ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​​លោក​ ​ទៀ ​បា​ញ់​ ​បានថ្លែងថា លោក​មិន​យល់​ពី​គម្រោង​របស់សហរដ្ឋ​អាមេរិក ​ដែល​ចង់​មក​ជួយ​ជួសជុល​អគារ​បញ្ជាការ​សន្តិសុខ​លំហ​សមុ​ទ្រ​នៅ​ទី​តាំង​ចាស់​ ដោយ​អាមេរិក​អាច​មាន​បំណង​អ្វី​មួយ​ផ្សេង​ទៀត ហើយ​ថា កម្ពុជា​ស្វាគមន៍​បើអា​មេរិក​ ចង់​ជួយ​កសាង​អគារ​បញ្ជាការ​សន្តិសុខ​លំហ​សមុទ្រ​រាម​ថ្មី។

ការ​លើក​ឡើង​របស់​លោក ​​ ​ទៀ ​បាញ់​ធ្វើ​ឡើង​បន្ទាប់​ពីមាន​​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការពារជាតិ​សហរដ្ឋ​អាមេរិក​បាន​ស្នើ​ភាគី​កម្ពុជា​ ​ឲ្យ​ពន្យល់​ជុំវិញ​មូលហេតុ​ដែល​កម្ពុជា​ ​ផ្លាស់ប្តូរ​ជំហរ ​មិន​ព្រម​ទទួល​យក​សំណើ​របស់​ភាគី​អាមេរិក​ ក្នុង​ការជួយ​ជួស​ជុល​អគារ​បញ្ជា​ការ​សន្តិសុខ​លំហសមុ​ទ្រ​រាម​និងបាន​ធ្វើ​ការ​កាត់​ស្មាន​ថា ប្រទេស​កម្ពុជា​ អាច​នឹង​មាន​ផែន​ការ​អនុញ្ញាត​ឲ្យ​មាន​ទីតាំង​យោធា​របស់​ប្រទេស​ចិន​នា​ពេល​អនាគត។

លោក​ ​ទៀ ​បាញ់​ ​បាន​ថ្លែង​ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​​កាល​ពី​​ម្សិល​មិញ​ថា ​ក្រសួង​ការពារ​ជាតិ​បាន​ជូន​ដំណឹង​ និង​ពន្យល់​យ៉ាង​ច្បាស់​លាស់​ជាច្រើន​ដង​មក​ហើយ​ទៅ​ភាគី​អាមេ​រិក​ជុំវិ​ញ​​ករណី​នេះ ​តែលោក​ថា ភាគី​សហ​រដ្ឋ​មេ​រិកនៅតែ​មិន​ពេ​ញចិត្ត និង​មិន​ទទួល​យក​ការ​បំភ្លឺ​ទាំង​នោះ​ហើយ​នៅតែ​បន្តចោ​ទ​​​​ប្រកាន់ប្រទេស ​កម្ពុជា ថា​មាន​ផែន​ការ​អនុញ្ញាត​ឲ្យ​ប្រទេស​ចិន​ សាងសង់​មូលដ្ឋាន​កងទ័ព​ទៅវិញ។

លោក​បញ្ជាក់​ដូច្នេះ​ថា​៖ «ឥឡូវ​នេះ យើង​ចង់​រើទៅ​កន្លែង​ផ្សេង ដោយ​សារ​កន្លែង​នេះ​ត្រូវ​មាន​ការ​រៀប​ចំ អភិវឌ្ឍ​ក្នុង​មូល​ដ្ឋាន​រាម​របស់​យើង​នេះ ដើម្បី​ឲ្យ​កង​ទ័ព​ជើង​ទឹក​ឲ្យ​មាន​សមត្ថ​ភាព​ឡើង​វិញ​មួយ​កម្រិ​ត។គេ (អា​មេរិក) មាន​គម្រោង​ថា ចង់​មក​ជួយ​ជួស​ជុល​តែតាម​ការ​ពិតគេ​មាន​​បំណង​យ៉ាង​ណា​ក៏យើ​​​​ង​​មិន​ដឹង​ដែរ ដូច្នេះ​គេមក​ចោទ​ថា យើង​ច្រាន​ចោល​សំណើរបស់​គេ តែ​តាម​ការ​ពិត​យើង​បាន​ឆ្លើយ​ទៅ​ហើយថា​ ឥឡូវ​មិន​ចាំ​​បាច់​ជួស​ជុល​ទេ យើង​នឹង​ត្រៀម​រើ​ទៅ​កន្លែង​ផ្សេង​ហើយ»។

