ភ្នំពេញៈ លោក​ឧបនាយក​រដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​បាន​មានប្រសាសន៍​ពីថ្ងៃ​អង្គារ ទី​ ១០ ខែវិច្ឆិកា​ថា ការអភិវឌ្ឍ​កំពង់ផែ​យោធា​រាម​ឲ្យ​មាន​សមត្ថភាព​ខ្ពស់​នឹង​ចាប់ផ្ដើម​នាពេល​ឆាប់ៗ​នេះ​ទៅ​តាម​ពេលវេលា​។ ការធ្វើ​ទំនើបកម្ម​នេះ​តម្រូវ​ឲ្យ​មាន​ការរុះរើ​អគារ​ចាស់​នៅ​ទីនោះ​រួមមាន​ទាំង​ទីបញ្ជាការ​ជួរមុខ​សន្តិសុខ​លំហ​សមុទ្រ និង​អគារ​សម្រាប់​ជួសជុល​នាវា​ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក និង​អូស្ត្រាលី​។

លោក​មានប្រសាសន៍​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការអភិវឌ្ឍ​កំពង់ផែ​យោធា​រាម​នេះ​បាន​ចាប់ផ្តើម​ជា​បណ្ដើរៗ​ហើយ ដែល​តម្រូវ​ឲ្យ​មាន​ការរើ​អគារ​ទាំងអស់​នៅ​កន្លែង​នោះ​ចេញ ហើយ​ការចាប់ផ្ដើម​សាងសង់​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​សិក្សា​ស្រាវជ្រាវ និង​ការរៀបចំ​អស់​រយៈពេល​ប្រមាណ​ជាង​ ១០ ​ឆ្នាំ​មកហើយ​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​និយាយ​រួម​រាល់​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងឡាយ​នៅក្នុង​កំពង់ផែ​យោធា​រាម​ហ្នឹង​នឹង​ចាប់ផ្ដើម​ព្រោះ​អ្វី​យើង​សិក្សា​ស្រាវជ្រាវ រៀបចំ​សព្វ​​គ្រប់​អស់ហើយ និង​ចាប់ផ្ដើម​ធ្វើ​នៅពេល​ឆាប់ៗ​នេះ​។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​យើង​រើ រឿង​ពិតតែ​ប៉ុណ្ណឹង​ទេ​។ ដូច្នេះ​ពេលវេលា​ដែល​អ្វីៗ​ត្រូវ​លេចឡើង​នៅ​កន្លែង​នោះ​នឹង​មាន​ជា​បន្តបន្ទាប់ តែ​នៅ​វែងឆ្ងាយ​ទៀត​ព្រោះ​មិនមែន​ធ្វើបាន​ភ្លាមៗ​ចេញ​មក​ភ្លាម​ជប់​បានមក​ទេ គឺ​ត្រូវ​ប្រើ​ពេលវេលា​ច្រើនណាស់​។

លោក​បញ្ជាក់ថា​៖ «[​យើង​] ធ្វើឱ្យ​មាន​ទឹក​ដ៏ជ្រៅ​ធ្វើឱ្យ​មាន​ផែ​ដ៏ស្អាត​សម្រាប់​នាវា​ដែល​មាន​ទ្រង់ទ្រាយ​មធ្យម​អាច​ចូល​ចត​បាន​មាន​រោង​ជាង​សម្រាប់​ជួសជុល​នាវា​រាប់ពាន់​តោន វា​ត្រូវ​ប្រើ​ពេលវេលា​ច្រើន​។ ខ្ញុំ​សុំ​ប្រាប់​ឱ្យ​ច្បាស់​ថា កិច្ចការងារ​នេះ​នឹង​ចាប់ផ្ដើម​ធ្វើ​ហើយ បានជា​វា​តម្រូវ​ឱ្យ​យើង​ទៅ​រុះរើ​កន្លែង​ទីបញ្ជាការ​ជួរមុខ​សន្តិសុខ​លំហសមុទ្រ​ដែល​បានធ្វើ​ និង​រៀបចំ​នៅ​កំពង់ផែ​រាម​នោះ​ចេញ​»​។

