហ្នឹងគឺអត់បានទេ ខុសការពិត»។
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ថ្លែងថា ទីតាំងប្រវត្តិសាស្ត្រសំខាន់ៗ ដែលពាក់ព័ន្ធនឹងរបបខ្មែរក្រហម ត្រូវតែបង្ហាញឲ្យគេឃើញ និងត្រូវថែរក្សាឲ្យបានល្អ។
លោកបានថ្លែងថា៖ «ការបកស្រាយប្រវត្តិសាស្ត្របែបនេះ គឺជាដំណើរការនៃការព្យាបាលរបួស។ វាជាដំណើរដ៏មានអត្ថន័យឆ្ពោះទៅរកការបង្កើតប្រវត្តិសាស្ត្រ ហើយវាមានសារៈសំខាន់សម្រាប់មនុស្សទាំងអស់គ្នា និងជាតិផងដែរ»។
លោកបន្តថា ប្រវត្តិសាស្ត្រចំណុចនេះ មិនត្រូវបានសរសេរលម្អិតពីមុនមកទេ ដោយសារតែវាមានជាប់ពាក់ព័ន្ធនឹងវៀតណាម។ ទោះយ៉ាងណាលោកថា គេមិនអាចនិយាយអំពីរឿងខ្មែរក្រហម ដោយមិនមានការ ពិភាក្សាដោយឥតលម្អៀងរឿងវៀតណាម និងចិននោះទេ៕