លោក​ ទៀ​ បាញ់​ បញ្ជាក់​ថា​៖​ «គេ​មិន​ចង់​បាន​រឿង​ដែល​ខ្ញុំ​បំភ្លឺ​របៀប​ហ្នឹង​ទេ ​គេចង់​បាន​អ្វី​ដែល​គេ​និយាយ​សាចុះ សា​ឡើង​រាប់​ឆ្នាំមក​ហើយ​ ថា​កម្ពុជា ​(​មាន​ផែន​ការ​អនុញ្ញាត​ឲ្យ​ចិន​សាងសង់​មូលដ្ឋាន​កងទ័ព​) ហើយគេធ្វើលិខិតស្នាមមកហើយ​យើង​បាន​ឆ្លើយ​ជា​បន្ត​បន្ទាប់​ថា រដ្ឋ​ធម្ម​នុញ្ញ​របស់​យើង​គ្មាន​អនុញ្ញាតឲ្យទ័​ព បរទេស​មក​តាំង​មូលដ្ឋានទេ​តែ​គេ​មិន​ស្តាប់​ទេ​ ហើយ​គេ​នៅ​តែគិ​តថា (​មាន​ផែន​ការ​អនុញ្ញា​ត​ឲ្យ​ចិន​សាង​សង់​មូល​ដ្ឋាន​កង​ទ័ព​) ហើយ​គេ​ថា យើង​រើ​ទៅ​ហ្នឹង​ដើម្បី​ទទួល​ទ័ព​ចិន​អីណា​​​យើង​បាន​ឆ្លើយ​ជា​បន្ត​បន្ទាប់​ហើយ​ តែគេ​នៅតែ​មិន​អស់ចិត្ត​ទេ​ គេនៅតែ​ចិញ្ចឹម​មហិច្ឆតា​របស់​គេ»។

លោក ទៀ បាញ់​​ ក៏បាន​បដិ​សេធ​ព័ត៌មាន​ដែល​បាន​លើក​ឡើង​ថា​ មាន​ការ​សាង​សង់​មូល​ដ្ឋាន​ទ័ព​របស់​ចិន នៅ​​ខេត្ត​កោះ​កុង ថា​ជាព័ត៌​មាន​មិន​ពិត​ ដោយ​សារ​តែ​រដ្ឋ​ធម្មនុញ្ញ​ប្រទេ​ស​ កម្ពុជា មិន​អនុញ្ញាត​ឲ្យ​បរទេស​មក​តាំង​មូលដ្ឋាន​ទ័ព​ឡើយ។

លោក​បញ្ជាក់​ដូច្នេះ​ថា​៖ «គេ​ចោទ​គេ​ប្រមូល​រឿង​ ហើយ​គេ​ចោទ​យ៉ាង​នេះ ហើយ​យ៉ាង នោះដល់​ថ្នាក់​គេ​ចោទថា ក្រុម​ហ៊ុន​ ញូញៀន​ដែល​ធ្វើ​ព្រលាន​យន្ត​ហោះ​ និង​កំពុង​ធ្វើ​កំពង់ផែ​ថា បាន​បិទបាំង​មិន​ឲ្យគេ​ទៅ​មើលខ្ញុំ​បាន​ប្រាប់​ហើយ សូម​អញ្ជើញ​អស់​លោក​ទាំង​ឡាយ​ណាច​ង់​ទៅមើល​ទៅចុះ​»។ ​លោក​សង្កត់​ធ្ងន់​ថា​៖​ «យើង​មិន​ដឹង​ត្រូវ​ធ្វើ​យ៉ាង​ម៉េ​ច​ទេហើយ​យើង​មិន​អាច​បង្ខំ​ឬ​ប្រដៅ​គេ (អាមេរិក) បាន​ទេ»។

