ភ្នំពេញ: ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​លោក ទៀ បាញ់ គ្រោង​នឹង​ដឹកនាំ​ប្រតិភូ​យោធា​ជាន់​ខ្ពស់​នៃ​កងយោធ​ពល​ខេមរភូមិ​ន្ទ ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​សន្តិ​សុខ​អាស៊ី​លើក​ទី១៨ (The 18 IISS Shangri-La Dialogue) នៅ​ប្រទេស​ សិង្ហ​បុរី​ រយៈពេល ៣ ថ្ងៃ ដើម្បី​ពិភាក្សា និង​ផ្លាស់ប្ដូរ​យោបល់​គ្នា​ពី​បញ្ហា​សន្ដិសុខ​ក្នុង​តំបន់។

តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារជាតិ​ ចុះ​ថ្ងៃទី ២៩ ខែ​ ឧសភា ​​ឲ្យ​ដឹង​ថា តប​តាម​ការអញ្ជើញ​របស់​ក្រសួ​ង​ការពារជាតិ​សិង្ហ​បុរី លោ​​ក ទៀ បាញ់ នឹង​ដឹកនាំ​ប្រតិភូ​យោធា​ជាន់ខ្ពស់​នៃ​កងយោ​ធពល​ខេម​​រ​ភូមិន្ទទៅ​ចូលរួម​កិច្ចប្រជុំ​កំពូ​ល​សន្តិសុខ​អាស៊ី​លើក​ទី១៨ (Th​​e 18 IISS Shangri-La Dialogue) ដែល​នឹង​ប្រព្រឹត្តទៅ​​ចាប់​ពីថ្ងៃ​ទី ៣១ ខែ ឧសភា ដល់​ថ្ងៃទី ២ មិថុនា ​ឆ្នាំ ២០១៩ នៅ​ប្រទេស​ សិង្ហបុរី។

ក្រសួងការពារជាតិ​បញ្ជាក់​ថា​​​៖ «អំឡុងពេល​បំពេញ​ទស្សនកិច្ចការងារ​រយៈពេល ៣ ថ្ងៃ​នៅ​​​ប្រទេស​ សិង្ហ​បុរី​ នោះគណៈ​ប្រតិ​ភូ​កម្ពុជា គ្រោង​នឹងចូលរួម​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី និង​ពហុភាគី​ជាមួយ​បណ្តា​ប្រទេស​ពាក់ព័ន្ធ​ក្នុង​តំបន់​ផងដែរ»។

ក្រសួងការពារជាតិ​បន្ថែមថា ដូចជាឆ្នាំមុនៗដែរ កិច្ចប្រជុំ​កំពូល​សន្តិសុខ​អាស៊ី​លើក​ទី​១​៨ ក្នុងប្រទេស​សិង្ហ​បុរី​លើក​នេះ នឹង​ផ្តល់ឱកាស​យ៉ាងច្រើន​ សម្រាប់​កិច្ចប្រជុំ​ទ្វេភាគី និង​ពហុភាគី​ ដល់​តំណាង និង​ប្រមុខ​ការពារជាតិ​ទាំង​អស់ពី​គ្រប់​ប្រទេស ដើម្បី​ប្រជុំពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​គ្នា​ ស្តីពី​បញ្ហា​សន្តិសុខ​ក្នុង​តំបន់។

លោក ឈុំ សុជាតិ អ្នកនាំ​​ពាក្យ​ក្រសួងការពារជាតិ បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា កិច្ច​​ប្រជុំ​នោះនឹងមាន​ការចូល​រួម​ពី​ថ្នាក់ដឹកនាំ​ការពារជាតិ​នៅ​តំបន់​អាស៊ី ដើម្បី​ពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​គ្នា​ស្តីពី​បញ្ហា​សន្តិសុខ​ក្នុង​តំបន់​ទាំងមូល។

លោក​បញ្ជាក់ថា៖ «ខ្ញុំ​អត់​ទាន់​មាន​យោបល់​អ្វី​ច្រើន​ទេ ប៉ុន្ដែ​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ គាត់​អញ្ជើញ​ទៅ​ហ្នឹង គឺ​ប្រជុំ​រឿង​សន្ដិសុខ​ក្នុង​តំបន់​អាស៊ី ហើយ​ខ្ញុំ​មិនទាន់​ដឹង​ថា សម្ដេច​លើក​ពី​បញ្ហា​អ្វី​ទៅ​ពិភាក្សា​នោះទេ»៕