កាលពី​ថ្ងៃ​ចន្ទ ទី ​៩ វិច្ឆិកា អង្គការ​ស្រាវជ្រាវ​ឈ្មោះ Asia Maritime Transparency Initiative ដែលជា​ផ្នែក​មួយ​នៃ​មជ្ឈមណ្ឌល​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ និង​អន្តរជាតិ (CSIS) មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បានចេញ​ផ្សាយ​អត្ថបទ​ទី​ ២ ពាក់ព័ន្ធ​នឹង​ការរុះរើ​អគារ​ដែល​សហរដ្ឋ​អាមេរិក​បាន​ឧបត្ថម្ភ​។ អគារ​ទី​ ២ ​នេះ​គឺជា​រោង​ជាង​សម្រាប់​ជួសជុល​នាវា​តូចៗ ដែល​សាងសង់​ឡើង​នៅ​ឆ្នាំ​ ២០១៧ នៅក្នុង​មូលដ្ឋានទ័ព​រាម​។

អង្គការ​ដដែល​នះ​អះអាង​ថា អគារ​នេះ​ត្រូវបាន​រុះរើ​ចន្លោះ​ពី​ចុងខែ​តុលា ដល់​ថ្ងៃទី​ ២ ខែវិច្ឆិកា​ហើយ​ការរុះរើ​ធ្វើឡើង​តាម​ដំណាក់កាល​ដែល​ការធ្វើ​បែបនេះ​អាច​ស្រប​ទៅ​នឹង​ការអះអាង​របស់​កម្ពុជា​ដែលថា ទីបញ្ជាការ​ជួរមុខ​ត្រូវបាន​ប្ដូរ​ទីតាំង​ទៅ​កន្លែង​ផ្សេង​។ ប៉ុន្តែ​អង្គការ​នេះ​លើក​ឡើង​ថា វា​មិន​គួរឱ្យ​ជឿ​បានទេ ដែល​អគារ​ទើប​តែ​សាងសង់​បាន​ ៣ ​ឆ្នាំនេះ​ត្រូវបាន​រុះរើ​។

កាលពី​ថ្ងៃទី​ ២ ខែ​តុលា អង្គការ ដដែល​នេះ​បាន​ចេញ​ផ្សាយ​អត្ថបទ​ទី​ ១ ​ពាក់ព័ន្ធ​នឹង​ការរុះរើ​អគារ​ទីបញ្ជាការ​ជួរមុខ​សន្តិសុខ​លម្ហ​សមុទ្រ ដោយ​ភ្ជាប់​ទៅនឹង​ការចុះផ្សាយ​របស់​កាសែត​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ដែល​សរសេរថា​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀងសម្ងាត់​ជាមួយ​ចិន​ដោយ​អនុញ្ញាត​ឱ្យ​ចិន ប្រើប្រាស់​ផ្ដាច់មុខ​នូវ​មូលដ្ឋានទ័ព​រាម​រយៈពេល ៣០ ឆ្នាំ និង​អាច​បន្ត​ជាថ្មី​បាន​រៀងរាល់​ ១០ ​ឆ្នាំ​ម្ដង​។

ទោះយ៉ាងណា​ថ្នាក់ដឹកនាំ​កម្ពុជា​បាន​ច្រាន​ចោទ​ការចោទប្រកាន់​នេះ​ជា​ច្រើនដង​រួចមកហើយ និង​បញ្ជាក់​យ៉ាងច្បាស់​ថា កម្ពុជា​ស្វាគមន៍​រាល់​ការចូល​ចត​នៃ​នាវា​បរទេស​ពី​គ្រប់​ប្រទេស​ដោយ​មាន​ការស្នើសុំ​ជាមុន​។ កាលពី​ថ្ងៃទី​ ១០ វិច្ឆិកា លោក ទៀ បាញ់ ក៏បាន​បញ្ជាក់ដែរថា ការអភិវឌ្ឍ​កំពង់ផែ​យោធា​រាម​នេះ គឺ​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​របស់​កម្ពុជា បម្រើ​សេចក្ដី​ត្រូវការ​របស់ខ្លួន និង​ដើម្បី​ផលប្រយោជន៍​កម្ពុជា​សុទ្ធសាធ​មិនមែន​សម្រាប់​បម្រើឱ្យ​អ្នកណា​ផ្សេង​នោះទេ​។

