ភ្នំពេញ​: ​លោក​ ទៀ ​បាញ់​ រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​ កាល​ពី​ម្សិល​មិញ​បាន​ថ្លែង​រិះ​គន់​ដោយ​ភ្ជាប់​ក្រុម​មនុស្ស​មួយ​ចំនួន​ដែល​បាន​ព្យាយាម​ឲ្យ​បរទេស​លុប​ប្រព័ន្ធ​​អនុ​គ្រោះ​ពន្ធ​ពី​កម្ពុ​ជា​គឺ​ជា​វិធាន​ការ​មួយ​ក្នុង​ចំ​ណោម​វិ​ធា​ន​ការ​បដិ​វត្តន៍​ពណ៌​ប្រ​ឆាំង​នឹ​ង​រដ្ឋាភិ​បាល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត។​

ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះ​បណ្តាល​ ​និង​ហ្វឹក​ហ្វឺន​ឆ្នាំ​ ២០១៨​ និង​បើក​វគ្គ​សិក្សា​ឆ្នាំ​ ២០១៩​ ដល់​មន្ត្រី​យោធា​ នៅ​សាកល​វិទ្យា​ល័យ​ការពា​រ​ជាតិ​ កាល​ពី​ថ្ងៃ​ទី​៣​០​ ខែ​ មករា ឆ្នាំ​ ២០១៩​​ ​លោក​ទៀ ​បាញ់​ ថ្លែង​ថា ​ប្រទេស​មួយ​ចំនួន​ ​បាន​ចោទ​​រាជ​រដ្ឋាភិ​បាល​កម្ពុជា​ដោយ​គ្មាន​មូលដ្ឋាន​​ច្បាស់លាស់​ថា ​មិន​គោរព​សិទ្ធិ​មនុស្ស ​ឬ​មិន​មាន​ប្រជា​ធិប​តេយ្យ។

​លោក​ ទៀ ​បាញ់​ ថ្លែង​ថា៖​ «ផ្ទាល់​ខ្លួន​ខ្ញុំ​ ​ខ្ញុំ​បាន​សន្និ​ដ្ឋាន​ថា ​ការដាក់​ទណ្ឌ​កម្ម​ ឬ​សម្ពាធ​ទាំងឡាយ​ក៏​បាន​រួម​ចំណែក​ក្នុង​ការអនុ​​វ​ត្ត​បដិ​វត្ត​ន៍ពណ៌​ដែ​រ ខ្ញុំ​ចាត់ទុក​អ៊ីចឹង​តែ​ម្តង ព្រោះ​អី​គឺ​ថា​វា​រួម​ចំណែក​ធ្វើ​យ៉ាង​ណា​ឱ្យ​សភាព​ការ​ណ៍ឆ្លើយ​តប​តាម​បំណង​របស់​ខ្លួន​ដែល​ច​ង់​បាន​ គឺ​​ចង់​បាន​អ្វី​ ​គឺ​កា​រ​ដោះ​លែង​អ្នក​ជាប់​ឃុំ ​និង​អ្ន​ក​ដែល​តុ​លា​ការ​សម្រេច​ហាម​ធ្វើ​នយោ​បាយ​»​។

លោក​ ទៀ​​ បាញ់ ​បាន​អះអាង​ផង​ដែរ​ថា​ ក្រុម​គណ​បក្ស​ប្រឆាំង​បាន​ទៅ​ភូត​ និង​អំពាវ​នាវ​ដល់​ប្រទេស​អន្តរ​ជាតិ​មួយ​ចំនួន​ ដែល​ជា​ប្រទេស​មាន​ចំណេះ​ដឹង​ខ្ពង់​ខ្ពស់​ និង​សម្បូ​រ​ធន​ធាន​ទ្រព្យ​សម្បត្តិ​ ​ដោយ​បាន​ចោទ​ ​ប្រទេស​កម្ពុ​ជា​ថា​ ជា​ប្រ​ទេស​ផ្តាច់​ការ​ ​និង​មិន​គោរព​សិទ្ធិមនុស្ស​ហើយ​ទាម​ទារ​ឲ្យ​ប្រទេស​ទាំង​នោះ​ត្រូវ​តែ​ដាក់​សម្ពាធ​មក​លើ​ប្រ​ទេស​កម្ពុជា​សព្វ​គ្រប់​បែប​យ៉ាង​។ ​ចំពោះ​អ្វី​ដែល​មិន​ឆ្លើយ​តប​នឹង​តម្រូវការ​របស់​អ្នក​មួយ​ចំនួន​​ហើយ​សំដៅ​គឺ​វិ​ធីប​ន្តុះ​ប​ង្អាប់​ វាយ​ប្រហារសព្វ​គ្រប់បែប​យ៉ាង​នោះ​ហើ​យ ​ក៏​ជា​វិធានការ​ក្នុង​ចំណោម​វិធាន​ការ​របស់​បដិ​វត្ត​ន៍ពណ៌​ដែរ។

