ភ្នំពេញៈ លោក ទៀ បាញ់ ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​លោក ផាទ្រីក មូហ្វ៊ី (W.Patrick Murphy) ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​ព្រមព្រៀងគ្នា​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​នៃ​​ប្រទេស​ទាំង​ ២ ជាពិសេស​លើ​វិស័យ​យោធា​ក្នុង​ការហ្វឹកហ្វឺន និង​ការចូល​សំចត​នាវា​របស់​សហរដ្ឋអាមេរិក​។

លោក ទៀ បាញ់ បាន​ថ្លែងប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា ​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក ផាទ្រីក មូហ្វី កាលពី​ថ្ងៃទី​ ១៣ ខែ​វិច្ឆិកា​ នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី គឺ​ភាគី​កម្ពុជា និង​អាមេរិក​ បាន​ឯកភាព​ក្នុង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា ជាពិសេស​ការធ្វើ​លំហាត់​ហ្វឹកហ្វឺន​យោធា​រួមគ្នា និង​ការដាក់​ឲ្យ​ដំណើរការ​ឡើង​វិញ​ការ​សំចត​នូវ​នាវា​របស់​សហរដ្ឋ​អាមេរិក​។

លោក ទៀ បាញ់ បាន​ថ្លែងថា​៖ «​កិច្ចការងារ​នេះ​យើង​កំពុង​តែ​ស្ថិតក្នុង​ការពិភាក្សា​គ្នា​ឲ្យ​មានដំណើរ​ការឡើង​វិញ (​ហើយ​នឹង​រៀបចំ​ឲ្យ​) ​មាន​ការផ្លាស់ប្តូរ​គ្នា​ទៅលើ​បញ្ហា​មួយ​ចំនួន ជាពិសេស​ការរៀបចំ​ឲ្យ​មាន​ដំណើរការ​ឲ្យ​មាន​សកម្ម​ឡើងវិញ​»​។

លោក​ថ្លែង​ឲ្យ​ដឹង​ទៀតថា​៖ «​តែ​មាន​បញ្ហា​ខ្លះ កាលៈទេសៈ​ខ្លះ យើង​ជាប់រវល់ ពេល​ខ្លះ​ដោយសារតែ​យើង​អត់​ទាន់​មាន​លទ្ធភាព​ដំណើរការ​បាន ហើយ​ក៏​វា​ធ្វើ​ឲ្យ​មាន​ការរអាក់រអួល​ខ្លះ​ដែរ តែ​ទោះ​យ៉ាងណា​ក៏ដោយ យើង​បាន​ជួប​ពន្យល់​គ្នា​បញ្ជាក់​ឡើងវិញ​ទៅ វា​គ្រាន់​បើ​ឡើងវិញ​ហើយ និង​បាន​យោគយល់​គ្នា​ឡើងវិញ​បាន​ច្រើន​»​។

បើ​យោងតាម​គេហទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹងថា​លោក​ឯកអគ្គរដ្ឋទូត W.Patrick Murphy បាន​ជួប​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ដើម្បី​ពិភាក្សា​ពី​កិច្ចសហប្រតិបត្តិការ​រវាង​អាមេរិក-កម្ពុជា​ក្នុង​វិស័យ​សំខាន់​មួយ​ចំនួន​លើ​ការថែរក្សា​សន្តិភាព ការដោះមីន​ប្រកប​ដោយ​មនុស្សធម៌ និង​ការស្វែងរក​អដ្ឋិធាតុ​ឈ្លើយសឹក និង​អ្នកបាត់​ខ្លួន​ក្នុង​សង្គ្រាម​។

លោក​ទូត Murphy បាន​ឲ្យ​ដឹងថា​៖ «​ជំហាន​ជា​បន្ថែមទៀត​ក្នុង​ការស្តារ​ឡើងវិញ​នូវ​លទ្ធិប្រជាធិបតេយ្យ​ពហុបក្ស និង សិទ្ធិ​ពេញលេញ​ចំពោះ​បុគ្គល​នយោបាយ​នឹង​រួមចំណែក​ដល់​ស្ថិរភាព និង​ភាពរុងរឿង​របស់​ប្រទេស​កម្ពុជា​ពង្រឹង​នូវ​ទំនាក់ទំនង​ជា​ទូទៅ​រវាង​អាមេរិក-កម្ពុជា និង​ជួយ​ការពារ​នូវ​អធិបតេយ្យ និង​ឯករាជ្យ​របស់​កម្ពុជា​»​។

អ្នកវិភាគ​នយោបាយ​លោក​ ឯម សុវណ្ណារ៉ា ​បាន​ចាត់ទុក​ការឯកភាព​គ្នា​រវាង​ភាគី​ទាំង​ ២ ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​វិស័យ​ការពារជាតិ​រវាង​ប្រទេស​ទាំង​ ២​ ​ឲ្យ​កាន់តែ​ខ្លាំង​ថា​នឹង​ជួយ​ឲ្យ​ប្រទេស​កម្ពុជា រក្សា​បាន​នូវ​តុល្យភាព​នៅ​កណ្តាល​ដែល​នឹង​ទទួល​បាន​ការជឿទុកចិត្ត​ពី​អន្តរជាតិ និង​ទទួល​បាន​ផលប្រយោជន៍​ទាំង​វិស័យ​កិច្ចសហប្រតិបត្តិការ និង​ការទូត​ផង​ដែរ​។

លោក​បាន​បញ្ជាក់ថា​៖ «​បើសិន​កម្ពុជា​ចាប់ផ្តើម​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​សហរដ្ឋអាមេរិក វា​នឹង​ធ្វើឲ្យ​ប្រទេស ​កម្ពុជា​ មាន​លំនឹង​តុល្យភាព​ឡើងវិញ​ដែល​ធ្វើឲ្យ​កម្ពុជា​ឈរ​នៅ​កណ្តាល​ និង​ទទួល​បាន​ការជឿ​ទុកចិត្ត​ពី​អន្តរជាតិ​ឡើងវិញ ហើយ​កម្ពុជា​អាច​ចំណេញ​បាន​ច្រើន​ទៅ​លើ​កិច្ចសហប្រតិបត្តិការ និង​ការទូត ហើយ​វា​ធ្វើឲ្យ​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ ហើយ​កម្ពុជា​គួរតែ​ធ្វើ​តាំងពី​យូរ​មក​ហើយ​»​។

អ្នកស្រី Emily Zeeberg អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​បាន​ឆ្លើយតប​តាម​អ៊ីមែល​ថា​អ្នកស្រី​មិន​អាច​ផ្ដល់ព័ត៌មាន​លម្អិត​លើ​ជំនួប​​ទ្វេភាគី​នោះ​បាន​ទេ​៕