លោក ទៀ បាញ់ បញ្ជាក់​ថា​ទីបញ្ជាការ​ជួរមុខ និង​អគារ​រោង​ជាង​ជួសជុល​នាវា​នេះ​ទទួល​បាន​ការឧបត្ថម្ភ​ពី​សហរដ្ឋ​អាមេរិក និង​អូស្រា្តលី​ដោយ​ប្រទេស​ទាំង​ ២ ​នេះ​បាន​ជួយឧបត្ថម្ភ​ជួសជុល និង​បំពាក់​សម្ភារ​បន្តិចបន្តួច ព្រមទាំង​បានផ្ដល់​នាវា​តូចៗ​មួយចំនួន​ដែរ ដើម្បី​ធ្វើ​សកម្មភាព​នៅ​សមុទ្រ​នោះ​។ អគារ​ទាំង​ ២ ​នេះ មិនមាន​ទីតាំង​ដាច់​ដោយ​ឡែក​ខ្លួនឯង​ទេ ហើយ​បាន​សុំ​សាងសង់​បណ្ដោះអាសន្ន​នោះ​ក្នុង​មូលដ្ឋានទ័ព​រាម​។ ប៉ុន្តែ​ដល់ពេល​ដែល​មូលដ្ឋានទ័ព​រាម​ត្រូវ​ធ្វើ​ទំនើបកម្ម​អគារ​ទាំងនេះ​ត្រូវ​រើចេញ​។

លោក​មានប្រសាសន៍​ដូច្នេះ​ថា​៖ «​រឿងនេះ​យើង​អាច​ថា ជា​រឿង​ភាគ​មួយ​ក៏​ថា​បានដែរ គឺ​ពាក់ព័ន្ធ​នឹង​ការជួយ​បន្តិចបន្តួច​ដល់​កម្ពុជា ហើយ​គេ​បាន​ភ្ជាប់​លក្ខខណ្ឌ​យ៉ាងច្រើន​ស្អេកស្កះ​។ ដូច្នេះ​ខ្ញុំ​គិតថា ពេលខ្លះ​ក៏​ត្រូវ​រើបម្រះ​ដែរ​ចំពោះ​លក្ខខណ្ឌ​ខ្លះ​ដែល​វា​ធ្វើឱ្យ​រាំងស្ទះ​ដល់​ដំណើរការ​អភិវឌ្ឍ​ក្នុង​សិទ្ធិ អធិបតេយ្យ​របស់ខ្លួន​។ យើង​ធ្វើ​ទៅតាម​ការសម្រេច ការគិតគូរ​ និង​លទ្ធភាព​ដែលមាន និង​ស្វះស្វែង​រកបាន​គឺ​ដើម្បី​យើង​អភិវឌ្ឍ​ឱ្យ​រីកចម្រើន​ទៅតាម​តម្រូវការ​របស់​ជាតិ​មាតុភូមិ​ដែល​មាន​តម្រូវការ​ឱ្យមាន​កម្រិត​សមត្ថភាព​ក្នុងការ​ការពារជាតិ អធិបតេយ្យ​របស់ខ្លួន​។ [​ទាំងអស់នេះ​] គឺ​យើង​ត្រូវតែ​ធ្វើ​ហើយ​»​។

ពាក់ព័ន្ធ​នឹង​ការរុះរើ​អគារ​រោង​ជាង​ចុង​ក្រោយនេះ អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​លោក Chad Roedemeier បាន​ថ្លែង​កាលពី​ថ្ងៃទី​ ១០ វិច្ឆិកា តាមរយៈ​អ៊ីមែល​ថា​៖ «​យើង​ពិតជា​មាន​ការខកចិត្ត​ដែល​អាជ្ញាធរ​យោធា​កម្ពុជា​បាន​វាយកម្ទេច​អគារ​សន្តិសុខ​លំហ​សមុទ្រ​មួយទៀត​ដែល​ឧបត្ថម្ភ​ដោយ​សហរដ្ឋអាមេរិក​ដោយ​មិនបាន​ជូនដំណឹង​ ឬ​មាន​ការពន្យល់​។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយ​ថា កម្ពុជា​នឹងមិន​អនុញ្ញាត​ឱ្យមាន​វត្តមាន​យោធា​បរទេស​អចិន្រៃ្តយ៍ និង​ផ្ដាច់មុខ​នៅ​កន្លែង​ណាមួយ​នៅក្នុង​ប្រទេស​នេះ​ទេ ហើយ​ថា​នាវា​ពី​ជុំវិញ​ពិភពលោក​នឹង​ត្រូវ​បាន​ស្វាគមន៍​តាម​ការស្នើសុំ​នៅ​រាម​។ យើង​សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​បន្ត​គោរព​តាម​គោលជំហរ​នេះ​»​។