លោក​បន្ត​ថា ក្រសួង​ការ​ពារជាតិ​កម្ពុជារង់​ចាំ​ទទួល​ស្វាគ​ម​​ន៍​ចំពោះ​ជំនួយ​សាង​សង់​អគារ​​បញ្ជាកា​រសន្តិសុខ​លំហស​មុទ្រ​ថ្មី ដែល​គ្រោងនឹង​​ផ្លាស់ប្តូរទៅ​ទីក​ន្លែង​ផ្សេង​ទៀត ​ដើម្បី​អភិវឌ្ឍន៍​តំបន់​រាម​នេះ​​ដោយ​លោក​លើក​ឡើង​ថា កន្លែង​ថ្មី​នោះ​ នឹង​មាន​​លក្ខណៈ​ល្អ​សមស្របមាន​ការ​រីក​ចម្រើន និង​មាន​ប្រសិទ្ធ​ភាព​ល្អក្នុង​ការ​បំពេញ​ការងារ»។

លោក ​ទៀ បាញ់ បាន​គូស​បញ្ជាក់​ថា៖ «​បើអស់​លោក​ចង់​មាន​សមាន​ចិត្ត​ចង់​ជួយ​លើ​កម្រិត​​ហ្នឹង សូម​អញ្ជើញ​មក​ចុះ យើង​សូម​ស្វាគមន៍»។

លោក​ក៏​បា​ន​ឲ្យ​ដឹង​ទៀត​ថា ទី​បញ្ជា​ការរបស់​សន្តិសុខ​លំហសមុ​ទ្រ​ ពី​មុន គឺជា​អគារ​ចាស់​ពី​ដើម របស់​កង​ទ័ព​ជើង​ទឹក ហើយ​ទីនោះ​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​ទីបញ្ជាការ​សន្តិសុខ​លំហ​សមុទ្រ​ ហើយ​រយៈ​ពេល​កន្លង​មក​ហ្នឹង​អាមេ​រិក​ក៏​បាន​ជួយបំ​ពាក់​ឧបករណ៍​សម្ភារ​មួយ​ចំនួន​ផងដែរ។

យ៉ាង​ណា​ក្តី​លោក​ស្រី Emil​y Zeeberg អ្នកនាំ​ពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​បន្ថែម​លើ​លិខិត​របស់​លោក Joseph Felter ឧបការី​រង​រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ​ប្រទេ​ស​​អាមេ​រិក ទទួល​បន្ទុក​តំបន់​អាស៊ី​ខាង​ត្បូង និង​អាស៊ី​អាគ្នេយ៍ ​ដាក់​ជូន​ក្រសួងកា​រពារ​ជាតិ​កម្ពុជា​ថា ព្រឹត្តិ​ការណ៍​ថ្មីៗ​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​កាត់​ស្មាន ​អំពី​ផែន​ការ​ទៅ​ពេល​អនាគត របស់​ប្រទេស ​កម្ពុជា សម្រាប់​មូល​ដ្ឋាន​កង​ទ័ព​ជើង​ទឹក​រាម ដោយ​រួម​មាន​លទ្ធ​ភាព​នៃការ​អនុញ្ញាត​ឲ្យ​មាន​ទីតាំង​យោធា​របស់​ប្រទេស​ ចិន។