លោក ​ទៀ ​បាញ់​ ​ថ្លែង​ថា​៖​ «​ហើយ​ប្រទេស​ទាំង​នោះ​ឆោត​​​ល្ងង់​ចាញ់​បោក​ការ​ភូត​កុហក​របស់​ក្រុម​ប្រឆាំង​។​ ខ្ញុំ​យល់​ម្យ៉ាង​ចាញ់​បោក​ក្រុម​តូច ​​១ ​បោក​បាន។​គេ​ដើរ​បោក​ថា​ កម្ពុជា​អត់​មាន​គោរ​ព​ប្រ​ជាធិ​ប​តេ​យ្យ​ និ​ង​ដើរ​បោក​កម្ពុ​ជា​ហ្នឹ​ង​អត់​ចេះ​គោរព​សិទ្ធិមនុស្ស​ទេ។​ ​អានោះ​ជឿ​តែ​ម្តង​ ​គេ​នាំ​គ្នា​ខ្សឹប​ខ្សៀវ​ថា​ កម្ពុជា​ត្រូវ​តែ​មាន​ការ​ផ្លាស់​ប្តូរ​។ យើង​បាន​ធ្វើ​ប្រ​ជា​ធិប​តេយ្យ​ ២​០ ​ឆ្នាំ​ ​យើង​បាន​គោរព​ប្រ​ជា​ធិបតេយ្យ​​យ៉ាង​ខ្ជាប់​ខ្ជួន​»​។

​ការ​ធ្វើ​អត្ថា​ធិប្បាយ​បែប​រិះ​គន់​របស់​​លោក​ ​ទៀ ​បាញ់​ ​បាន​ធ្វើ​ឡើង​ ខណៈ​ពេល​ដែល​សហ​ភាព​អឺរ៉ុប​បាន​ព្រ​មា​ន​ដក​ប្រ​ព័ន្ធ​អនុ​គ្រោះ​ពន្ធ EBA។​

លោក​ ​ទៀ ​បាញ់​ ថ្លែង​ថា​៖​ «​យើង​បាន​គោរព​សិទ្ធិមនុស្ស​ពេញ​លេញ​ទាំង​អស់​ ​តែ​ផ្ទុយ​ទៅ​វិញ​គេ​ថា​ យើង​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។​ ​តើ​អាហ្នឹង​​ស្អី​?​ គេ​រក​វិធី​សព្វ​គ្រប់បែប​យ៉ាង​ទាំង​អស់​ ​ដាក់​​ស​ម្ពាធ​ឲ្យ​ធ្វើ​អ៊ី​ចេះ​ឲ្យ​ធ្វើ​អ៊ីចុះ។​ ​ហើយ​អ្នក​ដែល​ល្មើស​បំពាន​​ច្បាប់​ធ្ងន់​ធ្ងរ​បែរ​ជា​សង្កត់​ដា​ក់​ទ​ណ្ឌ​ក​​ម្ម​អ្ន​​ក​ដែ​ល​អ​នុ​វត្តច្បាប់​ត្រូវ​តែ​លុបមិន​ឲ្យ​អនុ​វត្ត​ច្បាប់​»​។​

លោក​បន្ត​ថា​ ការ​ចាត់​វិធានការ​ចំពោះ​លោក​ ​កឹម​ សុខា​ ​គឺ​ដើម្បី​ធានា​ប្រ​ទេស​ ក​ម្ពុ​ជា​ បាន​អនុ​វត្ត​ត្រឹម​ត្រូវ​តាម​ច្បាប់​ប្រទេស​ កម្ពុ​ជា​ដើម្បី​សុខ​សន្តិ​ភាព និង​ស្ថិរ​ភាព។

​លោក​ គិន​ ​ភា ​ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​កម្ពុជា​ នៃ​​រាជ​បណ្ឌិត្យ​សភា​បាន​ថ្លែង​ថា​​ ក្រុមអតី​តគណ​បក្ស​សង្គ្រោះ​ជាតិ​តែង​តែ​ស្នើ​សុំ​​ឲ្យ​អន្តរ​ជាតិ​ចាត់​វិធាន​ការ​ផ្សេងៗ​មក​លើ​រាជ​រដ្ឋាភិ​បាល​ប្រទេស​កម្ពុជា​ ហើយ​អះអាង​ថា​ ប្រទេស​ ណា​​ដែល​បាន​ចូល​រួម​ដាក់​សម្ពាធ​ឬ​ក៏​ដាក់​ទណ្ឌ​កម្ម​ឬ​ក៏​មាន​វិធាន​ការ​ណា​មួយ​ដែល​ស្រប​តាម​សំណើ​ពួក​អតី​តគណបក្សស​ង្គ្រោះ​ជាតិ​ដោយ​ មិន​សម​ហេតុ​ផល​គឺ​មាន​ហេតុ​នយោ​បាយ​រប​ស់​ខ្លួន​ដើម្បី​ទទួល​បាន​ផល​ប្រយោជ​ន៍​ភូ​មិសាស្ត្រ​ន​យោបាយ​។​