លោក​ ឈាង វណ្ណារិទ្ធ ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI) យល់ឃើញថា ការសម្ដែង​ការខកចិត្ត​របស់​សហរដ្ឋ​អាមេរិក វា​អាស្រ័យ​ទៅលើ​ការយល់ឃើញ​របស់​អាមេរិក​។ ទោះយ៉ាងណា មាន​តែ​ការសន្ទនា​ទ្វេភាគី​ និង​ការពិគ្រោះ​យោបល់​ទេ ដែល​មាន​សារៈសំខាន់​ក្នុង​ការលើកកម្ពស់​ការយល់​គ្នា​ទៅវិញទៅមក​។

ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ថា កម្ពុជា​ចុះ​កិច្ចព្រមព្រៀងសម្ងាត់​ជាមួយ​ចិន​លោក​ វណ្ណារិទ្ធ ថ្លែង​ថា​៖ «​យើង​ត្រូវតែ​ធ្វើដំណើរ​ចេញពី​ពិភព​ប្រឌិត ឆ្ពោះទៅ​កាន់​ពាក្យពិត​។ យើង​ត្រូវការ​ការពិត និង​ភ័ស្តុតាង​ដើម្បី​គាំទ្រ​ដល់​អំណះអំណាង និង​ជំហរ​របស់​យើង​។

ប្រសិនបើ​សហរដ្ឋអាមេរិក​នៅតែ​ជឿថា កម្ពុជា​ និង​ចិន​មាន​កិច្ចព្រមព្រៀង​សម្ងាត់​មែន​នោះ​អាមេរិក​គួរតែ​បង្ហាញ​ភ័ស្តុតាង​នោះ​ឱ្យ​សាធារណជន​បានឃើញ​។ អ្នកឃ្លាំមើល​ និង​អ្នកវិភាគ​ក្នុង​តំបន់​មាន​ការចាប់អារម្មណ៍​ចង់ឃើញ​កិច្ចព្រមព្រៀងសម្ងាត់​នេះ​ណាស់​»​។

ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​លោក សុខ ទូច បាន​ថ្លែង​ថា កម្ពុជា​គ្រាន់តែ​ជូនដំណឹង​ទៅ​សហរដ្ឋអាមេរិក​ដែល​បាន​ជួសជុល​អគារ​ទាំងនេះ​ទៅ​វា​គ្រប់គ្រាន់​ហើយ ដើម្បី​បង្ហាញ​ពី​ការគោរព​ដល់​ទឹកចិត្ត​មនុស្សធម៌​របស់​អាមេរិក​។ ប៉ុន្តែ​កម្ពុជា​អាច​រុះរើ​អគារ​ទាំងនោះ​បាន​ប្រសិនបើ​វា​មិន​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្ដែង ព្រោះ​វា​ស្ថិតនៅក្នុង​ដែន​អធិបតេយ្យ​របស់​កម្ពុជា​។

ចំពោះ​ការសង្ស័យថា កម្ពុជា​មាន​កិច្ចព្រមព្រៀង​សម្ងាត់​ជាមួយ​ចិន​នោះ លោក​ សុខ ទូច ​យល់ថា គ្មាន​កិច្ចព្រមព្រៀង​បែបនេះ​ទេ ព្រោះ​រដ្ឋធម្មនុញ្ញ​កម្ពុជា​មិន​អនុញ្ញាត​ឡើយ​។ លោក​ពន្យល់ថា រាល់​កិច្ចព្រមព្រៀង​អ្វីមួយ​ត្រូវ​បាន​ព្រមព្រៀង​ដោយ​រដ្ឋាភិបាល​ដាក់ជូន​សភា​អនុម័ត​។ ដូច្នេះ​បើ​សភា​មិនបាន​អនុម័ត រដ្ឋាភិបាល​មិនអាច​មាន​កិច្ចព្រមព្រៀង​ដែល​ខុសច្បាប់​នោះទេ​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​តាមពិត​វា​ជា​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​ដែល​អាមេរិក​គ្របដណ្ដប់​នៅ​អាស៊ាន​។ សូម្បី​ប្រទេស​វៀតណាម​ដែល​ជា​ប្រទេស​កុម្មុយនីស្ត​ក៏​ជា​ដៃគូ​របស់​អាមេរិក​ដែរ​។ ដូច្នេះ​នៅពេល​កម្ពុជា​ងាក​ទៅរក​ចិន វា​ធ្វើឱ្យ​អាមេរិក​បាត់បង់​ភូមិសាស្ត្រ​នយោបាយ​។ គ្មាន​ទាក់ទង​អ្វី​នឹង​រឿង​រុះរើ​អគារ​ទេ​»៕