លោក​ស្រី​បន្តថា រឿង​នេះ ពិត​ជាគួរ​ឲ្យមាន​កង្វល់ ដោយ​សារ​ប្រទេស​ចិនមាន​ឥទ្ធិពល​ទាំង​សេដ្ឋ​កិច្ច និង​នយោ​បាយ​ច្រើន​នៅ​កម្ពុជា ដែល​យើង​សូម​អំពាវ​នាវ​ឲ្យមេ​​ដឹក​នាំ​កម្ពុជា រក្សា​ការ​ប្តេជ្ញា​ចិត្តតាម​រដ្ឋធម្ម​នុញ្ញរ​បស់​ខ្លួន ក្នុង​ការប្រកាន់​យក​នយោ​បាយ​ការ​បរទេ​ស​ឯក​រាជ្យ ហើយ​ការពារ​យ៉ាង​សកម្មនូវ​ឯករាជ​ភាព​របស់​ប្រទេស​កម្ពុជា​សម្រាប់​មនុស្ស​ជំនាន់​ក្រោយៗ ។

លោក​ស្រី​បាន​បញ្ជាក់​តាម​សារ​អេឡិច​ត្រូនិក​មក​កាន់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «រាល់​ជំហាន​ដែល​ធ្វើ​ឲ្យ​ខ្សោយ​ដល់​ឯក​រាជ​​ភាព​របស់​ប្រទេស​កម្ពុជាឬ​បើ​ក​ទ្វារ​ចំហស​ម្រាប់​វត្ត​មាន​នៃ​យោធា​បរទេស​នៅ​កម្ពុជា គឺជា​កង្វល់​មួយ​យ៉ាង​ធំ សម្រាប់​សហ​​រដ្ឋ​អាមេ​រិក ហើយ​អាច​គំរាម​កំហែង​ដល់​ភាព​ទុក​ចិត្ត និង​ឥទ្ធិពល​ស្នូល​របស់​សមាគម​អាស៊ាន»។

កាល​ពី​ថ្ងៃ​ចន្ទ សារ​ព័ត៌​មាន Reuters ព្រម​ទាំង​សារព័ត៌មាន​បរទេស Nikkei Asian Review បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ ពាក់​ព័ន្ធ​នឹង​ក្រសួងកា​រពារ​ជាតិ​សហរ​ដ្ឋអាមេ​រិក បាន​ស្នើ​ឱ្យ​កម្ពុជា​ពន្យល់​ពីមូល​ហេតុ​ដែល​កម្ពុជា​​បដិ​សេធ​ មិន​ឱ្យ​សហ​រដ្ឋ​អាមេរិក ​ជួយ​ជួស​ជុល​មូល​ដ្ឋាន​កង​ទ័ព​ជើង​ទឹក​រាម ដែល​ជា​មូល​ដ្ឋាន​កង​ទ័ព​ជើង​ទឹក​ធំបំផុត​របស់​ប្រទេស​នេះ។

សេច​ក្តីរាយ​ការណ៍​នោះ បាន​ដកស្រង់​សម្តីលោក Michael Stelzig អ្នក​ប្រឹក្សា​ផ្នែក​ការពារ​ជាតិ​អាមេ​រិក​ប្រចាំ​នៅ​ភ្នំ​ពេញ (The U.S. Department of Defence and Army Attache in Phnom Penh) ដោយ​បង្ហាញ​ពីការ​ព្រួយ​បារម្ភ​​របស់​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​អំពីលទ្ធ​ភាព​ដែល​ប្រទេស​កម្ពុជា​កំពុង​រៀបចំ​មូលដ្ឋាន​ទ័ព​ចិន​នៅ​ទីនេះ។

លោក Michael Stelzig បាន​បញ្ជាក់​ប្រាប់​សារព័ត៌​មាន Reuters ថា លិខិត​ដែល​អាមេរិក​បាន​ដាក់​ទៅ​នេះ គឺ​ត្រូវ​បាន​ផ្ញើ​ទៅ​កាន់​លោក ទៀ បាញ់ តាំង​ពី​ថ្ងៃទី​ ២៤ ខែ​ មិថុនា។