លោក​ គិន​ ​ភា ​ថ្លែង​ថា៖​ «តិ​ច​ឬ​ច្រើន​គាត់​មាន​របៀប​វារៈ​នយោបាយ​របស់​គាត់​ យើង​មិន​និយាយ​ថា​ ជា​ការ​រួម​ចំណែក​ក្នុង​ ការ​ធ្វើ​ឲ្យមាន​បដិ​វត្ត​ន៍ពណ៌​នៅ​កម្ពុជា​ តែ​ប្រហែល​ជា​ប្រទេស​នោះ​មាន​គោល​ដៅ​នយោ​បាយ​របស់​ខ្លួន​ចំពោះ​ភូមិ​សាស្ត្រ​​នយោ​បាយ​តំបន់​។​ យើង​មិន​អាច​ទទួល​បញ្ជា​ឬ​ការ​ចង្អុល​បង្ហាញ​ពី​ប្រទេស​នេះ​ ប្រទេស​នោះ​ដើម្បី​ឲ្យធ្វើ​បែ​ប​នេះ​ បែប​នោះ​ទៅ​តាម​ការ​ចង់​បាន​របស់​គេ​បាន​ទេ​ ដូច្នេះ​ហើយ​កាល​ដែល​ប្រទេស​មួយ​ចំនួន​ព្យាយាម​ដាក់​សម្ពាធ​នយោ​បាយ​ឬ​សេដ្ឋ​កិច្ច​ដើម្បី​ឲ្យកម្ពុ​ជា​ដើរ​តាម​ ទិស​ដៅ​នយោបាយ​របស់​ខ្លួន​មាន​ន័យ​ថា​ គាត់​កំពុ​ង​តែ​ជ្រៀតជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា ​និង​ធ្វើ​រំលោភ​អធិប​តេយ្យ​ភាព​របស់​ប្រទេស​កម្ពុជា​ដែល​ជា​រដ្ឋ​ ឯក​រាជ្យ ​និង​ជា​សមា​ជិក​អង្គ​ការ​ស​ហ​ប្រ​ជា​ជាតិ​ដែល​នេះ​ផ្ទុយ​ទៅ​​នឹង​ច្បាប់​អន្ត​រ​ជាតិ​ក៏​ដូច​ជា​ធម្ម​នុញ្ញ​នៃ​អង្គ​ការ​សហ​ប្រជា​ជាតិ​»​។

លោក​បន្ថែម​ថា​ រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ត្រូវ​សិក្សា​ឲ្យ​បាន​ច្បាស់​លា​ស់​ទាក់​ទង​នឹង​ការដាក់​សម្ពាធ​ដើម្បី​ស្វែ​ងរ​ក​ថា​ តើ​ប្រទេសកម្ពុ​ជា​ពិត​ជា​ធ្វើ​ដូច​ការ​ចោទ​ប្រកាន់​រប​ស់​ពួក​គេ​ដែរ​ឬ​ទេ​ ហើយ​ប្រទេស​កម្ពុជា​ត្រូវ​ពង្រឹង​ផ្នែក​ផ្ទៃ​ក្នុង​របស់​ប្រទេស​ កម្ពុជា​ និង​​ពង្រឹង​ឯក​រាជភាព​ទាំង​សេដ្ឋ​កិ​ច្ច​ និង​នយោ​បាយ​។​

​លោក​ថ្លែង​ថា៖ «​ប្រសិន​បើ​យើង​អត់​មាន​ចំណុច​ខ្សោយ​ខាង​ផ្នែក​សេដ្ឋ​កិច្ច​ និង​នយោ​បាយ​ ឬ​យើង​មិន​ពឹង​អាស្រ័យ​គេ​ខ្លាំង​ គេ​មិន​អាច​ដាក់​សម្ពាធ​មក​លើ​យើង​បាន​ដូច្នេះ​យើង​ត្រូវ​តែ​មាន​ភាព​ខ្លាំង​ខាង​សេដ្ឋ​កិច្ច​ នយោ​បាយ​ និង​យោ​ធា​ខ្លួន​ឯង​»​។

លោក​ ឡៅ ​ម៉ុង​ហៃ ​អ្នក​វិភាគ​នយោបាយ​ថ្លែង​​ថា​​​៖ ​«​ប្រទេស​ឬ​ក៏​អង្គ​ការ​អន្តរ​ជាតិ​ទាំង​នោះ​ដែល​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​របស់​យើង​ថា​ គណ​បក្ស​ប្រឆាំង​បាន​អុជ​អាល​ឲ្យ​ដាក់​ទណ្ឌ​កម្ម​លើ​កម្ពុ​ជា​ ​មាន​អ្នក​តំណាង​របស់​ពួក​គេ​នៅ​កម្ពុ​ជា​ហើយ​អ្នក​តំ​ណាង​ទាំ​ង​នោះ​បាន​យល់​ដឹង​គ្រប់គ្រាន់​អំពី​ស្ថានភាព​នៅ​ក្នុង​ប្រ​ទេស​។​ ​គេ​​ដឹង​យ៉ាង​ច្បាស់​មុន​​គេ​សម្រេច​ចិត្ត​ដាក់​ទណ្ឌ​កម្ម»៕