កាល​ពី​ខែមក​រា លោក Felter បាន​ចុះ​ទៅ​មើល​មូល​ដ្ឋានកង​ទ័ព​​ជើង​ទឹក​រាម បន្ទាប់​ពី​បាន​ទទួល​សំណើ​សុំជំ​នួយ​ពីរ​ដ្ឋាភិបាល​កម្ពុជា។ កាល​ពី​ឆ្នាំមុន លោក​នាយ​ក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ក៏​ធ្លាប់​បាន​បដិសេធផង​ដែរ​ចំពោះ​ការ​សន្និ​ដ្ឋាន​របស់​អាមេរិក​ដែល​​ថា ​ប្រទេស​ កម្ពុជា អនុញ្ញាត​ឱ្យ​ចិន​ដាក់​មូល​ដ្ឋាន​យោធា​នៅ​ក្នុង​ខេត្ត​កោះកុង។

លោក​ ​គិ​ន​ ភា​​ ប្រធាន​វិទ្យាស្ថាន​ទំនា​ក់ទំន​ង​អន្តរជាតិ​នៃ​រាជបណ្ឌិ​ត្យ​សភាកម្ពុជា​ បាន​ចាត់ទុក​ការ​​កាត់​ស្មាន របស់​អាមេរិក​ដែល​ថា​ ប្រទេស​ កម្ពុជា មាន​ផែន​ការ​អនុញ្ញាត​ឲ្យ​មាន​ទីតាំង​យោធា​របស់​ប្រទេស​ចិន​នា​ពេលអនាគត គឺ​​ជា​ការ​បំផ្លើស​ និង​ជា​ការ​លាប​ពណ៌​ និង​ជ្រៀត​ជ្រែក​ការងារ​ផ្ទៃ​ក្នុង​របស់​កម្ពុជា។

លោក​បញ្ជាក់​ថា៖ «ប្រទេស​ កម្ពុជា គឺជា​រដ្ឋ​ដែល​មិន​អនុញ្ញាត​ឲ្យ​មានមូល​ដ្ឋាន​កង​ទ័ព​បរទេស នៅ​ប្រទេស​យើង​ទេ ហើយ​ប្រទេស​កម្ពុជាក៏មិន​ចាំបាច់​ត្រូវ​ការ​មូល​ដ្ឋាន​ទ័ព​បរទេស​មក​ដាក់​ក្នុង​ប្រទេ​ស​របស់​ខ្លួន​ដែរ​ដោយ​សារ​តែការ​ដាក់​កង​ទ័ព​បរទេស​នៅ​កម្ពុជា មិន​បាន​ផល​ចំណេញ​មក​កម្ពុជា​នោះ​ទេ ផ្ទុយ​ទៅ​វិញ​គឺជា​ការ​យក​ភ្លើង​មក​ដាក់​ក្នុង​ផ្ទះ​ខ្លួនឯង»។

លោក​​បន្ថែម​ថា កម្ពុជា​មាន​សិទ្ធិ​ច្រាន​ចោល​ឬ​មិន​ច្រាន​ចោ​ល​សំណើ​ក្នុង​ការ​ជួស​ជុល​អគារ​យោ​ធា​របស់​ខ្លួន​ដោយ​សារ​ប្រទេស​ កម្ពុជា ជា​ប្រទេស​មានអធិប​តេយ្យ​ ​និង​ឯករាជភាព​ ហើយ​មិន​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​សហ​រដ្ឋ​អាមេរិក​នោះ​ទេ ដោយ​សារ​កម្ពុជា​មិន​មែន​ជារដ្ឋ​មួយ​របស់​សហ​រដ្ឋអាមេរិក​នោះ​ឡើយ៕​

រាយការណ៍​បន្ថែមៈឡុង គីមម៉ារីតា